ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ីរ៉ង់​ព្រមាន​«តបត​ខ្លាំង» បើ​អ៊ីស្រាអែល​សងសឹក​នឹង​ការ​វាយប្រហារ​ដោយ​អ៊ីរ៉ង់


ប្រធានាធិបតី​ប្រទេស​អ៊ីរ៉ង់​លោក Ebrahim Raisi ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ទិវាដង្ហែក្បួន​​យោធា​ជាតិ​ នៅទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ (Majid Asgaripour/WANA via Reuters)
ប្រធានាធិបតី​ប្រទេស​អ៊ីរ៉ង់​លោក Ebrahim Raisi ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ទិវាដង្ហែក្បួន​​យោធា​ជាតិ​ នៅទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ (Majid Asgaripour/WANA via Reuters)

ប្រធានាធិបតី​ប្រទេស​អ៊ីរ៉ង់​លោក Ebrahim Raisi បាន​ព្រមាន​នៅ​ថ្ងៃពុធ​នេះ ​ប្រឆាំងនឹង​ការតបត​របស់​អ៊ីស្រាអែល​ដល់ការវាយប្រហារ​តាមអាកាសមិន​ដែល​មាន​ពីមុន​របស់​អ៊ីរ៉ង់​លើ​រដ្ឋជ្វីហ្វ ដោយ​និយាយថា​អ៊ីរ៉ង់នឹង «តបត​ដ៏​ធំ​និង​ខ្លាំងក្លា‍»។

លោក Raisi បាននិយាយ​ដូច្នេះ នៅ​ក្នុង​ពិធី​ក្បួនព្យុហយាត្រា​យោធា​ប្រចាំ​ឆ្នាំនៅជាយក្រុងតេហេរ៉ង់ មួយថ្ងៃ​ក្រោយរដ្ឋមន្ត្រីការពារប្រទេសអ៊ីស្រាអែលបានថ្លែងថា ការគំរាមកំហែង​របស់​អ៊ីរ៉ង់​មិនអាច​ធ្វើឱ្យ​រា​ដល់​ការ​ឆ្លើយតប​របស់​អ៊ីស្រាអែល​ទេ។

នៅថ្ងៃ​ពុធនេះ ​អ្នក​ការទូត​បន្ត​ជំរុញ​ធ្វើឱ្យស្ថានការណ៍បានថមថយ។

រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក David Cameron ​បាន​និយាយនៅក្នុងទស្សនកិច្ច​មួយ​នៅ​ក្រុង​ Jerusalem ​ថា ​វា​ជា​ការ​ច្បាស់​លាស់ដែល​អ៊ីស្រាអែលសម្រេចធ្វើសកម្មភាព​ ហើយ​ថា ចក្រភព​អង់គ្លេសសង្ឃឹមថា អ៊ីស្រាអែលឆ្លើយ​តប​«តាមវិធី​មួយ​មិននាំ​ឱ្យ​ស្ថានភាព​ធ្ងន់ធ្ងរ​តាម​ដែល​អាច​ធ្វើ​បាន‍»។

លោក Cameron​ ដែល​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​ លោក Israel Katz បាន​គាំទ្រដល់​ការដាក់​ទណ្ឌកម្ម​មាន​ការសម្រប​សម្រួល​ប្រឆាំង​នឹង​អ៊ីរ៉ង់​ នៅ​ពេល​សមភាគី​របស់​លោក​ក្នុង​ក្រុមប្រទេស ​៧ ​មាន​ឧស្សាហកម្ម​លូតលាស់ ប្រុងប្រៀប​ធ្វើការ​ចរចា​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី។

កាល​ពីថ្ងៃ​អង្គារ ក្រសួង​ការពារ​ប្រទេសអ៊ីស្រាអែលបានដក​ស្រង់​ពាក្យ​សម្តី​លោករដ្ឋមន្ក្រី​ការពារ​ជាតិ Yoav Gallant ​ដែល​បាន​និយាយ​ថា: ​«ពួកអ៊ីរ៉ង់​គ្មានជោគជ័យ​ក្នុងការ​វាយប្រហារ​របស់​ពួកគេ ​ហើយ​នឹងគ្មានជោគជ័យ​ក្នុង​ការ​ធ្វើឱ្យ​អ៊ីស្រាអែលរា‍ដែរ»។

គណៈ​រដ្ឋមន្ត្រីសង្គ្រាម​នៃ​ប្រទេស​អ៊ីស្រាអែល​ ដែលមានរួមលោក Gallant ដែរ បានប្រជុំគ្នាច្រើន​ដងកាលពី​ប៉ុន្មានថ្ងៃកន្លងទៅ ​ដើម្បី​ជជែកដេញដោលគ្នា​អំពី​ជម្រើស​នៃ​ការតបត​របស់អ៊ីស្រាអែល៕

អ្នកស្រី​ Nike Ching ​ប្រធាន​ការិយាល័យ​ VOA ​ប្រចាំ​ក្រសួង​ការបរទេស​ ចូលរួម​ផ្តល់​ព័ត៌មាន។ ព័ត៌មាន​ខ្លះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press, Agence France-Presse ​និង​ Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG