ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​យុទ្ធជន​ខ្មែរ​ក្រហម​ទទួល​យក​ការ​កាត់​ទោស​មេ​របស់​ខ្លួន​ប៉ុន្តែ​សុំ​បញ្ចប់​ត្រឹម​នេះ


លោក Kon Pun ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​​អាយុ​៤៩​ឆ្នាំ​មួយ​រូប (នៅ​ឆ្នាំ​២០០៩) អង្គុយ​នៅ​មុខ​ផ្ទះ​​​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០០៩ ​នៅ​ប៉ៃលិន ដែល​ជា​អតីត​មូលដ្ឋាន​រឹង​មាំ​ចុង​​ក្រោយ​នៃ​ចលនា​ខ្មែរ​ក្រហម។
លោក Kon Pun ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​​អាយុ​៤៩​ឆ្នាំ​មួយ​រូប (នៅ​ឆ្នាំ​២០០៩) អង្គុយ​នៅ​មុខ​ផ្ទះ​​​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០០៩ ​នៅ​ប៉ៃលិន ដែល​ជា​អតីត​មូលដ្ឋាន​រឹង​មាំ​ចុង​​ក្រោយ​នៃ​ចលនា​ខ្មែរ​ក្រហម។

អតីត​យុទ្ធជន​ខ្មែរ​ក្រហម​ហាក់​ដូចជា​នៅ​មាន​ទស្សនៈ​បែងចែក​គ្នា​ចំពោះ​សាលក្រម​ប្រឆាំង​នឹង​នួន ជា ​អតីត​បង​ធំ​ទី​ពីរ ​និង​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​នា​សម័យ​ខ្មែរ​ក្រហម។

នួន ជា ​និង ​ខៀវ សំផន ​ត្រូវ​បាន​តុលាការ​ខ្មែរ​ក្រហម​សម្រេច​ទោស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

អ្នកស្រី ​ស៊ុំ​ អូន ​ដែល​រស់​នៅ​ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ជា​អតីត​កងទ័ព​ខ្មែរ​ក្រហម​ម្នាក់​យល់​ថា​មេដឹកនាំ​កំពូល​ទាំង​ពីរ​រូប​នៃ​របប​នេះ​មិន​មាន​បំណង​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ខ្លួន​ទេ ​ប៉ុន្តែ​ដោយ​សារ​ថ្នាក់ក្រោម​ប៉ុណ្ណោះ​ដែល​អនុវត្ត​ជ្រុល​លើស​ពី​គោលការណ៍​ថ្នាក់​លើ​ហើយ​អ្នកស្រី​ស្នើ​ឱ្យ​តុលាការ​រៀបចំ​ឃុំ​ឃាំងលោក ខៀវ សំផន​ និង​នួន ជា ​ឱ្យ​បាន​សមរម្យ​ត្បិត​ទណ្ឌិត​ទាំង​ពីរ​មាន​អាយុ​ចាស់​ជរា​ហើយ។

«យើង​ជា​កូន​ចៅ ​ការ​ដាក់​ទោស​ហ្នឹង​វា​សមស្រប​ហើយ ប៉ុន្តែ​ដោយ​សារ​យើង​ធ្លាប់​រស់​នៅ​ជា​អតីត​អ្នក​ចាស់​អញ្ចឹង គាត់​ធ្លាប់​ជា​មេ​ជា​កើយ​អញ្ចឹង ​មាន​ការ​សោកស្ដាយ។ អ្នក​ដឹកនាំ​ ផែនការ​មេ​ឱ្យ​ធ្វើ​អញ្ចេះ តែ​ដល់​ពេល​អ្នក​នៅ​ក្រោមៗ ​គាត់​ធ្វើ​ហួស​ប្រមាណ​ទៅមិន​ស្លាប់​មេ​ទៅ​ហើយ»។

អ្នក​ស្រី​ ស៊ុំ អូន ​ថ្លែង​យ៉ាង​ដូច្នេះ​បន្ទាប់​ពី​បាន​តាម​ដាន​ការ​ប្រកាស​សាលក្រម​នេះ​ តាម​រយៈ​ការ​ចាក់​បញ្ចាំង​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ បុគ្គលិក​នៃ​មជ្ឈមណ្ឌល​នេះ​ចុះ​ទៅ​កាន់​តំបន់​ចំនួន​២០​ក្នុង​ខេត្ត​ចំនួន​១២​ដែល​មិន​សូវ​ទទួល​បាន​ព័ត៌មាន​រួម​មាន​តំបន់​ការពារ​សម្បតិ្ត​វប្បធម៌ ​តំបន់​ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ ​និង​អតីត​មូលដ្ឋាន​ទ័ព​របស់​ខ្មែរ​ក្រហម ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​តាម​មូលដ្ឋាន​អាច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នូវ​ការ​ប្រកាស​សាលក្រម​សំណុំរឿង​០០២​វគ្គ​ទី១​ និង​សម្ដែង​ទស្សនៈ​របស់​ពួកគេ។

លោក អែម ប៉ក់ ​មេ​ឃុំ​ចំបក់ ​នៅ​ស្រុក​ម៉ាឡៃ ​និង​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​ក្នុង​របប​នោះ ពេញ​ចិត្ត​ចំពោះ​សេចក្តី​សម្រេច​នេះ។

«អត់​អី​ទេ ខ្ញុំ​ឯកភាព​ហើយ ​មូលហេតុ​ដោយ​គាត់​ប្រព្រឹត្ត​កន្លង​មក​ដែល​គាត់​ធ្វើ​ការ​គាប​សង្កត់​ទៅ​លើ​ប្រជាពលរដ្ឋ​អញ្ចឹង»។

ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ម្នាក់​ទៀត​ លោក ផូ លុន ​អាយុ​៥៧​ឆ្នាំ ​សព្វ​ថ្ងៃ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ម្នាក់​នៅ​ស្រុក​អន្លង់វែង ​ខេត្ត​ឧត្តរមានជ័យ​ ដែល​ជា​មូលដ្ឋាន​ទ័ព​ចុង​ក្រោយ​បង្អស់​របស់​ខ្មែរ​ក្រហម។ បុរស​វ័យ​ចំណាស់​ម្នាក់​នេះ​ក៏​គាំទ្រ​ការ​សម្រេច​របស់​តុលាការ​នេះ​ដែរ។

«គិត​ឃើញ​ថា​ជា​រឿង​ត្រឹម​ត្រូវ ​ព្រោះ​ប្រទេស​យើង​មាន​ច្បាប់ ​មាន​នីតិរដ្ឋ ​មាន​តុលាការ។ ត្រឹមត្រូវ​ហើយ»។

ដោយ​ឡែក​ប្រជាពលរដ្ឋ​សាមញ្ញ​បាន​បង្ហាញ​ជំហរ​ខុសៗ​គ្នា​ជុំ​វិញ​ការ​សម្រេច​នេះ។

លោក សុខ បឿន ​អាយុ​៦៦​ឆ្នាំ ​ជា​ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​សំបូរ ​ខេត្ត​ក្រចេះ ​យល់​ថា​ការ​កាត់​ទោស​នេះ​មិន​ទាន់​សមស្រប​ចំពោះ​អ្វី​ដែល​ទណ្ឌិត​ទាំង​ពីរ​បាន​ប្រព្រឹត្ត​នោះ​ទេ។

«ចិត្ត​ខ្ញុំ​បាទ​គឺ​ចង់​ឃើញ​គេ​ធ្វើ​បាប​គាត់​ ដូច​គេ​ធ្វើ​បាប​គេ​ពី​មុន​អញ្ចឹង។ ចង់​ឱ្យ​គេ​វាយ​ដូច​ជំនាន់​គាត់​វាយ​គេ​អញ្ចឹង។ ប៉ុន្តែ​ធ្វើ​ម៉េច ​គាត់​ចាស់​ទៅ​ហើយ»។

លោក បឿន ​បាន​បាត់បង់​សាច់​ញាតិ​៤​នាក់​ក្នុង​របប​នេះ។

​អ្នកស្រី ដាំ កាហ៊ើច ​អាយុ​៣១​ឆ្នាំ ​ជាជនជាតិ​គ្រឹង​ម្នាក់​នៅ​ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី។ អ្នកស្រី ​កាហ៊ើច​ រៀបរាប់​ថាជនជាតិ​ដើម​ភាគ​តិច​ក៏​រងគ្រោះ​ដោយ​របប​នេះ​ដែរ។ ជាក់​ស្ដែង​ឱពុក​ម្ដាយ​អ្នកស្រី​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​ការដ្ឋាន​មួយ​នៅ​ស្រុក​ជិត​នោះ ​ហើយ​ពូ​របស់​គាត់​ម្នាក់​ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​យក​ទៅ​វាយ​សម្លាប់។ យ៉ាង​ណា​ក៏​ដោយ ​គាត់​ពេញ​ចិត្ត​ចំពោះ​សេចក្តី​សម្រេច​នេះ។

«ចំណែក​ខ្ញុំ​ៗ​យល់​ថា​យុត្តិធម៌​ខ្លាំង​ណាស់ ​ដែល​គេ​កាត់​ទោស​បែប​នេះ។ ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ​ព្រោះ សម័យ​ឥឡូវ​យើង​ចេះ​សម្រាល​ទោស​គ្នា​ ហើយ​យើង​មាន​យុត្តិធម៌​ឥឡូវ ​យើង​មិន​ចិត្ត​អាក្រក់​ដូច​ពី​មុន​ទេ»។

លោក ជី ទេរិទិ្ធ ​ប្រធាន​ក្រុម​ជួយ​ជនរងគ្រោះ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ថ្លែង​ថា​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់​នៅ​ស្រុក​អន្លង់វែង​ភាគ​ច្រើន​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ដែល​បាន​ចូល​រួម​មើល​ការ​ផ្សាយ​បន្ដ​ផ្ទាល់​នៃ​ការ​ប្រកាស​សាលក្រម​នេះ​ជា​ទូទៅ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​សាលក្រម​នេះ ​ប៉ុន្តែ​ស្នើ​ឱ្យ​បញ្ឈប់​ការ​កាត់ទោស​ត្រឹម​សំណុំ​រឿង​០០២​នេះ។

«ចំណែក​ឯ​អតីត​ទាហាន​ខ្មែរ​ក្រហម​វិញ គាត់​យល់​ប្លែក។ គាត់​យល់​ថា​តុលាការ​ខ្មែរ​ក្រហម​ហ្នឹង និយាយ​ឱ្យ​ស្មោះត្រង់​ទៅ​គាត់​មាន​មាន​ការ​ភ័យ​ព្រួយ។ គាត់​ភ័យ​ខ្លាច​ថា​ជាប់​ពាក់ព័ន្ធ​នឹង​តុលាការ​នេះ។ ហើយ​ការ​កាត់​ទោស​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ ពួកគាត់​គិត​ថា​ជា​ការ​ត្រឹមត្រូវ​ហើយ​ ប៉ុន្តែ​គាត់​គិត​ថា​តុលាការ​ហ្នឹង​គួរ​បញ្ឈប់​ត្រឹម​ហ្នឹង។ មិន​គួរ​មាន​អ្វី​ត​ទៅ​ទៀត​ទេ»។

សាលាក្តី​ខ្មែរក្រហម​ចាប់​ផ្តើម​ដំណើរការ​តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០០៦​មក​ម្ល៉េះ​ពោល​គឺ​មាន​រយៈ​ពេល​ជាង​ប្រាំបី​ឆ្នាំ​ហើយ។ ​មាន​ជនជាប់​ចោទ​ចំនួន​ប្រាំ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​កាត់​ទោស​ក្នុង​សំណុំ​រឿង​០០១​ និង​សំណុំ​រឿង​០០២។​ ប៉ុន្តែ​ជនជាប់​ចោទ​ម្នាក់​គឺ ​អៀង សារី​ បាន​ស្លាប់​នៅ​ពេល​ដែល​ការ​កាត់​ទោស​កំពុង​ដំណើរ​ការ​ និង​ប្រពន្ធ​របស់​គាត់​អៀង ធីរិទ្ធ​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយសារ​បញ្ហា​ជំងឺ​វង្វេង​វង្វាន់​ធ្ងន់​ធ្ងរ៕

XS
SM
MD
LG