ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​លោក ហ៊ុន សែន ឃ្លាំ​មើល​អ្នក​ប្រឆាំង​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស


លោក​នាយករដ្ឋ​មន្រ្តី​​ ហ៊ុន សែន កំពុង​ថ្លែង​មុន​នឹង​​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃទី​២៧ កក្កដា ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨។ (ទុំ ម្លិះ/VOA)
លោក​នាយករដ្ឋ​មន្រ្តី​​ ហ៊ុន សែន កំពុង​ថ្លែង​មុន​នឹង​​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃទី​២៧ កក្កដា ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨។ (ទុំ ម្លិះ/VOA)

សមាជិក​គណបក្ស​ប្រឆាំង​ដែល​បាន​រត់ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​និយាយ​ថា កន្លែង​ស្នាក់នៅ​និង​រាល់​សកម្មភាព​របស់​ពួកគេ​ត្រូវ​បាន​ឃ្លាំ​មើល។

ជា​លើក​ទី​ពីរ​ក្នុង​ជីវិត លោក​ ថារ៉ូ​ ត្រូវ​បាន​បង្ខំ​ឲ្យ​រត់ភៀស​ខ្លួន​ពី​បរិយាកាស​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​លោក​ភ័យខ្លាច​ថា​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​លោក។

លើក​ទី​មួយ​ នៅ​គឺ​ពេល​ដែល​លោក​នៅ​ជា​យុវជន​ ហើយ​ត្រូវ​រត់ភៀស​ខ្លួន​ចេញ​ពី​ភាព​ចលាចល​នយោបាយ​នៅ​កម្ពុជា​កាល​ពី​ដើម​ទសវត្សរ៍​ ១៩៨០ ទៅ​កាន់​ជំរំ​នៅ​ប្រទេស​ថៃ។

ប្រមាណ​បួន​ទសវត្សរ៍​ក្រោយ​មក លោក ថារ៉ូ ដែល​ជា​ឈ្មោះ​អ្នក​និពន្ធ​ដាក់​ឲ្យ​ដើម្បី​ការពារ​អត្តសញ្ញាណ​របស់​លោក បាន​កាន់​តួនាទី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ត្រៀម​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ។

លោក​បាន​បម្រើការ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រហូត​ដល់​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ដោយ​សាលក្រម​ពី​តុលាការ ហើយ​សមាជិក​របស់​គណបក្ស​នេះ​ចំនួន​១១៨​នាក់​ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​រយៈពេល​៥​ឆ្នាំ ចំពោះ​បទ​ចោទ​ថា​ សមាជិក​គណបក្ស​នេះ​ញុះញង់​ឲ្យ​មាន​ការ​ធ្វើ​«បដិវត្តន៍​ពណ៌‍» ដែល​ក្បត់​ជាតិ។

លោក ថារ៉ូ បាន​រត់ភៀសខ្លួន​ភ្លាមៗ​ទៅ​កាន់​ប្រទេស​ថៃ​ជា​លើក​ទី​ពីរ។ ប្រាកដណាស់​លើក​នេះ លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សត្រូវ​របស់​រដ្ឋាភិបាល។

លោក ថារ៉ូ បាន​ប្រាប់ VOA ថា៖ «អ្នក​នយោបាយ​ជាន់ខ្ពស់​ឬ​សកម្មជន​នយោបាយ​ជា​ច្រើន​ត្រូវ​បាន​សម្លាប់ និង​ចាប់​ដាក់​ពន្ធនាគារ ហើយ​ភាគច្រើន​ពួកគេ​ទាំង​នោះ​ត្រូវ​និរទេស​ខ្លួន‍»។

លោក ថារ៉ូ បាន​បន្ថែម​ទៀត​ថា៖ «យើង​ដឹង​ថា ​អ្វី​ក៏​អាច​កើតឡើង​ចំពោះ​យើង​បាន​ដែរ ជាពិសេស​នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ នៅ​ពេល​នោះ​យើង​ដឹង​ថា កាលៈទេសៈ​កាន់​តែ​លំបាក​ហើយ​សម្រាប់​យើង ហើយ​យើង​មិន​អាច​បន្ត​នៅ​ក្នុង​ប្រទេស​ទៀត​បាន​ទេ‍»។

ប្រទេស​ថៃ​គឺ​ជា​កន្លែង​ភៀសខ្លួន​មួយ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់។ លោក ថារ៉ូ រស់នៅ​ក្នុង​អគារ​មួយ​ដែល​មាន​ចាក់​សោរ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្គាល់​មុខ (facial-recognition)។ នៅ​ពេល​ដែល​ប៉ូលិស​ថៃ​ចង់​ជួប​លោក លោក​និយាយ​ថា ម្ចាស់​អគារ​ជួល​នោះ​បាន​ប្រាប់​ទៅ​ប៉ូលិស​ថៃ​ថា ពួកគេ​មិន​អាច​ចូល​ទៅ​ក្នុង​អគារ​ដោយ​គ្មាន​ដីកា​ត្រឹមត្រូវ​បាន​ទេ។ ក្រោយ​មក​ក្នុង​សប្តាហ៍​ដដែល​នោះ នៅ​ពេល​ដែល​លោក​ទៅ​សួរ​សុខ​ទុក្ខ​សហការី​នៃ​អង្គការ​សិទ្ធិមនុស្ស លោក ថារ៉ូ និយាយ​ថា មាន​មនុស្ស​ម្នាក់​លួច​ថត​រូប​លោក។

ខណៈ​ដែល​លោក ថារ៉ូ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​ទៀត​កំពុង​តែ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ជួប​ប្រទះ​នឹង​ស្ថានភាព​ទាំង​នេះ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​កំពុង​តែ​ប្រព្រឹត្ត​ទៅ។

គណបក្ស​នយោបាយ​តូចៗ​ចំនួន​១៩ ​ក៏​នឹង​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នេះ​ដែរ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​ជាង​៣ទសវត្សរ៍​មក​ហើយ សង្ឃឹម​ថា គណបក្ស​«អំពិលអំពែក​‍»ទាំង​នោះ​នឹង​ជួយ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នេះ​ស្រប​ច្បាប់។

ដូច្នេះ​លោក ថារ៉ូ ខឹង​នឹង​ការ​លើក​ឡើង​ពី​រឿង​ស្រប​ច្បាប់​នេះ​ រហូត​ដល់​លោក​ស្ទើរ​តែ​ចង់ប្រថុយ​នឹង​គ្រោះ​ថ្នាក់ និយាយ​ជា​ចំហរ​ថា ការ​បោះឆ្នោត​ជាតិ​នេះ​គឺ​ក្លែងក្លាយ ហើយ​គណបក្ស​តូចៗ​ដែល​ចូលរួម​ប្រកួត​ប្រជែង​គឺ​មាន​ការ​ដោះដូរ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​ខ្លាច​ប៉ូលិស​ថៃ បើ​ទោះ​បី​ជា​លោក​មាន​សិទ្ធិ​ជា​ជនភៀសខ្លួន​ដែល​ផ្តល់​ដោយ​ឧត្តមស្នងការ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ​ក៏​ដោយ។ លោក​បាន​ដឹង​ច្បាស់​ថា អ្នកស្រី សំ សុខា ដែល​ទទួល​បាន​ការ​ការពារ​ដូចគ្នា​នឹង​លោក​ដែរ ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។

អ្នក​ស្រី​ត្រូវ​បាន​ចោទប្រកាន់​ដោយ​សារ​ការ​គប់ស្បែក​ជើង​មួយ​គូ​ទៅ​លើ​បដា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច។ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បាន​អះអាង​ថា ការ​បញ្ជូន​ខ្លួន​នេះ​គឺ​បំពាន​ទៅ​នឹង​ច្បាប់​អន្តរជាតិ ប៉ុន្តែ​ប្រទេស​ថៃ មិន​មែន​ជា​ប្រទេស​ហត្ថលេខី​ទៅ​លើ​សន្ធិសញ្ញា​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ទេ។ ដូច្នេះ​គេ​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ។

លោក Charles Santiago សមាជិក​សភា​ម៉ាឡេស៊ី​ និង​ជា​ប្រធាន​សមាគម​សភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទៅ​សួរ​សុខទុក្ខ​ជនភៀសខ្លួន​ ដោយសារ​ហេតុផល​នយោបាយ​មួយ​ចំនួន​ក្នុង​ទីក្រុង បាងកក កាល​ពី​ប្រមាណ​ពីរ​សប្តាហ៍​មុន។

លោក Santiago ​បាន​ថ្លែង​ថា៖ «អ្វី​ដែល​ខ្ញុំ​បាន​ឮ​គឺ​ថា ពួកគេ​ត្រូវ​បាន​គេ​តាម​ឃ្លាំ​មើល។ គ្រប់​ជំហាន​ទាំងអស់​ត្រូវ​បាន​គេ​តាមដាន។ ទាំង​នេះ​គឺ​ជា​ការ​គំរាម​កំហែង​ដោយ​ប្រយោល​ប្រឆាំង​នឹង​សិទ្ធិ​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​សេរី‍»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ពួកគេ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​នយោបាយ​របស់​ពួកគេ។ ពួកគេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ថា​ពួកគេ​ត្រូវ​រស់នៅ​ក្នុង​ប្រទេស​ថៃ​យូរ​ប៉ុណ្ណា ហើយ​ថា​ តើ​នឹង​មាន​រឿង​អ្វី​កើតឡើង​ចំពោះ​ពួកគេ​នៅ​ពេល​បន្ទាប់​ទៀត‍»។

លោក Santiago បាន​និយាយ​ថា ការ​យក​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ដែល​រត់ភៀសខ្លួន​ជា​គោលដៅ​ ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដើម្បី​ធ្វើ​ឲ្យ​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន ស្របច្បាប់ អាច​នឹង​មាន​«ផលប៉ះពាល់​ដ៏​ធំ​មួយ​កើត​ឡើង‍»។

អ្នកស្រី Hannah Macdonald មន្ត្រី​ទំនាក់​ទំនង​កិច្ចការ​ខាង​ក្រៅ​នៃ​ការិយាល័យ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង បាងកក បាន​ថ្លែង​ថា មិន​មាន​ក្របខណ្ឌ​ជាតិ​ដើម្បី​ការពារ​ជនភៀសខ្លួន​និង​ជន​ស្វែង​រក​សិទ្ធិជ្រកកោន​នៅ​ប្រទេស​ថៃ​នោះ​ទេ។

អ្នកស្រី​បាន​និយាយ​នៅ​ក្នុង​សារ​អ៊ីមែល​មួយ​មក​កាន់ VOA ថា៖ «ដោយសារ​តែ​ស្ថានភាព​មិន​ប្រក្រតី​និង​មិន​ប្រាកដប្រជា​សម្រាប់​ជនភៀសខ្លួន​និង​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ទាំង​អស់​ក្នុង​ប្រទេស​ថៃ ខណៈ​ដែល​ពួក​គេ​រង់ចាំ​ដំណោះស្រាយ​យូរ​អង្វែង ជីវិត​របស់​ពួកគេ​អាច​ជួប​ការ​លំបាក​ខ្លាំង»។

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា៖ «ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ជនភៀសខ្លួន​និង​ជន​ស្វែងរក​សិទ្ធិជ្រកកោន​ ដែល​ជា​ជន​ដែល​ជា​ឧត្តមស្នងការ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​យក​ចិត្ត​ទុកដាក់ ត្រូវ​បាន​ការពារ​ដោយ​គោលការណ៍​មិន​បញ្ជូន​ខ្លួន ដែល​ជា​ច្បាប់​អន្តរជាតិ‍»។ ការ​មិន​បញ្ជូន​ខ្លួន​គឺ​ជា​ការ​អនុវត្ត​ដែល​មិន​បង្ខំ​ឲ្យ​ជនភៀសខ្លួន​ឬ​ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ត្រឡប់​ទៅ​ប្រទេស​មួយ ដែល​ពួកគេ​អាច​ក្លាយ​ជា​គោលដៅ​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ ឬ​ដាក់​ទោសទណ្ឌ។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើក​ឡើង​ថា «‍ទោះ​បី​នេះ​មាន​ការ​តាមដាន​ ឬ​មិន​តាមដាន​ក៏ដោយ» ក៏​សកម្មភាព​របស់​ប៉ូលិស​ទាំង​នេះ​គឺ​ធ្វើ​ឡើង ដើម្បី​ស៊ើប​អង្កេត ថាតើ​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ទាំង​នោះ ពិតជា​បាន​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ក្រៅ​ប្រទេស​ឬ​ទេ។

លោក​បាន​និយាយ​ថា៖ «‍អីចឹង ឥឡូវ​នេះ​យើង​មិន​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទេ។ ប៉ុន្តែ មន្ត្រី​មាន​សមត្ថកិច្ច​កំពុង​តែ​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​អ្នក​ទាំង​នេះ។ ខ្ញុំ​មិន​ធានា​ថា យើង​នឹង​មិន​ចាត់​វិធានការ​អី​នោះ​ទេ។ ហើយ​នេះ​គឺ​ដោយសារ​តែ​ការ​ស៊ើប​អង្កេត​របស់​យើង​គឺ​ធ្វើ​ឡើង​ដោយ​សម្ងាត់»។

អ្នកស្រី Busadee Santipitaks អគ្គ​នាយក​នៃ​នាយកដ្ឋាន​ព័ត៌មាន​ប្រចាំ​ក្រសួង​ការបរទេស​ថៃ បាន​ប្រាប់ VOA តាម​អ៊ីមែល​ថា អ្នក​ស្រី​មិន​អាច​ឆ្លើយ​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​នេះ​បាន​ទេ តែ​ថា ប្រទេស​ថៃ​នឹង​ពិនិត្យ​មើល​ករណី​របស់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទាំង​នេះ​ដាច់​ដោយ​ឡែក​ពី​គ្នា។

អ្នកស្រី Santipitaks បាន​និយាយ​ថា៖ «‍ហេតុដូច្នេះ បើ​ទោះ​បីជា​ប្រទេស​ថៃ​មិន​មែន​ជា​សមាជិក​នៃ​សន្ធិសញ្ញា​ជន​ភៀសខ្លួន​ឆ្នាំ​១៩៥១​ក្តី ក៏​យើង​បាន​ផ្តល់​សិទ្ធិ​ជ្រក​កោន​មួយ​រយៈពេល​ដល់​អ្នក​ទាំងនោះ ដោយ​ផ្តល់​ការ​ការពារ​ដ៏​ពិតប្រាកដ​មួយ ហើយ​យើង​ក៏​ធ្លាប់​ផ្តល់​ការ​ការពារ​ដល់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជា​ច្រើន​នាក់​ផង​ដែរ»។

តាមរយៈ​ការ​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ថៃ​ក៏​បាន​ទទួល​ផល​ប្រយោជន៍​ជាច្រើន​ផងដែរ។

កាលពី​មុន សមាជិក​ចលនា​ប្រឆាំង​របស់​ក្រុម «‍អាវ​ក្រហម» នៅ​ប្រទេស​ថៃ បាន​ស្នាក់​នៅ​បណ្តោះ​អាសន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មេដឹកនាំ​របស់​ក្រុម​នេះ គឺ​លោក Thaksin Shinawatra ធ្លាប់​ត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ។

យ៉ាងណាមិញ បច្ចុប្បន្ន​នេះ ​រដ្ឋាភិបាល​យោធា​ថៃ និង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​រឹត​ចំណង​មិត្តភាព​ជាមួយ​គ្នា ហើយ​កាលពី​ខែ​កុម្ភៈ​កន្លងទៅ តំណាង​របស់​រដ្ឋាភិបាល​ទាំងពីរ​បាន​ជួប​ពិភាក្សា​គ្នា ដើម្បី​ដោះដូរ​អ្នក​ទោស​នយោបាយ បន្ទាប់​ពី​អ្នកស្រី សំ សុខា ត្រូវបាន​បញ្ជូន​ខ្លួន​ពី​ប្រទេស​ថៃ​ទៅ​ប្រទេស​កម្ពុជា​វិញ។

នៅ​ក្នុង​ខែ​កុម្ភៈ​ដដែល​នោះ លោក ហ៊ុន សែន បាន​ព្រមាន​ថា លោក​នឹង​ស្វែងរក​សមាជិក​គណបក្ស​សង្គ្រោះជាតិ​នៅ​គ្រប់​ទីកន្លែង​ក្នុង​តំបន់​អាស៊ី ដោយ​ចោទ​ថា គណបក្ស​នេះ​គឺជា​ក្រុម​ភេរវកម្ម។

លោក​ ហ៊ុន សែន បាន​ថ្លែង​ថា៖ «‍‍អ្នក​ខ្លះ អា​អ្នក​រត់​ចោល​ស្រុក​ណ៎....ហើយ​ខ្ញុំ​សូម​ផ្តាំ​ កុំ​មក​អាស៊ី​ឲ្យ​សោះ។ សូម​កុំ​មក​ក្បែរ​អាស៊ី»។

លោក​បាន​បន្ត​ថា៖ «‍សូម​កុំ​សង្ឃឹម។ ខ្ញុំ​គ្រាន់​តែ​ប្រាប់​ទៅ អ្នក​ឯង​គួរ​តែ​កុំ​បង្ខំ​ឲ្យ​គេ​វាយ​ដែក​គោល​ទៅ​លើ​ក្តារ​ម្ឈូស​របស់​អ្នក​ឯង​ថែម​ទៀត។ កុំ​សង្ឃឹម​ឲ្យ​សោះ។ បើ​នៅ​ក្នុង​ដៃ​តុលាការ​ វា​ជា​រឿង​មួយ។ ប៉ុន្តែ​បើ​ចូល​ក្នុង​កម្រិត​អបគមន៍​ហើយ សូម្បី​តែ BM-21 ក៏​គេ​ហ៊ាន​វាយ​ចូល​ទៅ​កន្លែង​លោក​ដែរ»។

ប៉ុន្តែ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ​ទៀត​មិន​អាច​ចាកចេញ​ផុត​ពី​ប្រទេស​ទេ។ នៅពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ លោក សុខ ដែល​ជា​ឈ្មោះ​មិន​ពិត​ដែល VOA ដាក់​ឲ្យ​លោក ដើម្បី​ការពារ​សុវត្ថិភាព​របស់​លោក បាន​ឲ្យ​ដឹង​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ដល់​លោក​ថា លោក​គួរ​តែ​ចាកចេញ​ពី​ប្រទេស​កម្ពុជា។ លោក សុខ គឺជា​សកម្មជន​សហជីព និង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

ប៉ុន្តែ លោក​បាន​សម្រេច​ចិត្ត​នៅ​ក្នុង​ប្រទេស ដោយសារ​តែ​គ្រួសារ​របស់​លោក​ជាប់​បំណុល ហើយ​បើ​សិន​ជា​គ្មាន​ការ​ចូលរួម​ផ្គត់ផ្គង់​គ្រួសារ​ពី​រូប​លោក​ទេ លោក​បាន​និយាយ​ថា៖ «‍តើ​នរណា​ជួយ​គ្រួសារ​ខ្ញុំ?»

ក្រោយ​រយៈពេល​១៨ឆ្នាំ​មក​ ក្រោម​ការ​គំរាម​កំហែង និង​ការ​បង្ក្រាប​ជា​រឿយៗ​ពី​ប៉ូលិស​ដោយសារ​តែ​លោក​ជា​អ្នក​ដឹក​នាំ​សហជីព ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុខ បាន​ឲ្យ​ដឹង​ថា អភិបាល​ខេត្ត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មក​ជួប​លោក ហើយ​បាន​ថត​រូប​លោក និង​បញ្ចុះ​បញ្ចូល​លោក​ឲ្យ​ចូលរួម​គណបក្ស​កាន់​អំណាច។

លោក សុខ បាន​និយាយ​ថា៖ «‍ពួក​គេ​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ខ្ញុំ​ថា បើ​ខ្ញុំ​ចូលរួម​បក្ស​ប្រជាជន បញ្ហា​លុយកាក់​របស់​គ្រួសារ​ខ្ញុំ នឹង​ល្អ​ប្រសើរ។ ហើយ​បើ​ខ្ញុំ​មិន​សម្រេច​ចូល​ទេ ផ្ទះ​និង​ដី​របស់​ខ្ញុំ​នឹង​រឹប​អូស ដើម្បី​សង​បំណុល»។

លោក​បាន​បន្ថែម​ថា ដីកា​របស់​តុលាការ​ក្នុង​ការ​រឹប​អូស​យក​ដី​របស់​លោក បាន​កើត​ឡើង​ បន្ទាប់​ពី​លោក​អភិបាល​ខេត្ត​បាន​មក​ជួប​លោក។

លោក សុខ បាន​លើក​ឡើង​ថា៖ «‍ដូច្នេះ ខ្ញុំ​ក៏​សម្រេច​ចូល​គណបក្ស​កាន់​អំណាច។ ហើយ​បើ​ខ្ញុំ​មិន​ធ្វើ​ដូច្នេះ​ទេ នោះ​ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់​ខ្លួន។ គោលបំណង​របស់​ពួកគេ​គឺ​ចាប់​ខ្លួន​ខ្ញុំ។ បើ​ខ្ញុំ​មិន​ចូលរួម​ជាមួយ​គេ​ទេ ខ្ញុំ​នឹង​ជួប​បញ្ហា​ធំ។ ខ្ញុំ​ដឹង​ច្បាស់​តែ​ម្តង»៕

(ប្រែសម្រួលដោយ ហុង ចិន្តា និង ទែន សុខស្រីនិត)

វីដេអូថ្មីៗបំផុត

XS
SM
MD
LG