ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Kerry ប្រកាស​ផែនការ​ក្នុង​ការពង្រីក​កម្មវិធី​ទទួល​យក​ជនភៀសខ្លួន​របស់​សហរដ្ឋ​អាមេរិក


រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ លោក​ John Kerry ថ្លែង​សុន្ទរកថា​អំពី​គោលនយោបាយ​ការបរទេស​នៅ​ឯ​សាកលវិទ្យាល័យ​ការពារ​ប្រទេស​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០១៦។​
រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ លោក​ John Kerry ថ្លែង​សុន្ទរកថា​អំពី​គោលនយោបាយ​ការបរទេស​នៅ​ឯ​សាកលវិទ្យាល័យ​ការពារ​ប្រទេស​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០១៦។​

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ លោក John Kerry បាន​ប្រកាស​ផែនការ​ក្នុង​ការពង្រីក​កម្មវិធី​ទទួល​យក​ជនភៀសខ្លួន​របស់​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​សុន្ទរកថា​កាល​ពី​ថ្ងៃ​ពុធ​នៅ​ឯ​សាកលវិទ្យាល័យ​ការពារ​ប្រទេស​ លោក Kerry បាន​មាន​ប្រសាសន៍​ថា ការពង្រីក​កម្មវិធី​ទទួល​យក​ជនភៀសខ្លួន​នេះ​នឹង​ជួយ​ដល់​ក្រុម​ជន​ដែល​ងាយរងគ្រោះ​និង​ក្រុមគ្រួសារ​របស់​ពួកគេ​ដែល​មក​ពី​ប្រទេស​ អែល​សាលើវ៉ាឌ័រ​ (El Salvador) ប្រទេស​ក្វាតេម៉ាឡា (Guatemala) និង​ប្រទេស​ហុងឌូរ៉ាស (Honduras)​ និង​ផ្តល់​ឲ្យ​ពួកគេ​នូវ​ជម្រើស​សុវត្ថិភាព​នៅ​ក្នុង​ដំណើរ​ដ៏​គ្រោះថ្នាក់​ដែល​ពួកគេ​បាន​ព្យាយាម​ធ្វើ​។

លោក Kerry មាន​ប្រសាសន៍​ថា «វិបត្តិ​ជន​ភៀសខ្លួន​គឺ​មិនមែន​គ្រាន់​តែ​ជា​បញ្ហា​របស់​ប្រទេស​ស៊ីរី មជ្ឈិមបូព៌ា​ អឺរ៉ុប ឬ​អាហ្វ្រិក​ ប៉ុណ្ណោះ​ទេ។ វា​គឺ​ជា​បញ្ហា​របស់​សកល​លោក​ទាំង​មូល​»។ ​

លោក Kerry បាន​គ្រោង​ជួប​ជាមួយ​នឹង​ជនភៀសខ្លួន​នៅ​មជ្ឈមណ្ឌល​មួយ​នៅ​ជុំវិញ​រដ្ឋធានី Washington នៅ​ល្ងាច​ថ្ងៃ​ពុធ ម៉ោង​ក្នុង​សហរដ្ឋអាមេរិក។ លោក​បាន​បន្ថែម​ថា លោក​ប្រធានាធិបតី Barack Obama នឹង​បើក​កិច្ចប្រជុំ​មួយ​អំពី​ការផ្តល់​ជំនួយ​ដល់​ជនភៀសខ្លួន​ស្ថិត​ក្រោម​អគ្គស្នងការធិការដ្ឋាន​អង្គការ​សហប្រជាជាតិ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ​នេះ។ ​

សុន្ទរកថា​របស់​លោកKerry ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សុន្ទរកថា​ប្រចាំឆ្នាំ​ ដែល​ជាភាសាអង់គ្លេស​ហៅថា State of the Union របស់​លោក​ប្រធានាធិបតី Obama បាន​បញ្ចប់​។ លោក​ប្រធានាធិបតី​ Obama និង​លោក Kerry បាន​គ្រោង​គោលដៅ​នៃ​គោលនយោបាយ​ការបរទេស​សម្រាប់​ឆ្នាំ​នេះ​រួច​ហើយ​។

លោក Kerry បាន​មាន​ប្រសាសន៍​ថា ការកម្ចាត់​និង​យកជ័យ​ជំនះ​លើ​ក្រុមសកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​គឺ​ជា​សសរ​ទី​១​នៃ​យុទ្ធសាស្រ្ត​របស់​អាមេរិក ហើយ​គោលដៅ​មួយ​ទៀត​គឺ​សម្រាប់​សហរដ្ឋអាមេរិក​និង​ដៃគូ​របស់​ខ្លួន​ក្នុង​ការសហការ​គ្នា​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​អំពើ​ហិង្សា​រីករាលដាល​បន្ថែម​ទៀត៕

XS
SM
MD
LG