ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍​ VOA៖ កម្ពុជា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​អភិបាលកិច្ច​របស់​ខ្លួន បើ​ចង់​សម្រេច​គោលដៅ​សេដ្ឋកិច្ច


General view inside Yaounde's Olembe Stadium during the opening ceremony before the matches.
General view inside Yaounde's Olembe Stadium during the opening ceremony before the matches.

លោក Nick Beresford ធ្វើ​ការ​ជា​មួយ​អង្គការ​សហប្រជាជាតិ​ចំនួន​១៦​ឆ្នាំ​មក​ហើយ លើ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ មុន​ពេល​លោក​កាន់​ដំណែង​ជា​នាយក​គ្រប់គ្រង​ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP ប្រចាំ​ប្រទេស​កម្ពុជា លោក​ធ្លាប់​ជា​នាយករង​នៃ​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ប្រចាំ​ប្រទេស​បង់ក្លាដែស។

កំណត់​និពន្ធ៖ លោក Nick Beresford ជា​នាយក​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP ប្រចាំ​ប្រទេស​កម្ពុជា។ លោក Nick Beresford ធ្វើ​ការ​ជា​មួយ​អង្គការ​សហប្រជាជាតិ​ចំនួន​១៦​ឆ្នាំ​មក​ហើយ លើ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ មុន​ពេល​លោក​កាន់​ដំណែង​ជា​នាយក​គ្រប់គ្រង​ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP ប្រចាំ​ប្រទេស​កម្ពុជា លោក​ធ្លាប់​ជា​នាយករង​នៃ​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ប្រចាំ​ប្រទេស​បង់ក្លាដែស។ លោក​ក៏​ធ្លាប់​ធ្វើ​ការ​ជា​មួយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ នៅ​ប្រទេស​សូម៉ាលី និង​ទីម័រ​ខាង​កើត​ផង​ដែរ។ លោក Nick Beresford បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​កញ្ញា យូ សុធារី នៃ​វីអូអេ អំពី​កិច្ចការ​របស់​ UNDP នៅ​ប្រទេស​កម្ពុជា។ សូម​លោក​អ្នក​នាង​អាន​ខ្លឹមសារ​លម្អិត​នៃ​បទ​សម្ភាសន៍​នេះ​ដូច​តទៅ៖

VOA៖ តើកម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ UNDP ប្រចាំ​ប្រទេស​កម្ពុជា បាន​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​អ្វី​ខ្លះ?

Nick Beresford៖ យើង​អាច​បែងចែក​ការងារ​ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ទៅ​ជា​៣​ផ្នែក។ ផ្នែក​ទី១​ ​គឺ​ការ​ការពារ​បរិស្ថាន ដែល​ពាក់ព័ន្ធ​នឹង​ការ​បម្រែ​បម្រួល​អាកាសធាតុ។ ផ្នែក​ទី២ ​គឺ​ការ​រីក​ចម្រើន​ និង​ភាព​រឹងមាំ​នៃ​ការ​អភិវឌ្ឍ និង​ទី៣​ គឺ​ទៅ​លើ​បញ្ហា​គោលនយោបាយ​នានា ដូចជា​គោលនយោបាយ​សេដ្ឋកិច្ច និង​អភិបាលកិច្ច។

VOA៖ តើ​លោក​យល់​យ៉ាង​ណា​ចំពោះ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​វិសមភាព​នៅ​ក្នុង​ប្រទេស? តើ​លោក​យល់​ថា គោលនយោបាយ​ទាំង​នោះ​បាន​រួម​ចំណែក​ដោះស្រាយ​បញ្ហា​យ៉ាង​ដូចម្តេច?

