ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កេនយ៉ា​នឹង​ធ្វើជា​ម្ចាស់​ផ្ទះ​សន្និសីទ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅទ្វីប​អាហ្វ្រិក


សន្និសីទ​មួយ​នៅ​ទីក្រុង​ណៃរ៉ូប៊ី ​ប្រទេស​កេនយ៉ា
សន្និសីទ​មួយ​នៅ​ទីក្រុង​ណៃរ៉ូប៊ី ​ប្រទេស​កេនយ៉ា

នៅ​សប្តាហ៍​ទីមួយ​នៃ​ខែ​ឧសភា​នេះ​ប្រទេស​កេនយ៉ា​គ្រោង​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​ប្រឆាំង អំពើ​ពុក​រលួយ។​ ក្រុម​មន្ត្រី​មកពី​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​ជាង​១០​ត្រូវ​បាន​រំពឹង​ថា​នឹង​ពិភាក្សា​អំពី​វិធី សាស្រ្ត​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយដែល​ស្ថិត​នៅខាង​ក្នុង​ និង​ក្នុង​ចំណោម​ប្រទេស​ទាំង ឡាយ​នៅ​លើ​ទ្វីប​នេះ។

ស្ថិត​នៅ​លើ​របៀប​វារៈ​ដ៏ខ្ពស់​ គឺជា​ការ​ចែក​រំលែក​គ្នា​ស្តីពី​ការ​អនុវត្ត​ដ៏ល្អ​ប្រសើរ​បំផុត​ ឬ​មធ្យោបាយ ជាក់​ស្តែង​ ដែល​រដ្ឋាភិបាល​អាច​ប្រយុទ្ធ​ប្រឆាំង​ទៅ​លើ​បែប​ផែន​នៃ​អំពើ​ពុក​រលួយ។

លោក​ នីកូឡា​ ស៊ីម៉ានី​ (Nicholas Simani) ​ជា​មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​ នៃ​គណៈ​កម្មការ​ប្រឆាំង អំពើ​ពុក​រលួយ​របស់​កេនយ៉ា​ ដែល​ជា​ម្ចាស់ផ្ទះ​នៅ​ក្នុងការ​ជួប​ប្រជុំ​លើក​នេះ។

លោក​ មាន​ប្រសាសន៍​ថា​ ប្រធាន​បទ​សំខាន់​មួយ​ គឺថា​តើ​ប្រទេស​នីមួយៗ​ ត្រូវ​ធ្វើ​សេចក្តី​ព្រាង​និង​អនុម័ត​ច្បាប់​ និង​យុត្តិ​សាស្រ្ត​ប្រឆាំ​ង​អំពើ​ពុក​រលួយ​យ៉ាង​ដូចម្តេច។​ លោក​ផ្តល់​ជា​ឧទាហរណ៍​ថា គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​កេនយ៉ា​ គ្មាន​សិទ្ធិ​អំណាច​ក្នុងការ​នាំ​ជន​ល្មើស​ មក​កាត់ ទោស​ទេ​ ប៉ុន្តែ​សមភាគី​របស់​ខ្លួន​ រួមមាន​ ប្រទេស​ យូ​ហ្គាន់ដា​ (Uganda)​ និង​ តង់ហ្សានី ​(Tanzania) អាច​នាំ​ជន​ល្មើស​មក​កាត់​ទោស​បាន។

ប្រធានបទ​មួយ​ទៀត​ គឺ​គោល​នយោបាយ​ និង​នីតិវិធី​លទ្ធកម្ម​ ឬ​ហៅថា​ការ​លក់​ទិញ​ទំនិញ​ឬ​សេវា។

«នៅ​តង់​ហ្សានី​ រាល់ការ​ទិញ​ក្នុង​ចំនួន​ជាក់​លាក់​ណាមួយ​ ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ នៅ​លើ​ទំព័រ កាសែត​ ដូច្នេះ​សាធារណ​ជន​ អាច​ដឹង​ថា​តើ​កិច្ច​សន្យា​អ្វីខ្លះ​ ត្រូវ​ផ្តល់​ជូន​ទៅ​ក្រុមហ៊ុន​ណា​មួយ ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វីមួយ​ ហើយ​ចំនួន​ដែល​ត្រូវ​បាន​ផ្តល់​ជូន​ និង​រយៈពេល​ដែល​កិច្ចសន្យា​នោះ​គ្រប​ដណ្តប់។​ នោះ​ជាអ្វី​ដែល​ប្រទេស​កេនយ៉ា​ អាច​រៀន​សូត្រ»។

រដ្ឋាភិបាល​ ក៏​រំពឹង​ថានឹង​ពិភាក្សា​អំពី​វិធី​សាស្រ្ត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ឆ្លង​កាត់​ព្រំដែន។

«តាមរយៈ​ការ​លាង​លុយ​ ឬ​តាមរយៈ​ការ​រត់ពន្ធ​ថ្នាំញៀន​ អ្នក​អាច​ទទួល​មូលនិធិ​ពី​ប្រទេស​មួយ ហើយ​អ្នកអាច​ទៅ​វិនិយោគ​មូល​និធិនោះ​ ទៅ​ក្នុង​ប្រទេស​មួយ​ទៀត។​ វាជា​ការណ៍​សំខាន់​ខ្លាំង​ណាស់ សម្រាប់​ពួក​យើង​ ដើម្បី​ឲ្យ​មាន​លទ្ធភាព​ធ្វើ​កិច្ចការ​រួមគ្នា​ ហើយ​ចែក​រំលែក​ព័ត៌មាន​ ដូច្នេះ​មូលនិធិ ទាំង​នោះ​ អាច​តាម​ដាន​បាន​ ហើយ​ទ្រព្យ​សម្បត្តិ​ទាំងនោះ​ អាច​ផ្អិប​ទុក។​ ជា​មូល​ដ្ឋាន​យើង​អាច មាន​ លទ្ធភាព​ក្នុងការ​សុំឱ្យ​ប្រទេស​ជិតខាង​រឹបអូស​ទ្រព្យ​សម្បត្តិ​ និង​យកមក​វិញ​ឬ​ចាប់​ខ្លួន​បុគ្គល ទាំង​ឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​ទៀត​ផង»។

អំពើ​ពុក​រលួយ​ បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ ក្នុង​ទ្វីប​នេះ។​ ការ​សូក​ប៉ាន់ ការ​កិប​កេង​មូលនិធិ​ ប្រាក់​សាគុណ​ក្នុងការ​ទិញ​ទំនិញ​និង​សេវា​ និងបក្ស​ពួក​និយម​ គឺជា​មុខ​មាត់​នៃ​បែប​ផែននៅ​ក្នុង​ផ្នែក​សាធារណៈ​ និង​ឯកជន​ទៀត​ផង។

បើយោង​តាម​របាយ​ការណ៍​ថ្មី​បំផុត​ នៃ​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​សកល​លោក​ ឈ្មោះ​ អង្គការ តម្លាភាព​អន្តរជាតិ​ (Transparency​ International)​ ទី្វប​អាហ្រ្វិក​ ជា​តំបន់​ពុក​រលួយ​បំផុត​ នៅ​ក្នុង ពិភព​លោក​ ដោយ​ប្រទេស​សូម៉ាលី​ (Somalia)​ ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ជា​ប្រទេស​ពុក​រលួយ​បំផុត ហើយ​ប៊ូតស្វាណា​ (Botswana)​ ជា​ប្រទេស​ពុក​រលួយ​តិចតួច​ នៅ​លើទ្វីប​នេះ។

អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ (United​ Nations​ Convention​ Against Corruption)​ ឬ​ហៅកាត់​ថា​ UNCAC​ ត្រូវ​បាន​អនុម័ត​នៅក្នុង​ឆ្នាំ​២០០៣​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ ពុករលួយ​ នៅ​អាហ្វ្រិក​ និង​ជុំវិញ​ពិភព​លោក។​ អនុសញ្ញានេះ​ ត្រូវ​បាន​ចុះហត្ថ​លេខា​ដោយ​ប្រទេស ចំនួន​១៤០​ តាំង​ពី​ដំបូង។

ការជួបប្រជុំនៅសប្តាហ៍នេះ ត្រូវបានរំពឹងថា​នឹង​ពិនិត្យ​មើល​អនុសញ្ញា​នោះ​ និង​វាយ​តម្លៃ​ទៅ​លើ​ការ អនុវត្ត​របស់​ក្រុម​ប្រទេស​នៅ​អាហ្វ្រិក​ទាំង​ឡាយ។

លោក​ វ៉ាលីមូ ​ម៉ាទី​ (Mwalimu Mati)​ ជា​ប្រធាន​អង្គការ​តាម​ដាន​មើល​រដ្ឋាភិបាល​លើ​អំពើ​ពុក​រលួយ ឈ្មោះ​ Mars ​Group ​Kenya។​ លោក​ បាន​ទទូច​ដល់​គណៈ​ប្រតិភូ​ ឲ្យ​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​ថា​តើ រដ្ឋាភិបាល​គោរព​តាម​បទ​ប្បញ្ញត្តិ​នោះ​ដែរ​ឬ​អត់។

«នៅលើ​ក្រដាស​ ប្រទេស​កេនយ៉ា​ហាក់​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​អនុសញ្ញា​របស់​អង្គការ សហ​ប្រជាជាតិ​ ប៉ុន្តែ​ចំណែក​ការ​អនុវត្ត​វិញ​ ស្ថាប័ន​មួយ​ចំនួន​ ជា​ពិសេស​ តុលាការ​ បាន​លំអៀង ទៅ​រក​ភាព​មិន​ចម្រើន​ទៅវិញ​ ដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា​ ជន​សង្ស័យ​ ត្រូវ​បាន​បិទ​បាំង​ពីការ​តាមដាន របស់​បទ​ប្បញ្ញត្តិ​លាង​លុយ​ និង​បទ​ប្បញ្ញត្តិ​ជំនួយការ​ផ្នែក​ច្បាប់​ នៅក្នុង​អនុសញ្ញា​នោះ»។

លោក​ សាម៉ានី​ នៃ​គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​កេនយ៉ា​ បាន​ឲ្យ​ដឹង​ថា​ លោក​គិត​ថា ការ​បង្កើត​ឲ្យ​មាន​សុឆន្ទៈ​ខាង​នយោបាយ​ដើម្បី​បញ្ឈប់​តែម្តង​ គឺ​ជា​បញ្ហា​ប្រឈម​យ៉ាងធំ​ធេង​បំផុត និង​ពិបាក​បំផុត​ ក្នុងការ​គ្រប់​គ្រង។

គណៈ​ប្រតិភូ​មកពី​ប្រទេស​ចំនួន​១៧​ នៅ​ទូទាំង​ពិភព​លោក​ ត្រូវបាន​រំពឹង​ថា​នឹង​ចូលរួម​នៅ​ក្នុង​សន្និ សីទ​នេះ។​ ប្រទេស​នៅទ្វីប​អាហ្រ្វិក​ រួមមាន​ ប៊ូត​ស្វាណា​ (Botswana)​ សាធារណរដ្ឋ​ប្រជាធិប​តេយ្យ កុងហ្គោ​ (DRC)​ ហ្កាណា​ (Ghana)​ ម៉ាឡាវី​ (Malawi)​ ម៉ារ៉ុក​ (Morocco)​ ណាមីប៊ី​ (Namibia) នីហ្សេរីយ៉ា​(Nigeria)​ រ្វ៉ាន់ដា​ (Rwanda)​ អាហ្វ្រិក​ខាង​ត្បូង​ (South​ Africa)​ ស៊ូដង់​ខាង​ត្បូង​ (South Sudan)​ ស្វាហ្សីឡែន​ (Swaziland)​ តង់​ហ្សានី​ (Tanzania)​ យូហ្កាន់ដា​ (Uganda)​ និងហ្សាមប៊ី (Zambia)៕

ប្រែសម្រួល​ដោយ​ លី​ សុខឃាង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG