ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​រកឃើញ​ភាព​មិន​ប្រក្រតី​ដែល​នាំ​ឱ្យ​គណបក្ស​កាន់​អំណាច​នៅសល់​អាសនៈ​ច្រើន


កម្មករ​ខ្មែរ​ ឈរ​នៅ​ក្រោម​ស្លាក​សញ្ញា​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ថា "Where is my vote" ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «តើ​សន្លឹក​ឆ្នោត​របស់​ខ្ញុំ​នៅ​ឯណា?»។
កម្មករ​ខ្មែរ​ ឈរ​នៅ​ក្រោម​ស្លាក​សញ្ញា​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ថា "Where is my vote" ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «តើ​សន្លឹក​ឆ្នោត​របស់​ខ្ញុំ​នៅ​ឯណា?»។
ភ្នំពេញ៖ ការ​ចេញ​បណ្ណ​បញ្ជាក់​អត្ត​សញ្ញាណ​បណ្តោះ​អាសន្ន​ឬ​បណ្ណ​ខៀវ ​ការបង្កើត​ការិយាល័យ​បោះឆ្នោត​ថ្មី និង​ការ​បែងចែក​អាសនៈ​ក្រោយ​ថ្ងៃ​បោះឆ្នោតទំនង​ជា​ជួយ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​នៅ​រក្សាបាន​អាសនៈ​ច្រើន​សម្រាប់​ការ​បោះឆ្នោត​កន្លង​មក។ នេះ​បើ​តាម​របាយការណ៍​មួយ​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ​ដោយ​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល​មួយ។

របាយការណ៍​នេះ​ជា​ការ​សិក្សា​រួម​គ្នា​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការបោះឆ្នោត​ (ERA) ​ដែល​ជា​សម្ព័ន្ធ​នៃ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២០ ​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​ការ​បោះឆ្នោត​រួម​មាន ​អង្គការ​អាដហុក​ ​លីកាដូ ​ខុមហ្វ្រែល ​និកហ្វិក ​អង្គការ​តម្លាភាព​កម្ពុជា ​និង​វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ​(NDI) ​របស់​សហរដ្ឋ​អាមេរិក​ជាដើម។

របាយការណ៍​កម្រាស់​៦២​ទំព័រ​នេះ​រក​ឃើញ​ថា​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​សម្រាប់​បម្រើ​ឱ្យ​ការ​បោះឆ្នោត​(ICEs) ត្រូវ​បាន​ចេញ​ច្រើន​លើស​លប់​ជាង​តម្រូវ​ការ​ជាក់​ស្តែង​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ជា​ពិសេស​ក្នុង​បណ្តា​ខេត្ត​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ដូចជា​ព្រៃវែង​ ស្វាយរៀង ​និង​ខេត្ត​ពោធិ័សាត់​ជា​ដើម ​ដែល​ក្នុង​ខេត្ត​នីមួយ​ៗ​មាន​ការ​ចេញ​បណ្ណ​នេះ​ចន្លោះ​ពី​១០​ទៅ​២០​ភាគ​រយ​នៃ​អ្នក​បោះឆ្នោត​សរុប។ ប៉ុន្តែ​បើ​តាម​ការ​សិក្សា​មួយ​របស់​អង្គការ​ខុមហ្វ្រែល​ តម្រូវការ​បណ្ណ​នេះ​មាន​ត្រឹម​តែ​ប្រហែល​១​ភាគរយ​ប៉ុណ្ណោះ។ របាយការណ៍​ដដែល​នេះគូស​បញ្ជាក់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ច្រើន​លើស​ពី​ធម្មតា​នៅ​តាម​ការិយាល័យ​ដែល​ប្រើប្រាស់​បណ្ណខៀវ​នេះ។

លោក ប៉ែន រក្សា ​មន្ត្រី​កម្មវិធី​អង្គការ​តម្លាភាព​កម្ពុជា ​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នេះ​ថា​ការ​ចេញ​បណ្ណ​ខៀវ​នេះ​មាន​ការ​លម្អៀង​ផ្នែក​នយោបាយ។

«អ្នក​បោះឆ្នោត​ណា​ដែល​មិន​មាន​អត្តសញ្ញាណ​សម្រាប់​បោះឆ្នោត ​មាន​ន័យ​ថា​គាត់​បាត់ ​ខូច ​ឬ​ចោរ​លួច ​អាជ្ញាធរ​ហ្នឹង​ចេញ​ឱ្យ។ ហើយ​ICE​នេះ​ចេញ​ដោយ​មេ​ភូមិ ​មេ​ឃុំ ​ឬ​ក៏​ចៅ​សង្កាត់​ហើយ​មេ​ភូមិ ​ចៅ​សង្កាត់​ហ្នឹង​គឺ​បោះឆ្នោត​ជ្រើស​តាំង​ដោយ​គណបក្ស​នយោបាយ ​អញ្ចឹង​វា​មាន​លក្ខណៈ​លម្អៀង​ផ្នែក​នយោបាយ»។

ពីឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៣ ​មាន​ការ​ចេញ​បណ្ណ​ខៀវ​នេះ​ប្រហែល​១,៨​លាន​បណ្ណ។

លទ្ធផល​បោះឆ្នោត​កន្លង​មក​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ ​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​៥៥​អាសនៈ​បដិសេធ​មិន​ទទួល​យក​លទ្ធផល​នេះ ​ដោយ​ចោទ​ថា​ការ​បោះឆ្នោត​កន្លង​មក​មាន​ការ​កេង​បន្លំ​និង​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ។

របាយការណ៍​ដដែល​នេះ​ក៏​បាន​រកឃើញ​ថា​ការ​បង្កើត​ការិយាល័យ​បោះឆ្នោត​បន្ថែម​ក៏​ទំនង​ជា​ផ្តល់​ផល​ប្រយោជន៍​ដល់គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ តួ​យ៉ាង​ក្នុង​ចំណោម​ការិយាល័យ​បោះឆ្នោត​បង្កើត​ថ្មី​ចំនួន​៩០២​ការិយាល័យ ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​៦៩​ភាគរយ ប្រៀបធៀប​ហ្នឹង​សំឡេង​គាំទ្រ​មធ្យម​ត្រឹមតែ​៥៣​ភាគរយ​នៅ​ទូទាំង​ប្រទេស។

មួយ​វិញ​ទៀត ​ការ​បែងចែក​អាសនៈ​ក្រោយ​ថ្ងៃ​បោះឆ្នោត​បាន​បន្ថែម​អាសនៈ​មួយ​ចំនួន​ទៀត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។ របាយការណ៍​នេះ​កត់​សម្គាល់​ថា ​កូតា​នៃ​ចំនួន​អាសនៈ​ក្នុង​ខេត្ត​នីមួយៗ​មិន​ត្រូវ​បាន​គេ​ផ្លាស់ប្តូរ​ទេ​ជាងមួយ​ទសវត្សរ៍​មក​នេះ ​ទោះ​បី​ជា​មាន​ប្រជាពលរដ្ឋ​កើនឡើង​ឬ​ធ្វើ​ចំណាកស្រុក​ក៏​ដោយ។ ការ​បែងចែក​នេះ​គឺ​ផ្ទុយ​នឹង​មាត្រា​៧​នៃ​ច្បាប់​បោះឆ្នោត ​ដែល​តម្រូវ​ឱ្យ​បែងចែក​អាសនៈ​ថ្មី​ម្តង​ទៀត​ដោយ​ផ្អែក​ទៅ​លើ​និន្នាការ​ប្រជាសាស្ត្រ។ ជា​លទ្ធផល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​សំឡេង​គាំទ្រ​តែ​៥៣​ភាគរយ ​ប៉ុន្តែ​អាច​ទទួល​បាន​រហូត​ដល់​៦៨​លើ​១២៣​អាសនៈ។

របាយការណ៍​នេះ​ក៏​បាន​រកឃើញភាព​មិន​ប្រក្រតី​ផ្នែក​បច្ចេកទេស​មួយ​ចំនួន​ទៀត ​ដូចជា​បញ្ជី​ឈ្មោះ​និង​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​ត្រឹមត្រូវ ​ការ​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​និង​ការ​លម្អៀង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ជា​ដើម។

លោក គុល បញ្ញា ​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល ​ថ្លែង​ថា​រដ្ឋាភិបាល​គប្បី​ត្រូវ​ធ្វើ​កំណែ​ទម្រង់​បោះឆ្នោត​ឱ្យ​បាន​ស៊ី​ជម្រៅ​ដើម្បី​ការ​បោះឆ្នោត​មួយ​ដែល​អាច​ទទួល​យក​បាន​គ្រប់​ភាគី​ចូលរួម។

«ដំណើរការ​បោះឆ្នោត​ដែល​ពុំ​មាន​សុចរិតភាព​ត្រឹមត្រូវ​គឺ​ថា​ជាប់​ឆ្នោត​ក៏​អត់​កិត្តិយស ​អ្នក​ដែល​ចាញ់​ក៏​អត់​អស់​ចិត្ត ​មហាជន​ក៏​អត់​អស់​ចិត្ត ​អញ្ចឹង​ត្រូវ​តែ​គិត​គូរ​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ​ដែល​មាន​សុច្ចរិត​ភាព»។

ប៉ុន្តែ​លោក ទេព នីថា ​បាន​បដិសេធ​ការ​រកឃើញ​របស់​អង្គការ​សង្គមស៊ីវិល​នេះហើយ​ចោទ​ថា​វា​ជា​ការ​លម្អៀង​ផ្នែក​នយោបាយ​មួយ។

«ខ្ញុំ​គិត​ថា​នេះ​ជា​ការ​ចោទ​ប្រកាន់​ទេ។ តើ​យើង​ឃើញ​រាល់​ការ​សម្រេច​របស់​គជប​មាន​ការ​លម្អៀង​ទេ? ហើយ​អ្វី​ដែល​បាន​លើក​ឡើង​មួយ​ចំនួន​ដូច​ខ្ញុំ​និយាយ​ថា​មិន​មែន​លើក​ពី​បច្ចេកទេស ​មិន​មែន​វាយ​តម្លៃ​ឬ​ផ្ទៀងផ្ទាត់​នឹង​ការ​បោះឆ្នោត​ទេ ​គឺ​គាត់​លើក​ជា​ឆន្ទៈ​នយោបាយ​របស់​គាត់​ទេ»។

របាយការណ៍​នេះ​ផ្តល់​អនុសាសន៍​ថា​ដើម្បី​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​មួយ​ដោយ​ជោគជ័យ​ចាំ​បាច់​រំលាយ​គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​បច្ចុប្បន្ន​នេះ​សិន ​និង​បង្កើត​ គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ដែល​ឯករាជ្យ​មួយ៕
XS
SM
MD
LG