ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ដាស់​តឿន​អំពី​ការរំលោភ​បំពាន​លើ​សេរីភាព​ និង​សិទ្ធិ​មនុស្ស​នៅ​លើ​ពិភពលោក


ស្លាក​សញ្ញា​អង្គការ​លើកលេង​ទោស​អន្តរជាតិ។ អង្គការ​លើកលែង​ទោស​អន្តរជាតិ​ដាស់​តឿន​អំពី​ការរំលោភ​បំពាន​លើ​សេរីភាព​ និង​សិទ្ធិ​មនុស្ស​ នៅ​លើ​ពិភពលោក។
ស្លាក​សញ្ញា​អង្គការ​លើកលេង​ទោស​អន្តរជាតិ។ អង្គការ​លើកលែង​ទោស​អន្តរជាតិ​ដាស់​តឿន​អំពី​ការរំលោភ​បំពាន​លើ​សេរីភាព​ និង​សិទ្ធិ​មនុស្ស​ នៅ​លើ​ពិភពលោក។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ (Amnesty International) បាន​និយាយ​ថា​ ស្ថានភាព​​សិទ្ធិ​មនុស្ស​ពិភពលោក​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ​២០១៥​ ដោយសារ​ប្រព័ន្ធ​ដែល​ត្រូវបាន​តាក់តែង​ដើម្បី​ការពារ​សិទ្ធិ​មូលដ្ឋាន​ ស្ថិត​នៅ​ក្រោម​ការរំលោភ​បំពាន​ពី​រដ្ឋាភិបាល​នៅ​ប្រទេស​នានា។

សម្លេង​នៃ​យន្តហោះ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​កំពុង​សំដៅ​ទៅ​ទីក្រុង​ Aleppoដែល​ពោរពេញទៅ​ដោយ​ក្រុម​ឧទ្ទាមកាល​ពី​ដើម​ខែ​នេះ។​

លោកស្រី​ Tirana Hassan នៃ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ បាន​និយាយ​ថា​ សង្រ្គាម​ស៊ីវិល​ដ៏​ឃោរឃៅ​នៅ​ប្រទេស​ស៊ីរី​ នៅតែ​ជា​វិបត្តិបន្ទាន់បំផុត​ ជាពិសេស​សម្រាប់​ជន​ភៀស​ខ្លួន។​

«ជនភៀសខ្លួនជា អ្នកដែល​កំពុង​រត់គេច​ពី​ការវាយ​ប្រហារ​តាម​យន្តហោះ​ឥត​ឈប់ឈរ​របស់​កង​កម្លាំង​រុស្ស៊ី​ និង​ស៊ីរី។​ ហើយ​យើង​បាន​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​ករណី​យន្តហោះ​វាយ​ប្រហារ​មក​លើ​សាលារៀន​ មន្ទីរពេទ្យ​ និង​ផ្ទះ​សម្បែង​ប្រជាជន​ទូទៅ។​ ទ័ព​រុស្សី​និង​ស៊ីរី​កំពុង​បាញ់​តម្រង់​លើ​ជន​ស៊ីវិល​ និង​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​។​ នេះ​គឺជា​ឧក្រិដ្ឋកម្ម​សង្រ្គាម​យ៉ាង​ពិតប្រាកដ​ណាស់»។​

នា​ពេល​ថ្មីៗ​នេះ​ លោកស្រី​ Hassan បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ Kilisជាប់​ព្រំ​ប្រទល់​ប្រទេស​តួកគី​និង​ស៊ីរី​ ដែល​មាន​ជន​ភៀសខ្លួនថ្មី​ៗចំនួន​៥៨.០០០​នាក់​ កំពុង​ប្រមូល​ផ្តុំ​គ្នា​រង់ចាំ​ឆ្លង​ដែន​ទៅ​ប្រទេស​តួកគី។​ រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ បាន​បដិសេធ​មិន​ព្រម​បើក​ច្រក​ព្រំប្រទល់​ឡើយ។​

«បណ្តា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​បាន​ព្យាយាម​យក​ប្រទេស​តួកគី​ធ្វើ​ជា​ព្រំដែន​ការពារ​ ប៉ុន្តែ​វា​មិន​បាន​ផល​ទេ។​ ពេលនេះ​ ប្រជាជន​ដែល​នៅ​តាម​ព្រំដែន​តួកគី​ កំពុងតែ​អស់សង្ឃឹមជាខ្លាំង​ ហើយ​ពួកគេ​កំពុង​រក​មធ្យោបាយ​ឆ្លង​ដែនតាម​ច្រកខុស​ច្បាប់។​ ហើយ​យើង​ក៏​បាន​ចងក្រង​ឯកសារ​ជាច្រើន​ករណី​ទៀត​ ដូចជា​ការ​បាញ់​កាំភ្លើងលើ​ជន​ភៀស​ខ្លួនជុំ​វិញ​នោះដោយ​ឆ្មាំ​ការពារ​ព្រំដែន​របស់​តួកគី​ជាដើម​»។

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ ដែល​ទើប​ចេញ​ផ្សាយ​កាលពី​ថ្មីៗ​នេះ​ បាន​ឲ្យ​ដឹង​ថា​វិបត្តិ​របស់​ប្រទេស​ស៊ីរី​មានការ​ពាក់​ព័ន្ធ​នឹង​ភាព​ចុះ​ដុនដាប​នៃ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ជាសកល។​ អគ្គលេខាធិការ ​Salil Shetty បាន​បង្ហាញ​អំពី​ការ​រក​ឃើញ​នេះ។​

«ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ​ នៅតែ​បន្ត​ឈរ​មើល​ប្រទេស​ស៊ីរី​ប្រឈម​នឹង​ការ​ខូច​ខាត​ទាំង​ស្រុង​ ដោយ​មិន​អាច​ជួយ​អ្វី​បាន​។​ ប៉ុន្តែ​ មិន​ត្រឹមតែ​ប្រទេស​ស៊ីរី​ទេ​ ប្រទេស​អ៊ីរ៉ាក់​ យ៉េមែន​ លីប៊ី​ ប៊ូរុនឌី និង​កូរ៉េ​ខាង​ជើង​ ក៏​កំពុងតែ​ស្ថិត​ក្នុង​ភាព​រង្គោះ​រង្គើរ​ផង​ដែរ។​

លោក​ Shetty បានព្រមាន​ថាប្រព័ន្ធ​ដែល​ត្រូវ​បាន​តាក់តែង​ឡើង​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នោះ​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​។​

«បណ្តា​ប្រទេស​ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀងជន​ភៀស​ខ្លួន​នោះ​ កំពុងតែ​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​នេះ ដោយ​ឥត​អៀន​ខ្មាស​ នៅ​ពេល​មាន​ប្រជាជន​រាប់​លាន​នាក់​កំពុង​រត់​គេច​ពី​សង្រ្គាម​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ។​ ប្រទេសជា​ច្រើននៅ​ទ្វីប​អាហ្វ្រិក​ បាន​ចូល​រួម​គ្នា​ជា​ក្រុម​មួយ​ ដោយ​គម្រាម​នឹង​ដើរ​ចេញពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។​ នៅ​ក្នុង​កម្រិត​ថ្នាក់​តំបន់​ របបសិទ្ធិ​មនុស្ស​របស់​អឺរ៉ុប​កំពុង​ទទួល​រង​ការ​គំរាមកំហែង។»​

របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ បាន​គូស​បញ្ជាក់​នូវ​ភាព​ជោគជ័យ​មួយ​ចំនួន​ក្នុង​ឆ្នាំ​២០១៥​ ដែល​រួម​មាន​ ការ​ដោះលែង​អ្នកសារព័ត៌មាន​ Al Jazeera បី​នាក់​ដែល​បាន​ជាប់​ឃុំ​នៅ​ប្រទេស​អេហ្ស៊ីប​ និង​ការ​បើក​ស៊ើប​អង្កេត​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ លើស្ថានភាពនៅ​តំបន់​ West Bank និង​តំបន់​ហ្គាហ្សា(Gaza)៕​

ប្រែ​សម្រួល​ដោយ៖​ សើ​ សាយ្យាណា

XS
SM
MD
LG