Nick Beresford៖ យើង​មើល​ទៅ​លើ​ការ​អភិវឌ្ឍ​ជា​ទូទៅ។ ដំបូង ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទទួល​បាន​ជោគជ័យ​ល្អ​ណាស់។ ក្នុង​រយៈពេល​១៥ឆ្នាំ​កន្លង​ទៅ​នេះ សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​រីកចម្រើន​ជាងមុន​បី​ដង។ ភាព​ក្រីក្រ​ធ្វើ​បាន​ធ្លាក់​ចុះ​ជាង​ពាក់​កណ្តាល។ នេះ​ការ​សមិទ្ធិផល​ដ៏​អស្ចារ្យ​មួយ។ ចំពោះ​អភិបាលកិច្ច​វិញ ខ្ញុំ​គិត​ថា មាន​បញ្ហា​ប្រឈម​ខ្លះ​នៅ​ក្នុង​អភិបាលកិច្ច​ប្រកប​ដោយ​ប្រជាធិបតេយ្យ ហើយ​មាន​ការងារ​ច្រើន​ទៀត​ដែល​ចាំបាច់​ត្រូវ​ធ្វើ។ ផ្នែក​ចុង​ក្រោយ​នៃ​សំណួរ​របស់​អ្នក​ក៏​បាន​ផ្តោត​លើ​វិសមភាព​ដែរ។

ប្រសិនបើ​យើង​មើល​ទិន្នន័យ​ដែល​យើង​មាន មិន​ថា​យើង​ប្រើ​វិធីសាស្ត្រ Gini coefficient ឬ Tile data ឬ​វិធីសាស្ត្រ​ផ្សេង​នោះ​ទេ ទិន្នន័យ​ទាំង​នោះ​បង្ហាញ​ថា ពិត​ណាស់​វិសមភាព នៅ​តែ​អាច​គ្រប់​គ្រង​បាន​នៅ​ឡើយ។ កម្ពុជា​មាន​ភាព​ប្រសើរ បើ​ប្រៀបធៀប​ទៅ​ប្រទេស​ជិតខាង។ មិន​មាន​សញ្ញា​អវិជ្ជមាន​ខ្លាំង​នោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​គឺ​ថា តើ​ទិន្នន័យ​ដែល​យើង​ប្រើ​ហ្នឹង​វា​ល្អ​ក្នុង​កម្រិត​ណា។ យើង​ដឹង​ថា ប្រព័ន្ធ​ទិន្នន័យ​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ត្រូវ​ការ​កែលម្អ​ឲ្យ​ប្រសើរ​ជាង​មុន ហើយ​ជួលកាល​ទិន្នន័យ​ដែល​យើង​ប្រើប្រាស់​មិន​ប្រាកដ​ថា បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​នៃ​ទិដ្ឋភាព​ទាំង​មូល​នោះ​ទេ។

VOA៖ តើ​លោក​មើល​ឃើញ​វឌ្ឍនភាព​នៃ​អភិបាល​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​កម្រិត​ណា?

Nick Beresford៖ បើ​និយាយ​ពី​អភិបាលកិច្ច នៅ​មុន​ថ្ងៃ​បោះឆ្នោត​ប៉ុន្មាន​ថ្ងៃ លោក​អគ្គលេខាធិការ​ [អសប] បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​មាន​ដំណើរការ​នយោបាយ​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី។ លោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ធានា​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​អនុវត្ត​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ពួកគេ។​ យើង​គាំទ្រ​ការ​អំពាវនាវ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

ក្នុង​ចំណោម​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (ហៅ​កាត់​ថា OHCHR) ក៏​បាន​បញ្ចេញ​ក្តី​បារម្ភ​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​បញ្ហា​នា​ពេល​ថ្មីៗ​នេះ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេងៗ មិន​មាន​ឱកាស​នយោបាយ ដែល​ពួកគេ​ធ្លាប់​មាន​កាលពី​ពេល​មុន។ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ក៏​បាន​បញ្ចេញ​ក្តី​បារម្ភ​ជុំវិញ​ការ​រឹតត្បិត​ទៅ​លើ​សារព័ត៌មាន និង​ស្ថាប័ន​ផ្សេងៗ​ផង​ដែរ។ ខ្ញុំ​គិត​ថា សម្រាប់​អភិបាលកិច្ច យើង​ទទួល​ស្គាល់​ថា មាន​ការងារ​ខ្លះ​ត្រូវ​ធ្វើ​បន្ថែម។ បើ​គិត​ឲ្យ​វិជ្ជមាន​ទៅ យើង​ពិត​ជា​ចង់​ចូលរួម​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពិនិត្យ​មើល​អ្វី​ដែល​យើង​អាច​ជួយ​បាន​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាងមុន។

លោក Nick Beresford (បន្ទាប់ស្តាំបង្អស់) គឺជា​នាយក​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP ប្រចាំ​ប្រទេស​កម្ពុជា។
លោក Nick Beresford (បន្ទាប់ស្តាំបង្អស់) គឺជា​នាយក​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP ប្រចាំ​ប្រទេស​កម្ពុជា។

VOA៖ តើ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ធានា​ថា ការ​អភិវឌ្ឍ​អាច​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ ជាពិសេស​ពលរដ្ឋ​រាប់លាន​នាក់​ដែល​រស់​នៅ​ក្រោម​បន្ទាត់ក្រីក្រ ឬ​រស់​នៅ​ក្បែរ​បន្ទាត់ក្រីក្រ​តែ​?

Nick Beresford៖ អ្នក​បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់​ចំនួន​ពីរ។ អ្នក​និយាយ​ពី​អ្នក​ដែល​រស់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ។ នៅ​ពេល​នេះ យើង​ប៉ាន់ស្មាន​ថា ប្រជាជន​កម្ពុជា​ប្រមាណ​ជា​១០%​ កំពុង​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ជាតិ។ ប៉ុន្តែ​មាន​ពលរដ្ឋ​ជាច្រើន​ដែល​រស់​នៅ​ពី​លើ​បន្ទាត់​ភាព​ក្រីក្រ​តែ​បន្តិច​ប៉ុណ្ណោះ។ ពួកគេ​មិន​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ជា​អ្នក​ក្រ​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​ស្ទើរ​តែ​ត្រូវ​បាន​គេ​ចាត់​ទុកថា​ជាជន​ក្រីក្រ ហើយ​យើង​ចាត់​ទុក​ពួកគេ​ថា​ជា​ ក្រុម​ងាយ​រងគ្រោះ ដែល​ប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច បញ្ហា​សុខភាព និង​បញ្ហា​ផ្សេងៗ​ទៀត។

ខ្ញុំ​គិត​ថា គោល​នយោបាយ​មួយ​ក្នុង​ចំណោម​គោលនយោបាយ​សំខាន់ៗ​បំផុត​ដែល​គួរ​តែ​អនុវត្ត​នា​ពេល​ខាង​មុខ គឺ​គោលនយោបាយសន្តិសុខ​សង្គម។ យើង​សប្បាយ​ចិត្ត​ដែល​មើល​ឃើញ​ថា រដ្ឋាភិបាល​មាន​ភាព​សកម្ម​នៅ​ក្នុង​គោលនយោបាយ។ រដ្ឋាភិបាល​បាន​ចេញ​គោលនយោបាយ​នានា និង​ដាក់​ឲ្យ​បាន​អនុវត្ត​គោលនយោបាយ​សន្តិសុខ​សង្គម​មួយ​ចំនួន​រួច​ទៅ​ហើយ។ នេះ​ជា​មធ្យោបាយ​ដែល​យើង​ជួយ​បង្កើត​ភាព​រឹងមាំ និង​ការពារ​ពួកគេ​ពី​ភាព​ងាយ​រងគ្រោះ។

VOA៖ តើ​លោក​គិត​ថា បញ្ហា​ខាង​លើ​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ពង្រឹង​ស្ថាប័ន​រដ្ឋ​ដែរ​ឬ​ទេ?

Nick Beresford៖ បាទ! នោះ​ជា​ផ្នែក​មួយ​ទៀត។ ខ្ញុំ​គិត​ថា វា​ក៏​មាន​សារៈសំខាន់​ដែរ​ដើម្បី​ឲ្យ​នយោបាយ​សន្តិសុខ​សង្គម​មាន​ដំណើរ​ការ​ល្អ។ រដ្ឋាភិបាល​ត្រូវ​ការ​ភាព​រឹងមាំ និង​សមត្ថភាព​ពេញលេញ​ក្នុង​ជួរ​រដ្ឋាភិបាល ដើម្បី​អនុវត្ត​ផែនការ​នោះ​បាន​ត្រឹមត្រូវ។ ដូច្នេះ​រដ្ឋាភិបាល អាច​ត្រួត​ពិនិត្យ​ការងារ និង​អាច​ការ​ពារ​សកម្មភាព​ពុក​រលួយ​នានា ហើយ​ផែនការ​ទាំង​នោះ​អាច​ទទួល​បាន​ទាំង​ប្រសិទ្ធភាព និង​ប្រសិទ្ធផល។ នោះ​ពលរដ្ឋ អាច​ទទួល​បាន​សេវា​សុខភាព​ដែល​ពួកគេ​ត្រូវការ។ ខ្ញុំ​គិត​ថា ដំបូង​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ស្ត្រី ដែល​មាន​កូន​តូចៗ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​អាច​ជា​ក្រុម​មនុស្ស​ដំបូង​ដែល​ស្ថិត​នៅ​ក្រោម​ផែនការ​សន្តិសុខ​សង្គម ដែល​នឹង​ទទួល​បាន​ប្រាក់​ជា​កញ្ចប់។ ​យើង​គិត​ថា នេះ​ជា​ចំណុច​សមហេតុ​សមផល​ក្នុង​ការ​ចាប់​ផ្តើម។ វា​ងាយ​ស្រួល​ទេ​ក្នុង​ការ​កំណត់​ក្រុម​អ្នក​ទទួល​ផល​ប្រយោជន៍​ឲ្យ​បាន​ត្រឹមត្រូវ ងាយ​ស្រួល​ក្នុង​ការ​កំណត់​ក្រុម​ស្រ្តី​ទាំង​នោះ ហើយ​នេះ​ជា​ជំហាន​ដំបូង​ដ៏​ល្អ​នៅ​ក្នុង​ការ​គាំពារ​សង្គម។

ខ្ញុំ​គិត​ថា ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​រដ្ឋ​មាន​សារៈសំខាន់។ ខ្ញុំ​គិត​ថា វា​ក៏​មាន​សារៈសំខាន់​នៅ​ក្នុង​ដំណើរការ​កំណត់​ថវិកា​ឡើង​វិញ ដើម្បីបែងចែក​ថវិកា​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​កម្មវិធី​គាំពារ​សង្គម ហើយ​ត្រូវ​ផ្តល់​ថវិកា​ឲ្យ​បាន​ច្រើន​ជាង​មុន​ទៅ​ក្នុង​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ។ វិស័យ​ទាំង​នេះ​ជា​វិស័យសំខាន់ៗ និង​មាន​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ទីផ្សារ​ការងារ។ ដោយ​មាន​ការ​អប់រំ និង​ការ​ធានារ៉ាប់រង​លើ​សុខភាព​បាន​គ្រប់គ្រាន់​ ពួកគេ​អាច​រស់​នៅ​ប្រកប​ដោយ​ភាព​រីករាយ និងដោយ​មាន​ការ​ធានា​សង្គម។

VOA៖ ទាក់ទង​នឹង​ការ​បែងចែក​ថវិកា ជាច្រើន​ដង ​នៅ​ពេល​យើង​និយាយ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ ជា​ច្រើន​ដង យើង​បាន​ឮ​ថា ពួកគេ​មិន​មាន​ថវិកា​គ្រប់គ្រាន់​នោះ​ទេ ដោយសារ​កម្មវិធី​របស់​ពួកគេ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស។ តើ​ថវិកា​នោះ​គួរ​មាន​ប្រភព​មក​ពី​ណា ប្រសិន​បើ​រដ្ឋាភិបាល​ចង់​បែងចែក​ថវិកា​របស់​ខ្លួន​ឲ្យ​ទៅ​កម្មវិធី​សន្តិសុខ​សង្គម​កាន់​តែ​ច្រើន?

Nick Beresford៖ នេះ​ជា​សំណួរ​ដ៏​ល្អ​មួយ ដោយសារ​វា​ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ កម្ពុជា​ជា​ប្រទេស​ពឹង​ផ្អែក​លើ​ជំនួយ។ ប៉ុន្តែ​ឥឡូវនេះ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ពឹង​ផ្អែក​លើ​ពាណិជ្ជកម្ម។ ការ​បើក​ចំហរ​របស់​ប្រទេស​នេះ​ចំពោះ​ទីផ្សារ​បរទេស​ និង​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​បានបាន​ជួយ​ប្រជាជនឲ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ ពីព្រោះ​កំណើន​សេដ្ឋកិច្ច​នោះ​ក៏​បាន​ជួយ​ដល់​កម្មករ​មិន​មាន​ជំនាញ ឬ​មាន​ជំនាញ​តិចតួច​ផងដែរ។ ជា​ឧទាហរណ៍ រោងចក្រ​កាត់​ដេរ បាន​ផ្តល់​ការងារ​ជាច្រើន​ដល់​ពលរដ្ឋ​សាមញ្ញ។

ត​ទៅ​មុខ​ទៀត អ្វី​ដែល​យើង​មើល​ឃើញ គឺ​រឿង​ពីរ​យ៉ាង។ ទី១ គឺ​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្ពស់ ដែល​មាន​ប្រមាណ​៧% ឬ​ប្រហាក់​ប្រហែល​ហ្នឹង។ នេះ​ជា​ការ​ពិត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ។ ទី២ គឺ​អត្រា​នៃ​ការ​ប្រមូល​ពន្ធ​ខ្ពស់ ដែល​មាន​ប្រមាណ​ជា​២០%​ ហើយ​តួលេខ​នេះ​ខ្ពស់​គួរសម​នៅ​ក្នុង​តំបន់​នេះ។ ជាក់​ស្តែង​ណាស់ វា​ជា​ការ​ល្អ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង។ ប្រសិន​បើ​យើង​បញ្ចូល​កត្តា​ទាំង​ពីរ​ជាមួយ​គ្នា ថវិកា​របស់​រដ្ឋាភិបាល​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។ វា​មាន​ចំនួន​ប្រមាណ​ជា​២០%​ច្រើន​ជាង​ឆ្នាំ​ទៅ ដែល​មាន​ចំនួន​ប្រមាណ​ជា​៦ប៊ីលាន​ដុល្លារ ហើយ​សេដ្ឋកិច្ច​កម្ពុជា​មាន​ទឹកប្រាក់​ប្រមាណ​២០ពាន់​លាន​ដុល្លារ។ ដោយ​មាន​កើន​ឡើង​នេះ ប្រទេស​កម្ពុជា​នឹង​អាច​ផលិត​ធនធាន​ក្នុង​ស្រុក​បាន​ដោយ​ខ្លួន​ឯង ដើម្បី​អាច​វិនិយោគ​ទៅ​ក្នុង​វិស័យ​សុខាភិបាល អប់រំ និង​វិស័យ​ផ្សេងៗ​ទៀត។ យើង​ទាំង​អស់​គ្នា​ចង់​ឃើញ​រដ្ឋាភិបាល​ផ្តល់​ថវិកា​បន្ថែម​ទៀត​លើ​វិស័យ​ទាំង​នេះ។

VOA៖ ដូច្នេះ ថវិកា​២០%​ត្រូវ​បាន​គេ​ផ្តល់​ទៅ​ក្នុង​វិស័យ​ផ្សេង​ទៀត​ឬទេ?

Nick Beresford៖ ច្បាស់​ណាស់ របៀប​នៃ​ការ​បែងចែក​ថវិកាជា​ការ​សម្រេច​ចិត្ត​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​នីមួយៗ មិន​មែន​តែ​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ​យើង​បាន​បញ្ចូល​ករណី​សិក្សា​ពី​ភាគី​អង្គការ​សហប្រជាជាតិ ហើយ​ខ្ញុំ​គិត​ថា ភ្នាក់ងារ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​យល់​ស្រប​លើ​ចំណុច​ថា គួរ​តែ​ព្យាយាម​ផ្តល់​ប្រាក់​បន្ថែម​ទៅ​ក្នុង​វិស័យ​សុខាភិបាល អប់រំ កម្មវិធី​គាំពារ​សង្គម និង​វិស័យ​ផ្សេងៗ តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ទាំង​នេះ​ជា​វិស័យ​ដែល​អាច​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​យ៉ាង​ពិត​ប្រាកដ។

VOA៖ តាម​ទស្សនៈ​របស់​អង្គការ​សហប្រជាជាតិ តើ​លោក​បារម្ភ​ពី​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ ជាពិសេស​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រព័ន្ធ​ពន្ធដារ?

Nick Beresford៖ ខ្ញុំ​គិត​ថា យើង​ត្រូវ​ចាំ​ថា គ្រប់​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​ទាំង​អស់​សុទ្ធ​តែ​ជួប​បញ្ហា​នេះ។ តាម​ពិត​ទៅ ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ប្រទេស​ចំណូល​ខ្ពស់​ជាច្រើន​ក៏​ជួប​បញ្ហា​នេះ​ដែរ។ ដូច្នេះ ប្រទេស​កម្ពុជា​មិន​មាន​បញ្ហា​នេះ​តែ​ម្នាក់​ឯង​នោះ​ទេ។

ខ្ញុំ​គិត​ថា វា​ជា​រឿង​ធម្មតា និង​ជា​ផ្នែក​នៃការ​អភិវឌ្ឍ​សេដ្ឋកិច្ច សម្រាប់​ប្រទេសមួយ ដែល​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ជា​ប្រទេស​មាន​ចំណុល​ទាប ដែល​បញ្ហា​នៃ​ការ​បាត់​ប្រាក់ អំពើ​ពុករលួយ តម្លាភាព និង​ទំនួលខុសត្រូវ​តែងតែ​កើត​ឡើង។ មិន​មែន​ថា​យើង​ត្រូវ​រំពឹង​ថា​វា​កើត​ឡើង​ទេ ប៉ុន្តែ​វា​មិន​មាន​មូលហេតុ​ផ្សេង​ក្រៅ​ពី​ទទួល​ស្គាល់​ការ​ពិត ឬ​និយាយ​យើង​មិន​គួរ​ព្យាយាម​ប្រយុទ្ធប្រឆាំង​នឹង​បញ្ហា​ទាំង​នេះ​នោះ​ទេ។

​ខ្ញុំ​គិត​ថា ប្រសិនបើ​អ្នក​មើល​ទៅ​ប្រទេស​អ្នក​មាន​ ដូច​ជា​ចិន បាន​ធ្វើ​ការ​តាំង​ចិត្ត​ជា​សាធារណៈ និង​ខ្លាំងក្លា​ដើម្បី​ទទួល​ស្គាល់​បញ្ហានេះ ហើយ​ក៏​ចាត់​វិធានការ​ច្រើន​ដើម្បី​ដោះស្រាយ​វា​ដែរ។ ដូច្នេះ​ខ្ញុំ​គិត​ថា មាន​មេរៀន​ច្រើន​ដែល​យើង​អាច​រៀន​ពី​តំបន់​អាស៊ី ដែល​រដ្ឋាភិបាល​អាច​ជ្រើស​យក ហើយ​រៀន​ថា​តើ​ខ្លួន​អាច​ចាប់​ផ្តើម​បែប​ណា​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​បាន​ដោយ​ជោគជ័យ។

VOA៖ តើ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​គ្រប់គ្រាន់​ហើយ​ឬ​នៅ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស?

Nick Beresford៖ វា​ពិបាក​នឹង​និយាយ​ណាស់។ ខ្ញុំ​គិត​ថា នៅ​ពេល​នេះ វា​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ដឹង​ពី​បញ្ហា​នេះ ហើយ​រដ្ឋាភិបាល​ត្រូវ​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​ដោះស្រាយ​វា​ឲ្យ​បាន​ជោគជ័យ​ជាង​មុន។ ដៃគូ​អភិវឌ្ឍន៍​ដូច​ជា​យើង​ខ្ញុំ​ប្រឹងប្រែង​ជួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​ជួយ​លុបបំបាត់​បញ្ហា​នេះ។ វិធី​មួយ​ដែល​រដ្ឋាភិបាល​អាច​ធ្វើ ​គឺ​ដំឡើង​ប្រាក់​បៀវត្សរ៍​ឲ្យ​មន្ត្រី​រាជការ ដោយ​ផ្តល់​ស្តង់ដារ​រស់នៅ​ដ៏​ល្អ​មួយ​ដល់​មន្ត្រី​រាជការ។ វា​នឹង​ជួយ​កាត់​បន្ថយ​តម្រូវ​ការ​របស់​មន្ត្រី​រាជការ​ក្នុង​ការ​ស្វែងរក​ប្រភព​ចំណូល​ផ្សេង។

ខ្ញុំ​គិត​ថា ឧទាហរណ៍​ល្បី​បំផុត​គឺ​ឧទាហរណ៍​របស់​លោក លី ក្វាន់យូ (Lee Kuan Yew) នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ លោក​មាន​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ហើយ​ក៏​បាន​បង្កើន​ប្រាក់​បៀវត្សរ៍​យ៉ាង​ច្រើន​ដើម្បី​ធានា​ឲ្យ​បាន​ថា ការងារ​សាធារណៈ​នឹង​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ល្អ។ មាន​វិធី​ផ្សេងៗ​ទៀត​ដែល​គេ​ប្រើ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ហើយ​យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មើល​ឧទាហរណ៍​ទាំង​នេះ និង​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន ​ដើម្បី​បោះ​ជំហាន​ទៅ​មុខ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

VOA៖ លោក​បាន​លើក​ឡើង​អំពី​ការ​ជួយ​របស់​ដៃគូ​អភិវឌ្ឍន៍​ដល់​រដ្ឋាភិបាល។ ខ្ញុំ​មាន​ចម្ងល់​ទាក់ទង​នឹង​បរិបទ​នយោបាយ​សព្វ​ថ្ងៃ។ តើ​ដៃគូ​អភិវឌ្ឍន៍​បាន​ជួយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ទំនួល​ខុសត្រូវ​ដោយ​របៀប​ណា?

Nick Beresford៖ ខ្ញុំ​គិត​ថា យើង​មើល​ឃើញ​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ​ដើម្បី​ឈាន​ដល់​ការ​ចងសម្ព័ន្ធ​នយោបាយ និង​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី ប៉ុន្តែ​យើង​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ជំរុញ​ដល់​រដ្ឋាភិបាល។ យើង​ត្រូវ​តែ​ចាំ​ថា បញ្ហា​នេះ​ត្រូវ​ការ​រដ្ឋាភិបាល និង​ពលរដ្ឋ​ខ្មែរ​ដោះស្រាយ។ នៅ​ពេល​ជាមួយ​គ្នា នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​ យើង​ប្រកាន់​ខ្ជាប់​គោលការណ៍​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស។

នៅ​ក្នុង​អត្ថាធិប្បាយ​របស់​ការិយាល័យ OHCHR និង​លោក​អគ្គលេខាធិការ​ដែល​ខ្ញុំ​បាន​លើក​ឡើង​កាលពី​ខាង​លើ យើង​បាន​បញ្ចេញ​ក្តី​បារម្ភ​មួយ​ចំនួន​របស់​យើង ហើយ​ក្នុង​ពេល​ជាមួយ​គ្នា ក៏​បាន​បង្ហាញ​ការ​លើក​ទឹក​ចិត្ត​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះស្រាយ​បញ្ហា​អភិបាលកិច្ច​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ និង​បញ្ហា​សិទ្ធិ​មនុស្ស​ជាច្រើន​ទៀត។ យើង​សង្ឃឹម​ថា នៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ថ្មី បញ្ហា​ទាំង​នេះ​នៅ​តែ​ជា​ការងារ​ស្នូល​ដែល​ត្រូវ​ធ្វើ​នា​ពេល​អនាគត។

VOA៖ តើ​លោក​មាន​ការ​បារម្ភ​ថា រដ្ឋាភិបាល​អាច​នឹង​ផ្តោត​តែ​លើ​ការ​រីកចម្រើន​តាម​តួលេខ ប៉ុន្តែ​មិន​បាន​ខ្វល់​ពី​ការ​ចូលរួម​ពី​គ្រប់​ភាគី ដែរ​ឬ​ទេ?

Nick Beresford៖ ខ្ញុំ​គិត​ថា រឿង​ពីរ​នេះ​ពាក់ព័ន្ធ​គ្នា។ ខ្ញុំ​គិត​ថា ប្រទេស​កម្ពុជា​គួរ​មាន​ការ​ចូលរួម​ដ៏​ល្អ​នៅ​ក្នុង​ដំណើរការ​ផ្លាស់ប្តូរ​ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់។ រដ្ឋាភិបាល​បាន​ធ្វើ​ការ​ប្តេជ្ញាចិត្ត​ជា​សាធារណៈ​ ព្យាយាម​ក្លាយ​ទៅ​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ២០៣០ និង​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ២០៥០ ​ហើយ​យើង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង។ រដ្ឋាភិបាល​ត្រូវ​មើល​លើ​បញ្ហា​អភិបាលកិច្ច​ ដែល​ជួយ​គាំទ្រ​ដល់​ដំណើរ​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​នេះ។

ដូច្នេះ វា​នឹង​នាំ​ឲ្យ​មាន​បរិបទ​នយោបាយ និង​សង្គម​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី។ ជា​ឧទាហរណ៍ ការ​ពង្រឹង​អំណាច​ស្ត្រី និង​កុមារី។ ស្ត្រី និង​កុមារី​មិន​ទទួល​បាន​ការ​អប់រំ​ ជំនាញ និង​ឱកាស​ត្រឹមត្រូវ នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ ហើយ​ពួកគេ​មិន​ទទួល​បាន​ការ​ការពារ​ផ្នែក​សិទ្ធិ​មនុស្ស​បាន​គ្រប់គ្រាន់​នោះ​ទេ។ ដូច្នេះ យើង​មាន​ប្រជាជន​ពាក់​កណ្តាល​មិន​បាន​រួម​ចំណែក​នៅ​ក្នុង​សេដ្ឋកិច្ច​ទេ។

ដូច្នេះ នេះ​ជា​ឧទាហរណ៍​មួយ​ល្អ ដែល​ខ្ញុំ​គិត​ថា ការ​ចូលរួម​ផ្នែក​នយោបាយ​ពី​គ្រប់​ភាគី ឬ​ការ​គោរព​សិទ្ធិ​មនុស្ស​នឹង​មាន​លទ្ធផល​សេដ្ឋកិច្ច​រយៈពេល​វែង​ជាង។ ដូច្នេះ​ ខ្ញុំ​គិត​ថា យើង​មិន​គួរ​តែ​មើល​តែ​ផ្នែក​សេដ្ឋកិច្ច ហើយ​មិន​ខ្វល់​ពី​បញ្ហា​អភិបាលកិច្ច​នោះ​ទេ ដោយសារ​ខ្ញុំ​គិត​ថា ក្នុង​រយៈពេល​ខ្លី ទំនាក់ទំនង​នេះ​ប្រហែល​ជា​មិន​ជា​ច្បាស់​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ក្នុង​រយៈពេល​វែង​វា​មើល​ឃើញ​ច្បាស់​តែ​ម្តង។ នេះ​ជា​អ្វី​ដែល​យើង​ចង់​ឃើញ ហើយ​រដ្ឋាភិបាល​ក៏​ចង់​ឃើញ​ដែរ។ រដ្ឋាភិបាល​បាន​លើក​ចំណុច​នេះ​ឡើង​នៅ​ក្នុង​គោលដៅ​របស់​ខ្លួន។

យើង​សប្បាយ​ចិត្ត​ដែល​ឃើញ កម្ពុជា​មាន​សេដ្ឋកិច្ច​ជឿនលឿន ​ចង់​ឃើញ​សេដ្ឋកិច្ច​ដែល​មាន​ជំនាញ​ខ្ពស់​ជាង​នេះ និង​ចង់​ឃើញ​វិស័យ​ជាច្រើន ជាពិសេស​វិស័យ​សេវាកម្ម​ដែល​នឹង​ហូរ​ចូល​មក​កម្ពុជា។ រដ្ឋាភិបាល​ក៏​ត្រូវ​គិត​ពី​អ្វី​ជា​យន្តការ​អភិបាលកិច្ច​សមស្រប ដែល​ត្រូវ​ការ​ដើម្បី​ជួយ​បង្កើត​បរិយាកាស ដែល​មាន​ភាព​ច្នៃប្រឌិត និង​ជំរុញ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ឲ្យ​ចូលរួម​ និង​ទទួល​បាន​ជំនាញ និង​ឱកាស​ជា​ចាំបាច់។ ដូច្នេះ ផ្នែក​នយោបាយ​គឺ​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង៕

XS
SM
MD
LG