ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នួន ជា​ ស្លាប់​ស្រួល​ជាង​ប្រជា​ពលរដ្ឋ​ដែល​គាត់​បាន​សម្លាប់


នួន​ ​ជា​ ​អំឡុង​ពេល​ដំណើរការ​សវនាការ​មួយ​ ​នៅ​សាលាក្ដី​ខ្មែរក្រហម​ ​កាលពី​ឆ្នាំ២០១១​។​ ​(សាលាក្ដី​ខ្មែរក្រហម)
នួន​ ​ជា​ ​អំឡុង​ពេល​ដំណើរការ​សវនាការ​មួយ​ ​នៅ​សាលាក្ដី​ខ្មែរក្រហម​ ​កាលពី​ឆ្នាំ២០១១​។​ ​(សាលាក្ដី​ខ្មែរក្រហម)

ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​មិន​សុខ​ចិត្ត​ចំពោះ​ការ​ស្លាប់​របស់​នួន ជា​ ដែល​លោក​ត្រូវ​បាន​គេ​ជឿ​ថា ​ជា​មេ​គំនិត​នៅ​ពី​ក្រោយ​របប​ខ្មែរក្រហម​ដែល​បាន​សម្លាប់​ជន​រួម​ជាតិ​ចំនួន​១​លាន​៧សែន​នាក់​ពី​ចន្លោះ​ឆ្នាំ​១៩៧៥​និង​ឆ្នាំ​១៩៧៩។

នៅ​ក្នុង​រូបថត​របស់​លោក​កាល​ពី​ថ្មីៗ​នេះ ​ នួន ជា​មាន​វ័យ​ចាស់​ជា​ជីតា ហើយលោក​ពាក់​វ៉ែនតា​ខ្មៅ​ធំៗ​ ដែល​អាច​បង្ហាញ​ថា ​លោក​មាន​ប្រតិកម្ម​នឹង​ពន្លឺ​និង​មាន​បញ្ហា​សុខភាព។​

កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ​ នួន ជា​ធ្លាប់​តែ​ដើរ​ដោយ​ខ្លួន​ឯង​ទ្រេតទ្រោត​ តែ​ក្រោយ​មក​ លោក​ត្រូវ​ជិះ​រទេះ​រុញ។ ​មាន​គេ​និយាយ​កន្លង​មក​ថា​ លោក​មាន​បញ្ហា​ថ្លើម​ និង​ក្រលៀន ​និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​កើត​មាន​ឡើង​នៅ​ពេល​មនុស្ស​រស់​នៅ​ដល់​អាយុ​៩០​ឆ្នាំ​ជាង។​

នួន ជា​បាន​រស់នៅ​យូរ​ជាង​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រហែល​១​លាន​៧សែន​នាក់​ដែល​បាន​ស្លាប់​ពី​ចន្លោះ​ឆ្នាំ​១៩៧៥​និង​ឆ្នាំ​១៩៧៩ ​នៅ​ពេល​ដែល​របប​ខ្មែរ​ក្រហម​បាន​ព្យាយាម ​តែ​ត្រូវ​បរាជ័យ​ក្នុង​ការ​ផ្លាស់ប្តូរ​ប្រទេស​កម្ពុជា​ឲ្យ​ទៅ​ជា​សង្គម​កសិកម្មមហា​លោត​ផ្លោះ​មហា​អស្ចារ្យ​ដែល​ពឹងផ្អែក​លើ​ខ្លួន​ឯង។​ នួន ជា​ ដែល​គេ​ស្គាល់​ថា​ ជា​បង​ធំ​ទី​ពីរ​ ត្រូវ​បាន​គេ​ជឿ​ថា​ ជា​មេ​គំនិត​នៅ​ពី​ក្រោយ​ការបង្កើត​របប​ម៉ៅនិយម​ដោយ​មិនឲ្យ​មាន​លុយ ​មិន​ឲ្យ​មាន​ សាសនា​ និង​មិន​ឲ្យ​មាន​បញ្ញវ័ន​នោះ​ទេ។ ​របប​ដឹកនាំ​នេះ​ត្រូវ​បាន​គិត​ទុក​រៀបចំ​ដោយប៉ុល ពត ​ដែល​ជា​មេ​ដឹកនាំ​ខ្មែក្រហម​ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ​១៩៩៨។​

