ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ កម្ពុជា​គួរ​ចាប់​ផ្តើម​ពិភាក្សាអំពី​គោលនយោបាយ​ការបរទេស​រួម


លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មាន​ប្រសាសន៍​អំពី​ស្ថានភាព​ទំនាក់ទំនង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុងបន្ទប់ផ្សាយ​របស់ VOA ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ផន បុប្ផា/VOA)
លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មាន​ប្រសាសន៍​អំពី​ស្ថានភាព​ទំនាក់ទំនង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុងបន្ទប់ផ្សាយ​របស់ VOA ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ផន បុប្ផា/VOA)

​លោក អ៊ូ វីរៈ ថ្លែ​ង​ថា អ្នក​នយោបាយ​​​ធំៗ​ទាំង​ពីរ​​​​​គួរ​តែ​​ចាប់​ផ្តើម​ពិភាក្សា​គ្នា​លើ​គោល​នយោបាយ​ការបរទេស​រួម​មួយដើម្បី​ជៀសវាង​កុំ​ឱ្យ​ក្លាយ​ជា​​កូនអុក​​របស់​​ប្រទេស​​មហាអំណាច។

អ្នក​ស្រាវជ្រាវ​គោល​នយោបាយ​ស្នើ​ឡើង​ថា​អ្នក​នយោបាយ​កម្ពុជាទាំង​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំងគួរ​តែ​ចាប់​ផ្តើម​ពិភាក្សា​គ្នា​លើ​គោល​នយោបាយ​ការបរទេស​រួម​មួយ​ដើម្បី​ជៀសវាង​កុំ​ឱ្យ​ប្រទេស​ជាតិ​ក្លាយ​ជា​កូន​អុក​របស់​ប្រទេស​មហា​អំណាច​ណា​មួយ។

​លោក ​អ៊ូ វីរៈ​ ប្រធាន​និង​ជា​ស្ថាបនិក​នៃ​វេទិកាអនាគត​បាន​លើក​ឡើង​ថា​ ការ​ដែល​អ្នក​នយោបាយ​មួយ​ក្រុម​ទៅកាន់​ជើង​មហាអំណាច​មួយៗ​ដោយ​ឡែក​ពី​គ្នា​ដូច​ជា​ចិន​និង​សហរដ្ឋ​អាមេរិក​នាំ​ឱ្យ​ខាត​ផល​ប្រយោជន៍​របស់​កម្ពុជា​ទៅវិញ​ទេ។​

សូម​ចុច​ស្តាប់​ការ​បក​ស្រាយ​ទាំង​ស្រុង​របស់​លោក អ៊ូ វីរៈ នៅ​ខាង​ក្រោម​នេះ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ អ៊ូ វីរៈ​បាន​បន្ថែម​ថា​៖

«ដើម្បី​កុំ​ឱ្យ​យើង​ក្លាយ​ទៅ​ជា​អាយ៉ង​ទាល់​តែ​អ្នក​ធ្វើ​នយោបាយ​ចាប់​ផ្តើម​យល់។ បើ​មិន​បាន​ជជែក​គ្នា​រឿង​អ្វី​គឺ​ជជែក​គ្នា​រឿង​គោល​នយោបាយ​រួម​ ថា​បើ​យើង​ឈ្លោះ​គ្នា​ខាង​ផ្ទៃ​ក្នុង​ប្រទេស​ឬ​មួយ​គំនិត​គោល​នយោបាយ​ផ្ទៃក្នុង​ប្រទេស​ដែល​យើង​មិន​ស្រប​ជាមួយ​គ្នា​យ៉ាង​ហោច​ណាស់​រឿង​ជាមួយ​នឹង​បរទេស​ក៏​យើង​គួរ​តែ​អាច​ចាប់​ផ្តើម​ជជែក​គ្នា​ដើម្បី​អាច​ឈាន​ទៅ​ដល់​គំនិត​រួម​ផង​ដែរ​ដើម្បី​ភាព​រឹងមាំ​របស់​យើង‍»។​

ក្នុង​នោះ​ការ​មាន​គោល​នយោបាយ​ច្បាស់​លាស់​ជាមួយ​នឹង​ប្រទេស​ជិតខាង​ជាពិសេស​ប្រទេសវៀតណាម​និងថៃ​គឺ​អាច​បញ្ចៀស​បញ្ហា​បាន។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​អ៊ូ វីរៈ។

ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ជម្លោះ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​គឺ​មានប្រទេស​វៀតណាម​និង​ហ្វីលីពីន​បាន​ចេញ​មុខ​ប្រឆាំង​នឹង​ប្រទេស​ចិន​ខ្លាំង​ជាង​គេ​បំផុត។​

លោក​ អ៊ូ វីរៈ យល់​ថា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ការ​ប្រឈម​មុខ​ថ្មី​មួយ​ទៀត​រវាង​មហា​អំណាចដែល​មាន​ឥទ្ធិពល​យូរ​ហើយ​ដូច​ជា​សហរដ្ឋ​អាមេរិក​និង​មហា​អំណាច​ដែល​ទើប​នឹង​ឈាន​ឡើង​គឺ​ប្រទេស​ចិន។ ការ​នេះ​ដោយ​សារ​តែ​ប្រទេស​វៀតណាម​និង​ហ្វីលីពីន​បាន​ស្វែង​រកការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។ ​រីឯ​កម្ពុជា​វិញ​គឺ​គ្មាន​ផលប្រយោជន៍​ពី​ជម្លោះ​នោះ​ទាល់តែសោះ។​

លោក​បាន​បន្ថែម​ថា៖

«ការ​រៀបចំ​គោល​នយោបាយ​មួយ​ឱ្យ​ច្បាស់​លាស់​ថា​កម្ពុជា​មិន​លូកដៃ​មិន​មាន​ទំនោរ​ទៅ​ប្រទេស​មួយ​ណា​ ប្រទេស​ចិន​ក្តី​ ប្រទេស​វៀតណាម​ក្តី ប្រទេស​តំបន់​ក្តី​ឬមួយ​សហរដ្ឋ​អាមេរិក​ក្តី​ ទាក់​ទង​រឿង​ជម្លោះ​មួយ​នេះ។ ក៏ប៉ុន្តែ​ក៏ ទាក់ទង​នឹង​ជម្លោះ​ផ្សេង​ដែល​ប្រទេស​កម្ពុជា​ជា​ប្រទេស​តូច​មួយ​។ យើង​គ្មាន​លទ្ធភាព​និង​សមត្ថភាព ក្នុង​ការ​ចូលរួមឈ្លោះ​ទេ​ព្រោះអី​ចូលរួម​ក្នុង​ការ​ឈ្លោះ​ប្រសិន​បើ​មាន​ការ​វាយ​បក​មក​វិញ​គឺ​ប្រទេស​កម្ពុជា​មិន​អាច​រង​ផល​ប៉ះពាល់​បាន​ទេ​ហើយ​ដោយ​សារ​អញ្ចឹង​ប្រទេស​កម្ពុជា​គួរតែ​ធ្វើ​ម៉េច​ឱ្យ​ច្បាស់​លាស់‍»។

ដោយឡែក​ស្ថានភាព​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​គឺ​សហរដ្ឋ​អាមេរិកនិង​សភា​សហគមន៍ អឺរ៉ុប​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​សារ​តែ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​អាច​ជា​ការ​រុញច្រាន​គណបក្ស​កាន់​អំណាច​នេះ​ចូល​ទៅកាន់​តែ​កៀក​នឹង​ប្រទេស​ចិន​។

លោក​ អ៊ូ វីរៈ​បាន​បន្ថែម​ថា៖

«បើ​ក្នុង​ករណី​បែប​ហ្នឹង​ហើយ​រដ្ឋាភិបាល​លោក​ខាងលិច​ សហភាព​អឺរ៉ុប ចាប់​ផ្តើម​ចាប់​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​កាន់​តែ​ខ្លាំង​គឺជា​ការ​ដាក់​សម្ពាធ​មួយ​ឱ្យ​គណបក្សប្រជាជន​កម្ពុជា​អត់​មាន​ជម្រើស។ អត់​មាន​ជម្រើស​ត្រង់​ថា​ឥឡូវ​នេះ​ពិបាក​មក​ចាប់​ជាមួយ​នឹង​លោក​ខាងលិច​ហើយ​អញ្ចឹង​ក៏ អាច​ជា​សម្ពាធ​មួយ​ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កាន់តែ​ចូល​ស៊ង​កាន់តែ​ស៊ប់​ជាមួយ​នឹង​ប្រទេស​ចិន​។ ក្នុង​ករណី​ហ្នឹង​យើង​ក្លាយ​ជា​ឧបករណ៍​គេ​ដោយ​អត់​ដឹង​ខ្លួន‍»៕

XS
SM
MD
LG