ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​​ផ្តល់​ជំនួយ​ជាង​៤លាន​ដុល្លារ​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម​​សម្រាប់​ឆ្នាំ​២០១៨


នៅ​ក្នុង​បន្ទប់​សម្រាប់​អ្នក​សារព័ត៌មាន​ ធ្វើ​ការ​ផ្សាយ​ផ្ទាល់​អំពី​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ លោក ​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ ស​-២១​ ត្រូវ​បាន​កោះ​ហៅ​មក​ផ្តល់​សក្ខី​កម្ម​ក្នុង​សំណុំរឿង​ ០០២/០២។​ (នៅ វណ្ណារិន​/ VOA )
នៅ​ក្នុង​បន្ទប់​សម្រាប់​អ្នក​សារព័ត៌មាន​ ធ្វើ​ការ​ផ្សាយ​ផ្ទាល់​អំពី​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ លោក ​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ ស​-២១​ ត្រូវ​បាន​កោះ​ហៅ​មក​ផ្តល់​សក្ខី​កម្ម​ក្នុង​សំណុំរឿង​ ០០២/០២។​ (នៅ វណ្ណារិន​/ VOA )

សហភាព​អឺរ៉ុប​បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​៣លាន​៥​សែន​អឺរ៉ូគឺ​ជាង​៤​លាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម​​ក្នុង​នោះ​ទឹក​ប្រាក់​ចំនួន​២​លាន​២​សែន​៥​ម៉ឺន​អឺរ៉ូ​នឹង​ផ្តល់​ជូន​ភាគី​អន្តរ​ជាតិ​និង​១​លាន​២​សែន​៥​ម៉ឺន​អឺរ៉ូ​នឹង​ផ្តល់​ជូន​ភាគី​ជាតិ​ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការ​របស់​តុលាការ​នេះ​សម្រាប់​ឆ្នាំ​២០១៨។​ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​រួម​របស់​សាលាក្តី​ខ្មែរក្រហម​និង​សហភាព​អឺរ៉ុប​ចុះ​ថ្ងៃ​ទី​២៥​ខែ​មិថុនា។​​

ភាព​ចម្រូង​ចម្រាស​ធំៗ​រវាង​ភាគី​ជាតិ​និង​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​ គឺ​ទាក់ទង​នឹង​សំណុំ​រឿង​០០៣ ​និង​០០៤។​

សហ​ភាព​អឺរ៉ុប​គឺ​ជា​ម្ចាស់​ជំនួយ​ធំ​មួយ​ក្នុង​ចំណោម​ម្ចាស់​ជំនួយ​ធំៗ​របស់​សាលាក្តី​ខ្មែរក្រហម​ ហើយ​ការ​ផ្តល់​ជំនួយ​ចុងក្រោយ​នេះធ្វើឲ្យ​ជំនួយ​ហិរញ្ញវត្ថុ​ដែល​សហភាព​អឺរ៉ុប​បាន​ផ្តល់​ដល់​សាលាក្តី​នេះមាន​ចំនួន​សរុប​២២​លាន​៧សែន​អឺរ៉ូ​គឺ​ជាង​២៦​លាន​ដុល្លារ​ចាប់​តាំង​ពី​សាលាក្តី​ខ្មែរក្រហម​ចាប់​បដិសន្ធិ​នៅ​ឆ្នាំ​២០០៦។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ មន្ត្រី​ជាន់ខ្ពស់​របស់​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែង​អំណរ​គុណ​សហភាព​អឺរ៉ុប​ចំពោះ​ការ​បន្ត​ផ្តល់​ជំនួយ​នេះ។ ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​សង្កត់​ធ្ងន់​ថា ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​នេះ​នឹង​រួម​ចំណែក​បន្ត​និរន្តរ​ភាព​កិច្ចការ​របស់​សាលាក្តី​ដើម្បី​រក​យុត្តិធម៌​ចំពោះ​អំពើ​ឃោរឃៅ​នៃ​របបកម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ឆ្នាំ១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

គិតត្រឹម​ចុង​ឆ្នាំ​២០១៧​កន្លង​ទៅ សាលាក្តី​ខ្មែរ​ក្រហម​បាន​ចំណាយ​ថវិកា​អស់ជាង​៣​រយ​លាន​ដុល្លារ​អាមេរិក​សំរាប់​ដំណើរ​ការ​កាត់ទោស​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​របបខ្មែរ​ក្រហម។ ​រហូត​មក​ដល់​ពេល​នេះ​មាន​តែ​មេ​គុក​ទួលស្លែង​គឺ​កាំង ហ្គេកអ៊ាវ​ ហៅឌុច​ម្នាក់​ប៉ុណ្ណោះ​ដែល​សាលាក្តី​នេះ​បាន​កាត់ទោស​ចប់​ចុង​ចប់​ដើម​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។​

សហភាព​អឺរ៉ុប​គឺ​ជាដៃ​គូ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ចាប់​តាំងពី​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ក្រុង​ប៉ារីស​ ជាពិសេស​សហភាព​អឺរ៉ុប​ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​ផលិត​ផល​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​ដោយ​មាន​ការ​អនុ​គ្រោះពន្ធ។​ ប៉ុន្តែ​វិបត្តិ​នយោបាយនិង​វិបត្តិ​សិទ្ធិ​មនុស្ស​បាន​ធ្វើឲ្យ​សហ​ភាព​អឺរ៉ុប​សម្រេច​រឹតបន្តឹង​ទីផ្សារ​របស់​ខ្លួន​សម្រាប់​ប្រទេស​កម្ពុជា។​

សហភាព​អឺរ៉ុប​មាន​តំណាង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន​១៣៩​ ដោយ​លើក​កម្ពស់​គុណ​តម្លៃ ​និង​ផល​ប្រយោជន៍​សហភាព​អឺរ៉ុប ​ក្នុង​នោះ​រួមមាន​ ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ៕

XS
SM
MD
LG