ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺ​ឃ្លង់​លេច​ឡើង​ម្តង​ទៀតនៅ​ប្រទេស​ម៉ាឡាវី


រូបភាពឯកសារ៖ អ្នកជំងឺ​ម្នាក់បង្ហាញពី​រោគសញ្ញា​ជំងឺ​ឃ្លង់​លើដៃ​របស់​គាត់​ក្នុង​​ មន្ទីរព្យាបាល​ជំងឺឃ្លង់​Myanchaung ក្រុង​Halegu នាយកដ្ឋាន Yangon កាលពី​ថ្ងៃទី២១ មករា ២០១៤
រូបភាពឯកសារ៖ អ្នកជំងឺ​ម្នាក់បង្ហាញពី​រោគសញ្ញា​ជំងឺ​ឃ្លង់​លើដៃ​របស់​គាត់​ក្នុង​​ មន្ទីរព្យាបាល​ជំងឺឃ្លង់​Myanchaung ក្រុង​Halegu នាយកដ្ឋាន Yangon កាលពី​ថ្ងៃទី២១ មករា ២០១៤

ជំងឺ​ឃ្លង់​ដែល​គេ​ជឿ​ថា​ត្រូវ​បាន​លុប​បំបាត់​ចេញ​ពី​ប្រទេស​ម៉ាឡាវី​កាល​ពី​ឆ្នាំ​១៩៧០នោះ​ បាន​រីក​រាល​ដាល​សារ​ជា​ថ្មី​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​នេះ។​ ជំងឺ​នេះ​ត្រូវ​បាន​រាយការណ៏​ថា​កើត​មាន​នៅ​ក្នុង​ស្រុក​ចំនួន​៥​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក​ បូក​បញ្ចូល​ទាំង​នៅ​ក្នុង​រដ្ឋធានី​ផង​ ដែល​ករណី​​នេះ​នៅ​តែ​បន្ត​កើន​ឡើង​ជា​លំដាប់។​

ស្ថានភាព​គ្មាន​ជំងឺ​ឃ្លង់​របស់​ប្រទេស​ម៉ាឡាវី​មិន​មែន​មាន​ន័យ​ថា ​ជំងឺ​នេះ​ត្រូវ​បាន​លុប​បំបាត់​ទាំង​ស្រុង​នោះ​ទេ។​ ក្នុង​ឆ្នាំ​១៩៩៤​ អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​និយម​ន័យ​«ស្ថានភាព​គ្មាន​ជំងឺ​ឃ្លង់» ​ថា​ជា​ស្ថាន​ភាព​មួយ​ដែល​មាន​ជំងឺ​នេះ​តិច​ជាង​មួយ​ករណី​ក្នុង​ចំណោម​មនុស្ស​១០.០០០នាក់។

រហូត​មក​ដល់​ឆ្នាំ​២០១៥​នេះ​ រដ្ឋាភិបាល​បាន​ចុះ​បញ្ជី​ជំងឺ​នេះ​ចំនួន​៦២៩​ករណី​ថ្មី​ ដែល​កើន​ឡើង​ពី​ចំនួន​៥៥៤​ករណី​ក្នុង​ឆ្នាំ​២០១៤។

លោក​ Leonard Mawaya​ អ្នកគ្រប់​គ្រង​កម្មវិធី​នៅ​នាយកដ្ឋាន​ជំងឺ​ឃ្លង់​និង​ជំងឺ​សើ​ស្បែក​នៃ​ក្រសួង​សុខាភិបាល​ ចាត់​ទុក​ការ​រក​ឃើញ​នេះ​ថាជា​លទ្ធផល​ពេញចិត្ត​មួយ។​ លោក​និយាយ​ថា​ មនុស្ស​គ្រប់​គ្នា​បាន​គិត​ថា​ ជំងឺ​នេះ​បាន​បាត់​អស់​ទៅ​ហើយ​ ហើយ​ជំនួយ​ហិរញ្ញវត្ថុ​ត្រូវ​បាន​កាត់​ផ្តាច់។

«សូម្បី​តែ​ការិយាល័យ​កម្មវិធី​នេះ​ទទួល​បាន​តែ​យាន​ជំនិះ​មួយ​គ្រឿង​ប៉ុណ្ណោះ​សម្រាប់​បំពេញតម្រូវ​ការ​នៅ​ទូទាំង​ប្រទេស។​ ដូច្នេះ​ វា​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​សម្រាប់​ពួកយើង​ក្នុង​ការ​ត្រួត​ពិនិត្យ​ពី​ភាគ​ខាង​ជើង​ដល់​ភាគ​ខាង​ត្បូង។​ ហើយ​សម្រាប់​មន្រ្តី​របស់​ពួក​យើង​ទាំង​អស់​ មាន​តែ​ម្នាក់​ឬ​ពីរ​នា​ក់​ប៉ុណ្ណោះ​ដែល​មាន​ម៉ូតូ​ ចំណែក​អ្នក​ឯទៀតៗ​ត្រូវ​ខ្ចី​គេ»។

