ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍​របស់​លោក​ហ៊ុន ម៉ាណែត​ជាមួយ​ទូរទស្សន៍​អូស្ត្រាលី​​នាំ​ឲ្យ​មាន​​វិភាគ​នយោបាយ​ច្រើន​


លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ​​កូន​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ ​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ ABC News របស់​​អូស្ត្រាលី​​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៦ ខែ​តុលា​ ឆ្នាំ​២០១៥។ (រូបថត​ពី​ហ្វេសប៊ុក ABC News)
លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ​​កូន​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ ​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ ABC News របស់​​អូស្ត្រាលី​​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៦ ខែ​តុលា​ ឆ្នាំ​២០១៥។ (រូបថត​ពី​ហ្វេសប៊ុក ABC News)

​កាល​ពី​សប្តាហ៍​មុន លោក ហ៊ុន ម៉ាណែត ​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ដ៏​កម្រ​ជាមួយ​នឹង​ទូរទស្សន៍​អូស្ត្រាលី ​ABC​ ដោយ​ផ្តោត​​ទៅ​លើ​ការ​បង្ហាញ​​ពី​ការ​បន្ត​មុខ​តំណែង​ពី​ឪពុក​របស់​លោក​និង​ការ​ធានា​សន្តិសុខ។

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​បាន​ផ្តល់​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​ទៅ​លើ​អធិប្បាយ​របស់​លោក​ហ៊ុន ម៉ាណែត ​ដែល​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ដ៏​កម្រ​ជាមួយ​នឹង ទូរទស្សន៍​អូស្ត្រាលី ​ABC​ ជា​ពិសេស​ទៅ​លើ​ការ​បង្ហាញពី​ការ​បន្ត​មុខ​តំណែង​ពី​ឪពុក​របស់​លោក​និង​ការ​ធានា​សន្តិសុខ។ ​ក្រុម​អ្នក​ឃ្លាំមើល​កំពុង​សម្លឹង​មើល​ដំណើរការ​បញ្ចេញ​សារ​នយោបាយ​នេះ។​

សារ​នយោបាយ​ចុង​ក្រោយ​របស់​លោក​ ហ៊ុន ម៉ាណែត ​កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ឆ្លើយ​នឹង​សំណួរ​របស់​ទូរទស្សន៍​អូស្ត្រាលី​ ABC ​កាល​ពី​សប្តាហ៍​មុន​ទាក់ទង​នឹង​ការ​ស្នង​តំណែង​ពី​ឪពុក​របស់​លោក ​ហើយ​នឹង​ការថ្លែង​ការណ៍​ការពារ​ការ​ដឹកនាំរបស់​ឪពុក​លោក​ និង​ការ​ផ្តោត​លើ​សន្តិភាព​នោះ​ បាន​នាំ​ឲ្យ​មានការ​ពិភាក្សា​ក្នុង​ចំណោម​អ្នក​ឃ្លាំ​មើល​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​បាន​អះអាង​ផ្សេងៗ​គ្នា​ទៅលើ​អធិប្បាយ​ទាំង​នោះ។​

សូម​ទស្សនា​បទសម្ភាសន៍​ជា​ភាសា​អង់គ្លេសរបស់​ទូរទស្សន៍​អូស្ត្រាលី​ត្រង់​នេះ៖

លោក ​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល ​ដែល​ឃ្លាំមើល​ដំណើការ​បោះ​ឆ្នោត​ និង​នយោបាយ​នៅ​កម្ពុជា​ បាន​ថ្លែង​ថា​ លោក​ក៏បាន​មើល​អត្ថាធិប្បាយ​របស់​លោក​ ហ៊ុន ម៉ាណែត​ ដែរ។

«ខ្ញុំ​មើល​ទៅ​គាត់​ចាប់ផ្តើម​ធ្វើ​ជា​អ្នក​នយោបាយ​ហើយ​ ដោយចាប់​ផ្តើម​ចេញ​ធ្វើ​ការងារ​ ជា​អ្នក​នយោបាយ​ តែ​គ្រាន់​តែ​គាត់​នៅ​ធ្វើ​ជា​ទាហ៊ាន​ផង​ ធ្វើ​ជា​អង្គរក្ស​របស់​ឪពុក​គាត់​ផង។​ អញ្ចឹង​ទៅ​ យើង​មើល​ទៅ​ដំណើរ​គាត់​ប្រហែល​ជា​អត់​អាច​រក​គំនិត​នយោបាយ​ គោល​នយោបាយ​អី​ថ្មី​ខុស​ពី​ឪពុក​គាត់​ទេ»។​

លោក​បញ្ញា​អះអាង​ថា​ ការ​ចាប់​ផ្តើម​ដំណើរ​នយោបាយ​របស់​លោក​ម៉ាណែត​ ដែល​មាន​ឋានៈ​ឧត្ដមសេនីយ៍​ឯក​ ផ្កាយបី​ក្នុង​កងទ័ព ​គ្មាន​អ្វី​ថ្មីពី​ឪពុក​របស់​លោក​ទេ។ លោក​មាន​ភាព​ច្របូល​ច្របល់​ ដោយសារ​លោក​ជា​មន្ត្រី​វិជ្ជាជីវ ​តែ​ចុះ​ទៅឃោសនាបង្កើន​ប្រជាប្រិយភាព​នៅ​តាម​ក្រសួង ​មន្ទីរ ​លោក​ហាក់​ដូច​ជា​មិន​យល់​ពី​ទំនាស់​ផល​ប្រយោជន៍​ ​ដោយ​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ ​និង​មិន​ផ្តល់​គំរូ​ជា​កង​យោធពលខេមរភូមិន្ទ។​

លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កូន​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ ​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក​ ចូល​រួម​នៅ​ក្នុងលំហាត់​សមយុទ្ធ​«ឆ្មាំ​អង្គរ​២០១៤‍» ជាមួយ​យោធា​សហរដ្ឋ​អាមេរិក នៅ​មេបញ្ជាការដ្ឋាន​រថពាស​ដែក​នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤។
លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កូន​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ ​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក​ ចូល​រួម​នៅ​ក្នុងលំហាត់​សមយុទ្ធ​«ឆ្មាំ​អង្គរ​២០១៤‍» ជាមួយ​យោធា​សហរដ្ឋ​អាមេរិក នៅ​មេបញ្ជាការដ្ឋាន​រថពាស​ដែក​នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤។

លោក ​គល់ បញ្ញា ​បាន​ទទូច​ថា​ លោក​ ហ៊ុន ម៉ាណែត គួរ​អនុញ្ញាត​ឲ្យ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ផ្សាយ​ជា​ភាសា​ខ្មែរ​បាន​សួរ​ដេញ​ដោល​អំពី​ទស្សនៈ​នយោបាយ​របស់​លោកឲ្យ​បាន​ច្រើន​ ជា​ជាង​ធ្វើ​ការ​សន្ទនា​ជា​ភាសា​បរទេស​ ដែល​ពលរដ្ឋ​ខ្មែរ​ស្តាប់​មិន​បាន​ទូលំ​ទូលាយ​នោះ។​

«ក៏​ប៉ុន្តែ​នៅ​ក្នុង​ស្រុក​នេះ ​គាត់​អត់​ដែល​មាន​បញ្ចេញ​មតិ​អី ​ដេញដោល​ខាង​នយោបាយ​អីទេ។​ ​គាត់​មាន​តែ​ទៅ​ណែនាំ​គេ​តែ​ប៉ុណ្ណឹង។​ តែ​ឲ្យ​ហ៊ាន​ទៅ​ដេញ​ដោល ​ហ៊ាន​បញ្ចេញ​មតិ​ជាមួយ​អ្នក​សារ​ព័ត៌មាន​ សម្ភាស​ក្នុងស្រុក​គឺ​អីអត់​ទេ។ ​ឥឡួវ ​VOA​ ទៅ​សម្ភាស​ ឧទាហរណ៍​ថា​ មតិ​កន្លែង​នេះ ​បញ្ហា​កន្លែង​នេះ​កើត​ឡើង​ ចង់​បាន​មតិ​លោក លោក​យល់យ៉ាងម៉េច​ ​ទស្សនៈ​នយោបាយ​គាត់​យ៉ាងម៉េច? វា​អត់​មាន!»​

លោកបញ្ញា​បន្ត​ថា​ គណបក្ស​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​មិន​ថា​ តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ​គឺ​មាន​ការ​ប្រើប្រាស់​ទុន​នយោបាយ​ពី​ឪពុក​ម្តាយ ​សាច់​ញាតិ ​ទៅ​ប្រកួត​ប្រជែង​ ដោយ​គ្មាន​តម្លាភាព​ និង​គ្មានលក្ខណៈ​ស្មើភាព​គ្នា​ទេ​ ដែល​រឿង​នេះ​បាន​ធ្វើឲ្យ​មាន​ការ​មិនសប្បាយ​ចិត្ត​ជាច្រើន​ ពី​ផ្ទៃ​ក្នុង​គណបក្ស ​និង​ពី​អ្នក​គ្មាន​ឱកាស។​

ក្នុង​ពេល​ផ្តល់​កិច្ច​សម្ភាសន៍​ដ៏​កម្រ​ជាមួយ​នឹង​ទូរទស្សន៍​អូស្ត្រាលី ​ABC ​កាល​ពី​សប្តាហ៍​មុន​ លោក ​ហ៊ុន ម៉ាណែត ​មិន​បាន​ឆ្លើយ​ចំៗ​ទៅ​នឹង​សំណួរ​ជីក​ឫស​គល់​អំពី​ការ​ស្នង​តំណែង​ពី​ឪពុក​លោក​ដែល​កាន់​កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជាង​៣០​ឆ្នាំ​នោះ​ទេ​ តែ​លោក​អះអាង​ដូច​ឪពុក​របស់​លោក​ដែរ​ថា ​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ ​ប្រជា​ពលរដ្ឋ​ជា​អ្នក​ជ្រើសរើស​ជន​ណា​ និង​ពេលណា​ ឲ្យ​ដឹកនាំ​ប្រទេស​ ហើយ​លោក​ម៉ាណែត​បាន​ថ្លែង​ការពារ​ការ​ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​របស់​ឪពុក​លោក​ដែល​ជាប់​ប្រឡាក់​ប្រឡូស​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ​ដោយ លោក​ចាត់​ទុក​ថា ​ឪពុក​របស់​លោក​បាន​ធ្វើ​ឲ្យ​មាន​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ ​និង​ចាត់​វិធានការ​រឿង​អំពើ​ពុក​រលួយ។​

លោក ​អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​ បាន​ថ្លែង​ថា ​លោក ​ហ៊ុន ម៉ាណែត ​មាន​ឱកាស​ជាង​គេ ​ដោយ​សារ​គាត់​ជាកូន​ច្បង​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​អំណាច​យូរ ​ហើយ​មាន​អំណាច​ខ្លាំង​ក្នុង​គណបក្ស។ ​ដូច្នេះគ្មានអ្វី​ដែលរារាំង​មិន​ឲ្យ​មានការ​សង្ស័យ​ថា ​លោក​ ហ៊ុន ម៉ាណែត ​ជា​អ្នក​បន្ត​នោះទេ ​ទោះជា​កម្ពុជា​តម្រូវ​ឲ្យ​មាន​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ​សេរី​ពហុបក្ស​ក្តី។​ ហើយ​អធិប្បាយ​របស់​លោក​ជា​ការ​បើក​ចំហ​ថា​ លោក​ជា​អ្នក​នយោបាយ។​

«ប៉ុន្តែ​យើង​ដឹង​ថា​ ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ការ​បន្ត​វេន​បែប​ហ្នឹង​ខ្ញុំ​ថា​ ប្រហែល​ជា​អាច​ធ្វើ​ទៅ​រួច ​ដោយសារ​លោក​ ហ៊ុន សែន ​មាន​អំណាច​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ តែ​ការ​បន្ត​វេន​ជា​នាយក​រដ្ឋមន្ត្រី​គឺ​ជា​រឿង​បោះឆ្នោត​រវាង​គណបក្ស ​និង​គណបក្ស។​ ខ្ញុំ​ថា​ រឿង​ហ្នឹង​ពិត​ជា​អាច​កើត​ឡើង​បាន​ទាំង​ស្រុងទេ»។​

តែ​សារ​របស់​លោក ​ហ៊ុន ម៉ាណែត​ ដែល​ការពារ​ការ​ដឹកនាំ​របស់​ឪពុក​លោក​នឹង ​ការពារ​សន្តិសុខ ​សន្តិភាព​នោះ​គឺ​ជា​ក្តី​បារម្ភ។​

«នៅ​ក្នុង​គ្រប់រូប​ភាព​ហើយ​នឹង​គ្រប់​វិធានការ ​ជាទូទៅ ​គឺ​ជា​លេស​របស់​យោធា​ ដើម្បី​ប្រើ​យន្ត​ការ​ផ្ទុយ​ពី​យន្តការ​ប្រជាធិបតេយ្យ ​បាន​ន័យ​ថា​ ផ្ទុយ​ពី​យន្តការ​បោះឆ្នោត​ត្រឹម ត្រូវ»។​

លោក ​អ៊ូ វីរៈ​ បាន​អះអាង​ថា​ ទោះ​ជា​លោក​មិន​ដឹង​ថា​ លោក ​ហ៊ុន ម៉ាណែត​និយាយ​សំដៅ​យ៉ាង​ណា​មែន ​តែ​មាន​ឧទាហរណ៍​នៅ​ប្រទេស​ថៃ​ លោក​ប្រាយុទ្ធ ​ចាន់អ៊ូចា ​និង​ នៅ​អេស្ស៉ីប ដែល​មេ​ដឹកនាំ​យោធា​បាន​ប្រើ​ពាក្យ​សម្តី​ដូច​នេះ​ដើម្បី​កាន់​អំណាច។​

តែ​លោក​ គង់ ភោគ ​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​ស្រាវជ្រាវ​ផ្នែក​យុទ្ធសាស្ត្រ​វិញ​ បាន​យល់ផ្សេង​ទៅ​វិញ​ ​ដោយ​លោក​ចាប់​អារម្មណ៍​លើ​បញ្ហា​ធានា​សន្តិសុខ​ និង​សន្តិភាព​ ដែល​ជា​តម្រូវការ​ចាំបាច់សម្រាប់​ប្រទេស​កម្ពុជា​ផង​ និង​តំបន់​ផង​ដែរ។​

«អញ្ចឹង​អ្វី​ដែល​គាត់​លើក​ឡើង​ហ្នឹង​វា​អាច​ជា​ចំណុច​មួយ​ល្អ​សម្រាប់​ការ​មើល​ជាទូទៅ​សម្រាប់​សង្គម​ខ្មែរ ​ពីព្រោះ​យើង​ចង់​បាន​មេ​ដឹកនាំ​មួយ​ណាក៏​ដោយ​គឺ​គាត់​ផ្តោត​ សំខាន់​ទៅ​លើ​រឿង​តួនាទី​របស់​សន្តិភាព​ ហើយ​នឹង​ស្ថិរភាព​ ដើម្បី​ងាយ​ស្រួល​ឲ្យ​ប្រទេស​ហ្នឹង​ធ្វើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​មុខ​ទៀត ​ហើយ​ប្រជា​ពលរដ្ឋ​ក៏​គាត់​អាច​ពង្រឹង​ជីវភាព​របស់​ខ្លួន​ឯង»។​

លោក យ៉ែម ប៉ុញ្ញាឫទ្ធិ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បាន​អះអាង​ថា​ សម្តីរបស់​លោក​ ហ៊ុន ម៉ាណែត ​គ្មាន​អ្វី​ជា​ការ​ចាប់​អារម្មណ៍នោះ​ទេ​ ដោយ​សារ​កម្ពុជា​សព្វថ្ងៃ​ត្រូវ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ជួយ​ដល់​យុវជន​ក្នុង​ការ​ត្រៀម​សម្រាប់​សមាហរណ​កម្ម ​សេដ្ឋ​កិច្ច​អាស៊ាន​នៅ​ចុង​ឆ្នាំនេះ ​ការ​រក​ការងារ ​និង​បញ្ហា​សង្គម​ផ្សេងៗ​ទៀត។​

លោក ហ៊ុន ម៉ាណែត​ បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​នាយទាហ៊ាន​ជាន់ខ្ពស់​ West Point​ ដ៏​ល្បីល្បាញ​នៅ​ស.រ.អា.កាលពី​ឆ្នាំ​១៩៩៩​ ហើយ​លោក​បាន​ទទួល​ឋានៈ​ជា​ មន្ត្រី​យោធា​ជាន់ខ្ពស់​និង​ជា​មេ​បញ្ជាការ​រង​កង​អង្គរក្ស​របស់​ឪពុក​លោក​ផង​ដែរ៕

XS
SM
MD
LG