ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនន់​ទឹក​ភ្លៀង​បាន​​ថយ​ចុះ​ក្រោយ​ពី​បាន​សម្លាប់​មនុស្ស​និង​បំផ្លាញ​ដំណាំ


ស្រ្តី​ខ្មែរ​ម្នាក់​ជិះ​លើ​កង់​រថយន្ត នៅ​លើ​ទឹកជំនន់​ ដែល​ជន់​លើ​ផ្លូវ​មួយ​ក្នុង​ខេត្ត​កំពង់ធំ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១២០ គ.ម ភាគ​ខាង​ជើង​រាជធានី​ភ្នំពេញ។
ស្រ្តី​ខ្មែរ​ម្នាក់​ជិះ​លើ​កង់​រថយន្ត នៅ​លើ​ទឹកជំនន់​ ដែល​ជន់​លើ​ផ្លូវ​មួយ​ក្នុង​ខេត្ត​កំពង់ធំ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១២០ គ.ម ភាគ​ខាង​ជើង​រាជធានី​ភ្នំពេញ។
ភ្នំពេញ៖ ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ខេត្ត​ព្រះវិហារ​និង​ខេត្ត​កំពង់ធំ​ នៅ​ថ្ងៃ​ពុធ​នេះ​ កំពុង​វិល​មក​រកសភាព​ធូរស្រាល​វិញ​ហើយ។​ នេះ ​បើ​យោង​តាម​មន្ត្រី​ផ្លូវការ​កម្ពុជា។​

ប៉ុន្តែ​ ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ល្ងាច​ថ្ងៃម្សិល​មិញ​បាន​ធ្វើ​ឱ្យ​លិច​លង់​ដំណាំស្រូវ​និង​កសិផល​ជាង​១​ពាន់​ហិចតា​បន្ថែម​ទៀត​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ដែល​ស្ថិត​នៅ​ប៉ែក​ពាយព្យ​ប្រទេស។​
​លោក​កែវ វី ​នាយ​ខុទ្ទកាល័យ​ និង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ ​បាន​ឱ្យ​ដឹង​ថា​ កម្ពស់​ទឹក​ជំនន់​បាន​ចាប់​ផ្តើម​ស្រក​ជា​បណ្តើរៗហើយ​នៅថ្ងៃ​នេះ​ដោយសារ​តែ​ពុំ​មាន​ភ្លៀង​ធ្លាក់។​

ដោយឡែក​នៅ​ខេត្ត​បន្ទាយ​មានជ័យ ​ដំណាំ​ស្រូវ​និង​ដំណាំ​រួម​ផ្សំដែល​លិចលង់​បាន​កើន​ដល់​៤,៤៤៣​ហិចតា​ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​មួយ​មេធំ​បន្ថែម​ទៀត​កាលពី​ថ្ងៃ​អង្គារ​ ហើយ​មាន​ប្រជា​ពល​រដ្ឋ​សរុប​ចំនួន​៣៧៣​គ្រួសារ​ត្រូវ​បាន​ជម្លៀសទៅ​កាន់​កន្លែង​សុវត្ថិភាព។​

លោក​អោម ចន្ថា ​នាយក​រដ្ឋបាល​សាលា​ខេត្ត​បន្ទាយ​មានជ័យ​ក៏​បាន​ឱ្យ​ដឹង​ដូច​គ្នា​នេះ​ដែរ។​

លោក​និយាយ​ថា៖​ «ស្ថានភាព​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយ​មានជ័យ​នៅ​ថ្ងៃ​នេះ ដោយ​សារយប់​ម្សិល​មិញភ្លៀង​ខ្លាំង​ ដូចជា​នៅ​ទី​ប្រជុំជន​ ទឹក​ជ្រៅ​ណាស់​រហូត​ដល់​ត្រឹម​ជង្គង់​ឯ​ណោះ។​ ប៉ុន្តែមក​ដល់​ថ្ងៃ​នេះ​គឺ​បាន​ស្រក​ចុះ​អស់​ហើយ​នៅ​តាម​ទីប្រជុំជន។​ ហើយ​នៅ​ស្រុក​តាម​ព្រំដែន​ក៏​មាន​ការ​ស្រក​ចុះ​ខ្លះ​ដែរ។​ ប៉ុន្តែ​ប្រសិន​បើ​មាន​ភ្លៀង​នៅ​ថ្ងៃ​នេះ​ខ្លាំង​ទៀត​ វា​នឹង​នាំ​ឱ្យ​មាន​ការ​ជន​លិច​បន្ថែម​ទៀត»។​

លោក​ខូយ ឃុនហ៊ ​នាយក​រដ្ឋបាល​សាលា​ខេត្ត​ព្រះ​វិហារ​ ក៏​បាន​កត់​សម្គាល់​ឃើញកម្ពស់​ទឹក​មាន​ការ​ស្រក​ចុះដែរ ​នៅ​ខេត្ត​ព្រះ​វិហារ។​

លោក​និយាយថា៖​ «បើ​គិត​ពី​ព្រឹក​មក​ដល់​ពេល​នេះ​ គឺ​ស្រក​ពីរ​ហ៊ុន ​(០,០២​ម៉ែត្រ)។​ ប៉ុន្តែ​ពេល​ស្រក​ទៅ​ យើង​ឃើញ​ថា​ នៅ​ឃុំ​ព្រីង​ធំ​នោះ​ វា​រលួយ​ស្រូវ​អស់​៥៨​ហិចតា​ហើយ​លើ​ផ្ទៃ​ដី​ជាង​មួយ​ពាន់​ហិចតា ​ស្មើ​នឹង​ពលរដ្ឋ​៧៨​គ្រួសារ។ ​ខ្ញុំ​គិត​ថា​ វា​នឹង​ស្រក​បន្ត​ទៀត ​ព្រោះ​ថា ​នៅ​ស្រុក​ផ្នែក​ខាង​ក្រោម ​ទឹក​មាន​សភាព​ធូរ​ហើយ»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំសេចក្តី​ពន្យល់ពី​លោក​ម៉ៅ ហាក់ ​ប្រធាន​នាយកដ្ឋាន​ធនធាន​ទឹក​នៃ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ តែ​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

មក​ទល់​ពេល​នេះ ​ទឹក​ជំនន់​នៅ​ដើម​ឆ្នាំ​នេះ​ យ៉ាង​តិច​ណាស់​បាន​ធ្វើ​ឱ្យ​មនុស្សស្លាប់​៧​នាក់ ​ពលរដ្ឋ​៥៧៤​គ្រួសារ​ត្រូវ​បាន​ជម្លៀសទៅ​ទី​ទួល​មាន​សុវត្ថិភាព ​និង​បាន​ធ្វើ​ឱ្យ​លិច​លង់​ដី​កសិកម្ម​អស់​៦៨៦៦​ហិចតា។ ​

តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​តិច​ជាង​ឆ្នាំ​មុន។​

ទឹក​ជំនន់​ឆ្នាំមុន​បាន​ប៉ះពាល់​ខេត្ត​ចំនួន​១៨​ និង​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២៧​នាក់។​
មាន​ប្រជា​ពលរដ្ឋ​កម្ពុជា​ចំនួន​២៥០​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ឆ្នាំ​២០១១៕
XS
SM
MD
LG