ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​សុំ​ជួប​ព្រឹទ្ធសភា​អំពី​សេចក្តី​ព្រាង​ច្បាប់​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌


កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ​ រដ្ឋ​សភា​បាន​អនុម័ត​សេចក្តី​​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ទាំងបី ​ដោយ​មិន​មាន​​ការ​ចូល​រួម​ពី​សំឡេង​សមា​ជិក​សភា​នៃ​គណបក្ស​ប្រឆាំង។
កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ​ រដ្ឋ​សភា​បាន​អនុម័ត​សេចក្តី​​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ទាំងបី ​ដោយ​មិន​មាន​​ការ​ចូល​រួម​ពី​សំឡេង​សមា​ជិក​សភា​នៃ​គណបក្ស​ប្រឆាំង។
អង្គការ​សង្គម​ស៊ីវិល​ធំៗ​ចំនួន​បួន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ទទូច​សុំ​ជួ​ប​ជាមួយ​ថ្នាក់​ដឹក​នាំ​ព្រឹទ្ធ​សភា​មួយ​ចំនួន​ ដើម្បី​លើក​ឡើង​អំពី​អនុសាសន៍​ និង​ការ​ព្រួយបារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​ លើ​សេចក្តី​ព្រាងច្បាប់​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ។ លិខិត​ដែល​មាន​ចុះ​ហត្ថលេខារួមគ្នា​មួយ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ បាន​ស្នើសុំ​ជួប​ជាមួយ​ប្រធាន​គណៈ​កម្មការ​ទី១​ ទី​៥​ និងទី​៦ នៃ​ព្រឹទ្ធ​សភា​ ​ដើម្បី​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ចំនួន​បី ​ដែល​រដ្ឋ​សភា​បាន​អនុម័ត​ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ​ ដោយ​មិន​មាន​ការ​ចូល​រួម​ពី​សំឡេង​សមា​ជិក​សភា​នៃ​គណបក្ស​ប្រឆាំង។

សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ​រួម​មាន​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គការ​តុលាការ​ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​របស់​អង្គ​ចៅក្រម​ និង​ព្រះ​រាជអាជ្ញា​ និង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម។

លោក សឹង​ សារឿន​គឺជា​នាយកប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​សហប្រត្តិបត្តិការ​ដើម្បី​កម្ពុជាដែល​មាន​បណ្តាញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​២០០​អង្គការ។ ថ្លែង​ក្រៅ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​អង្គការ​ប្រហែង​ជិត១០០​នាក់​ លោក​សារឿន​បញ្ជាក់​ថា ការ​ស្នើ​សុំ​ជួប​ជាមួយ​តំណាង​ព្រឹទ្ធិសភាដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​កែ​លម្អ​មួយ​ចំនួន​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំងនេះ។

«សង្គម​ស៊ីវិល​យើង​មិន​មាន​ចេតនា​លូក​ដៃ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល​នោះ​ទេ។​ យើង​គ្រាន់​តែ​ចង់​ផ្តល់​ជា​អនុសាសន៍​ដើម្បី​កែ​លម្អ​ដោយ​យល់​ឃើញ​ថា ខ្លឹម​សារ​នៃ​ច្បាប់​ទាំង​បី​ហ្នឹង​នឹង​មាន​ហានិភ័យ​ប៉ះ​ពាល់​ដល់​ឯករាជ្យភាព​របស់​តុលាការ»។

នេះ​គឺ​ជា​ការ​ព្យាយាម​បោះ​ជំហាន​ទៅ​មុខ​មួយ​ដំណាក់​កាល​ទៀត​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិលក្រោយ​ពី​បរាជ័យ​ក្នុង​ការ​ស្នើ​ឲ្យ​រដ្ឋ​សភា​ផ្អាក​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំងបី។