ជំងឺ​ឃ្លង់​មិន​មែន​ជា​រោគ​កាច​សាហាវ​ញុំញី​ដូច​ពី​មុន​នោះ​ទេ។​ ជំងឺ​សើ​ស្បែក​នេះ​ បង្ក​ឡើង​ដោយ​បាក់តេរី។​ វា​ជា​ជំងឺ​ឆ្លង​និង​អាចចម្លង​តាម​រយៈកណ្តាស់​និង​ក្អក ក៏ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ ជំងឺ​នេះ​អាច​ព្យាបាល​បាន​ជា​សះស្បើយ។​ អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ការ​ប្រើប្រាស់​ល្បាយ​ថ្នាំជា​ច្រើន​ប្រភេទ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​មិន​អាច​ចម្លង​មេរោគនេះ​ទៅ​អ្នក​ផ្សេង​ បន្ទាប់​ពីបាន​ប្រើ​ថ្នាំ​នោះ​តែ​មួយ​ដង។

ប្រជាជន​ក្នុង​ប្រទេស​ម៉ាឡាវី​ដែល​មាន​ជំងឺ​នេះ​ អាច​ទទួល​បាន​ការព្យាបាល​ដោយ​មិន​ចាំ​បាច់​ទៅ​ស្នាក់​នៅ​មន្ទីរពេទ្យ​ នៅ​ក្នុង​ស្រុក​ទាំង​៥​ដែល​បាន​ឆ្លង​ជំងឺ។

បុរស​ម្នាក់​ដែល​បាន​សុំ​ឲ្យ​ VOA​ មិន​បញេ្ចញ​ឈ្មោះ​ដោយខ្លាច​មាន​ការ​រើសអើង​និយាយ​ថា​ គាត់បាន​ឲ្យ​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​កាល​ពី​ខែ​សី​ហា។​ គាត់​បាន​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​ពី​ព្រោះ​គាត់​មាន​របក​តូចៗ​នៅ​លើ​ស្បែក​ ហើយ​គាត់​មាន​អារម្មណ៍​ថា​វា​ស្ពឹក។​ គាត់​និយាយ​ថា​ វេជ្ជបណ្ឌិត​បាន​ព្យាបាល​គាត់​ភ្លាម​ៗ​ហើយ​គាត់​បាន​សង្កេត​ឃើញ​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង។

ក៏​ប៉ុន្តែ​ការ​វិនិច្ឆ័យ​រោគ​នៅ​តែ​អាច​មាន​ការរើសអើង។

អ្នក​ជំងឺ​ឈ្មោះ​ម្នាក់​ Agnes Mbewe​ និយាយ​ថា​ អ្នក​ដែល​បាន​ដឹង​អំពី​ការ​ទៅ​ពិនិត្យ​រក​មើល​ជំងឺ​ឃ្លង់​របស់​នាង បាន​ព្យាយាម​គេច​ចេញ​ពី​នាង​ដោយសារ​ពួក​គេ​និយាយ​ថា​ វា​ជា​ជំងឺ​ឆ្លង ​ហើយ​នាង​អាច​នឹង​ធ្វើ​ឲ្យ​ជំងឺ​នេះ​រីក​រាល​ដាល។​ នាង​និយាយ​ថា​ នាង​មាន​អារម្មណ៍​សោក​ស្តាយ​ចំពោះ​ខ្លួន​ឯង។​

បើ​សិន​ជា​មិន​បាន​ទទួល​ការ​ព្យាបាល​ទេ​ ជំងឺ​ឃ្លង់​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ខូច​ទ្រង់​ទ្រាយ និង​នាំ​ឲ្យ​មាន​ផលវិបាក​ដូចជាបាត់​បង់​សតិ​អារម្មណ៍​ ​ខូច​ប្រព័ន្ធ​ប្រសាទ​អចិន្រៃ្តយ៍​ និង​ការចុះ​ខ្សោយនៃ​សាច់ដុំ។

ព្រះ​វិហារ​កាតូលិក​មួយ​នៅ​ស្រុក​ Balaka​ ភាគ​ខាងត្បូង កំពុង​ផ្តល់​អាហារ​និង​ទី​ជម្រក​ដល់​មនុស្ស​ចំនូន​២៣​នាក់​ដែល​មាន​ពិការភាព​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​ឃ្លង់។

អ្នក​ឯកទេស​ជំងឺ​សើ​ស្បែក​ជាច្រើន​រូប​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ជួប​ជុំ​គ្នា​ក្នុង​ប្រទេស​ម៉ាឡាវី។​ ពួកគេ​និយាយថា​ ការកើន​ឡើង​នៃ​ជំងឺ​ឃ្លង់​អាច​បង្រ្កាប​បាន​ក្នុង​រយៈពេល​២ឆ្នាំ​ ប៉ុន្តែ​ដើម្បី​ធ្វើ​បែប​នេះ​បាន​ ជំនួយ​ហិរញ្ញ​វត្ថុ​បន្ថែម​ចំនួន​១៦.០០០ដុល្លារ​ក្នុង​១​ខែ​ គឺ​ជា​តម្រូវ​ការ​ជា​ចាំបាច់៕​

ប្រែសម្រួល​ដោយ​ ទុំ ម្លិះ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG