ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​​រញ្ជួយ​​ដី​​នៅ​​ជប៉ុន​​​ធ្វើ​​​ឲ្យ​​​ខ្វះ​​​ខាត​​​គ្រឿង​​​បន្លាស់​​​រថយន្ត​និង​​​គ្រឿង​​​​អេ​ឡិច​​ត្រូ​និក


រថយន្ត​ជា​ច្រើន​តាំង​លក់​នៅ​ក្នុង​ក្រុម​ហ៊ុន​ ក្នុង​ទីក្រុង​​ឡូស អានចឺឡេស​ រដ្ឋ​កាលី​ហ្វ័រញ៉ា​ ស.រ.អ
រថយន្ត​ជា​ច្រើន​តាំង​លក់​នៅ​ក្នុង​ក្រុម​ហ៊ុន​ ក្នុង​ទីក្រុង​​ឡូស អានចឺឡេស​ រដ្ឋ​កាលី​ហ្វ័រញ៉ា​ ស.រ.អ

រោងចក្រជា​ច្រើន​នៅជប៉ុន ដែល​ផលិត​គ្រឿងអេឡិចត្រូនិក និងរថយន្តសំខាន់ៗ បាន​បញ្ឈប់​សង្វាក់ផលិតកម្ម​ជាបណ្តោះអាសន្ន ដោយសារ​តែ​ប្រទេសនេះ ត្រូវដោះស្រាយ​គ្រោះមហន្តរាយ និងវិបត្តិ​នុយ​ក្លេ​អ៊ែរ ដែល​កើត​ឡើង​ក្រោយ​មក​ទៀត។

រាប់​ចាប់​តាំង​ពី​រថយន្ត​ រហូតដល់វីដេអូ​ហ្គេម ស្ទើរ​តែ​គ្រប់ទិដ្ឋ​ភាព​នៃ​ការ​រស់​នៅទាំងអស់​នៅ​ជុំ​វិញ​ពិភព​លោក ដែល​ប្រើ​ប្រាស់ឧបករណ៍​អេឡិច​ត្រូនិក អាចដឹង​អំពី​ផល​វិបាកក្រោយ​ការ​រញ្ជួយ​ដីនៅ​ជប៉ុន នា​ពេល​ឆាប់ៗ​នេះ។

អ្នក​វិភាគ​នៃ​បណ្តាញ​ផ្គត់​ផ្គង់គ្រឿង​អេឡិច​ត្រូនិក លោក ឌេល ហ្វតនៃ IHS iSuppli ថ្លែងថា៖

«មាន​រោង​ចក្រ​ជា​ច្រើន ដែល​ផលិតគ្រឿង​អេឡិច​ត្រូនិក​សំខាន់​ៗ​ ត្រូវ​ទទួល​រង​ការខូច​ខាត។ រោង​ចក្រ​មួយ​ចំនួន បាន​ខូច​ខាត​ផ្ទាល់ៗ​តែ​ម្តង។ ចំណែក​ឯ រោង​ចក្រ​ដទៃ​ទៀត ទទួលផល​ប៉ះ​ពាល់ ដោយ​សារ​តែ​រោង​ចក្រ​ទាំង​នោះ គ្មាន​ចរន្ត​អគ្គិសនី»។

វិបត្តិ​នុយ​ក្លេ​អ៊ែរ ​បាន​បង្ក​ឲ្យ​ដាច់​ចរន្ត​អគ្គិសនីជា​បន្ត​បន្ទាប់។ លោកហ្វត និយាយ​ថា ​រោង​ចក្រ​ជប៉ុន​ ដែល​ខូច​ខាត​ដោយ​សារគ្រោះមហន្តរាយ​នេះ បាន​ផលិតបន្ទះ​ស៊ី​លី​ខន​ចំនួន​២៥​ភាគ​រយរបស់​ពិភព​លោក។ បន្ទះ​ស៊ី​លីខន ត្រូវ​បាន​ប្រើ​ដើ​ម្បី​ផលិត សឺម៉ៃខុនដាក់ទ័រ (Semiconductor) ដែល​ត្រូវបាន​ប្រើ​ក្នុង​គ្រឿង​អេឡិច​ត្រូនិកជា​រៀង​រាល់​ថ្ងៃ​ ដោយរាប់​ចាប់​តាំង​ពី​ម៉ាស៊ីន​កុំព្យូទ័រ​ និង​ទូរស័ព្ទ​ដៃ រហូត​ដល់​ម៉ាស៊ីន​ថត​រូប​ឌី​ជី​ថល និង​ទូហ្គេម​ជា​ដើម។ សូម្បី​តែ​ប្រព័ន្ធ​ហ្វ្រាំង​រថយន្ត និងប្រព័ន្ធ​ចរន្ត​អគ្គិ​សនី​នៅ​ក្នុង​រថយន្ត ក៏​ត្រូវ​ការ​បន្ទះ​ស៊ី​លី​ខននេះ​ដែរ។​ លោក ហ្វត បាន​ឲ្យ​ដឹង​ទៀត​ថា ឥទ្ធិពល​នេះ​មាន​ផល​ប៉ះ​ពាល់​ដល់ក្រុមហ៊ុន​រថយន្ត​រួច​ទៅ​ហើយ។ លោក ហ្វត​ បន្ត​ទៀត​ថា៖

«មានរោង​ចក្រផលិត​រថ​យន្ត ត្រូវបិទ​ទ្វារ ដោយ​សារ​តែ​ពួក​គេមិនអាច​ទទួល​បានការ​ផ្គត់​ផ្គង់​គ្រឿង​បន្លាស់​ទាំង​នោះគ្រប់​គ្រាន់ ដែលចាំ​បាច់​សម្រាប់ការ​ផលិតគ្រឿង​អេឡិច​ត្រូនិក ដើម្បី​បញ្ចូល​ក្នុង​រថយន្ត»។

ក្រុម​ហ៊ុនតូយ៉ូតា និង​ហុងដា នៅ​ជប៉ុន និង​សូម្បី​តែ​រោង​ចក្រ General Motors នៅ​សហរដ្ឋអាមេរិក ក៏​បាន​បិទ​ទ្វារ​ជា​បណ្តោះ​អាសន្ន​ដែរ។

លោក​ អ៊ែន​ឌី ខ័យល៍ (Andy Coyle) ជា​អ្នក​គ្រប់​គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន​ហុងដា​នៅទី​ក្រុង​ឡូស អាន់ជឺឡេស (Los Angeles)។ លោក​ មាន​ប្រសាសន៍​ថា លោករំពឹង​ថា​ ​រថយន្ត​ និង​គ្រឿងបន្លាស់​រថយន្ត​អាច​ខ្វះ​ខាត​គ្រឿង​ផ្គត់​ផ្គង់ ក្នុង​ពេល​ឆាប់ៗ​នេះ។​ លោក​ ខ័យល៍​ ថ្លែង​ដូច្នេះ​ថា៖

«ការផ្គត់ផ្គង់​តិចជាងមុន ប្រហែលជាមានន័យថា ប្រជា​ពលរដ្ឋ ប្រហែលជា​មិន​អាច​រក​ពណ៌តាមជម្រើស​របស់​ខ្លួនបាន​ទេ»។

ចំណែកឯគ្រឿងអេឡិចត្រូនិកវិញ លោក ឌេល ហ្វត និយាយថា ខណៈដែល​អតិថិជន អាចរង់ចាំយូរជា​ងមុន​ដើម្បីទទួលបាន​ផលិតផលដ៏មានប្រជាប្រិយភាព​នេះ ​ពួកគេ​មិនចាំ​បាច់​ចំណាយ​ប្រាក់ច្រើនជាងមុនទេ។​ លោក បន្តថា៖

«នៅក្នុងបរិយា​កាស​សេដ្ឋកិច្ចបែបនេះ ក្រុមហ៊ុននឹងមានការស្ទាក់ស្ទើរក្នុងការដំឡើង​តម្លៃសម្រាប់អតិថិជន»។

ក្រុមអ្នកវិភាគ និយាយថា ឥឡូវនេះ ក្រុមហ៊ុនអេឡិចត្រូនិក និងរោងចក្រផលិតរថយន្តជាច្រើន​ កំពុងព្យា​យាមស្វែងរករោងចក្រ ​នៅតាមបណ្តាប្រទេសដទៃទៀត​ សម្រាប់គ្រឿងបន្លាស់​ ដែលពួកគេត្រូវការ។​ ទោះ​ជា​នៅកន្លែង​ណា​ក៏​ដោយ វានឹងត្រូវការពេលច្រើនថ្ងៃច្រើន​ខែ មុន​ពេលរោងចក្រ​មួយចំនួន​នៅជប៉ុន អាចដំណើ​ការពេញសមត្ថ​ភាពឡើងវិញ៕

ប្រែ​សម្រួល​ដោយ លី​ សុខឃាង

XS
SM
MD
LG