ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កេនយ៉ាថាគ្មានសង្គ្រាមទេ ក្រោយមានភាពតានតឹងការទូតជាមួយប្រទេសជិតខាង


រូបឯកសារ៖ ប្រធានាធិបតី​កេនយ៉ាលោក William Ruto ចូលរួម​ពិធី​គម្រប់ខួប​៦០ឆ្នាំ​នៃ​ទិវា​ឯករាជ្យជាតិកេនយ៉ា នៅរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតី​កេនយ៉ាលោក William Ruto ចូលរួម​ពិធី​គម្រប់ខួប​៦០ឆ្នាំ​នៃ​ទិវា​ឯករាជ្យជាតិកេនយ៉ា នៅរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ប្រទេស​កេនយ៉ា​ប្រកាស​ថា ខ្លួន​ចង់​លើក​តម្កើង​សន្តិភាព​នៅ​អាហ្វ្រិក​ខាងកើត ហើយ​គ្មាន​បញ្ហា​ជាមួយ​ប្រទេស​ជិត​ខាង​នោះ​ទេ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ មាន​សញ្ញា​មួយ​ចំនួនមិន​អាច​ប្រកែក​បាន​ដែល​បញ្ជាក់​ថាប្រទេស​នេះ​មាន​ភាពតាន តឹង​ការទូត​ជាមួយប្រទេស​ជិត​ខាង​យ៉ាង​ហោច​ណាស់​ចំនួន​បួន រួមមាន​ប្រទេស​ពីរ​ដែល​បាន​ដក​ឯកអគ្គរដ្ឋទូត​កាល​ពី​ពេល​ថ្មីៗ​នេះ។

កិច្ចប្រឹងប្រែង​របស់​ប្រទេស​កេនយ៉ា​ដើម្បី​បង្ហាញ​ថា​ខ្លួន​ជា​កម្លាំង​នយោបាយ​នៅ​ក្នុង​តំបន់​និង​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នៅ​តំបន់​អាហ្វ្រិក​ខាង​កើត មិន​ទទួល​បាន​ការយល់​ស្រប​ពី​ប្រទេស​ជិត​ខាង​នោះ​ទេ។ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​និង​ប្រទេស​ស៊ូដង់​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ពួក​គេ​ត្រឡប់​ទៅ​វិញ បន្ទាប់ពី​រដ្ឋាភិបាល​ទាំង​ពីរ​នេះ​បាន​ចោទប្រកាន់​កេនយ៉ា ថា​បាន​រៀប​ចំទទួល​និង​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​នយោបាយ​ប្រឆាំង​មក​ពី​ប្រទេស​ទាំង​ពីរ​នេះ​នៅ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី។

ទន្ទឹម​នឹង​នេះ ប្រទេស​អ៊ូហ្កង់ដា​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ប្ដឹង​ប្រទេស​កេនយ៉ា​ទៅ​តុលាការអាហ្វ្រិក​ខាង​កើត​នៅ​ក្នុង​ប្រទេស​តង់សានី​ទាក់ទិន​នឹង​ជម្លោះ​នៃ​ការបែង​ចែក​ប្រេង​កាត។ ករណី​នេះ​កើត​មាន​ឡើង​ដោយសារតែ​កេនយ៉ា​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​លក់​ប្រេង​របស់​រដ្ឋាភិបាល​អ៊ូហ្កង់ដា​ធ្វើ​ប្រតិបត្តិការ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។ បញ្ហា​នេះ​កើត​ឡើង​ បន្ទាប់ពី​អ៊ូហ្កង់ដា​ឈប់​ប្រើ​ប្រាស់​ប្រព័ន្ធ​ដេញ​ថ្លៃ​ជាសាធារណៈ​ចាស់​សម្រាប់​ការ​ជាវ​ផលិតផល​ប្រេង​ពី​ប្រទេស​កេនយ៉ា។

