ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ILO​ អំពាវនាវ​ឲ្យ​អ្នក​បញ្ជា​ទិញ​ផលិត​ផល​សម្លៀក​បំពាក់​នៅ​កម្ពុជា​ជួយ​​​វិស័យ​កាត់​ដេរ


កម្មកររោងចក្រកាត់ដេរទិញម្ហូបឆ្អិនស្រាប់ថោកៗសម្រាប់អាហារថ្ងៃត្រង់នៅខាងមុខរោងចក្រនៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។
កម្មកររោងចក្រកាត់ដេរទិញម្ហូបឆ្អិនស្រាប់ថោកៗសម្រាប់អាហារថ្ងៃត្រង់នៅខាងមុខរោងចក្រនៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។

អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ​ដែល​ជា​ស្ថាប័ន​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​អំពាវ​នាវ​នៅ​ថ្ងៃ​អង្គារ​នេះ​ ឲ្យ​ក្រុម​ហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់​នានា​ក្នុង​ពិភព​លោក​ ដំឡើង​ថ្លៃ​ទិញ​សម្លៀក​បំពាក់​នៅ​កម្ពុជា​ដើម្បី​ជួយ​ឲ្យ​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​បន្ត​ជីវិត​ទៅទៀត​ ​ស្រប​ពេល​ដែល​ថៅ​កែ​រោង​ចក្រ​ត្រូវ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ។

សេចក្តី​អំពាវនាវ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សមាគម​រោងចក្រ​កាត់ដេរ​ត្អូញត្អែរ​អំពី​ការ​ធ្លាក់​ចុះ​នៃ​ការ​បញ្ជា​ទិញ​សម្រាប់​រយៈ​ពេល​ដើម​ឆ្នាំ​២០១៥​នេះ ​ខណៈ​ដែលការ​ដំឡើង​ប្រាក់​ខែ​គោល​របស់​កម្មករ​ឲ្យ​ដល់​១២៨​ដុល្លារ​ក្នុ​ងមួយ​ខែ​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ខែ​មករា​នេះ​ត​ទៅ។​

លោក​ម៉ូរីហ្ស៊ីយោ ប៊ូស៊ី ​(Maurizio Bussi) ​នាយក​អង្គការ​ពល​កម្ម​អន្តរជាតិ​ ILO ប្រចាំ​កម្ពុជា ​វៀតណាម ​និង​ឡាវ​បាន​អំពាវ​នាវ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍របស់​ខ្លួន​សុំ​ឲ្យ​ក្រុមហ៊ុនបញ្ជា​ទិញក្នុង​ពិភព​លោក​ដែល​ទិញ​ផលិត​ផល​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា​ ជួយ​ឧស្សាហ​កម្ម​នេះ​ដើម្បី​បង្កើន​តម្លៃ​ផលិត។​ នៅ​ក្នុ​ងនោះ​ ILO ​ស្នើ​ដល់​ក្រុម​ហ៊ុន​បញ្ជា​ទិញបង្កើន​តម្លៃ​ទិញផលិត​ផល​សម្លៀក​បំពាក់​នៅ​កម្ពុជា​ពី​២,៤​ទៅ​៣​ភាគរយ​ ឬ​ស្មើ​នឹង​ឡើង​ថ្លៃ​ប្រហាក់​ប្រហែល​នឹង​ពីរ​សេន​ដុល្លារសម្រាប់​អាវ។

លោក​ម៉ូរូហ្ស៊ីយោ ប៊ូស៊ី​មាន​ប្រសាសន៍​ថា៖ ​«វាមាន​សារៈ​សំខាន់​ដែល​ភាគី​ទាំង​អស់​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ធានា​ដល់​វិស័យ​ឧស្សាហ​កម្ម​កាត់​ដេរនៅ​កម្ពុជាបន្ត​រស់​រាន​តទៅ​ទៀត»។​

លោក​មាន​ប្រសាសន៍​តាមសម្តី​ដើម​ថា៖​ «យើង​សូម​អំពាវនាវ​ដល់​ក្រុម​ហ៊ុននានា​ក្នុងពិភព​លោកឲ្យបំពេញ​តួនាទី​របស់​ពួក​គេ។ យើង​ទទួល​បាន​សញ្ញា​មក​ថា ​អ្នក​បញ្ជា​ទិញ​សំខាន់ៗ​នឹងគោរព​តាម​ការ​សន្យាដែល​ពួក​គេ​បាន​ផ្តល់​ជូន​រដ្ឋា​ភិបាល​កម្ពុជា​កាល​ពី​ខែ​កញ្ញា»។​

ភាគី​ថៅកែ​រោង​ចក្រ​ រដ្ឋា​ភិបាល ​និង​សហជីព​កម្មករ​បាន​ព្រម​ព្រៀង​គ្នា​ថា ​នឹង​ដំឡើង​ប្រាក់​ខែ​គោល​កម្មករ​រោង​ចក្រ​ឲ្យ​ដល់​១២៨​ដុល្លារ​ក្នុង​មួយ​ខែសម្រាប់​ឆ្នាំ​នេះ។ ​យោង​តាម​អង្គការ​ពល​កម្ម​អន្តរជាតិ​ ILO ​ប្រាក់ខែ​គោល​នេះនឹង​អនុញ្ញាត​ឲ្យ​ក្រុម​កម្មករអាច​នឹង​រក​ប្រាក់​ប្រចាំខែ​សរុប​ចាប់​ពី​១៨៣​ដល់​២១៧​ដុល្លារ​អាមេរិក​ ប្រសិន​បើ​ពួក​គេទទួល​បាន​កម្រៃ​បន្ថែម ​ឬធ្វើ​ការ​ថែម​ម៉ោង។​

រោង​ចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ដល់​ចំនួន​ជាង​១០០០​រោង​ចក្រ​ក្នុង​ពេល​បច្ចុប្បន្ន។​ ហើយ​រោង​ចក្រ​ទាំង​នេះ​ស្រូប​យក​កម្លាំង​ពល​កម្ម​ជាង​៦០​ម៉ឺន​នាក់។​

អង្គការ​ពលកម្ម​អន្តរជាតិ​ ILO ​បញ្ជាក់​ថា​ ការ​នាំ​ចេញសម្លៀកបំពាក់​និង​ស្បែក​ជើង​របស់​ប្រទេស​កម្ពុជា​បាន​កើន​ដល់​៦​ពាន់​លាន​ដុល្លារ។ ​ហើយ​ការ​ដំឡើង​ថ្លៃ​ទិញ​បន្តិច​បន្តួច​អាច​នឹង​បន្ថែម​លើ​ប្រាក់​ចំណូល​១៦០​លាន​ដុល្លារ​អាមេរិក​សម្រាប់​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ។​

លោក​ខេន លូ ​(Ken Loo) ​អគ្គលេខា​ធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជាហៅ​ថា​ GMAC ​លើក​ឡើង​ថា​ អ្នក​បញ្ជាពិបាក​នឹង​ដំឡើង​ថ្លៃ​ទិញ​ដោយសារ​ពួក​គេ​មិន​សូវ​ទុក​ចិត្តស្ថាន​ភាពនៅ​ក្នុង​ប្រទេស​កម្ពុជា ​ប្រកប​ដោយ​អំពើ​ហិង្សា​នា​ពេល​កន្លង​មក​ និង​ពួក​គេ​ព្រួយ​បារម្ភ​អំពី​ភាពយឺតយ៉ាវ​ក្នុង​ការ​ផ្គត់​ផ្គង់​ទំនិញ។​

ទោះជា​យ៉ាង​ណា ​លោក​ខេន លូ​ចាត់​ទុក​ថា​ អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ទទួល​ស្គាល់​ផល​វិបាក​នៃ​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា។​

«នេះ​ជា​ការ​ល្អដែរ។ ​គាត់​យល់​ពី​ផល​វិបាក​ចំពោះរោង​ចក្រ។ ​ប៉ុន្តែ​យើង​ពិចារណា​ឡើង​វិញ​ ILO ​អត់​មាន​សិទ្ធិ​បញ្ជា​ទៅ​អ្នក​បញ្ជា​ទិញ​ទេ។​ ​នេះ​គ្រាន់​តែ​ជា​លិខិត ព្រោះ​ ILO ​មិន​មែន​ជា​មេ​របស់​ពួក​គាត់​ទេ។​ ប៉ុន្តែ​យើង​សប្បាយ​ចិត្ត​ដែរថា ​ឥឡូវ​ (គេ)​ទទួល​ស្គាល់​ថា​ រោង​ចក្រ​មាន​ផល​វិបាក»។​

ជាមួយ​គ្នា​នេះ ​លោក​អាត់​ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ​ហៅ​កាត់​ថា​ (C-CAWDU) មាន​ប្រសាសន៍​ថា​ ការ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ​រោង​ចក្រ​មិន​មែន​ជា​ការ​ព្រួយ​បារម្ភ​សម្រាប់​ដំណើរ​ការ​រោង​ចក្រ​នៅ​ក្នុង​ស្រុក​នោះ​ទេ។​

ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ការ​ដំឡើង​ប្រាក់​ខែ​នេះ​អាច​នឹង​បង្ក​ផល​វិបាក​ខ្លះ​ដល់ថៅកែ​រោង​ចក្រ។​

«ដាច់​ខាត​ត្រូវ​ការ​ការ​បញ្ជា​ទិញ​ពី​អ្នក​បញ្ជា​ទិញ​ឲ្យ​បាន​លឿន​ដើម្បី​ឲ្យ​ឧស្សាហ​កម្ម​ហ្នឹងដំណើរ​ការ​បាន​ល្អ។​ មាន​ន័យ​ថា ការ​ដំឡើង​នេះ​ ទោះ​បី​ជា​មិន​ទាន់​ដល់​កម្រិត ​ប៉ុន្តែ​វា​អាច​ប៉ះពាល់​ខ្លះដល់​ដំណើរ​ការ​ជា​ធម្មតា​របស់​ក្រុមហ៊ុន ​ដោយសារ​តែ​អ្នក​បញ្ជា​ទិញ​ជា​អ្នក​កំណត់​តម្លៃ»។​

វីអូអេ​បានព្យាយាម​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក​ហេង សួ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ​ដោយសារ​ទូរស័ព្ទ​របស់​លោក​រោទ៍​ដោយ​គ្មាន​អ្នក​ទទួល៕

XS
SM
MD
LG