កាលពី​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកាឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ​ នួន ជាបាន​ប្តឹង​ឧទ្ធរណ៍បទ​ចោទ​ដែល​លោក​ត្រូវ​បាន​ផ្តន្ទាទោស​ពីបទ​ប្រល័យ​ពូជ​សាសន៍ ​និង​បាន​រួច​ទោស​នៅពេល​ដែល​លោក​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​ នួន ជា​បាន​ស្ថិត​នៅ​ក្រោម​ការ​មើល​ថែ​ទាំ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២​ខែ​កក្កដា​មក។ ​នៅ​អាយុ​៩៣​ឆ្នាំ ​នួន ជា​កំពុង​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។​

អ្នកស្រីស៊ុន ស៊ីថា​ ប្រជាពលរដ្ឋ​វ័យ​៥៨​ឆ្នាំ​មកពី​ខេត្ត​សៀមរាបដែល​បាន​បាត់បង់​ឪពុក​និង​បងប្អូន​របស់​អ្នកស្រី​ក្នុង​របប​ខ្មែរក្រហម​ បាន​និយាយ​ប្រាប់​ VOA​ ខ្មែរ​ថា៖​

«[នួន​ ​ជា]​គាត់​ប៉ុណ្ណោះ​ ​ដូច​ថា ​គាត់​[ស្លាប់]​ដូច​គេ។​ ​ប៉ុន្តែ​គាត់​ធ្វើ​ឱ្យ​គេ​ឈឺ​ចាប់​ជាង​គាត់​ទៅទៀត​ ​ដែល​គាត់​ធ្វើ​ណា​ ​ឈឺ​ដូចជា​ពុក​ម្ដាយ​គេ​ព្រាត់​ប្រាស់​ច្រើន​ ​ដែល​ត្រូវតែ​គាត់​ ​ចំពោះ​តែ​បុគ្គល​គាត់​តែ​ប៉ុន្មាន​នាក់​អាច​ធ្វើ​ឱ្យ​គេ​បាត់បង់​ច្រើន។​ ​បុគ្គល​គាត់​តិច​ ​ប៉ុន្តែ​ធ្វើ​ឱ្យ​យើង​រងគ្រោះ​ច្រើន​ ​ណា​អូន!»

រូបឯកសារ៖ នួន ជា (កណ្តាល) ថតរូបជាមួយមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម នៅភាគខាងត្បូងប្រទេសកម្ពុជា កាលពីខែមករា ឆ្នាំ១៩៨៦។
រូបឯកសារ៖ នួន ជា (កណ្តាល) ថតរូបជាមួយមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម នៅភាគខាងត្បូងប្រទេសកម្ពុជា កាលពីខែមករា ឆ្នាំ១៩៨៦។

ភាព​ស្ងាត់​ស្ងៀម​និង​សកម្ម​ភាព​

ប្រសិន​បើ​នួន ជាគឺ​ជា​មេ​គំនិត​នៅ​ពីក្រោយ​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា​ពិតមែន​នោះ​ ​ការណ៍​ពិត​លម្អិត​នៃ​របប​ប្រល័យ​ពូជ​សាសន៍​នេះ​នឹងត្រូវ​បាន​កប់បាត់​ទៅ​ជាមួយ​លោក។ ​នួន ជា​មិន​ដែល​និយាយ​អ្វី​ក្នុង​សវនាការ​នោះ​ទេ​អំពី​របៀប​ដែល​ពួក​មេដឹកនាំ​ខ្មែរ​ក្រហម​ប្រតិបត្តិ​គម្រោង​របស់​ពួកគេ​ដើម្បី​បង្កើត​ឲ្យ​មាន​របប​ដឹកនាំ​ថ្មី។ ​នួន ជា​មិនដែល​សារភាព​ទោស​កំហុស​នោះ​ទេ។ ​នួន ជាក៏​បាន​រក្សា​ជំហរ​ថា ​ពួក​ខ្មែរ​ក្រហម​គឺ​ពួក​ជាតិ​និយម​ដែល​បាន​ប្រយុទ្ធ​នឹង​វៀតណាម​និង​សហ​រដ្ឋ​អាមេរិក​ដែលបាន​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​សម្ងាត់​មក​លើ​ប្រទេស​កម្ពុជា​នៅពេល​ដែល​អាមេរិក​បាន​តាមដាន​ពួក​កុម្មុយនិស្ត​វៀតកុង​នៅ​ក្នុង​សង្រ្គាម​វៀតណាម។​

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​គឺ​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ម្នាក់​ដែល​បាន​កាន់​អំណាច​តាំង​ពីឆ្នាំ​១៩៨៥​មក។ ​លោក​ហ៊ុន សែន ​ដែល​ជា​មេ​ដឹកនាំ​បែប​ផ្តាច់ការ​នៃ​គណបក្ស​ប្រជាជន​កម្ពុជាដែល​កំពុង​កាន់អំណាច ​បាន​លើក​ឡើង​ប្រឆាំង​នឹង​ការ​បើក​ស៊ើប​អង្កេត​ជាថ្មី​ម្តង​ទៀត​ទៅ​លើ​របប​ខ្មែរ​ក្រហម។

បន្ទាប់​ពី​ការ​ស្លាប់​របស់​នួន ជា ​លោក​លីវ សុវណ្ណា ​មេធាវី​ការពារក្តី​ម្នាក់​របស់​នួន ជា​បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ទីក្រុង​ភ្នំពេញ​ថា ​កូន​ក្តី​របស់​លោក​ជា​ជន​ស្លូតត្រង់​ ពីព្រោះ«នៅ​ពេល​ដែល​ជន​ជាប់ចោទ​បាន​ស្លាប់​ បណ្តឹង​នានា​ត្រូវ​រំលត់»។ ​ដូច្នេះ​ សាលក្រម​ចេញ​ដោយ​តុលាការ​ខ្មែរក្រហម​ ដែល​ជា​តុលាការ​ដែល​បាន​កាត់​ទោស​នួន ជា​និង​មេដឹកនាំ​ខ្មែរ​ក្រហម​ផ្សេងទៀត ​គ្មាន​សុពលភាព​ទៀត​នោះ​ទេ ​ពីព្រោះ​ ដោយ​ផ្អែក​លើ​ការ​សន្និដ្ឋាន វិមតិ​សង្ស័យ​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជន​ត្រូវ​ចោទ។

នៅឆ្នាំ​២០១០ ​ តុលាការ​ខ្មែរក្រហម​ដ៏​ចម្រូង​ចម្រាស់​នេះ​បាន​កាត់ទោស​កាំង ហេ្គចអីវ ​ហៅ​ ឌុច ​ដែល​ជា​ប្រធាន​គុក​ទួលស្លែង​ធ្វើ​ទារុណកម្ម​ ​ឲ្យ​ជាប់​គុក​មួយ​ជីវិត ​និង​រក​ឃើញ​ថា​ ខៀវ សំផន​ មេ​ដឹកនាំរបប​ខ្មែរក្រហម​មាន​ទោស​នៅ​ឆ្នាំ​២០១៤។ ​កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ ពួក​គេ​ រួមជាមួយ​នឹង​នួន ជា​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​ប្រល័យ​ពូជ​សាសន៍។ ​ជន​សង្ស័យ​ពីរ​នាក់​ផ្សេង​ទៀត​គឺ​អៀង សារី និង​អៀង ធារិទ្ធ​បាន​ស្លាប់​មុន​ដំណើរការ​កាត់ក្តី​របស់​ពួក​គេ​ត្រូវ​បាន​បញ្ចប់។​

កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​វ័យក្មេង​ច្រើន។ ​មាន​ប្រជាជន​តែ​១០​ភាគ​រយ​ប៉ុណ្ណោះ​ស្ថិត​ក្នុង​វ័យ​៥០​ឆ្នាំ ​ឬ​ចាស់​ជាង​នេះ ​ដូចជា​អ្នកស្រី​ស៊ុន ស៊ីថាជាដើម។ ​ពាក់​កណ្តាល​នៃ​ប្រជា​ពលរដ្ឋ​កម្ពុជាចំនួន​១៦​លាន​៥សែន​នាក់​គឺ​មាន​អាយុ​ក្រោម​២២​ឆ្នាំ។ ​ប្រសិន​បើ​ឪពុក​ម្តាយ​របស់​យុវជន​ទាំងអស់​នោះ​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម​ ពួក​គេ​កម្រ​និយាយ​អំពី​អ្វី​ដែល​ពួក​គេ​ធ្លាប់​បាន​ឆ្លងកាត់​ណាស់ ​ពីព្រោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​ជាច្រើន​ជឿ​ថា​ ការ​ធ្វើ​បែប​នេះ​នឹង​ផ្តល់​ការ​ឈឺចាប់​ទៅ​ដល់​កូនៗ​របស់​ពួក​គេ។​

ការណ៍​នេះ​មាន​ន័យ​ថា​ ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​មិន​បាន​រស់​នៅ​ដោយ​ផ្ទាល់​នៅ​ក្នុង​របប​ខ្មែរក្រហម​ដែល​គេ​ដឹង​ថា​ បាន​សម្លាប់​គ្រូ​បង្រៀន​ គ្រូពេទ្យ​ ជនជាតិ​វៀតណាម​ជា​ច្រើន​ ដោយ​ប្រើ​ត្បូងចប ​និង​មិន​ឲ្យ​តម្លៃ​ជីវិត​មនុស្ស​ស្មើ​នឹង​គ្រាប់​កាំភ្លើង​ផង។

រូបឯកសារ៖ និស្សិតម្នាក់ឈរមើលរូបអតីតមេដឹកនាំខ្មែរក្រហម នៅតុលាការខ្មែរក្រហម ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១។
រូបឯកសារ៖ និស្សិតម្នាក់ឈរមើលរូបអតីតមេដឹកនាំខ្មែរក្រហម នៅតុលាការខ្មែរក្រហម ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១។

យល់​ដឹង​ពី​ប្រវត្តិ​សាស្ត្រ​

អ្នកនាង​យ៉ុន គន្ធា ​អាយុ​២៥​ឆ្នាំ​មកពី​ខេត្ត​សៀមរាប​ បានឲ្យ​ដឹង​ថា ​ អ្នកនាង​ដឹង​អំពីនួន ជា និង​ដឹង​អំពី​របប​ខ្មែរក្រហម។ ​អ្នក​នាង​បាន​និយាយ​ថា៖​

«ដូច​អត់​ស្ងប់ចិត្ត​ទេ​!​ ​ ព្រោះអី​បាត់បង់​ខ្មែរ​អស់​ច្រើន​ទៀត!​ អារម្មណ៍​ធម្មតា​អត់​សោក​ស្ដាយ​ទេ​ ​ព្រោះ​[លោកនួន ជា]​ធ្វើ​ឱ្យ​ខ្មែរ​រាប់​ម៉ឺន ​រាប់​សែន​ស្លាប់​ ​ឈឺ​ចាប់​ ​បែក​បាក់​គ្រួសារ​ ​បាត់​បង់​ខ្មែរ​ល្អៗ​ជាច្រើន»។​

អ្នក​នាង​និយាយ​ថា ​អ្នកនាង​បាន​រៀន​អំពី​របប​ខ្មែរក្រហម​នៅ​សាលា។
ពួក​ខ្មែរក្រហម​បាន​កប់​សាកសព​ជនរងគ្រោះ​ជាច្រើន​ក្នុង​រណ្តៅ​ធំៗ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​«វាលពិឃាត» ​ដូច​ជា​រណ្តៅ​មួយ​នៅ​ជិត​ស្រុក​ទ្រុងបាត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ដែល​ជា​កន្លែង​ដែល​ពួកខ្មែរ​ក្រហម​យក​ធ្វើជា​គុក​ និង​កន្លែង​ដុតសព។​

បំណែក​សាកសព​ជាច្រើន​ត្រូវ​បាន​កប់​ក្នុង​ដី​ដើម្បី​ធ្វើជា​ជីរ​សម្រាប់​បង្កើន​ដំណាំ​ស្រូវ​ទៅ​តាម​ចំនួន​ដែល​បាន​កំណត់។ ​ហើយ​បំណែក​សាកសព​ដែល​ត្រូវ​បាន​រុករក​ឃើញ​នៅ​ក្នុង​ឆ្នាំ​២០១២​នោះ​គឺ​ត្រូវ​បាន​កប់​ ដោយ​សាក​សព​មាន​ចំណង​ស្លាប​សេក​ ឬក៏​ចង​ដុំថ្ម​ទម្លាក់​ទឹក។ ​នេះ​បើ​យោង​តាម​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា។​

ព្រះ​ភិក្ខុ​ឡាត់​ ​ឡន​ ​ព្រះជន្ម​៧៣​ព្រះ​វស្សា​គង់​នៅវត្ត​ទេព​ពោធិ​វង្ស​ ដែល​ជា​ទីតាំង​ប្រហារ​ជីវិត​ប្រជាជន​ដែល​ដឹក​មក​ពី​តំបន់​ផ្សេងៗ​ក្នុង​ខេត្ត​សៀមរាប​មាន​ថេរដីការ​ថា៖​

«ងាប់​(ស្លាប់)​តែ​មនុស្ស​ប៉ុណ្ណឹង​ឯង​ ​ដូច​ថា​ ឈ្មោះ​ សំឡេង​គឺ​នៅតែ​មាន​ដក់​នៅ​តែ​ក្នុង​ដើម​ទ្រូង​ ​និង​នៅតែ​ក្នុង​ចិត្ត​ ​ទោះបី​ជា​នរណា​ក៏​មិន​បំភ្លេច​ ​ក៏​មិន​ស្ងប់​ ​បើ​យើង​កម្សត់​កម្រ។​ ​អ្នក​ដែល​ធ្វើ​ទុក្ខទោស​ឱ្យ​ប្រជាជន​ក៏​ប្រជាជន​កាត់​ទោស។​ ​ប្រជាជន​សម​តែ​បាន​ស្ងប់​ ​បាន​សុខ​ ​បាន​សប្បាយ»។​

ព្រះភិក្ខុ​អង្គ​នេះ​បាន​បន្ថែម​ថា​ ​ទោះបីនួន ជានិង​មេដឹក​នាំ​ដទៃ​ទៀត​ត្រូវ​បាន​កាត់ទោស​ ​និង​បាន​បាត់បង់​ជីវិត​ដោយ​ជរា​ពាធ​ជា​បន្តបន្ទាប់​ ​ព្រលឹង​អ្នក​ស្លាប់​ ​និង​អ្ន​ក​រស់​រាន​មាន​ជីវិត​ពី​ការ​កាប់​សម្លាប់​ក្នុង​របប​នេះ​ នឹង​មិន​អាច​មាន​ថ្ងៃ​ស្ងប់ចិត្ត​ឡើយ។​

ព្រះភិក្ខុមាន​ថេរដីកា​បន្ត​ទៀត​ថា៖​

«អត់​ស្ងប់​ទេ!​ ​គាត់​មិន​ស្ងប់​ទេ!​ ​គាត់​ស្ដាយ​ស្រណោះ​កូនចៅ​គាត់។​ ​ធ្វើ​ម្ដេច​ព្រលឹង​គាត់​ស្ងប់?​ ​តាម​ធម៌ព្រះ​មក​ ​ប្រជាជន​ទូទៅ​គេ​នឹក​កូនចៅ​គេ។​ ​គេ​មិន​ទាន់​ស្ងប់​ ​ព្រោះ​កូនចៅ​គេ​ ​យក​ម៉ែឪ​គេ​មក​សម្លាប់​ច្រើន​ ​រាប់​រយ​ ​រាប់ពាន់​ ​នាក់​ ​ធ្វើ​ម៉េច​គេ​ស្ងប់?»។

រូបឯកសារ៖ ភ្ញៀវទេសចរម្នាក់មើលរូបថតរបស់ នួន ជា បងធំទី២នៃរបបខ្មែរក្រហម នៅសារមន្ទីរទួលស្លែង ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩។
រូបឯកសារ៖ ភ្ញៀវទេសចរម្នាក់មើលរូបថតរបស់ នួន ជា បងធំទី២នៃរបបខ្មែរក្រហម នៅសារមន្ទីរទួលស្លែង ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩។

«នួន ជាស្លាប់​ដោយ​បាប​កម្ម»​

លោកឆាំង យុ ​នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ​និង​ជា​អ្នក​រស់​រាន​ជីវិត​មួយ​រូប​ពី​របប​ខ្មែរក្រហម​បាន​ប្រាប់ ​VOA ​ខ្មែរ​តាម​ទូរ​ស័ព្ទ​ថា​ នួន ជា​មិន​អាច​គេច​ផុត​ពី​បាប​កម្ម​របស់​លោក​នោះ​ទេ ​បើ​ទោះ​បី​ជា​មាន​ការ​សន្និដ្ឋាន​ពី​តុលាការថា​ គ្មាន​ទោសកំហុសក៏​ដោយ។​

«នួន ជា​កើត​មក​ដូច​ពួកយើង​អ៊ីចឹង​ ​ប៉ុន្តែ​គាត់​បាន​ប្រព្រឹត្ត​បាប​កម្ម ​ហើយ​គាត់​ស្លាប់​ដោយ​បាប​កម្ម​អ៊ីចឹង»។​

លោក​ឆាំង យុ​បាន​និយាយ​ទៀត​ថា​ នួន ជា​មិន​បាន​ស្លាប់​ដោយ​ជរាពាធ​និង​ដោយ​សេចក្តី​ថ្លៃថ្នូរ​នោះ​ទេ។ ​មាន​ប្រតិកម្ម​ចម្រុះ​ជាច្រើន​ទៅ​នឹង​ការ​ស្លាប់​របស់​នួន ជា។​

លោក​បាន​បន្ត​ទៀត​ថា៖​
«មួយ​ចំនួន​ភ្លាមៗ​៤​ដប់២០​នាក់​ហ្នឹង ​គាត់ក៏​មិន​សប្បាយ​ចិត្ត​ដែរ​ ដោយ​សារ​ថា ​ពេល​គាត់​នៅ​រស់ ​គាត់​រឹង​ចចេស​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ​គឺ​គាត់​មិន​យក​ភាព​ចាស់​ទុំ ​មិន​ផ្តល់​តម្លៃ​ប្រវត្តិ​សាស្ត្រ​ដល់​ក្មេង​ជំនាន់​ក្រោយ។​ ​គាត់​នៅ​តែ​មាន​ចរិក​ក្រអឺត​ក្រទមចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​ បាន​ទទួល​ខុស​ត្រូវ»។​

លោកថេត សម្បត្តិ​ជា​អ្នក​ថត​ខ្សែ​ភាពយន្ត​ឯកសារ​ម្នាក់​ដែល​បាន​សម្ភាស​ នួន ជា​យ៉ាង​ស៊ី​ជម្រៅ​កាល​ពីចុង​ទស​វត្សរ៍​១៩៩០ ​ហើយ​បាន​សហការ​ផលិត​ខ្សែ​ភាព​យន្ត​ឯកសារ​«ស​ត្រូវ​ប្រជាជន»​ឬ​ Enemies of the People​ ដែល​រៀបរាប់​ពី​របប​ដឹកនាំ​របស់​ខ្មែរ​ក្រហម។ ​បន្ទាប់​ពី​ការ​ស្លាប់​របស់នួន ជា​ លោកថេត សម្បត្តិ​ ដែល​កំពុង​រស់នៅ​រដ្ឋ ​Massachusetts ​បាន​ថ្លែង​ប្រាប់​ VOA ​ខ្មែរ​តាម​ទូរ​ស័ព្ទ​ថា ​នួន ជា​បាន​ផ្តល់​ឯកសារ​សម្ងាត់​ជាច្រើន​ដល់​លោក​អំពី​រឿង​ខ្មែរ​ក្រហម​ ដែល​លោក​អរគុណ​ និង​ដឹង​គុណ​លោកនួន ជា។ ​លោក​បាន​បន្ថែម​ថា​ លោក​ចាត់​ទុក​ថា​«នេះ​ជា​សំណាង​របស់​កម្ពុជា» ​ដែល​មាន​ព័ត៌មាន​ទាំង​អស់​នេះ៕​

កញ្ញា កាន់ វិច្ឆិកា និងលោក ហ៊ុល រស្មី រាយការណ៍បន្ថែមពីរាជធានីភ្នំពេញ ហើយអ្នកស្រី ហុង ចិន្តា រាយការណ៍បន្ថែមពីរដ្ឋធានីវ៉ាស៊ីនតោន

ប្រែ​សម្រួល​ដោយលី វួចនា

XS
SM
MD
LG