ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry ថា​សម្ព័ន្ធ​មិត្ត​អាមេរិក​កំពុង​ពិនិត្យ​មើល​កិច្ច​ចចារ​នុយក្លេអ៊ែ


លោក​ Laurent Fabius រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង (រូប​ស្តាំ) ស្តាប់​លោក​ John Kerry រដ្ឋមន្រ្តី​ការបរទេស​ស​.រ.អា​ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​ក្នុង​ក្រុង​ប៉ារីស​ កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥។
លោក​ Laurent Fabius រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង (រូប​ស្តាំ) ស្តាប់​លោក​ John Kerry រដ្ឋមន្រ្តី​ការបរទេស​ស​.រ.អា​ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​ក្នុង​ក្រុង​ប៉ារីស​ កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry ​បាន​មាន​ប្រសាសន៍​ថា​អាស្រ័យ​លើ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ (Teheran) ទេ​ដែល​ត្រូវ​បង្ហាញ​ដល់​ពិភពលោក​និង​បញ្ចេញ​ភស្តុតាង​ថា​ការ​ពណ៌នា​របស់​ប្រទេស​អ៊ីរ៉ង់​អំពី​កម្មវិធី​បរមាណូរបស់​ខ្លួន​ថា​មាន​ភាព​សន្តិវិធី​ជា​ «ការ​ពិត​ប្រាកដ​មែន» ដូច​ដែល​ខ្លួន​បាននិយាយ​។

លោក Kerry បាន​មាន​ប្រសាសន៍​ដូច្នេះកាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​ប៉ារីស​នៅ​ពេល​លោក​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​រួម​គ្នា​ជាមួយ​លោក​រដ្ឋមន្រ្តី​ការបរទេស​បារាំង​ Laurent Fabius។​

ដូច​ដែល​លោក​បាន​និយាយ​ពី​ពេល​មុន​ដែរ លោក Kerry បាន​រាយការណ៍​ថា​មាន​ការ​ជឿនលឿន​នៅ​ក្នុង​កិច្ចចរចារវាង​ប្រទេស​អ៊ីរ៉ង់​និង​ក្រុម​ប្រទេស​មហា​អំណាច​ពិភពលោក​អំពី​កម្មវិធី​បរមាណូ​របស់​អ៊ីរ៉ង់ ក៏​ប៉ុន្តែ​នៅមាន​ភាព​ឃ្លាត​ពី​គ្នា​នៅទ្បើយ។ ​ក្រុម​ប្រទេស P+5 ដែល​ជា​ក្រុម​ប្រទេសធ្វើ​ការ​ចរចា​ជាមួយ​ប្រទេស​អ៊ីរ៉ង់​សង្ឃឹម​ថា​នឹង​សម្រេច «កិច្ច​ព្រមព្រៀង​ក្របខណ្ឌ» មួយ​ដែល​ជា​ការ​បង្ហាញ​ចំណុច​សំខាន់ៗ​នៃ​កិច្ច​ព្រមព្រៀង​ពេញលេញ​មួយ​មិន​ឱ្យ​ហួសពី​ដំណាច់​ខែ​នេះ ហើយ​ថ្ងៃ​កំណត់​ចុង​ក្រោយ​បង្អស់​ជា​បណ្តោះអាសន្ន​មួយ​គឺ​នៅ​ថ្ងៃទី៣០​ ខែ​មិថុនា​សម្រាប់​ឱ្យ​មាន​កិច្ចព្រមព្រៀង​ចុង​ក្រោយ​បង្អស់​មួយដែល​មាន​ការ​យល់ព្រម​ពី​ភាគី​ទាំងពីរ។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​បាន​មាន​ប្រសាសន៍​ថា​ក្រុម​អ្នក​ធ្វើ​ការ​ចរចាត្រូវ​ការ​ឱ្យ​មាន «កិច្ច​ព្រមព្រៀង​មាំទាំ» មួយ​ដែល​ផ្តល់​ឱ្យ​មាន​សន្តិសុខ​ក្នុង​តំបន់។លោក Fabius បាន​យល់ស្រប​ជាមួយ​លោក​ Kerry ថា​នៅ​មាន​ការងារ​ត្រូវធ្វើ​អំពី​កិច្ចព្រមព្រៀង​ក្របខណ្ឌ​នៅ​ខែ​នេះ។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​គ្រោង​នឹង​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ Mohammed Javad Zarif ក្នុង​ពេល​ជិត​មួយ​អាទិត្យ​ទៀត នៅ​ពេល​កិច្ចចរចា​ជាមួយ​ប្រទេស​អ៊ីរ៉ង់​នឹងធ្វើ​នៅ​ថ្ងៃ​ទី១៥ ខែមីនា៕

XS
SM
MD
LG