ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​អប់រំ​ជំរុញ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ចាប់​ផ្តើម​កម្មវិធី​សិក្សា​អនឡាញ តែ​អ្នក​ជំនាញ​បារម្ភ​ពី​គុណ​ភាព


គ្រូបង្រៀនម្នាក់ កំពុងបង្រៀនមុខវិទ្យាគណិតវិទ្យា សម្រាប់សិស្សថ្នាក់ទី១២ តាមវីដេអូដែលត្រូវបានផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជននិងកីឡា។ (រូបថតដកស្រង់ពីវីដេអូ)
គ្រូបង្រៀនម្នាក់ កំពុងបង្រៀនមុខវិទ្យាគណិតវិទ្យា សម្រាប់សិស្សថ្នាក់ទី១២ តាមវីដេអូដែលត្រូវបានផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជននិងកីឡា។ (រូបថតដកស្រង់ពីវីដេអូ)

គ្រឹះ​ស្ថាន​អប់រំ​មួយ​ចំនួន​នៅ​កម្ពុជា ​បាន​ចាប់​ផ្តើម​រៀបចំ​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល ​បន្ទាប់​ពី​ក្រសួង​អប់រំ​បាន​ប្រកាស​បន្ត​បិទ​គ្រឹះស្ថាន​សិក្សា​ទូទាំង​ប្រទេស​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ​ដែល​កំពុង​រាត​ត្បាត​ជា​សាកល។​ ប៉ុន្តែ​អ្នក​ជំនាញ ​និង​សិស្ស​និស្សិត​បារម្ភ​អំពី​គុណភាព ​និង​លទ្ធភាព​ដែល​ពួក​គេ​មិន​អាច​ធ្វើ​ទៅ​រួច​ ដោយ​សារ​ប្រព័ន្ធ​អ៊ីនធឺណិត ​និង​កង្វះ​ឧបករណ៍។​

កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មេសា ក្រសួង​អប់រំ​បាន​ជូន​ដំណឹង​ឲ្យ​គ្រឹះស្ថាន​ឧត្តម​សិក្សា​បង្កើត​កម្មវិធី​សិក្សា​ ផលិត​វីដេអូ​បង្រៀន​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​គ្រប់​មុខវិជ្ជា ​នៅ​អំឡុង​ខែ​មេសា ​និង​ឧសភា ​និង​ចាប់​ដំណើរ​ការ​ឲ្យ​បាន​លឿន។​

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ លោក ​ហង់ ជួន ណារ៉ុន​បាន​ប្រាប់​ VOA ​កាលពី​ថ្ងៃ​អង្គារ​ថា​ គ្រឹះស្ថាន​អប់រំ​គ្រប់​កម្រិត​ត្រូវ​រៀបចំ​កម្មវិធី​សិក្សា​រៀងៗ​ខ្លួន​ ដោយសារ​ស្ថានភាព​នៃ​ជំងឺ​កូវីដ១៩​នេះ​ អាច​នឹង​អូស​បន្លាយ​យូរ​ទៀត។​

«យើង​លើក​ទឹកចិត្ត​ឲ្យ​សាលា​គ្រប់​កម្រិត​ទាំង​រដ្ឋ ទាំង​ឯកជន​ហ្នឹង​ ចាប់​ផ្តើម​គិត​ក្នុង​ការ​បង្រៀន​អន​ឡាញ។​ ហើយ​ចាប់​ផ្តើម​បាន​ប៉ុន្មាន​យក​ប៉ុណ្ណឹង​សិន។ ​អត់​ទាន់​ថា​ សព្វ​គ្រប់​ទេ​ ព្រោះ​រឿង​នេះ​គឺ​ត្រូវ​វិនិយោគ​ច្រើន។ ប៉ុន្តែ​ចំពោះ​មុខ​ គេ​អាច​ធ្វើ​បាន​ដោយ​ប្រើប្រាស់​នៅ​ប្រព័ន្ធ​បណ្តាញ​សង្គម»។​

