ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រកួត​ប្រជែង​ការងារ​ ទីក្រុង​រីក​ធំ ​​មិន​បង្ហាញ​ការ​អភិវឌ្ឍ​ទាំង​អស់​គ្នា​ទេ


អ្នក​ដល់​ដូរ​នៅ​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទូ​១៦ ខែ​វិច្ឆិកា​ឆ្នាំ​២០០៧។ (រូប​ឯកសារ)
អ្នក​ដល់​ដូរ​នៅ​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទូ​១៦ ខែ​វិច្ឆិកា​ឆ្នាំ​២០០៧។ (រូប​ឯកសារ)

រាជ​ធានី​ភ្នំពេញ​គឺ​ជា​ទី​ក្រុង​មួយ​ដែល​មាន​ការ​លូត​លាស់​លឿន​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ​នៅ​ចន្លោះ​ឆ្នាំ​២០០០​ និង​ឆ្នាំ​២០១០ ​មនុស្ស​ជិត​៥០០.០០០នាក់បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទី​លំនៅ​មក​ទីក្រុង​ភ្នំពេញ​ ដែល​ធ្វើ​ឲ្យចំនួន​មនុស្ស​មាន​ការ​កើន​ឡើង​សរុប​រហូត​ដល់​ចំនួន​១,៤​លាន​នាក់។​

វា​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ ​ដែល​នាំ​ឲ្យមាន​ការ​កើន​ឡើង​ជា​ច្រើន​នូវ​កត្តា​មួយ​ចំនួន ដូច​ជា​ការ​កក​ស្ទះ​ចរាចរណ៍​កាន់​តែ​ខ្លាំង​ មាន​ទីផ្សារ​កាន់​តែ​ច្រើន​ និង​ចំនួន​លំនៅដ្ឋាន​ក៏​មាន​ការ​កើន​ឡើង​ច្រើន​ដែរ​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ។​

អ្នក​ចំណូល​ថ្មី​បាន​និយាយ​ថា​ ឱកាស​ការ​ងារ​ក៏​មាន​កាន់​តែ​ច្រើន​ថែម​ទៀត។​

ទីក្រុង​គឺ​ជា​កន្លែង​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​ ដែល​បង្កើត​ឲ្យមាន​ការ​ប្រែប្រួល​នៅ​ក្នុង​សហគមន៍​ក្រីក្រ​នៅ​តាម​តំបន់​ជនបទ។ ​សព្វ​ថ្ងៃ​ការ​វិវត្ត ទីក្រុង​នៅ​តែ​បន្ត​កើន​ឡើង ​ហើយ​ការ​ផ្លាស់​ប្តូរ​នេះ​គឺ​មិន​អាច​ជៀស​បាន​នៅ​ក្នុង​សង្កាត់​ក្បែរៗ​នោះ។​

សង្កាត់​ទឹក​ថ្លា​ ដែល​ជា​សង្កាត់​មួយ​នៅ​ក្នុង​ខណ្ឌ​សែន សុខ​គឺ​ជា​ឧទាហរណ៍​ដ៏​ជាក់​ស្ដែង​មួយ​នៃ​ការ​កើន​ឡើង​នូវ​ចំនួន​មនុស្ស​ ដែល​មក​រស់​នៅ​ឬ​ធ្វើ​ការ​នៅ​ក្នុង​ទី​ប្រជុំ ជន។​

ប៉ុន្មាន​ឆ្នាំ​មុន​ សង្កាត់​ទឹក​ថ្លា​ជា​សង្កាត់​ដែលសម្បូរទៅ​ដោយ​វាល​ស្មៅ​ និង​វាល​ស្រែ​ រួម​ជាមួយ​ស្រះ​ទឹក។​ ​

ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ សង្កាត់​ទឹកថ្លា​បាន​ក្លាយជា​ផ្នែក​មួយ​របស់​ទីក្រុង​ ដែល​មាន​ការ​រីក​ធំ​ឡើង​ជា​មួយ​នឹង​ការ​កើន​ឡើង​នូវ​ចំនួន​មនុស្ស​ ដែល​មក​រស់​នៅ​ជាមួយ​នឹង​ការ​កើន​ឡើង​នូវ​ទី​ផ្សារ​ មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ សាលារៀន​ យានដ្ឋាន​រថយន្ត​ និង​រោងចក្រ​ផ្សេងៗ។ ​ទាំង​អស់​នោះ​មាន​ន័យ​ថា ​ពាណិជ្ជ​កម្ម​កាន់​តែ​ច្រើន​ មនុស្ស​មាន​កាន់​តែ​ច្រើន។​

ពលរដ្ឋ​ដូច​ជា​នាង​ឈន ​នឿន​បាន​ចាកចេញ​ពី​ខេត្ត​កំពង់ធំ​ជាមួយ​ប្អូន​ស្រី​ពីរ​នាក់​របស់​គាត់់​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្នុង​ទី​ក្រុង។​

នាង​ឈន ​នឿន​បាន​និយាយ​នៅ​ក្នុង​ហាង​តូច​មួយ​របស់​គាត់​នៅ​លើ​ចិញ្ចើម​ផ្លូវ​មួយ​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា​ ដែល​ផ្តុំ​ទៅ​ដោយ​រោងចក្រ ​ផ្សារ ​និង​អគារ​ពាណិជ្ជ​កម្ម​ផ្សេងៗ​ទៀត​ជាច្រើន។ ​នាងឈន ​នឿន​ថា៖​ «មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ​បាន​ចាក​ចេញ​មក​ភ្នំពេញ»។​

នាង​ឈន ​នឿន​បាន​បន្ថែម​ទៀត​ថា៖​ «នៅ​ស្រុក​អត់​មាន​មនុស្ស​ច្រើន​ទេ។ ​ម្នាក់ៗ​ឃើញ​អ្នក​ផ្សេង​ទៀត​ចេញ​ ពួក​គេ​ចេញ​តាម​គ្នា»។​

ពួក​គេ​ចាក​ចេញ​ពី​ស្រុក​កំណើត​មក​ទី​ក្រុង​ដើម្បី​ស្វែង​រក​ការងារ។​ ពួក​គេ​ក៏​ដឹង​ផង​ដែរ​ថា​ មាន​ការងារ​សម្រាប់​ពួក​គេ​ធ្វើ​នៅ​ទី​ប្រជុំជន។

នាង​ឈន​ នឿន​និយាយ​ថា៖ ​«នៅ​ខេត្ត​ពិបាក​រក​ស៊ី​ បើ​គ្មាន​ដើម​ទុន។​ នៅ​ទី​នេះ​អត់​មាន​បញ្ហា​ទេ។​ ប្រសិន​បើ​អត់​មាន​ដើម​ទុន​ ​យើង​អាច​ធ្វើ​ការ​ឲ្យអ្នក​ដទៃ​បាន»។​

នាង​ឈន ​នឿន​បាន​បម្រើ​ការងារ​ជា​អ្នក​បោស​សម្អាត​នៅ​ស្ថានីយ​សាំង​មួយ​ចាប់​តាំង​ពី​គាត់​បាន​ផ្លាស់​ប្តូរ​មក​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ​២០០៧។​ ប្រាក់​ខែ​របស់​គាត់​បាន​កើន​ពី​៥០​ដុល្លារ​មក​ដល់១៥០​ដុល្លារ​ក្នុង​មួយ​ខែ។​

ប្រាក់​ខែ​នេះ​ច្រើន​សម្រាប់​រស់​នៅ​ទី​ជនបទ ​ប៉ុន្តែ​មិនមែន​សម្រាប់​រស់​នៅ​ក្នុងទីក្រុង​ដែល​ជា​កន្លែង​ដែល​តម្លៃ​ទំនិញ​បន្ត​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់។​

នាង​ឈន ​នឿន​បាន​និយាយ​ថា៖​«រស់​នៅ​ក្នុង​ភ្នំពេញ​ចំណាយ​ច្រើន​ណាស់ មាន​ដូចជា​ថ្លៃជួលផ្ទះ ថ្លៃ​ទឹក​ថ្លៃភ្លើង​ និង​ថ្លៃ​សាលា​សម្រាប់​កូនរៀន»។​

អំឡុង​ពេល​ដែល​គាត់នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ នាង​ឈន ​នឿន​មើល​ឃើញ​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់។ ​អគារ​មាន​កាន់​តែ​ច្រើន​ សណ្ឋាគារ ​និង​អគារ​អាជីវកម្ម​ក៏​មាន​ច្រើន។ ​ប៉ុន្តែ​នាង​បាន​និយាយ​ថា ​ឱកាស​ការងារ​ក្នុង​កន្លែង​ទាំង​នោះ​មិន​មែន​សម្រាប់​ពលរដ្ឋ​ដែល​ទទួល​បាន​ការ​អប់រំ​ទាប​នោះ​ទេ។​

គាត់​បាន​និយាយ​ថា៖​ «ចំពោះ​អ្នក​ដែល​រៀន​ចេះ​ដឹង​ច្រើន​ វា​មាន​ការ​ងាយ​ស្រួល​សម្រាប់​ពួក​គេ​ក្នុង​ការ​ស្វែង​រក​ការងារ​ដែល​បាន​ប្រាក់​ខែ​ច្រើន។​ យើង​មិន​បាន​រៀន​ច្រើន​អី​ហ្នឹង​គេ​ វា​ជា​ការ​លំបាក​សម្រាប់​យើង»។​

នាង​ឈន ​នឿន​សង្ឃឹម​ថា​ ថ្ងៃ​ណា​មួយ​នាងអាច​សន្សំ​ប្រាក់​បាន​គ្រប់គ្រាន់​សម្រាប់​ទិញ​ដី​សង់ផ្ទះ​នៅ​តំបន់​មួយ​ដូចមិត្តភក្តិ ​និង​ស្វាមី​របស់​មិត្តភក្តិ​របស់​នាង​ដែល​ថ្មីៗ​នេះ​បាន​ទិញ​ផ្ទះ​មួយ​ល្វែង​នៅ​ក្នុង​ទីក្រុង។​

កំណើន​សេដ្ឋកិច្ច​មាន​ការ​កើន​ឡើង​នៅ​ទូទាំង​រាជ​ធានី។ ​

លោក​ឡុង ​ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​ក្រុង​រាជធានី​ភ្នំពេញ​ បាន​និយាយ​ថា​ រាជធានី​ភ្នំពេញ​ត្រូវ​បាន​ពង្រីក​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ពី​ទំហំ​ប្រហែល​៣០០គីឡូ​ម៉ែត្រ​ការ៉េ​ទៅ​ទំហ៊ំ​ប្រហែល​៧០០​គីឡូ​ម៉ែត្រ​ការ៉េ។​ រាជធានី​ភ្នំពេញ ​ដែល​ពីមុន​មាន​ខណ្ឌ​ចំនួន​៩ ​ឥឡូវ​នេះ​មាន​ខណ្ឌ​ចំនួន​១២។ ​ឃុំចំនួន​២០​ផ្សេង​ទៀត​ត្រូវ​បាន​កាត់​ចេញ​ពី​ខេត្ត​កណ្តាល​ ហើយ​ដាក់​បញ្ចូល​មក​ក្នុង​ទីក្រុង​ភ្នំពេញ។

ប្រជា​ពលរដ្ឋ​ចាកចេញ​ពី​ជនបទ​ដើម្បី​ស្វែង​រក​ការងារ​នៅ​តាមក្រុម​ហ៊ុន​ឯកជន​ ឬ​ក្នុង​ស្ថាប័ន​រដ្ឋ។​ កត្តានេះ​នាំ​ឲ្យ​មានការ​ព្រួយ​បារម្ភ ​ដោយ​សារ​តែ​ប្រទេស​នេះ​អាច​នឹង​ខ្វះខាត​ចំនួន​ពលកម្ម​ដើម្បី​ធ្វើ​កសិកម្ម។​

លោក​បាន​និយាយ​ថា៖​ «យើង​អាច​នឹង​ខ្វះ​កម្លាំង​ពលកម្ម​ដើម្បី​ចិញ្ចឹម​សត្វ​ ឬ​ធ្វើ​កសិកម្ម»។​

របាយ​ការណ៍​ថ្មី​មួយ​ស្តី​ពី​កំណើន​សេដ្ឋ​កិច្ច​ពិភពលោក​ ដែល​ចេញ​ដោយ​ធនាគារ​ពិភព​លោក​ បាន​កត់​សម្គាល់ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​ទី​ក្រុង​ប្រទេស​កម្ពុជា។ ​ក្រៅ​ពី​ទី​ក្រុង​ភ្នំពេញ​ ខេត្ត​បាត់ដំបង​ និង​ខេត្ត​សៀមរាប​ក៏​មាន​ការ​រីក​លូត​លាស់​យ៉ាង​ខ្លាំង​ផង​ដែរ។ ​ខេត្ត​បាត់ដំបង​មាន​ការ​កើន​ឡើង​ពីរ​ដង​ ហើយ​ខេត្ត​សៀមរាប​កើន​ឡើង​បី​ដងពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១០។ ​រាជធានី​ភ្នំពេញ​ក៏​បន្ត​រីកធំ​ឡើង​ផង​ដែរ​ ដោយ​សារ​មានការ​ពង្រីក​ព្រំ​ប្រទល់​ក្រុង។

របាយ​ការណ៍​នេះ​បាន​ឱ្យ​ដឹង​ថា​ ជាង​៩០%​នៃ​កំណើន​ និង​ការ​ពង្រីក​គឺ​ព្រំដែន​នៃ​ទី​ក្រុង​នេះគឺ​ការ​រីករាល​ដាល​នៃ​តំបន់​ជាយ​ក្រុង​ទៅ​ភាគ​ខាង​ត្បូង​និង​ភាគ​ខាង​លិច​ ដែល​លើស​ពីព្រំប្រទល់​ទីក្រុង។​

ម្ចាស់​ហាង​កាហ្វេ​ម្នាក់​ឈ្មោះ​ហុង​ ង៉ា​ ដែល​បាន​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​តាំង​ពី​ឆ្នាំ​១៩៨៥​ ​មកនោះ​ បាន​និយាយ​ថា​ នគរូបនីយកម្ម​មាន​ន័យ​ថា​ អាជីវកម្ម​ និង​ប្រាក់​ចំណូល។​

ហុង​ ង៉ា​បាន​និយាយ​ថា៖​ «ពី​មុន​វាល​ស្រែ ​និង​បឹង​នៅ​ទីនេះ​ គ្រប់​កន្លែង។​ ឥឡូវ​នេះ​ផ្ទះ​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់»។​

ខណៈ​ពេល​ដែលការ​រីក​ចម្រើន​កើនឡើង​ ការ​ប្រកួត​ប្រជែង​ក៏​មាន​ការ​កើន​ឡើង​ដែរ។​

អ្នកស្រី​សុខ​ ឡាញ​ជា​ប្រជា​ពលរដ្ឋ​ម្នាក់ ​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​តាំង​ពី​ឆ្នាំ​១៩៨៥។​

អ្នកស្រី​បាន​និយាយ​ថា៖​ «ខ្ញុំ​ទើប​តែ​បើក​ហាង​លក់​គ្រឿង​ទេសក៍​របស់​ខ្ញុំ​កាល​ពី​ចុង​ឆ្នាំ​មុន​នេះ​ទេ»។​

ខណៈ​ពេល​ដែល​អ្នកស្រី​បង្ហាញ​ពី​គូ​ប្រជែង​របស់​អ្នក​ស្រី​ពីរ​នាក់​ដែល​ទើប​បើក​ហាង​ថ្មីៗ​ចំនួន​ពីរ​ដូច​ហាង​របស់​អ្នក​ស្រីដែរនោះ​ អ្នក​ស្រី​បាន​បន្ថែម​ថា៖ ​«ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​ខ្ញុំ​ឃើញ​ហាង​ពីរ​បើក​បន្ថែម​ទៀត»។​

អ្នក​ស្រី​និយាយ​ថា៖ ​«អ្នក​លក់​មាន​កាន់​តែ​ច្រើន​ឡើងៗ។ ​វា​រីក​ដូច​ផ្សិត។ ​មនុស្ស​កាន់​តែ​ឆ្លាត​ទៅៗ។ ​ពួក​គេ​មិន​ល្ងង់​ដូច​មុន​ទៀត​ទេ។ ​អ្នក​លក់​កាន់​តែ​ច្រើន​ឡើងៗ​ និង​អ្នក​ទិញ​កាន់​តែ​តិច​ទៅៗ។ ​អ្នក​លក់​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ណាស់»។​

ការ​ប្រកួត​ប្រជែង​ ក៏​ដូច​ជា​ឱកាស​ការងារ​ មានច្រើន​នៅ​ទីនេះ។ ​តែ​សម្រាប់​មនុស្ស​មួយ​ចំនួន វា បែរជា​ការ​បាត់​បង់​ទៅ​វិញ។​

លោក​ឌុល​ ថាវរីន ​ដែល​ជា​អតីត​មន្ត្រី​ប៉ូលិស​មក​ពី​ខេត្ត​ស្វាយ​រៀង​ ហើយ​ដែល​បាន​ផ្លាស់​មករស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ដើម្បី​រក​ការងារ​ល្អ​ប្រសើ​ជាង​មុន​ បាន​និយាយ​ថា​ កំណើន​នេះ​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​អ្វី​សម្រាប់​លោក​ទេ។ ​លោក​បាន​និយាយ​ថា៖​«ចរាចរ​អត់​ល្អ​ លំបាក​ធ្វើ​ដំណើរ​ណាស់»។​

លោក​បាន​និយាយ​ថា​ លោកមិន​ចូល​ក្នុង​ហាង​កាហ្វេ​ និង​ផ្សារ​ទំនើប​នោះ​ទេ។​

លោក​និយាយ​ថា៖​ «អគារ​ទាំង​នោះ​គឺ​សម្រាប់​អ្នក​មាន»។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG