ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្នំពេញ​ស្ងាត់​ជាងមុន​តែ​ពលរដ្ឋ​នៅ​តែ​មមាញឹក​ទទួល​ទេវតា​ឆ្នាំ​ថ្មី


​ថ្ងៃ​អង្គារ​នេះ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ភាព​មមាញឹក​យ៉ាងខ្លាំង​ក្នុង​ការ​រៀបចំ​រណ្តាប់​ទទួល​ទេវតាឆ្នាំ​ថ្មី​ឆ្នាំមមែ។ ជាមួយ​គ្នានេះ​ដែរ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ចាក​ចេញ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ស្រុក​កំណើត​រៀងៗ​ខ្លួន​ដើម្បី​ប្រារព្ធ​ពិធី​ចូល​ឆ្នាំថ្មី​នេះ​ដែរ។ ​

បើទោះ​ជា​នៅ​តាម​ដង​ផ្លូវ​នានា​ ​ក្នុង​ក្រុង​ភ្នំពេញ​មានភាព​ស្ងប់ស្ងាត់​ខុស​ពី​ធម្មតា​ តែ​នៅ​តាម​ទីផ្សារ​មួយ​ចំនួន​នៅក្នុង​ក្រុងភ្នំពេញ​នា​ពេល​ព្រឹកថ្ងៃអង្គារ​នេះ​ដែល​ជា​ថ្ងៃចូល​ឆ្នាំ​ថ្មី​ទី១​ ពោរពេញ​ដោយ​មនុស្ស​ម្នា​ជាច្រើន​ដែល​មក​ទិញ​ផ្កាភ្ញី​ ផ្លែ​ឈើ ​បាយសី និង​គ្រឿង​តុបតែង​ផ្ទះ​ជាដើម​ សម្រាប់​ទទួល​ទេវតា​ឆ្នាំថ្មី​ ព្រះនាម​ រាគ្យសៈទេវី។​

លោក​ចៅ សុគន្ធ​ ដែលរស់​នៅភ្នំពេញ ​ក៏​មាន​កា​រ មមាញឹក​ក្នុងការ​ទិញគ្រឿង​តុបតែងផ្ទះ​និង​ផ្លែឈើ​ដើម្បី​រៀប​ចំ​ទទួល​ទេវតា​ឆ្នាំថ្មី​នេះ​នៅផ្សារ​កណ្តាល។​ លោក​ បានថ្លែង​ថា​ការរៀបចំ​ទទួល​ទេវតា​ឆ្នាំថ្មី​នេះ​ជា​រឿង​សំខាន់​មួយ​សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ នៅ​ក្នុង​ការប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​នេះ​បន្ទាប់​ពី​ការ​ធ្វើ​ចង្ហាន់​ទៅ​វត្ត។​ សម្រាប់​លោក​ ចៅ សុគន្ធ​លោក​ត្រូវ​តែ​បំពេញ​ការងារ​មួយ​នេះ​ជា​មុនសិន​ មុន​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីរមណីយដ្ឋាន​ផ្សេងៗ​ដើម្បី​កម្សាន្ត​។

«នេះ​គឺ​ជា​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​របស់​យើង ​ហើយ​ថ្ងៃ​នេះគឺ​យើង​ត្រូវតែ​ប្រារព្ធ​កិច្ច​ជា​ដាច់​ខាត​ឲ្យ​តែ​ខ្មែរ​ត្រូវ​តែ​គោរព។​ និយាយ​រួម​ទៅ​គឺ​វា​គ្រប់​ផ្នែកទទួល​ទេវតា​ឆ្នាំថ្មី​ ផ្លាស់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី​ និង​សូម​ឲ្យ​មាន​សេចក្តី​សុខ​សេចក្តី​ចម្រើន»។

ដូច​គ្នា​នេះ​ដែរ​ លោក​ស្រីហេង សុផល​ អ្នក​រស់​នៅ​ទីក្រុងភ្នំពេញ​ក៏​បាន​ត្រៀម​រៀបចំបាយសី​និង​ផ្កាភ្ញី​ជា​ដើម។​ លោកស្រី​បាន​ឲ្យ​ដឹង​ថា​ការរៀបចំ​នេះ​គឺ​បាន​ធ្វើ​តៗគ្នា​តាំង​ពីដូនតា​មក​ម្ល៉េះ​ដើម្បីឲ្យ​ទេវតា​ឆ្នាំថ្មី​ប្រទាន​ពរ​និង​ មាន​សេចក្តីសុខ​នៅ​ក្នុង​ក្រុម​គ្រួសារ។​

«រៀបចំ​ កូនចេក​ ផ្លែចេក​ ហើយ​ ផ្លែឈើ​ផ្សេងៗ​មាន​ប៉មអី​ មានផ្កា។ ​ វាគ្រាន់តែជា​ជា​ទំនៀម​ទម្លាប់​មួយ​ដែល​គេ​នាំ​គ្នា​ធ្វើតៗ​គ្នា ហើយ​យើង​ក៏​ធ្វើ​ដែរ​ទៅ​ វាដើម្បី​សុំ​ឲ្យ​មាន​សេចក្តី​សុខ»។​

យោង​តាម​សៀវភៅ​មហា​សង្ក្រាន្ត​ខ្មែរ​ដែល​រៀបរៀង​ឡើង​ដោយ​លោក​អ៊ឹម​ បុរិន្ទ​ ទេវតា​ឆ្នាំថ្មី​ដែល​មាន​ឈ្មោះ​ថា​ រាគ្យសៈទេវី​បានមក​ដល់​ផែន​ដី​នៅ​ម៉ោង​២រសៀល​ថ្ងៃអង្គារ​នេះ​ដែល​ជា​ថ្ងៃទី​១​រប​ស់​ ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ ​ដែល​មានរយៈពេល​បី​ថ្ងៃ​នេះ។​ តាម​ទម្លាប់​ ប្រជាជន​ កម្ពុជា​តែងតែ​រៀបចំ​រណ្តាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដែល​មាន ​ផ្លែឈើ ​បាយសី​ ផ្កាភ្ញី​ ភេសជ្ជៈនិង ធូបទាន​ ជា​ដើមនៅ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន។​

ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ក្នុង​រមណីយដ្ឋាន​វត្តភ្នំ​ក៏​មាន​ការរៀបចំដង្វាយ​និង​ទូង​ស្គរ​ជ័យ​ទទួល​ទេវតា​ឆ្នាំថ្មី​ផង​ដែរ​នារ​សៀល​ថ្ងៃ​នេះ។​

លោក​ អ៊ឹម បុរិន្ទ​ ​អ្នកនិពន្ធ​ និង​ជា​អគ្គលេខាធិកា​រងនៃ​គណៈកម្មាធិការ​ជាតិ ​រៀប​ចំបុណ្យ​ជាតិ​និង​អន្តរជាតិ​បាន​ប្រាប់​វីអូអេ​ខេមរភាសា​ថាការ​រៀបចំ​រណ្តាប់​ទទួល​ទេវតា​បែប​នេះ​គឺ​មាន​ប្រវត្តិ​ជា​យូលង់​ណាស់​មកហើយ។​ ហើយ​ក៏​មានកត់​តា្រ​នៅ​ក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារទសមាស​ផង​ដែរ។

«យើង​មាន​ឃើញនៅ​ក្នុង​សៀវភៅ​ព្រះរាជពិធី​ទ្វារទសមាស​ ហើយ​នឹង​តាម​ការរៀបចំ​នៅ​ក្នុង​ព្រះរាជវាំង​ផង​ដែរ។ គ្រឿងសក្ការៈ​ហ្នឹង​មាន​ ការ​តាំង​រាន​ទេវតា​មួយ​ហើយ​ដាក់​គ្រឿងបូជា​ទេវតា​មាន​បាយ​សី​ផង​ដែរ​ មាន​បាយ​សី៩​ថ្នាក់​ បាយសី​៧ថ្នាក់បាយ​សី៥​ថ្នាក់ ​និង​បាយសី​៣ថ្នាក់​ និង​បាយ​សី​បា​ឆាម​ មួយគូៗ»។​

នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំទី១​នេះ​ គេ​ក៏​សង្កេត​ឃើញ​ថា​វត្ត​អារ៉ាម​នានា​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ក៏​មាន​ភាព​អ៊ូអរ​ផង​ដែរ​ ​ដោយ​ប្រជាពល​រដ្ឋ​ជា​ច្រើន​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​ដើម្បី​ឧទ្ទិស​ដល់​បុព្វការី​ជន​របស់​ផង​ខ្លួន។​ ជា​មួយ​គ្នា​នោះ​ដែរ​ ក៏​មាន​ការ​ស្រង់​ព្រះ​និង​ពូន​ភ្នំ​ខ្យាច់​ទៀត​ផង៕

XS
SM
MD
LG