ក្រសួង​អប់រំ​បាន​ផលិត​ជាវីដេអូ​តាម​មុខ​វិជ្ជា​ផ្សេងៗ​គ្នា​នៅ​ថ្នាក់​មធ្យម​សិក្សា​និង​បង្ហោះ​វីដេអូ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​ដែល​មាន​ឈ្មោះ​ថា​«Krou Cambodia»​និង​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ផង​ដែរ។​

ទោះ​យ៉ាង​ណា ​រដ្ឋ​មន្ត្រី​ក្រសួង​អបរំ​លោក ​ហង់ ជួន ណារ៉ុន​ទទួល​ស្គាល់​ថា​ ការ​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​មាន​កម្រិត​និង​មិន​អាច​ទទួល​បាន​គុណភាព​សិក្សា​ល្អ ​ដូច​ការ​សិក្សា​ក្នុង​ថ្នាក់​ផ្ទាល់​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖ ​«មិន​មែន​គ្រប់គ្រឹះស្ថាន​ទាំង​អស់​ទាំង​សាលា​រដ្ឋ​ទាំង​សាលា​ឯកជន​អាច​អនុវត្ត​អ៊ីចឹង​បាន​នោះ​ទេ​ ប៉ុន្តែ​វា​ជួយ​ឲ្យ​សិស្ស​ហ្នឹង​ បន្ត​រៀន​សូត្រ​កុំ​ឲ្យ​ឈប់។​ គ្រាន់​តែ​ថា​ ប្រសិទ្ធភាព​វា​មិន​បាន​ពេញ​លេញ​១​រយ​ភាគ​រយ ​ដូច​ជា​ទៅ​រៀន​ធម្មតា​ទេ​ ប៉ុន្តែ​អាច​ដោះ​ស្រាយ​បញ្ហា​ប្រឈម​បាន»។​

លោក ​អ៊ូ វីរៈ ​ប្រធាន​អង្គការ​វេទិកា​អនាគត​ មាន​ប្រសាសន៍​ថា ផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន​ និង​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ ប្រព័ន្ធ​សិក្សា​តាម​អ៊ីនធឺណិត​ ឬ​ឌីជីថល​ អាច​មាន​ការ​ពិបាក​សម្រាប់​កម្ពុជា​នៅ​ពេល​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«អន​ឡាញ​ធ្វើ​ទៅ​កើត​ទាល់​តែ​ក្មេង​នៅ​ជនបទ​ហ្នឹង ​គាត់​មាន​ទីតាំង​ស្ងាត់​ស្ងៀម​ក្នុង​ការ​គាត់​រៀន។​ ទីពីរ ​ទាល់​តែ​Content​[មាតិកា] ​គាត់​ហ្នឹង​ជោគជ័យ។​ ទីបី​ទាល់តែ​គាត់មាន​Laptop​ ឬ​មួយ​កុំព្យូទ័រ ​ឬ​មួយ​ Tablet​[កុំព្យូទ័រ បន្ទះ]​នៅ​ផ្ទះ​ អាច​ប្រើ​ទូរស័ព្ទ​បាន។​ ប៉ុន្តែ​ទី​បួន​ទាល់តែ​អ៊ីនធឺណិត​ហ្នឹង​វា​ច្បាស់​លាស់​ វា​ល្បឿន​លឿន ហើយ​តម្លៃ​ថោក»។​

លោក​បាន​បន្ថែម​ថា​ ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​អាច​ដំណើរការ​បាន រដ្ឋាភិបាល​គួរ​តែ​ចែក​ឧបករណ៍​ដូចជា​Tablet​[កុំព្យូទ័រ បន្ទះ]​សម្រាប់​សិស្ស​នៅ​ជនបទ​និង​ពង្រីក​ការ​គ្រប​ដណ្តប់​របស់​បណ្តាញ​អ៊ីនធឺណិត​ទៅ​តាម​តំបន់​ដាច់​ស្រយាល​ដើម្បី​ឲ្យ​សិស្ស​នៅ​តំបន់​ទាំង​នោះ ​ទទួល​បាន​ការ​សិក្សា​ពេញ​លេញ​ដូច​សិស្ស​នៅទីក្រុង​និង​តំបន់​ផ្សេងៗ។​

សាកល​វិទ្យាល័យ​រដ្ឋ ​និង​ឯកជន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​និង​ខ្លះ​ទៀត​កំពុង​សិក្សា​រៀបចំ។​

លោក​ ឯក មនោសែន ​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស ​មាន​ប្រសាសន៍​ថា ​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស​ បាន​ចាប់​ផ្តើម​ឲ្យ​និស្សិត​របស់​ខ្លួន​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល ​កាល​ពី​ថ្ងៃទី​១៩​ ខែ​មេសា បន្ទាប់​ពី​បាន​សាក​ល្បង​តាម​រយៈ​កម្មវិធី​ Zoom ​និង​កម្មវិធី ​Google Classroom។​

លោក​បាន​ថ្លែង​ប្រាប់ ​VOA ​ថា៖ ​«គិត​មក​ដល់​ឥឡូវ​នេះ ការ​រៀបចំ​បច្ចេក​ទេស​សម្រាប់​ដល់​ពួក​ប្អូនៗ​នោះ​ដូច​អត់​មាន​ការ​លំបាក​អី​ជា​ដុំ​កំភួន​ទេ។​ អ្វី​ដែល​ជា​ឧបសគ្គ​តិច​តួច​ទេ​ទៅ​លើ​បញ្ហា​អ៊ីនធឺណិត»។​

ប៉ុន្តែ​សាកល​វិទ្យាធិការ​រូប​នោះ​ជឿ​ថា​ និស្សិត​មាន​សមត្ថ​ភាព​និង​ចំណេះ​ដឹង​គ្រប់​គ្រាន់​ទាក់ទិន​នឹង​បច្ចេកវិទ្យា​ក្នុង​ការ​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល។

លោក ​កៀន តាក់ ​ជា​ព្រឹទ្ធ​បុរស​រង​មហា​វិទ្យាល័យ​វិស្វកម្ម ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មការ​រៀបចំ​ កែ​លម្អ​និង​អភិវឌ្ឍ​វេទិកា​ឌីជីថល​(Digital Platform)​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​(RUPP)​មាន​ប្រសាសន៍​ថាលោក​កំពុង​សិក្សា​ និង​រៀបចំ​កម្មវិធី​សិក្សា​សម្រាប់​និស្សិត​ និង​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​សម្រាប់​ការ​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​នេះ​ មុន​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​សប្តាហ៍​ក្រោយ។​ លោក​បន្ត​ថា ​បញ្ហា​ប្រឈម​ដែល​សាកល​វិទ្យាល័យ​កំពុង​ជួប​ប្រទះ​គឺ​ទាក់ទង​នឹង​មុខវិជ្ជា​ដែល​ត្រូវ​ការ​ការ​អនុវត្ត​ផ្ទាល់ ​និង​ត្រូវ​ប្រើប្រាស់​បន្ទប់​ពិសោធន៍​ជាដើម។​

លោក​មាន​ប្រសាសន៍​ថា៖​ «បញ្ហា​ប្រឈម​នោះ​គឺយើង​ប្រឈម​ជាមួយ​នឹង​មុខវិជ្ជា​ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​ Lab ​[បន្ទប់​ពិសោធន៍]​ដែល​ត្រូវ​ចូល​ធ្វើ​ពិសោធន៍​ធ្វើ​អីហ្នឹង។​ យើង​កំពុង​តែ​ដោះស្រាយ​រឿង​ហ្នឹង ​ហើយ​ទោះ​យ៉ាង​ណា​ក៏​ត្រូវ​តែ​ទៅ​មុខ​ហើយ។​ វា​មិន​មែន​ជា​ឧបសគ្គ​អី​ដែល​ថា​ ត្រូវ​បញ្ឈប់​ហើយ​បង្រៀន​មិន​កើត​នោះទេ។ យ៉ាង​ហោច​ណាស់​យើង​គិត​ថា ​វាគ្រាន់​បើ​ជាង​គាត់​អត់មាន​អី​សោះ»។​

កញ្ញា​ ណូ និមល ​អាយុ​២១​ឆ្នាំ ​កំពុង​រៀន​ភាសា​ចិន​ឆ្នាំ​ទី​១​នៅ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប ​និង​ជា​និស្សិត​ឆ្នាំ​ទី៣​ផ្នែក​គណនេយ្យ​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង។​ យុវតី​រូប​នេះ​កំពុង​សិក្សា​ភាសា​ចិន​តាម​ប្រព័ន្ធ​ឌីជីថល​ដែល​រៀប​ចំ​ដោយ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប តាម​រយៈ​កម្មវិធី​'Zoom។​

កញ្ញា​ត្អូញ​ត្អែរ​ថា​ ការ​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​នេះ​មាន​ការ​លំបាក ​និង​មិន​គ្រប់ជ្រុង​ជ្រោយ​ដូច​ការ​រៀន​ក្នុង​ថ្នាក់​នោះ​ទេ។​

«ពិបាក​ត្រង់​ថា​ រៀន​អត់​បាន​គ្រប់គ្នា​ ពិបាក​ស្តាប់​ ដូច​ថា​សេវា​ខ្សោយ​អ៊ីចឹង​ សំឡេង​ឮ​អត់​បាន​ច្បាស់​ហើយ​ រៀន​ក៏​អត់​បាន​ដិត​ដល់​ដូច​រៀន​ផ្ទាល់​ ពិបាក​សួរ​ពិបាក​អ៊ីចឹង»។​

យុវតី ​ណូ និមល​ ក៏​បារម្ភ​អំពី​ការ​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​របស់​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ​ដែល​នឹង​ត្រូវ​អនុវត្ត​ក្នុង​ខែ​ឧសភា​ខាង​មុខ​ដែរ ​ចំពោះ​មុខ​ជំនាញ​គណនេយ្យ។

«បារម្ភ​បង​ ព្រោះ​នៅ​ NUM​[សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង]​មិនមែន​ដូច​ភាសា​អី។​ ភាសា​យើង​គ្រាន់​តែ​មើល​សៀវ​ភៅ​ មើល​និយមន័យ​អីស្រួលរៀន​អ៊ីចឹង​ណា៎។ អា​នោះ​មាន​លេខ ​មាន​លំហាត់​ត្រូវការ​អនុវត្ត ​ត្រូវ​ការ​សួរ​គ្រូ​ច្រើន។ បើ​រៀន​លំហាត់ ខ្លាច​តែ​វា​ពិបាក​រៀន»។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រុម​អាណាព្យាបាល​មួយ​ចំនួន​បាន​តវ៉ា​លើក​បដា​នៅ​ខាង​មុខ​សាលា​អន្តរជាតិ​ CIA First ​នៅ​តាម​ផ្លូវ​២០០៤​ ក្នុង​ខណ្ឌ​សែនសុខ​ ដោយ​មិន​អនុញ្ញាត​ឲ្យ​កូនៗ​របស់​ខ្លួន​រៀន​អនឡាញ ​បើ​សិន​ជា​សាលា​នេះ​គិត​តម្លៃ​សិក្សា​ដដែល។​ បន្ទាប់​ពី​ការ​តវ៉ា ​និង​ការ​ចរចា​ជាមួយ​អាណា​ព្យាបាល សាលា​បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​សម្រេច​ចុះ​តម្លៃ​២៥​ភាគ​រយ​សម្រាប់​ថ្នាក់​មត្តេយ្យ​និង​១៥​ភាគ​រយ​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​១២៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG