ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហោ ណាំហុង​ ការពារ​ដំណើរ​ទស្សនកិច្ច​ទៅ​ចិន​ថា ​មិន​រង​ការ​ដាក់​សម្ពាធ​ទេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

​លោក​បដិសេធ​ការ​វិភាគ​ដែល​ថា ​​ទស្សន​កិច្ច​របស់​លោក​ទៅ​ប្រទេស​ចិន​នេះ​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន​ដែល​មិន​ចង់​ឲ្យ​កម្ពុជា​ទោរ​ទៅ​រក​ស.រ.អា.។

​លោក​បដិសេធ​ការ​វិភាគ​ដែល​ថា ​​ទស្សន​កិច្ច​របស់​លោក​ទៅ​ប្រទេស​ចិន​នេះ​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន​ដែល​មិន​ចង់​ឲ្យ​កម្ពុជា​ទោរ​ទៅ​រក​ស.រ.អា.។

ពេល​ចេញ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​ចិន​នៅ​ក្រុង​ប៉េកាំង​រយៈ​ពេល​២​ថ្ងៃ លោក​ ហោ ណាំហុង​ ​រដ្ឋមន្ត្រី​ការ​បរទេសកម្ពុជា​ទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា​ជា​មិត្ត​ជិត​ស្និទ្ធជា​មួយ​ប្រទេស​ចិន ហើយ​កម្ពុជា​ក៏​ចង់​មាន​ទំនាក់​ទំនង​កាន់តែ​ប្រសើរ​ឡើង​ជាមួយ​ស.រ.អា.​ដែរ។ ​លោក​បដិសេធ​ការ​វិភាគ​ដែល​ថាទស្សន​កិច្ច​របស់​លោក​ទៅ​ប្រទេស​ចិន​នេះ​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន​ដែល​មិន​ចង់​ឲ្យ​កម្ពុជា​ទោរ​ទៅ​រក​ស.រ.អា.។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោកប្រមុខ​ការ​ទូត​ខ្មែរ​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី៣​នៃ​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរ​រដ្ឋាភិបាល​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋាភិបាល​សាធារណៈ​រដ្ឋប្រជាមានិត​ចិន ​សម្រាប់​ការ​អនុវត្ត​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ទូលំទូលាយ​មួយ។​

លោក​ប្រាប់​អ្នក​យកព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា គោល​បំណង​នៃ​កិច្ច​ប្រជុំ​រវាង​លោក​និង​មន្ត្រី​ចិន​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​ដល់​៥.០០០លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧។ លោក​ឲ្យ​ដឹង​ថា តាម​ផែនការ​ ចិន​នឹង​បង្កើន​ការ​ទិញ​កៅស៊ូ​ក្រែប ម៉្សៅ​ដំឡូងមី ម្រេច​និង​ស្ករ។ លោក​បន្ត​ថា ចិន​មាន​បំណង​ជួយ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ជនបទ​បាន​ប្រសើរ​ឡើង​ បង្កើន​ធនធាន​មនុស្ស ដោយ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ទៅ​រៀន​នៅ​ប្រទេស​ចិន។

លោក​ឧបនាយករដ្ឋមន្ត្រី​បដិសេធ​ទស្សនៈអ្នក​វិភាគ​ដែល​ថា ប្រទេស​ចិន​អញ្ជើញ​លោក​ទៅ​ចូលរួម​កិច្ច​ប្រជុំ ​ភ្លាមៗ​ក្រោយពី​ទស្សនកិច្ច​របស់​លោក ​John Kerry​ រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​នេះ​គឺ​ជា​ការ​ព្យាយាម​មិន​ឲ្យ​កម្ពុជា​ស្និទ្ធ​នឹង​អាមេរិក។

លោក ហោ ណាំហុង អះអាង​ថា៖

«លោក John Kerry ​ដែល​មក​ជួប​ខ្ញុំ​ប៉ុន្មាន​ថ្ងៃ​នេះ​ថា អាមេរិក​មិន​ឲ្យ​កម្ពុជា​រើស​ចិន​ឬ​អាមេរិក​ទេ។ ហើយ​ខ្ញុំ​ជម្រាប​គាត់​ពេល​នោះ​ថា កម្ពុជា​មិត្ត​នឹង​ចិន។​ អ្នកណា​ក៏​ដឹង។ប៉ុន្តែ​កម្ពុជា​ក៏​ចង់​ជិត​ស្និទ្ធ​នឹង​អាមេរិក​ដែរ»។

លោកប្រមុខ​ការ​ទូត​កម្ពុជា​បាន​លើក​ពី​ទំនាស់​ក្នុង​តំបន់ ដូច​ជា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ​និង​សមុទ្រ​ចិន​ខាង​កើត។ តែ​លោក​សង្កត់​ធ្ងន់​ថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​អព្យាក្រឹត ហើយ​នយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​កម្ពុជា​គឺ​បម្រើ​ផល​ប្រយោន៍​ជាតិ​ខ្លួន​ឯង​ និង​ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។​

លោក​រដ្ឋមន្ត្រី​ពន្យល់​ថា៖

«អ្នក​វិភាគ​នយោបាយ​ថា កម្ពុជា​ស្និទ្ធ​នឹង​ចិន​ឆ្ងាយ​ពី​ស.រ.អា.។ ​នេះ​ខ្ញុំ​សូម​ជម្រាប​ថា​អ្នក​ណា​ក៏​ដឹង​ថា​ ចិន​និង​ជប៉ុន​មាន​ទំនាស់​នៅ​សមុទ្រ​ចិន​ខាង​កើត។ កម្ពុជា​មាន​ទំនាក់​ទំនង​យុទ្ធ​សាស្ត្រ​ជាមួយ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន។​ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ទៅ​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ឲ្យ​មាន​ភាព​ជាដៃ​គូ​យុទ្ធសាស្ត្រ​ដែរ។ ដូច្នេះ​កម្ពុជា​អត់​យក​ចិន និង​ជប៉ុន​ដែល​ឈ្លោះ​គ្នា​ទេ។ យើង​មាន​មិត្តភាព​និង​យុទ្ធសាស្ត្រ​ដូច​គ្នា»។​

នៅ​ថ្ងៃពុធ​នេះ​ដែរ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​ លោកស្រី​ ចក់ ​សុភាព​ បាន​ស្វាគមន៍​ជំហរ​របស់​រដ្ឋាភិបាល​ដែល​ចង់​ធ្វើ​ទំនាក់ទំនង​ជាមួយ​ស.រ.អា.​ជិត​ស្និទ្ធ​ ដូច​ទំនាក់​ទំនង​កម្ពុជា​ចិន​ដែរ។ អ្នកស្រី​បាន​ប្រាប់​ VOAនៅ​ការិយាល័យ​របស់​អ្នកស្រី​ថា ​ការ​កសាង​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ស.រ.អា.​មិន​តម្រូវ​ឲ្យ​កម្ពុជា​បំពេញ​លក្ខខណ្ឌ​ដែល​មាន​ផល​អវិជ្ជមាន​សម្រាប់​កម្ពុជា​ទេ។ អ្វី​ដែលស.រ.អា.​ចង់​បាន​គឺ​ការ​ពង្រឹង​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​ ដែល​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​កម្ពុជា។ ​

លោកស្រី ចក់ សុភាព​ ថ្លែង​ថា៖

«ស.រ.អា.​និង​ប្រទេស​សហភាព​អឺរ៉ុប​មួយ​ចំនួន​ហ្នឹង​គេ​មាន​ផែនការ​យុទ្ធសាស្ត្រ​គេ​ហៅ​ថា បញ្ចូល​ស្តង់ដារ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ជា​ដើម ​ ចា៎។ អញ្ចឹង​ដរាប​ណាប្រទេស​កម្ពុជា​យើង​ព្យាយាម​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​ហ្នឹង​ប្រសើរ។​ ហើយ​ដូច​ខ្ញុំ​បាន​បញ្ជាក់​អញ្ចឹង វា​ជា​រឿង​វិជ្ជមាន​ដែល​ប្រទេស​កម្ពុជា​យើង​ព្យាយាម​ងាក​ទៅ​រក​ប្រទេស​កាន់លទ្ធិប្រជាធិបតេយ្យ​ដែរ​ចា៎»។​

លោកស្រី​ ចក់ សុភាព​ បាន​រំលឹក​ថា កន្លង​មក​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ថា ជំនួយ​របស់​ចិន​មក​ប្រទេស​កម្ពុជា​ភាគ​ច្រើន មិន​មាន​ដាក់​លក្ខ​ខណ្ឌ​អ្វី​ទេ។ តែ​លោក​ស្រី​ពន្យល់​ថា ​កម្ពុជា​គួរ​ពិនិត្យ ព្រោះ​ថា ​ថ្វី​បើ​ជំនួយ​របស់​ចិន​មិន​មាន​ជាប់​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស​ ​និង​ប្រជា​ធិបតេយ្យ​ ដូច​ប្រទេស​អឺរ៉ុប និង​ស.រ.អា.​មែន តែ​កម្ពុជា​គួរ​ពិនិត្យ​មើល​ការ​វិនិយោគ​ចិន​នៅ​កម្ពុជា​ដែល​អាច​មាន​លក្ខខណ្ឌ​បង្កប់​ក្នុង​នោះ។​

«យើង​ត្រូវ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ដែរ។ មិន​មាន​លក្ខខណ្ឌ​ផ្នែក​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ​ តែ​ផ្នែក​ការទូត​មួយ​ចំនួន​ដូច​ប្រទេស​ផ្សេងៗ​ ដូច​ជា​សហភាព​អឺរ៉ុប​ ​ស.រ.អា.​ មែន ​ប៉ុន្តែ​យើង​ឃើញ​ទំនាក់​ទំនង​ផ្សេង​ទៀត ដូច​ការ​ដែល​ចិន​គាត់​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​ខ្មែរ​យើង​ហ្នឹង​គឺ​ជា​លក្ខខណ្ឌ​មួយ​ដែល​ខ្មែរ​យើង​ព្យាយាម​លាក់​បាំង​ ឬ មិន​បាន​មើល​ឃើញ​ចា៎។​ កន្លែង​នេះ​មួយ​គឺ​យើង​ត្រូវ​ពិចារណា​ដែរ​ចា៎»។​

លោកស្រី​រំឭក​ថា ​ក្នុង​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា លោក ​John Kerry រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​បាន​បញ្ជាក់​ពី​ជំហរ​នេះ​យ៉ាង​ច្បាស់​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ចុង​បញ្ចប់​ទស្សន​កិច្ច​របស់​លោក។

«យើង​យក​ចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​សិទ្ធិ​មនុស្ស​ គឺ​សេរីភាព​សាកល​ហើយ​នឹង​អភិបាលកិច្ច​ល្អ។​ ការ​រីកចម្រើន​ក្នុង​វិស័យ​ទំាង​នេះ​គឺ​ជា​កត្តា​សំខាន់​ណាស់​សម្រាប់​ទំនាក់​ទំនង​ទ្វេភាគី​របស់​ពួក​យើង»។​

លោកស្រី​ ចក់ សុភាព ​ដែល​បាន​ជួប​លោក​ប្រមុខ​ការ​ទូត​ស.រ.អា.ដែរ​នោះ បាន​ថ្លែង​ថា ទស្សន​កិច្ច​របស់​លោក ​John Kerry បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ស.រ.អា.​គាំទ្រ​អង្គការ​សង្គម​ស៊ីវិល ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​សិទ្ធិ​មនុស្ស៕

XS
SM
MD
LG