កាល​ពី​សប្តាហ៍មុន​ លោក​ ស៊ូរីយ៉ា​ស៊ូប៊ែឌី (​Surya ​P.​ Subedi) ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​លើក​ឡើង​ថា​ ការ​អនុម័ត​សេចក្តី​ពា្រង​ច្បាប់​ទាំង​នេះ​ធ្វើ​ឡើង​ដោយ​ប្រញាប់​ប្រញាលដែល​ជាហេតុ​ធ្វើ​ឲ្យ​ច្បាប់​នេះ​ខ្វះ​តម្លាភាព​ គណនេយ្យភាព​និង​ការ​ចូលរួម​ពី​ភាគី​ពាក់​ព័ន្ធ។​

​លោក ស៊ូប៊ែឌី ក៏​បាន​សម្តែង​ការ​សោកស្តាយ​ដែល​សភា​កម្ពុជា​មិន​ទទួល​យក​អនុសាស៍​ និង​ការ​ចូល​រួម​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល។

លោកបណ្ឌិត សុខ​ សំអឿន មេធាវី​ឯករាជ្យ​ថ្លែងថា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ជា​អ្នក​នយោបាយ​នឹង​មាន​អំណាច​លើស​លុប​ក្នុង​ការ​ចាត់​លើ​ចៅក្រម​ និង​តុលាការ​ប្រសិន​បើ​សេចក្តីព្រាង​ច្បាប់​ទាំងបី​នោះចូល​ជា​ធរមាន។

«ហិរញ្ញវុត្ថុ​ក៏​នៅ​លើ​ក្រសួង​យុត្តិធម៌​ អគ្គ​លេខាធិការ​ដ្ឋាន​ក៏​នៅ​លើ​ក្រសួង​យុត្តិធម៌​ សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​យើង​ឃើញ​មាន​អ្នក​នយោបាយ​ដល់​ទៅ​បួន​នាក់​ក្រោយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។​ តាម​រដ្ឋ​ធម្មនុញ្ញ​ព្រះមហាក្សត្រ​ជា​អ្នក​គ្រប់​គ្រង។ តែ​ឥឡូវ​ព្រះមហាក្សត្រ​ក៏​អត់​ ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​ក៏​អត់។ វាទៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌វិញ»។​

នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ លោកគង់ គាំ ប្រធាន​គណបក្ស​សម រង្ស៊ី និង​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូបយល់​ថា សេចក្តី​ព្រាង​ច្បាប់​សម្រាប់​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នោះនឹង​ធ្វើ​ឲ្យអនាគត​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​អំណាច​និតិប្រតិបត្តិ​យ៉ាង​ធ្ងន់​ធ្ងរ ឬ​មាន​ន័យថា​ប្រព័ន្ធ​តុលាការ​នឹង​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​រដ្ឋា​ភិបាល។

​ប្រធាន​គណបក្ស​សម រង្ស៊ី ដដែល​បាន​ស្នើ​ឲ្យ​ព្រឹទ្ធសភា​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ទាំងបី​ទៅ​កាន់​រដ្ឋ​សភា​វិញ។ តំណាង​រាស្រ្ថ​របស់​គណបក្ស​ប្រជាជន​ធ្លាប់​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែលថា សេចក្តី​ព្រាងច្បាប់​នោះ​អាច​ប៉ះ​ពាល់​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ​ ដោយ​សម្អាង​ថា ក្រសួង​យុត្តិធម៌​គ្រាន់​តែ​ដើរ​តួ​ជួយ​សម្រួល​ដល់​ការងារ​រដ្ឋបាល​របស់​តុលាការ​តែ​ប៉ុណ្ណោះ។

លោក​ អ៊ុំ​ សារឹទ្ធ អគ្គ​លេខា​ធិការ​ព្រឹទ្ធសភា​ថ្លែង​ថា ព្រឹទ្ធសភា​នៅ​មិន​ទាន់​បាន​ទទួល​លិខិត​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ឡើយ​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ៕
XS
SM
MD
LG