ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​កំពង់​ឆ្នាំង​ចោទ​ប្រកាន់​អភិបាល​រង​ស្រុក​ម្នាក់​រឿង​ឈូស​ឆាយ​ព្រៃ​លិច​ទឹក


រូបផែន​ទី​បង្ហាញពី​ការទន្រ្ទាន​ដី​ព្រៃលិច​ទឹកបឹង​ទន្លេសាប ដែល​បាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ស្តីពីវិធាន​ការទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់​នូវ​ការលួច​កាប់ព្រៃ​លិចទឹក​បឹងទន្លេសាប កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា​ឆ្នាំ២០២១។ (រូបភាព​ដកស្រង់​ពី​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្តបាត់ដំបង)
រូបផែន​ទី​បង្ហាញពី​ការទន្រ្ទាន​ដី​ព្រៃលិច​ទឹកបឹង​ទន្លេសាប ដែល​បាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ស្តីពីវិធាន​ការទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់​នូវ​ការលួច​កាប់ព្រៃ​លិចទឹក​បឹងទន្លេសាប កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា​ឆ្នាំ២០២១។ (រូបភាព​ដកស្រង់​ពី​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្តបាត់ដំបង)

សាលា​ដំបូងខេត្ត​កំពង់​ឆ្នាំង ​កាល​ពីថ្ងៃ​ពុធ​ បាន​សម្រេច​ឃុំខ្លួន​អភិបាល​រង​ស្រុក​កំពង់​លែង​ម្នាក់​និង​បក្ខពួក២នាក់​ផ្សេង​ទៀត​ជា​បណ្តោះ​អាសន្ន ក្នុងពន្ធនាគារ​ពីបទ​សង្ស័យ​ថា​ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​បទ​ល្មើស ​បំផ្លាញ​ព្រៃលិច​ទំហំ​៩ហិកតា​នៅ​តំបន់​ហាម​ឃាត់ ​ឬ​តំបន់​ដែល​ជាជម្រក​ត្រីពង​ ស្ថិត​ក្នុង​ស្រុក​កំពង់​លែង​ ខេត្ត​កំពង់​ឆ្នាំង​ដែល​នៅ​ជាប់​បឹង​ទន្លេសាប​។ នេះ​បើ​តាម​អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង​។ ​

អភិ​បាល​រង​ស្រុក​កំពង់​លែង​លោក​ ពុំ សុផល​ អាយុ​៥៩ឆ្នាំ​ ​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​អំពើ​«សមគំនិត ​ពី​បទបំផ្លាញ ​គៃ​បំបាត់​ និង​កាប់ឆ្ការ​គាស់​រាន ​ឈូសឆាយ​ព្រៃ​លិចទឹក» ហើយ​លោក លឹម ដានីន​ អាយុ៥៣ឆ្នាំ ដែល​ជា​ប្រធាន​ការិយាល័យ​ប្រជាពល​រដ្ឋ​ស្រុក​កំពង់​លែង និង​ពលរដ្ឋម្នាក់​ទៀត​ឈ្មោះ​ ជួន តុំ​ អាយុ​៥៣​ឆ្នាំ​ ត្រូវបានចោទ​ពីបទ ​«បំផ្លាញ​និង​គៃបំបាត់​» និង​ «​កាប់ឆ្ការ​គាស់​រាន ​ឈូសឆាយ​ព្រៃលិចទឹក​»​។ លោក ជួន តុំ ​គឺ​ជា​ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក​មួយ​កន្លែងក្នុង​ស្រុក​កំពង់​លែង​។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ហុង គឹមហាក់ ​បញ្ជាក់​វីអូអេ​ឱ្យដឹង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា បុគ្គល​ទាំង​៣នាក់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ និង​ឃុំខ្លួន​ជា​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​។

យ៉ាង​ណា​ក៏ដោយ​ ការចាប់ខ្លួន​បុគ្គល​ទាំង​៣នាក់​នោះ កើត​ឡើង​ក្រោយ​ការ​សង្ស័យ​របស់​អាជ្ញាធរ​មូល​ដ្ឋាន​ថា ពួកគេ​បាន​ជួល​ត្រាក់​ទ័រចំនួន​៥គ្រឿង​ ឱ្យឈូស​ឆាយ​ព្រៃ​លិច​ទឹក​ ក្នុង​ភូមិ​កង្កែប ឃុំ​ច្រណូក​ ស្រុក​កំពង់​លែង ខេត្ត​កំពង់​ឆ្នាំងទំហំ​៩ហិកតា​ ដែល​គ្រោង​ធ្វើក្នុង​រយៈពេល​មួយ​ថ្ងៃ​ឱ្យ​ហើយ​។​ ប៉ុន្តែ​ដោយសារដី​ព្រៃ​លិច​ទឹក​នៅ​ទី​នោះ​មាន​ទំហំ​ក្រាស់​ ទើប​គម្រោង​ការ​មិនបានជោគ​ជ័យ និង​ឈាន​ដល់​ថ្ងៃ​ទី​២ត្រូវ​បាន​បែក​ការណ៍​ ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋបាល​ជលផល ​និង​សមត្ថកិច្ច​បានចុះ​ឃាត់​ខ្លួន​ និង​រឹបអូស​វត្ថុតាង កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៤​។ នេះបើតាម​អ្នក​នាំពាក្យអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក ​សយ ចន្ទ័វិចិត្ត។ ​

លោក សយ ចន្ទ័វិចិត្ត ​បន្ថែម​ថា៖ «ហើយ​សុំ​បញ្ជាក់​ថា នៅពេល​ដែល​គេធ្វើ​ការ​កសាង​សំណុំ​រឿង​ទៅ ​ដោយឈ្មោះ ​លឹម ដានីន ​ជាមន្ត្រី​រាជការ​ អ៊ីចឹង​គាត់​ប្រើប្រាស់​តួនាទី​របស់​គាត់​ក្នុង​ការ​បំផ្លាញ និង​គៃបំបាត់​ អ៊ីចឹង​ករណី​ហ្នឹង បទ​ល្មើស​ហ្នឹងជា​បទល្មើស​ដែល​មាន​ក្នុង​ច្បាប់​ស្តីពីការ​ប្រឆាំង​អំពើ​ពុករលួយ»។

ដោយ​ឡែក​ តុលាការ​ខេត្ត​កំពង់​ឆ្នាំង​ បាន​ចេញ​ប្រកាស​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ កាលពី​ថ្ងៃពុធ បញ្ជាក់​ថា ជនទាំង​៣នាក់​ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​មាត្រា​២៩ ​និងមាត្រា​៦០៨​នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​៣២​ នៃច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​មាត្រា​៩៨ នៃ​ច្បាប់​ស្តីពី​ជលផល​។

បើ​រក​ឃើញ​ថាមាន​កំហុស បុគ្គល​ទាំង​៣នាក់​នេះ អាច​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​មិន​ក្រោម​២ឆ្នាំ​នោះ​ទេ និងរង​ការ​ផាក​ពិន័យ​ជា​ប្រាក់​ផ្សេង​ទៀត​។

ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ លោក​ ហេង គឹមហុង យល់​ថា រូបភាព​នេះ​ជា​ករណី​កម្រ​មួយ ​ហើយ​ក៏​ជា​មេរៀន​សម្រាប់​មន្ត្រី​រាជការ​ដទៃទៀត ​កុំឱ្យ​ប្រព្រឹត្ត​ខុស​ច្បាប់ ​និង​ត្រូវ​តែ​គោរព​តាម​ច្បាប់​ជាធរមាន​។​

លោក​ប្រាប់​វីអូអេថា៖ «​យ៉ាងណា​ម៉ិញ ខ្ញុំចង់​ឱ្យមាន​ការ​អនុវត្ត​បែបនេះ​បន្ត​ទៀត​ ដើម្បី​ធានា​បានថា​ ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ព្រៃលិចទឹក ឬ​ក៏​នៅពី​ក្រោយ​សកម្មភាព​ឧក្រិដ្ឋកម្ម​ធំៗ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​នៅ​ក្នុ​ងប្រទេស​កម្ពុជា​ គឺមិនមាន​អ្នកណា​ម្នាក់រួច​ខ្លួន​ទេ ហើយ​រឹត​តែ​មិនមាន​អ្នក​ណា​ម្នាក់​អាងថា​ខ្លួន​មាន​មន្ត្រី​នៅ​ពីក្រោយ​»។

លោក ហេង គឹមហុង យល់ថា​រដ្ឋាភិបាល ​ក៏គួរតែ​មាន​ការ​លើកទឹក​ចិត្ត​ដល់​មន្ត្រី​រូបណា​ ដែលហ៊ានផ្តល់​ព័ត៌មាន អំពីសកម្មភាពមិន​ប្រក្រតី​របស់​មន្ត្រី​ពេល​បំពេញ​ភារកិច្ច ដើម្បី​ឈាន​ដល់​ការ​ចាត់​វិធាន​ការច្បាប់ ដោយ​មិន​គិត​ពី​ឋានៈ​តូច​ធំនោះ​ឡើយ​។ ​

កាល​ពីខែ​វិច្ឆិកា ឆ្នាំ​២០២១ អតីត​នាយក​រដ្ឋមន្ត្រី ​លោក ហ៊ុន សែន បានបញ្ជា​ទៅ​មន្រ្តី​ក្រោម​ឱវាទ ​ឱ្យ​រឹប​អូស​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេ​សាបវិញ​ ក្រោយ​មាន​ការ​រាយ​ការណ៍​ថា ​អតីត​អភិ​បាល​ខេត្ត​កំពង់ឆ្នាំង​ លោក ឈួរ ច័ន្ទឌឿ​ន ​បានទន្ទ្រាន​កាប់​ព្រៃ​លិច​ទឹក​បឹង​ទន្លេ​សាប​ដែល​ជា​តំបន់​ស្នូល​ត្រូវ​ការពារក្នុង​ខេត្ត​កំពង់ឆ្នាំង​ជាង​២​ពាន់​ហិកតា​។ ការ​បញ្ជា​របស់​លោក​ហ៊ុន សែន ​នាពេល​នោះ​កើត​ឡើង ​ក្រោយលោក​ សុខ ទូច ប្រធាន​ស្ថាប័នរាជ​បណ្ឌិត្យ​សភាព​កម្ពុជា​ដែល​ចុះសិក្សា​អំពី​បឹង​ទន្លេ​សាប រក​ឃើញ​ករណី​ទន្ទ្រាន​កាប់​ព្រៃ​លិច​ទឹកនៅបឹង​ទន្លេ​សាប​។

ក្រោយមក ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​បានឱ្យ​ដឹងថា ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ លោក ​ឈួរ ច័ន្ទឌឿន​ បាន​ប្រគល់​ដី​ចំនួន​២២​កន្លែង​ជូន​រដ្ឋ​វិញ​ តាម​លទ្ធ​ផល​ស្រាវជ្រាវ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​តាម​ការសម្រេច​របស់​អតីត​នាយក​រដ្ឋ​មន្ត្រីលោក​ ហ៊ុន សែន។ ប៉ុន្តែអង្គភាព​នេះ មិន​បាន​បញ្ជាក់​អំពី​ចំណាត់​ការបែប​ណា​នោះទេ​ចំពោះ​ លោក​ ឈួរ ច័ន្ទឌឿន​ ដែល​បាន​ផ្ទេរ​ការងារ​មក​ធ្វើជាអនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG