ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​​ព្រួយបារម្ភ​​អំពី​ភាព​ត្រឹមត្រូវ ​មុន​ពេល​បោះឆ្នោត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា


មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​មីយ៉ាន់ម៉ា​ លោកស្រី Aung San Suu Kyi ថ្លែង​នៅ​សន្និសីទ​កាសែត​មួយ​នៅ​គេហដ្ឋាន​របស់​លោកស្រី​នៅ​ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥។
មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​មីយ៉ាន់ម៉ា​ លោកស្រី Aung San Suu Kyi ថ្លែង​នៅ​សន្និសីទ​កាសែត​មួយ​នៅ​គេហដ្ឋាន​របស់​លោកស្រី​នៅ​ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥។

ខណៈ​ពេល​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ប្រុងប្រៀប​ធ្វើ​ការ​បោះឆ្នោត​សាកល​លើក​ដំបូង​របស់​ខ្លួន​​ក្នុង​រយៈ​ពេល​ប្រហែល​២៥​ឆ្នាំ​ នៅ​ក្នុង​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ មាន​សេចក្ដី​សង្ឃឹម​លាយឡំ​ជា​មួយ​​ក្តី​បារម្ភ។

ខណៈ​ពេល​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ប្រុងប្រៀប​ធ្វើ​ការ​បោះឆ្នោត​សាកល​លើក​ដំបូង​របស់​ខ្លួនក្នុង​រយៈ​ពេល​ប្រហែល​២៥​ឆ្នាំ​ នៅ​ក្នុង​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ មាន​សេចក្ដី​សង្ឃឹម​លាយឡំ​ជា​មួយក្តី​បារម្ភ​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​នេះ។

នាង Yu Yu Khine បុគ្គលិក​ការិយាល័យ​មួយ​និយាយ​ថា៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ។ ​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ​យើង​នឹង​ឆ្លង​កាត់​រយៈកាលនេះ​បាន​យ៉ាង​រលូន​ និង​មិន​មាន​ការ​រំខាន​នោះ​ទេ។ ខ្ញុំ​ចង់​ឃើញ​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​មួយ»។

អ្នក​បើក​តាក់ស៊ី Mg Mg Than ​ទស្សន៍ទាយ​ថា៖ «​ខ្ញុំ​គិត​ថា ​វា​អាច​នឹង​មាន​ការ​ក្លែងបន្លំបន្តិចបន្តួច​ក្នុង​អំឡុង​ពេល​បោះឆ្នោត​នេះ ​ដោយ​សារ​តែ​ពួក​យោធា​បាន​ជ្រើសរើសសមាជិក​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត។ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា ​វា​នឹង​ធ្ងន់ធ្ងរ​ពេក​នោះ​ទេ»។

លោក Phil Robertson នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ជា​មួយ​នឹង​ការ​កើន​ឡើងនយោបាយ​ជាតិ​និយម​ជ្រុល​នៅ​ក្នុង​ប្រទេស​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ភាគច្រើន​នេះ​ធ្វើ​ឲ្យ «មានការ​ព្រួយ​បារម្ភ​ច្រើន​អំពី​អំពើ​ហិង្សា​ដែល​អាច​កើត​មាន​ឡើង រួម​បញ្ចូល​ទាំង​ទីកន្លែង​ដែល​ជន​មូស្លីម​នឹង​ត្រូវ​ទៅ​បោះឆ្នោត»។

មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ស្រី ​អ៊ុងសានស៊ូជី​ (Aung San Suu Kyi) និង​គណបក្ស​ NLD របស់​លោកស្រី​ បាន​ទទួល​ជ័យជម្នះក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​១៩៩០ ​ប៉ុន្តែ​ឧត្តមសេនីយ៍​កាន់​អំណាច​ក្នុង​ប្រទេស​នៅ​ពេល​នោះ​ បាន​រារាំង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) ពី​ការ​ឡើង​កាន់​អំណាច។ ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នៅ​ពេល​នេះ​ពួកគេនឹង​ទទួល​ជ័យជម្នះ​ម្ដង​ទៀត​ដើម្បី​ប្រឆាំង​នឹង​សត្រូវ​របស់​ខ្លួន​ ដែល​គ្រប់គ្រង​គណបក្ស​សាមគ្គី​សហព័ន្ធ​និង​ការ​អភិវឌ្ឍន៍ USDP ដែល​មាន​ការ​គាំទ្រ​ពី​អ្នក​មាន​អំណាច​ក្នុង​ជួរ​កងទ័ព។

សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​ត្រូវ​តាក់តែង​នៅ​ក្រោម​របប​យោធា​បាន​ចែង​ថា ប្រធានាធិបតី​មីយ៉ាន់ម៉ា​មិន​អាច​មានស្វាមី​ឬ​ភរិយា​ ឬ​កូន​ដែល​មាន​សញ្ជាតិ​បរទេស​ទេ។ បទបញ្ញត្តិ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ ២០០៨ នេះ ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​សំដៅ​ទៅ​លោកស្រី​ស៊ូជី​ ពីព្រោះ​ស្វាមី​ទី​២​របស់​លោកស្រី​ជា​ជនជាតិ​អង់គ្លេស។ បើ​ទោះ​ជា​ដឹង​ថា​មានការ​ហាម​ឃាត់​ផ្នែក​ច្បាប់​ក៏​ដោយ​ ក៏​លោកស្រី​បាន​ប្ដេជ្ញា​ថា​ នឹង​ក្លាយមេដឹកនាំរដ្ឋាភិបាល​ប្រសិន​បើ​គណបក្ស NLD ឈ្នះ​នៅ​ថ្ងៃ​បោះឆ្នោត។

លោកស្រី​ស៊ូជី​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្រុង​រ៉ង់ហ្គូន (Yangon) ថា៖ «ខ្ញុំ​បាន​និយាយ​ថា​ ប្រសិន​បើ​យើង​ឈ្នះ​ ហើយ​គណបក្ស NLD បាន​បង្កើត​រដ្ឋាភិបាល​មួយ​ ខ្ញុំ​នឹង​មាន​ឋានៈ​ខ្ពស់​ជាង​លោក​ប្រធានាធិបតី។ វា​ជា​សារ​ដ៏​សាមញ្ញ»។

លោកស្រី​ស៊ូជី​បាន​រៀបរាប់​អំពី​ដំណើរការ​បោះឆ្នោត​នោះ​ថា​ មាន​ភាព​មិន​ប្រក្រតី​និង​មាន​សំណួរ​ពី​ភាព​ត្រឹមត្រូវ​រួច​ទៅ​ហើយ។

បើ​យោង​តាម​លោក Robertson ដែល​ជា​នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ី​ ថា​សូម្បី​តែ​មុន​ពេល​មាន​ការ​បោះ​ឆ្នោត​នេះ​ ​ដំណើរការ​នេះ​ មាន​បញ្ហានៅ​ក្នុង​វិធី​សំខាន់ៗ​របស់​ខ្លួន។ លោក​បាន​លើក​ឡើង​ថា៖ «មាន​ភាព​លម្អៀង​ក្នុង​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​សហព័ន្ធ ការ​ខ្វះ​ឯករាជ្យភាព​សម្រាប់​ដំណើរការ​បណ្តឹង​ឧទ្ធរណ៍​ និង​ភាព​លម្អៀង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ»​ ដែលលម្អៀងទៅ​រក​គណបក្ស​ USDP ហួសហេតុ​ពេក និង​ស្ទើរ​តែ​មិន​បង្ហាញ​គណបក្ស​ផ្សេង​ទៀត​ឡើយ»។

កាលពី​ថ្ងៃ​ពុធ ​ទីប្រឹក្សា​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ លោក Adana Dieng និង​ លោកស្រី Jennifer Welsh ​ដែល​ជា​ទីប្រឹក្សា​ពិសេស​សម្រាប់​កិច្ចការ​កាតព្វកិច្ចការពារ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី «និន្នាការ​នយោបាយ​ជាតិ​សាសន៍​និង​សាសនា​ ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត»។ ពួកគេ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ​«ឲ្យ​ចាត់វិធានការ​ទាំង​អស់​ដែល​អាច​ធ្វើ​បាន​ ដើម្បី​ធានា​ថា​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នៅ​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ នៅ​ក្នុង​បរិយាកាស​ដែល​មាន​សន្តិភាព​មួយ»។

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​របស់​រដ្ឋ (UEC) បាន​សន្យា​ថា​ នឹងគ្មាន​ការ​រារាំង​នៅ​ក្នុង​ស្ថានីយ​បោះឆ្នោតនោះ​ទេ សម្រាប់​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ជាង​មួយ​ពាន់​នាក់​ ដែល​រួម​ទាំង​អ្នកឃ្លាំ​មើល​របស់​អន្តរជាតិផងដែរ។

លោក Jonathan Stonestreet នាយក​រង​នៅ​នៃ​គម្រោង​លទ្ធិប្រជាធិបតេយ្យ​នៃ​មជ្ឈមណ្ឌល Carter បាន​និយាយ​ថា៖ «ប្រសិន​បើ​យើង​ព្យាយាម​ចូល​ទៅ​កាន់​កន្លែង​ណា​មួយ​ ហើយ​យើង​មិន​ត្រូវ​បាន​អនុញ្ញាត​ ទោះវា​ជា​មូលដ្ឋាន​យោធា​ឬ​ស្ថានីយ​បោះឆ្នោត​ក៏​ដោយ​ យើង​នឹង​រាយការណ៍​វា​ក្នុង​របាយការណ៍​របស់​យើង‍»។

ជនជាតិ​មូស្លីមRohingyaក្នុង​រដ្ឋ Rakhine ក៏​ដូច​ជា​ជនជាតិ​ភាគ​តិច​ចិន​ និងឥណ្ឌាដែល​បាន​រស់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ជា​ច្រើន​ជំនាន់​ ស្ថិត​ក្នុង​ចំណោម​អ្នក​មិន​មាន​សិទ្ធិ​អាច​បោះឆ្នោត​បាន។ គណៈកម្មាធិការ UEC ​បាន​និយាយ​ផង​ដែរ​ថា ​ការ​បោះ​ឆ្នោត​នេះ​ នឹង​មិន​ធ្វើ​ឡើង​ទេ​នៅ​តាមទីប្រជុំជន​និង​ភូមិ​ជា​ច្រើន​នៅ​ក្នុង​រដ្ឋ ​Shan ​ដែល «ស្ថានភាព​មិន​អំណោយផល​ដល់​ការ​បោះ​ឆ្នោតសេរី​និង​ត្រឹមត្រូវ»​ ដោយ​សារ​តែ​មាន​ការ​បន្ត​ជម្លោះ​ប្រដាប់​អាវុធ​ រវាង​កងកម្លាំង​រដ្ឋាភិបាល​ និង​ក្រុម​ឧទ្ទាម​ជន​ជាតិ​ភាគ​តិច។

ជា​រួម មាន​មនុស្ស​ប្រមាណ​ជា​មួយ​ភាគ​ប្រាំ​នៃ​អ្នក​មាន​លក្ខណៈ​សម្បត្តិអាច​បោះ​ឆ្នោត​បាន ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ មិន​មានសិទ្ធិ​បោះឆ្នោត​ដោយហេតុ​ផល​ផ្សេងៗ។ ហើយ​ទោះ​បី​គណបក្ស​កាន់​អំណាច​ដែល​គាំទ្រ​ដោយ​យោធា​ឈ្នះ​ឬ​មិន​ឈ្នះ​ឆ្នោត​ក៏​ដោយ​ ក៏​យោធា​នៅ​រក្សា​អំណាច​ដដែល។ នេះ​គឺ​ដោយសារ​អាសនៈ​សភា​ចំនួន​មួយ​ភាគ​បួន​ត្រូវ​បាន​បម្រុងទុក​សម្រាប់​មន្ត្រី​យោធា៕

ប្រែសម្រួល​ដោយ មាន​ ឥស្សរាយស

XS
SM
MD
LG