ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ឥណ្ឌាបាន​ថ្លែង​សុន្ទរកថា​​ក្នុង​កិច្ចប្រជុំ​រួម​របស់​សភា​អាមេរិក​និង​អំពាវនាវ​ឲ្យ​រឹត​ចំណង​​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ


អនុប្រធានាធិបតី​លោក Joe Biden (ខាងឆ្វេង) និង​ប្រធានសភាអាមេរិក​លោក Paul Ryan សើច​នៅ​ពេល​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក Narendra Modi ធ្វើ​ការ​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​រួម​របស់​សភា​អាមេរិក​នៅ​ Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃពុធ ទី០៨ ខែ​មិថុនា ឆ្នាំ​២០១៦។
អនុប្រធានាធិបតី​លោក Joe Biden (ខាងឆ្វេង) និង​ប្រធានសភាអាមេរិក​លោក Paul Ryan សើច​នៅ​ពេល​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក Narendra Modi ធ្វើ​ការ​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​រួម​របស់​សភា​អាមេរិក​នៅ​ Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃពុធ ទី០៨ ខែ​មិថុនា ឆ្នាំ​២០១៦។

នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចប្រជុំ​រួម​មួយ​របស់​សភា​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​រឹត​ចំណង​ទាក់ទង​រវាង​ប្រទេស​ឥណ្ឌា​និង​សហរដ្ឋអាមេរិក​កាន់​តែ​ជិតស្និទ្ធ​ជាង​មុន ជាពិសេស​ទៅ​លើ​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។

លោក Modi បាន​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​សមាជិក​ព្រឹទ្ធសភា​និង​រដ្ឋសភា​អាមេរិក​យ៉ាង​ដូច្នេះ​ថា «ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ត្រូវ​តែ​ធ្វើ​ឡើង​ក្នុង​កម្រិត​ជា​ច្រើន។ ហើយ​ការប្រើប្រាស់​កងកម្លាំង​យោធា ការស៊ើបការ​សម្ងាត់ ឬ​ទំនាក់ទំនង​ការទូតតែ​មួយ​មុខ​ដូច​កាល​ពី​មុន​នឹង​មិន​អាច​យក​ឈ្នះ​លើ​សមរភូមិ​នេះ​បាន​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា «យើង​បាន​បាត់បង់​ទាំង​អាយុជីវិត​ជនស៊ីវិល​និង​ទាហាន​នៅ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ ពេល​នេះ​យើង​ត្រូវ​ពង្រឹង​សហប្រតិបត្តិការ​សន្តិសុខ​របស់​យើងឲ្យ​កាន់​តែ​ជ្រាលជ្រៅ»។

បន្ថែម​ទៅ​លើ​អំពើ​ភេរវកម្ម សមាជិក​សភា​មួយ​ចំនួន​ចាប់អារម្មណ៍​នឹង​ជំហរ​របស់​ឥណ្ឌា​ទៅ​លើ​បញ្ហា​នុយក្លេអ៊ែរ សន្តិសុខ​ដែនដី និង​ការគំរាមកំហែង​យោធា​ពី​ចិន​ កូរ៉េ​ខាងជើង និង​អ៊ីរ៉ង់។

ទស្សនកិច្ច​របស់​លោក Modi ទៅ​កាន់​សហរដ្ឋអាមេរិក​គឺ​ជា ​ការព្យាយាម​ពង្រឹង​ចំណង​ទាក់ទង​ដែល​កាន់​តែ​រីកចម្រើន​រវាង​ប្រទេស​ទាំង​ពីរ។ ទស្សនកិច្ច​នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​លោក Modi ក្នុង​ការអះអាង​ថា ឥណ្ឌា​គឺ​ជា​ប្រទេស​មហា​អំណាច​មួយ ហើយ​ដើម្បី​ជំរុញ​ឲ្យ​គេ​ជឿ​ថា សេដ្ឋកិច្ច​ឥណ្ឌា​កើន​ឡើង​លឿន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។

លោក Modi បាន​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អាមេរិក Barack Obama កាល​ពី​ថ្ងៃ​អង្គារ ហើយ​បន្ទាប់មក លោក Obama បាន​ប្រកាស​ថា ឥណ្ឌា​នឹង​ចាប់ផ្តើម​សាងសង់​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន០​៦​គ្រឿង​ ដែល​នឹង​សាងសង់​ដោយ​ក្រុមហ៊ុន​អាមេរិក ដែល​នេះ​ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរក្នុង​កម្មវិធី​ស៊ីវិល​ដែល​ប្រទេស​ទាំង​២​បាន​ព្រមព្រៀង​គ្នា​កាល​ពី​ឆ្នាំ​២០០៨។

សេតវិមាន​ក៏​កំពុង​តែ​ធ្វើការ​ជាមួយ​នឹង​លោក Modi ដើម្បី​សម្រេច​ចុងក្រោយ​ទៅ​លើ​កិច្ចព្រមព្រៀង​សម្ភារៈ​យោធា​ផង​ដែរ។ លោក Modi និង​លោកObama បាន​ប្រកាស​បន្ទាប់​ពី​កិច្ចប្រជុំ​របស់​ពួកគេ​ថា ឥណ្ឌា​នឹង​អនុម័ត​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ត្រឹម​ចុង​ឆ្នាំ​នេះ៕

XS
SM
MD
LG