ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របត់​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា


ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​មីយ៉ាន់ម៉ា លោក Htin Kyaw (ឆ្វេង) ទទួល​ត្រា​ប្រធានាធិបតី​ ពី​ប្រធានាធិបតី​​ដែល​ត្រូវ​ចាក​ចេញ​ គឺ​លោក​ Thein Sein ក្នុង​ពិធី​ចូល​កាន់​តំណែង​នៅ​ទីក្រុង​ Naypyitaw ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ២០១៦។
ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​មីយ៉ាន់ម៉ា លោក Htin Kyaw (ឆ្វេង) ទទួល​ត្រា​ប្រធានាធិបតី​ ពី​ប្រធានាធិបតី​​ដែល​ត្រូវ​ចាក​ចេញ​ គឺ​លោក​ Thein Sein ក្នុង​ពិធី​ចូល​កាន់​តំណែង​នៅ​ទីក្រុង​ Naypyitaw ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ២០១៦។

ប្រទេស​មីយ៉ាន់ម៉ា មាន​ប្រមុខរដ្ឋ​ស៊ីវិល​ជាលើក​ដំបូង​ហើយ ក្នុង​រយៈ​ពេល​ជាង​៥០​ឆ្នាំ​កន្លង​មក​នេះ។

លោក ​ធីន​ ច (Htin Kyaw) អាយុ​៧០​ឆ្នាំ ​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៃប្រទេស​នេះ ​កាល​ពី​ថ្ងៃ​អង្គារ​ ក្នុង​ពិធី​ខ្លី​មួយ​មុន​សម័យ​ប្រជុំ​សភា​រួម។ លោក​បាន​សច្ចា​ថា​នឹង​«ស្មោះ​ត្រង់​ចំពោះ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា»។

អនុ​ប្រធានាធិបតី​ពីរ​រូប​របស់​ប្រទេស​នេះ គឺ ​Myint Swe ​និង​Henry Van Tio ក៏​បានធ្វើ​ពិធីសច្ចា​ប្រណិធានចូល​កាន់​តំណែងអម​ជាមួយ​លោក ធីន ច ​ដែរ។

​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក ​ធីន ច នេះ ​បាន​កំណត់​ជា​ផ្លូវ​ការ​នូវ​ការ​បញ្ចប់​ការគ្រប់គ្រង​មួយ​ផ្នែក​ឬ​ទាំង​ស្រុង​របស់​ក្រុម​យោធា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ចាប់​តាំង​ពី​ឆ្នាំ​១៩៦២​មក។

លោក ​ធីន ច​ បន្ត​តំណែង​ពី​លោក ​ថេន សេន​ ជា​អតីត​ឧត្ដមសេនីយ៍​ម្នាក់​ដែល​បាន​ឡើង​កាន់តំណែង​កាល​ពី​ឆ្នាំ​២០១១ នៅ​ពេល​ដែល​ក្រុម​យោធា​បាន​ប្រគល់​ការ​គ្រប់​គ្រង​ប្រទេស​ទៅ​ឲ្យ​រដ្ឋាភិបាល​បែប​ស៊ីវិល​វិញ ហើយ​បាន​ធ្វើ​កំណែទម្រង់​នយោបាយ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។

នៅក្នុង​សុន្ទរកថា​ចាប់​ផ្តើម​តំណែង​ថ្មី​របស់​លោក ប្រធានាធិបតី​ថ្មី​របស់​មីយ៉ាន់ម៉ា រូប​នេះ​បាន​ប្តេជ្ញា​ថា​នឹង​កែ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​ ទៅ​ជា​រដ្ឋធម្មនុញ្ញ​មួយ ដែល​ស្រប​តាម​បទដ្ឋាន​ប្រជាធិបតេយ្យ​ពេញលេញ។

រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ដែល​សរសេរ​ដោយ​ក្រុម​យោធា​មុន​ពេល​ដែល​ក្រុម​នេះ​ប្រគល់​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​បែប​ស៊ីវិល​នោះ បាន​ធានា​រក្សា​អាសនៈ​សភា​ចំនួន​២៥​ភាគរយ ​ព្រមទាំង​មុខតំណែង​នៅ​តាម​ក្រសួង​សំខាន់ៗ​ដូច​ជា​ក្រសួង​មហាផ្ទៃ​និង​ការពារ​ជាតិ​ជាដើម សម្រាប់​ក្រុម​យោធា។

​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​នេះ ក៏​បាន​រារាំង​មេដឹកនាំ​ប្រជាធិបតេយ្យ​ គឺ​លោក​ស្រី ​អង់សាន ស៊ូជី មិន​ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ដែរ ដោយសារ​បញ្ញត្តិ​មួយ​ ដែល​ហាមប្រាម​នរណា​ក៏​ដោយ​ដែល​មាន​ប្តី​ប្រពន្ធ​ឬ​កូន​កើត​នៅ​បរទេស មិន​ឲ្យ​កាន់​តំណែង​កំពូល​នេះ​បាន​ទេ។

ប្តី​របស់​លោក​ស្រី អង់សាន ស៊ូជី ដែល​បាន​ស្លាប់​ទៅ​ហើយ និង​កូន​ប្រុស​ពីរ​នាក់​របស់​លោកស្រី មាន​សញ្ជាតិ​អង់គ្លេស។

ប៉ុន្តែ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​រូបនេះ បាន​ប្តេជ្ញា​ថា​លោកស្រី​នឹង​គ្រប់គ្រង​ប្រទេស​មីយ៉ាន់ម៉ា​ តាម​រយៈ​លោក​ ធីន ច ​ដែល​ជា​មិត្តភ័ក្ដិ​តាំង​ពី​តូច​និង​ជា​មនុស្ស​ជំនិត​ដ៏​យូរ​អង្វែង​ម្នាក់​របស់​លោកស្រី។

លោកស្រី ​ស៊ូជី ក៏​នឹង​ធ្វើ​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ទាំង​១៨​រូប​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​ប្រធានាធិបតី​ថ្មី។ លោកស្រី​ក៏​ត្រូវ​គេ​រំពឹង​ថា នឹង​កាន់កាប់​ក្រសួង​ការបរទេស ​អប់រំ ​ថាមពល​ និង​ខុទ្ទកាល័យ​ប្រធានាធិបតី​ក្នុង​ពេល​តែមួយ​ផង​ដែរ៕

XS
SM
MD
LG