ប្រទេស​តង់សានី​ក៏​បាន​ហាម​ជើង​ហោះ​ហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កេនយ៉ា Kenya Airways មិន​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ពី​រដ្ឋធានី​ណៃរ៉ូប៊ី​ ទៅ​កាន់​ទីក្រុង Dar es Salaam របស់​តង់សានី​ កាល​ពី​សប្ដាហ៍​មុន ដោយ​បាន​ចោទ​ថា កេនយ៉ា​បាន​បដិសេធ​មិន​ឱ្យក្រុមហ៊ុន​យន្តហោះ​ជាតិ​តង់សានី​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ទំនិញ​ទៅកាន់​រដ្ឋធានី​ណៃរ៉ូប៊ី។ ការហាមឃាត់​នេះ​ត្រូវ​បាន​ដកចេញ​វិញ បន្ទាប់ពី​មាន​ការពិភាក្សា​គ្នា​រវាង​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ។

លោក Musalia Mudavadi រដ្ឋមន្ត្រី​ការបរទេស​កេនយ៉ា ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ ទី ២១ ខែ​មករា​ថា ប្រទេស​របស់​លោក​ «មិនមាន​សង្គ្រាម» ជាមួយ​ប្រទេស​ជិត​ខាង​ទេ ហើយ​ប្រទេស​របស់​លោក​ចង់​នាំ​សន្តិភាព​មក​កាន់​តំបន់​នេះ។

លោក Mudavadi ថ្លែង​ថា៖ «រដ្ឋ​ខ្លះ​ងាយរងគ្រោះ រដ្ឋ​ខ្លះ​ទៀត​កំពុង​មាន​ជម្លោះ។ ហើយ​ប្រធានាធិបតី​របស់​យើង​លោក William Samoei Ruto កំពុង​ស្ថិត​នៅ​ជួរមុខ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា សន្តិភាព​នឹង​វិល​ត្រឡប់​មក​ប្រទេស​ទាំង​នេះ​វិញ។ លោក​និយាយ​ទៀត​ថា សង្គ្រាម​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ក៏​នឹង​ប៉ះពាល់​ដល់​ប្រទេស​របស់​លោក​ផងដែរ»។

រូបឯកសារ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Kenya Airways សំចតនៅអាកាសយានដ្ឋាន​អន្តរជាតិ Jomo Kenyatta នៅរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Kenya Airways សំចតនៅអាកាសយានដ្ឋាន​អន្តរជាតិ Jomo Kenyatta នៅរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។

កេនយ៉ា​បាន​រង​ការ​ចោទប្រកាន់​ពី​សំណាក់​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន​និង​ពី​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឯង​អំពី​របៀប​ដែល​រដ្ឋាភិបាល​ធ្វើ​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​ឯទៀតៗ។

លោក Kizito Sabala អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិនិយាយ​ថា ជម្លោះ​បន្តិច​បន្តួច​ផ្នែក​ការទូត​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​មួយចំនួន​ ដែល​ព្យាយាម​ទប់​ឥទ្ធិពល​របស់​កេនយ៉ា។

លោក Kizito ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ជាទូទៅ វា​តែង​មាន​ការប្រទាញ​ប្រទង់​ពី​សំណាក់​ប្រទេស​ជិតខាង​ទៅ​លើ​អ្វី​ដែល​កេនយ៉ា​ព្យាយាម​ធ្វើ។ ប៉ុន្តែ តាម​គំនិត​ខ្ញុំ ខ្ញុំ​មិន​គិត​ថា នឹង​មាន​បញ្ហា​អ្វី​មួយ​ធ្ងន់ធ្ងរ​ដែល​យើង​ត្រូវ​បារម្ភ​នោះ​ទេ។ បញ្ហា​ទាំង​នេះ​នឹង​បន្ត​កើត​មាន​ដោយ​សារ​តែ​កេនយ៉ា​ព្យាយាម​បង្ហាញ​ថា​ខ្លួន​ជា​ប្រទេស​មាន​អំណាច​នៅ​ក្នុង​តំបន់។ ប្រទេស​ជិត​ខាង​នឹង​ព្យាយាម​រក​អនុភាព​ណាមួយ​ ដើម្បី​ទប់​ការព្យាយាម​បែប​នេះ»។

លោក Ruto ប្រធានាធិបតី​កេនយ៉ា ដែល​បាន​ឡើង​កាន់​អំណាច​កាលពី​ជាង​មួយ​ឆ្នាំ​មុន​ បាន​ជួប​ជាមួយ​ប្រមុខ​រដ្ឋ​ជាច្រើន​នៅ​ទ្វីប​អាហ្វ្រិក រួមមាន​ទាំង​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ជិត​ខាង ដោយ​លោក​បាន​សន្យា​ជួយ​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​នានា​របស់​អាហ្វ្រិក ដូចជា​ជម្លោះ ភាព​អត់ឃ្លាន ហើយ​បាន​សន្យា​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ប្រទស​ទាំង​នោះ។

លោក Sabala និយាយ​ថា ការអះអាង​បែប​នេះ​ពី​សំណាក់​មេដឹកនាំ​ថ្មី​របស់​កេនយ៉ា នឹង​នាំ​ឲ្យ​មាន​ប្រតិកម្ម​តបត។

លោក​និយាយ​ថា៖ «ពួក​គេ​មាន​ប្រតិកម្ម​តាមរបៀប​ដែល​ពួកគេ​កំពុង​ប្រតិកម្ម ពីព្រោះ​ខ្ញុំ​គិត​នៅ​រដ្ឋធានី​ណៃរ៉ូប៊ី​ថា យើង​មាន​ប្រធានាធិបតីថ្មី​ដែល​មាន​ចរិត​ដាច់ខាត ហើយ​ហាក់​ដូច​ជា​បាន​បង្ហាញ​ជំហរ​បែប​នេះ​សម្រាប់​តំបន់​នេះ។ ដូច្នេះ​ខ្ញុំ​យល់​ថា អ្វី​ទាំងអស់​នេះ​ហាក់​ដូចជា​បាន​ប្រាប់​ទៅ​ប្រទេស​ជិត​ខាង​ថា​ល្មមហើយ​ កេនយ៉ា​មិន​អាច​បន្ត​ធ្វើ​លើស​ពី​នេះ​បាន​ទៀត​ទេ។ ប៉ុន្តែ ខ្ញុំ​ក៏​យល់​ឃើញ​ដែរថា ពេលវេលា​នឹង​ជួយ​ឲ្យ​ប្រទេស​ទាំង​នោះ​យល់​ពី​របៀប​ដែល​ប្រធានាធិបតី​ថ្មី​របស់​យើង​កំពុង​ធ្វើ។ ដូច្នេះ​ ខ្ញុំ​មិន​គិត​ថា វា​ជា​បញ្ហា​ធំដុំ​ដែល​យើង​ត្រូវ​បារម្ភ​នោះ​ទេ»។

អ្នក​ជំនាញ​ជំរុញ​ឱ្យ​កេនយ៉ា​ដោះស្រាយ​ជម្លោះ​នៅ​ប្រទេស​កុងហ្កោ​ដោយ​ប្រុងប្រយ័ត្ន ជាពិសេស​ពាក់ព័ន្ធ​នឹង​ក្រុម​ឧទ្ទាម​នានា​ដែល​ជាភាគី​រួមចំណែក​ដល់​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​នេះ។ ពួក​គេ​ក៏​ចង់​ឱ្យ​កេនយ៉ា​កុំ​ពាក់ព័ន្ធ​ជាមួយ​នឹង​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ូដង់ ដែល​បាន​រុញច្រាន​ឲ្យ​ក្រុម​ប្រដាប់​អាវុធ​នានា​ក្នុង​ប្រទេស​នេះ និង​ក្រុម​ទាហាន​ប៉ារ៉ា​នៃ​កង​កម្លាំង​គាំទ្រ​បន្ទាន់ (Rapid Support Forces) វាយ​ប្រយុទ្ធ​គ្នា៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG