ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​ផលិតករ​រឿង​ «សត្រូវ​របស់​ប្រជាជន»​ផ្សព្វផ្សាយ​លក់ DVD​ រឿងនេះ​ និង​ផ្សព្វផ្សាយ​រឿង​ទីពីរ


លោក​ថេត សម្បត្តិ​សហ​ផលិតករ​ខ្សែ​ភាពយន្ត​«សត្រូវ​របស់​ប្រជាជន»​ ឆ្លើយ​សំណួរ​​របស់​ទស្សនិកជន​នៅ​ក្នុង​កម្មវិធី​បញ្ចាំង​ភាពយន្ត​នេះ​នៅ​វត្ត​ពុទ្ធិការាម​ នៅ​ទីក្រុង ​Silver Spring ​រដ្ឋ​ Maryland​ សហរដ្ឋអាមេរិក។
លោក​ថេត សម្បត្តិ​សហ​ផលិតករ​ខ្សែ​ភាពយន្ត​«សត្រូវ​របស់​ប្រជាជន»​ ឆ្លើយ​សំណួរ​​របស់​ទស្សនិកជន​នៅ​ក្នុង​កម្មវិធី​បញ្ចាំង​ភាពយន្ត​នេះ​នៅ​វត្ត​ពុទ្ធិការាម​ នៅ​ទីក្រុង ​Silver Spring ​រដ្ឋ​ Maryland​ សហរដ្ឋអាមេរិក។

កាលពី​ថ្ងៃអាទិត្យ​ សហ​ផលិតករ​ខ្សែភាពយន្ត​ «សត្រូវរបស់ប្រជាជន»​ បានឆ្លៀត​ឱកាស​យក​ខ្សែ​ភាពយន្ត​នេះ​មក​បញ្ចាំង​នៅ​វត្ត​ពុទ្ធិការាម​ នៅ​ទីក្រុង ​Silver Spring ​រដ្ឋ​ Maryland​ ពេល​លោក​ថត សម្បត្តិ​ត្រូវ​មក​រដ្ឋធានី​វ៉ាស៊ីនតោន​មួយ​សប្តាហ៍​ ដើម្បី​ទទួល​រង្វាន់​ពី​ International Center for Journalism ​គឺ​មជ្ឍមណ្ឌល​អ្នក​សារព័ត៌មាន។​ លោក​មក​ទទួល​រង្វាន់នេះ​ជាមួយ​អ្នក​យកព័ត៌មាន​ឆ្នើមៗ​ផ្សេងៗ​ទៀត​ក្នុង​ពិភព​លោក​ដែល​បាន​ទទួល​រង្វាន់​ប្រចាំឆ្នាំ​នេះដែរ។

ឈុត​ខ្លះ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​តក់​ស្លុត​រន្ធត់​ ហើយ​ឈុត​ដដែល​នេះ​ក៏​បាន​ធ្វើ​ឲ្យ​អ្នកផ្សេង​ទៀត​ផ្ទុះ​សំណើច​ដែរ​ ព្រោះ​ថា​ ក្នុង​ខ្សែ​ភាពយន្ត​នេះ​ អ្នក​ធ្វើ​ត្រាប់​ជា​ជនរង​គ្រោះនៃអំពើ​ឃាតកម្ម ​បាន​បង្ហាញ​ការ​ញើត​ញញើម​ ហើយ​ប្រយ័ត្ន​ប្រយែង។

ក្រោយ​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ​ លោក​ទាំងពីរ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​ជិត​៥០​នាក់​សួរ​អំពី​ខ្សែ​ភាពយន្ត​នេះ​ និង​អំពី​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម​ដែល​គេ​បាន​ឮ​តែ​គ្មាន​ការ​បកស្រាយ​កន្លង​មក។

លោក​ថេត សម្បត្តិ​សហ​ផលិតករ​ខ្សែ​ភាពយន្ត​«សត្រូវរបស់​ប្រជាជន»​បាន​ប្រាប់​ពី​មូលហេតុ​ដែល​លោក​សម្រេច​យក​ខ្សែ​ភាពយន្ត​នេះ​មក​បញ្ចាំង​ជូន​ជនជាតិ​ខ្មែរ​ទស្សនា។ ​លោក​បាន​ឲ្យ​ដឹង​ថា៖

«បញ្ចាំង​នៅ​វត្តខ្មែរ​ ព្រោះ​វត្ត​គឺ​ជា​ទីកន្លែង​ខ្មែរ​យើង​មក​ជួបជុំ។​ ហេតុដូច្នេះ​យើង​សម្រេច​យក​វត្ត​ហ្នឹង​ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ដល់​បងប្អូន​ខ្មែរ​យើង​ ព្រោះ​បងប្អូន​ខ្មែរយើង​ជា​ជន​រងគ្រោះ។ ​តាម​ខ្ញុំ​ដឹង​បងប្អូន​ខ្មែរ​យើង​ទាំងអស់​គ្នា​នៅ​មន្ទិល​សង្ស័យ​ មិន​ទាន់​បាន​យល់​ច្បាស់​ច្បាស់​ថា ​ហេតុអ្វី​បាន​មាន​ការ​សម្លាប់​រង្គាល​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩​នោះ»។

លោក​Rob Lemkin ​សហ​ផលិតករ​ខ្សែ​ភាពយន្ត​នេះ​ជាមួយ​នឹង​លោក​ថេត សម្បត្តិ​បាន​ពន្យល់ថា៖

«នេះ​ជា​លើក​ទីមួយ​ហើយ ​ព្រោះ​កន្លង​មក​មិន​ដែល​មាន​អ្នកណា​និយាយ​ប្រាប់​រឿង​ បែប​នេះ​ ហើយ​បាន​សារភាព​ពី​មេ​ដឹកនាំ​ថ្នាក់​កំពូល​ ដូច​ជា​នួន ជា​រហូត​ ដល់​កម្មាភិបាល​ថ្នាក់​ទាប​ ដូច​ជា​ឃួន ​និង​សួន។ ​គេ​និយាយ​ដោយ​ស្មោះត្រង់​ និង​បើក​ចំហ​អំពី​ការណ៍​ពិត។​ នេះ​ជា​ប្រវត្តិសាស្ត្រ ​ដែល​កំពុង​កើត​ឡើង»។

អ្នកស្រី​ឈុន ឆោមម៉ាណា ​លេខា​គណៈ​កម្មការ​វត្ត​ពុទ្ធិការាម​ និយាយ​ថា ​អ្នកស្រី​មិន​បាន​រង​ទុក្ខ​ក្នុង​របប​ខ្មែរក្រហម​ទេ​ តែ​ឪពុក​ម្តាយ​ បងប្អូន​សរុប​១៣​នាក់​បាន​ស្លាប់​ក្នុង​របប​វាល​ពិឃាត​នេះ។ អ្នកស្រី​និយាយ​ថា៖

«នៅ​ពេល​ដែល​ខ្ញុំ​មើល​កុន​ដែល​លោក​ថេត សម្បត្តិ​យក​ខ្សែភាព​យន្ត​«សត្រូវ​ប្រជាជន»​មក​បញ្ចាំង​នៅ​ក្នុង​ទី​វត្ត​ពុទ្ធិការាម​នេះ ​ខ្ញុំ​មាន​អារម្មណ៍​រន្ធត់។​ គេ​យក​មនុស្ស​មក​សម្តែង​ធ្វើជា​សម្លាប់​ចាក់ក ​ខ្ញុំ​រន្ធត់​ខ្លាំង ​ហើយ​ស្រមៃ​ទៅ​ដល់​ពេល​ដែល​ប៉ុល ពត​ ឬ​ក៏​ក្រុម​ខ្មែរក្រហម​សម្លាប់​ប្រជាជន​យើង​របៀប​ហ្នឹង​គឺ​ថា ​គួរ​ឲ្យ​ខ្លាច»។

ឧបាសក​គង់ ហេង​ក៏​បាត់បង់​ឪពុកម្តាយ​និង​សាច់ញាតិ​មិនតិច​ដែរ​គឺ​១២​នាក់​ ដោយ​ការ​កាប់​សម្លាប់ ​និង​បង្អត់​អាហារ​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​នេះ។ លោក​មាន​ប្រសាសន៍​ថា៖

«កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល ​និង​អ.ស.ប.​បាន​សម្រេច​ថា ​កាត់ទោស​តែ​អ្នកធំៗ​ទេ​ ណា៎។​ ​បើ​កាត់​ទោស​អ្នក​តូចៗ​ដូចពួក​អម្បាញ់មិញ​ដែល​ខ្ញុំ​ឃើញ​នោះ​ ច្រើន​ណាស់​ពួក​ហ្នឹង​នោះ​ មិន​តិច​ទេ។ ​ថ្វី​បើ​ខ្ញុំ​មាន​បងប្អូន​ឪពុកម្តាយ​ឯង​ស្លាប់​ ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ឃើញ​ថា​ បើ​ធ្វើ​តទៅ​ទៀត​ វា​កើត​អសន្តិសុខ​ទៀត។​ ម្ល៉ោះ​ហើយ​គឺ​ថា ​បើ​ចប់ត្រឹម​ហ្នឹង​ទៅ​ក៏វា​ម៉្យាង​ដែរ»។

លោក​ថេត សម្បត្តិ​និង​លោក​ Rob Lemkin​ បាន​ផ្សព្វផ្សាយ​លក់​DVD​«សត្រូវ​ប្រជាជន»​នេះ​ដើម្បី​ប្រមូល​ថវិកា​ផលិត​ខ្សែ​ភាពយន្ត​មួយ​ទៀត​ ដែល​និយាយ​អំពី​មូលហេតុ​នយោបាយ​ និងអ្នក​នៅ​ពីក្រោយ​ការ​សម្លាប់​ប្រជាជន​ខ្មែរ​ក្នុង​សម័យ​ខ្មែរក្រហម។ ​ខ្សែ​ភាពយន្ត «សត្រូវប្រជាជន» ​នេះ​គ្រាន់តែ​បង្ហាញ​អ្នក​អនុវត្ត​ការ​កាប់​សម្លាប់ ​និង​បទ​សម្ភាសន៍​ជា​មួយ​នួន ជា​ ដែល​សារភាព​ថា​ មាន​ការ​កាប់​សម្លាប់​មែន។

អ្នក​ចូលរួម​ភាគ​ច្រើន​ចង់ជាវ​ DVD​«សត្រូវប្រជាជន»​នេះ​ ហើយ​ក៏​ទន្ទឹង​រង់ចាំ ​DVD​រឿង​ទី២​ដែរ។​អ្នកស្រី​ឈុន ឆោមម៉ាណា​និយាយ​ថា​៖

«នៅ​ក្នុង​ខ្សែ​ភាពយន្ត​ទីមួយ​គឺ​«សត្រូវ​ប្រជាជន»​នេះ​ ខ្ញុំ​មើល​ទៅ​នៅ​មិន​យល់។​ គេ​មាន​បង្ហាញ​មនុស្ស​ប្រុស​ម្នាក់​ ស្រីម្នាក់​ តែ​ខ្ញុំ​នៅ​មិនទាន់​ដឹង​ថា​ អ្នកណា​ជា​អ្នក​បញ្ជា​ និង​បង្គាប់​ឲ្យ​សម្លាប់​ខ្មែរ​យើង​ទាំងអស់​នោះ​ទេ ចា៎។​ នេះ​ជា​រឿង​អាថ៌​កំបាំង​ដែល​លោក​និយាយ​ថា​ នឹង​ផ្សាយ​ក្នុង​ខ្សែ​ភាពយន្ត​ទីពីរ​ ដែល​គាត់​នឹង​ធ្វើ​ក្នុង​ពេល​អនាគត​ ចា៎»។

ក្រោយពី​បាន​ទស្សនា​រឿង​«សត្រូវប្រជាជន»​នេះ អ្នក​ចូល​រួម​កាន់តែ​ឆ្ងល់​អំពី​រឿងរ៉ាវ​ក្នុង​សម័យ​ខ្មែរក្រហម ​និង​មិន​អស់ចិត្ត​ថា​ តើ​មាន​រឿង​អ្វី ​មាន​នយោបាយ​អ្វី​នៅ​ពីក្រោយ​អំពើ​ប្រល័យ​ពូជ​សាសន៍​នេះ៕

XS
SM
MD
LG