ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ប្តូរ​ជំហរ​ដោយ​ប្រកាស​ថា​ ប្រធាន​គណបក្ស​អាច​មាន​សញ្ជាតិ​ច្រើន


លោក​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង) និង​លោកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក ហ៊ុន សែន បាន​ចូលរួម​ទិវា​ខួប​៣៧ឆ្នាំ​នៃ​ការ​ដួលរលំ​នៃ​របប​ខ្មែរ​ក្រហម នៅ​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជានៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​មករា ឆ្នាំ​២០១៦។ (AP/ហេង ស៊ីនិត)
លោក​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង) និង​លោកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក ហ៊ុន សែន បាន​ចូលរួម​ទិវា​ខួប​៣៧ឆ្នាំ​នៃ​ការ​ដួលរលំ​នៃ​របប​ខ្មែរ​ក្រហម នៅ​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជានៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​មករា ឆ្នាំ​២០១៦។ (AP/ហេង ស៊ីនិត)

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថ្លែង​ថា​ លោក​ចង់​ឃើញ​ប្រធាន​គណបក្ស​នយោបាយ​ ដែល​មាន​សញ្ជាតិ​ពីរ​ ឬ​ច្រើន​ជាង​នេះ​ចូល​ប្រកួត​ការ​បោះ​ឆ្នោត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅវិញ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការ​ប្រកាស​ចង់​កែប្រែ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ដែល​កំណត់​ថា​ ប្រធាន​គណបក្ស​នយោបាយ​ត្រូវ​តែ​មាន​សញ្ជាតិ​តែ​មួយ​ដូច​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បោះ​ឆ្នោត​ថ្មី​នោះ​ ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បែរ​ជា​ថ្លែង​ថា​ លោក​ចង់​ឃើញ​ប្រធាន​គណបក្ស​នយោបាយ​ ដែល​មាន​សញ្ជាតិ​ពីរ​ ឬ​ច្រើន​ជាង​នេះ​ ចូល​ប្រកួត​ការ​បោះ​ឆ្នោត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅវិញ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ នៅ​ឯ​ទី​ស្នាក់ការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៣៧​នៃ​ថ្ងៃ​៧មករា​ ឆ្នាំ​១៩៧៩​ ជា​វេលា​ដែល​កងទ័ព​បដិវត្តន៍​ប្រជាជន​កម្ពុជា​បាន​ផ្តួល​រំលំ​របប​កុម្មុយនីស្ត​ជ្រុល​និយម​ខ្មែរ​ក្រហម​ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​របស់​កង​ទ័ព​វៀតណាម។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ជាប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ផ្តល់​សុន្ទរកថា​ នៅ​ក្នុងពិធី​រំឮកខួប​ទី​៣៧​ឆ្នាំ​ នៃ​ថ្ងៃ​ជ័យជំនះ​ ៧ មករា​ ឆ្នាំ​១៩៧៩​ នៅ​ឯ​ទីស្នាក់កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៧ មករា​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី​/VOA​ Khmer)
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ជាប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ផ្តល់​សុន្ទរកថា​ នៅ​ក្នុងពិធី​រំឮកខួប​ទី​៣៧​ឆ្នាំ​ នៃ​ថ្ងៃ​ជ័យជំនះ​ ៧ មករា​ ឆ្នាំ​១៩៧៩​ នៅ​ឯ​ទីស្នាក់កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៧ មករា​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី​/VOA​ Khmer)

លោក​មាន​ប្រសាសន៍​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ អង្គទូត​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​១.០០០​នាក់​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​ក៏​សុំ​គូស​បញ្ជាក់​ឡើង​វិញ​អំពី​ការ​រៀបចំ​ដំណើរការ​របស់​ប្រទេស​ ដែល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​បាន​និយាយ​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ដោយ​ក្នុង​នោះ​បាន​និយាយ​ទៅ​ដល់​ថា​ ប្រធាន​គណបក្ស​នយោបាយ​ យើង​នឹង​ពិចារណា​អំពី​ការ​ត្រូវ​មាន​សញ្ជាតិ​តែមួយ។ ប៉ុន្តែ​ឆ្លង​កាត់​ទៅ​តាម​ការ​ត្រិះរិះ​ពិចារណា​របស់​គណបក្ស​ ថ្នាក់​ដឹកនាំ​សំខាន់ៗ​របស់​គណបក្ស​ ក៏​ដូចជា​ចង់​ឲ្យ​មាន​ការ​ចូលរួម​បាន​យ៉ាង​ច្រើន​ គណបក្ស​ប្រជាជន​កម្ពុជា​ សម្រេច​ប្រកាន់​ជំហរ​បើក​ឱកាស​ឲ្យ​បណ្តាប្រធាន​គណបក្ស​នយោបាយ​ ទោះ​បី​មាន​សញ្ជាតិ​មួយ​ ឬ​សញ្ជាតិ​ដប់​ សូម​អញ្ជើញ​ចូលរួម​បោះ​ឆ្នោត​ជាមួយ​គណបក្ស​ប្រជាជន»។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​កាល​ពី​ចុង​ខែធ្នូ​ អំពី​ជំហរ​ចង់​ធ្វើ​ច្បាប់​កំណត់​សញ្ជាតិ​ប្រធាន​គណបក្ស​នយោបាយ​ឲ្យ​ស្រប​ទៅ​នឹង​ច្បាប់​ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​បាន​ចែង​ថា​ ប្រធាន​ និង​សមាជិក​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់។ ​

កាល​ពី​មុន​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​បាន​ថ្លែង​ពន្យល់​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក​ថា​ ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​បែប​នេះ​អាច​បញ្ចៀស​ការ​រត់​ចេញ​របស់​ប្រធាន​គណបក្ស​នយោបាយ​មួយ​ចំនួន​ពី​ប្រទេស​ទៅ​រក​កិច្ច​អន្តរាគមន៍​ក្រៅ​ប្រទេស ​បន្ទាប់​ពី​អ្នក​នយោបាយ​កាន់​សញ្ជាតិ​ពីរ​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ​មាន​ពិរុទ្ធភាព​ក្នុង​ប្រទេស​កម្ពុជា។​

អ្នក​ស្រី​ ធីតា ឃឹះ​ នាយិកា​អង្គការ​សីលកា ​ដែល​ធ្វើការ​ពង្រឹង​អភិបាល​កិច្ច​សាធារណៈ​ ​ថ្លែង​ប្រាប់​ VOA ថា​ ការ​ថ្លែង​ផ្លាស់​ប្តូរ​ជំហរ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ភ្លាមៗ​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ការ​បាត់​បង់​ជំនឿ​លើ​ភាព​ជា​អ្នក​ដឹកនាំ​របស់​លោក។​ តែ​អ្នក​ស្រី​បាន​បញ្ជាក់​ថា​ ការ​ប្តូរ​ជំហរ​នេះ​នឹង​បើក​ចំហ​ឲ្យ​អ្នក​នយោបាយ​មាន​សញ្ជាតិ​ពីរ​ ឬ​ច្រើន​ជាង​នេះ​ មាន​ឱកាស​ប្រឡូក​ក្នុង​កិច្ច​ការ​នយោបាយ​សម្រាប់​ការ​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ។​

«ធម្មតា​ទេ​ កាល​ណាដូរ​លឿន​ពេក​ ប្រជា​ពលរដ្ឋ​វិលវល់​ដែរ​ ហើយ​ធ្វើ​ឲ្យ​សំឡេងគាត់​ដូចជា​ បាត់​បង់​នូវ​ភាព​ជឿជាក់​ប្រជាពលរដ្ឋ​ជឿ​ជាក់។​ ប៉ុន្តែ​អ្វី​ដែល​គាត់​បាន​ដូរ​មក​វិញ​ ខ្ញុំ​ថា​ វា​ជា​ការ​មួយ​ល្អ​ ពីព្រោះ​សង្គម​យើង​ វា​ត្រូវ​ការ​មនុស្ស​មក​ជួយ​ ហើយ​រដ្ឋ​ធម្មនុញ្ញ​ក៏​អត់​បាន​រើស​អើង​ទៅ​លើ​ខ្មែរ​ ដែល​រស់​នៅ​ក្រៅ​ក្នុង​ទេ​ សញ្ជាតិ​មួយ​ សញ្ជាតិ​ពីរ​ទេ។​ សំខាន់​យើង​ត្រូវការ​ធនធាន​មនុស្ស​ ហើយ​យើង​ត្រូវ​ការ​មនុស្ស​ស្មោះ​ស្ម័គ្រ​មក​ជួយ​ធ្វើការ​ និង​ជួយ​បម្រើប្រទេស​ជាតិ។​ មិន​មែន​អ្នក​ដែល​មាន​សញ្ជាតិ​មួយ​ហ្នឹង គឺ​សុទ្ធ​តែ​អ្នក​ដែល​ស្មោះស្ម័គ្រ​ ហើយ​អ្នក​ដែល​មាន​សញ្ជាតិ​ពីរ​សុទ្ធ​តែ​ជា​អ្នក​មិន​ស្មោះ​ស្ម័គ្រ​ ក៏​អត់​មាន​អញ្ចឹង​ដែរ»។​

លោក​ យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​សាទរ​ការ​ប្រកាស​របស់​លោក​ ហ៊ុន សែន​ ហើយ​ថា​ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​កម្ពុជា​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ។​

«ខ្ញុំ​អបអរ​សាទរ​ ដែល​គណបក្ស​ទាំងពីរ​មាន​ជំហរ​ដូចគ្នា​ចំពោះ​រឿង​ហ្នឹង​មួយ​ ហើយ​រឿង​ផ្សេងៗ​ទៀត​ នឹង​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណាម៉េច​ ដើម្បី​ឲ្យ​មាន​ការ​យល់​គ្នា​ទៅវិញ​ទៅមក​ ដើម្បី​ឲ្យ​ស្ថាន​ការណ៍​នយោបាយ​ហ្នឹង​វិល​ទៅរក​ភាព​ប្រក្រតី​វិញ»។​

កម្ពុជា​បាន​ធ្លាក់​ដល់​ចំណុច​នៅ​ក្នុង​របប​វាលពិឃាដ​ខ្មែរក្រហម​អស់​រយៈពេល​ជាង​បី​ឆ្នាំ​ គិត​ពី​ឆ្នាំ​១៩៧៥​មក​ដល់​ឆ្នាំ​១៩៧៩។ នៅ​ក្នុង​ដំណាក់​កាល​នោះ​ ក្រុម​កុម្មុយនិស្ត​ជ្រុល​និយម​ខ្មែរ​ក្រហម​បាន​កាប់​សម្លាប់​មិន​រើសមុខ​ មិន​ថា​ អ្នក​មាន​សញ្ជាតិ​មួយ​ ឬ​ពីរ​នោះ​ទេ​ ប្រសិន​បើ​មនុស្ស​ទាំង​នោះ​ត្រូវ​រក​ឃើញ​ថា​ បាន​ប្រព្រឹត្ត​កំហុស​ ក្បត់​នឹង​អង្គការ។ ​មូលហេតុ​នៃ​ការ​កាប់​សម្លាប់​នៅ​ក្នុង​របប​នោះនៅ​ស្ថិត​ជា​អាថ៌​កំបាំង​នៅ​ឡើយ។​ កម្ពុជា​បាន​រួច​ផុត​ពី​ក្រុម​កម្មុយនិស្ត​ខោអាវ​ខ្មៅ​នេះ​ នៅ​ថ្ងៃ​ទី​៧​ ខែ​មករា ​ឆ្នាំ​១៩៧៩​ ដោយ​សារ​ការ​វាយ​ប្រយុទ្ធ​រំដោះ​ពី​កងទ័ព​បដិវត្តន៍​ប្រជាជន​កម្ពុជា ​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​កងទ័ព​វៀតណាម។​

មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​ថា​ ការ​ចូល​របស់​កងទ័ព​វៀតណាម​មក​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​ការ​ឈ្លាន​ពាន​ប្រទេស​កម្ពុជា។ រី​ឯ​អ្នក​ខ្លះ​យល់​ថា​ បើ​វៀតណាម​មិន​ជួយ​ទេ​ កម្ពុជា​ក៏​ពុំ​បាន​ដូច​សព្វ​នេះ​ដែរ។ លោក​ ហ៊ុន សែន​ និង​មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រកាសនៅ​ថ្ងៃ​នេះ​ដែរ​ថា បុគ្គល ​ឬ​ក្រុមណា​មិន​គោរព ​មិន​ដឹង​គុណ​ថ្ងៃ​៧​មករា​គឺ​ជា​អ្នក​ស្រឡាញ់​របប​ខ្មែរ​ក្រហម​ របស់ ​សាឡុត ស ​ឬ​ ប៉ុល ពត។​

តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​ និយាយ​ថា​ មាន​តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​អាច​វែកញែក​ថា​ តើ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ត្រូវ​ដឹង​គុណ​ចំពោះ​កងទ័ព​វៀតណាម​ ឬ​យ៉ាង​ណា​នោះ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG