ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​ត្អូញត្អែរ​ពី​បញ្ហា​ប្រេងសាំង​ឡើងថ្លៃ​ដោយសារ​វិបត្តិ​នៅ​ពិភព​អារ៉ាប់


ស្ថានីយ៍​ប្រេង​ឥន្ធនៈ​​​មួយ​នៅ​ទី​ក្រុង​សាន់​ហ្វ្រាន់ស៊ីស្កូ សហរដ្ឋ​អាមេរិក បង្ហាញ​នូវ​តម្លៃ​ប្រេងសាំង​ដែល​កាន់​តែ​ឡើង​ថ្លៃ កាល​ពី​ថ្ងៃ​ទី​០៤​ខែ​មិនា​ឆ្នាំ​២០១១។
ស្ថានីយ៍​ប្រេង​ឥន្ធនៈ​​​មួយ​នៅ​ទី​ក្រុង​សាន់​ហ្វ្រាន់ស៊ីស្កូ សហរដ្ឋ​អាមេរិក បង្ហាញ​នូវ​តម្លៃ​ប្រេងសាំង​ដែល​កាន់​តែ​ឡើង​ថ្លៃ កាល​ពី​ថ្ងៃ​ទី​០៤​ខែ​មិនា​ឆ្នាំ​២០១១។

តម្លៃ​ប្រេង​ឡើងថ្លៃ​នៅពេល​បច្ចុប្បន្ន​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​និង​មុខរបរ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ទទួលស្គាល់​ថា​ការ​បះបោរ​នៅ​តំបន់​មជ្ឈិម​បូព៌ា​និង​អាហ្វ្រិក​ខាងជើង​បាន​បណ្តាល​ឱ្យ​ប្រេង​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ចាប់​តាំង​ពីខែ​មករា​មក​ប៉ុន្តែ​ក៏​លើកឡើង​ថា​រដ្ឋាភិបាល​គួរចាត់​វិធានការ​ជួយដល់​ពួកគេ។

នៅ​ថ្ងៃអង្គារ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​សម្តែង​ការមិនសប្បាយ​ចិត្ត​ចំពោះ​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​និង​មុខរបរ​របស់​មនុស្ស​ទូទៅ។

ចលនា​បះបោរ​របស់​ប្រជាពលរដ្ឋ​នៅ​ប្រទេស​ទុយនេស៊ី ​លីប៊ី ​អេហ្ស៊ីប ​បារ៉ែន ​យេមែន​ និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​មជ្ឈិម​បូព៌ា​ប្រទេស​ដែល​ជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​សម្រាប់​ផ្គត់ផ្គង់​ពិភពលោក​បាន​បង្ក​ការ​លំបាក​ដល់​ការ​ផលិត​ប្រេង​និង​ការ​នាំចេញ​ប្រេង​ទៅកាន់​ទីផ្សារ​ពិភពលោក​ដែល​ជា​ហេតុ​នាំឱ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ។

លោក​ស៊ុន ដារា ​អាយុ២២ឆ្នាំ​ និស្សិត​ឆ្នាំទី៣​ផ្នែក​ច្បាប់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​និយាយ​ថា ​នៅ​ពេល​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​ពិភពលោក​មាន​ការឡើង​ថ្លៃ​ តម្លៃ​ប្រេង​នៅ​កម្ពុជា​ក៏​បាន​ឡើង​ថ្លៃ​ដែរ ​ដោយសារ​ប្រទេស​កម្ពុជា​បាន​ទិញប្រេង​ពី​ទីផ្សារ​ពិភពលោក។

«ប្រេងសាំង​ឡើងថ្លៃ​ជា​លំដាប់​ពី​៤.០០០រៀល​ក្នុង​មួយ​លីត្រ​ទៅ​៤.៥០០រៀល​ក្នុង​មួយ​លីត្រ​រហូត​ដល់​ ៥.១០០​រៀល​ក្នុង​មួយលីត្រ។ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ។ ខ្ញុំ​ខ្វល់ខ្វាយ​អំពី​បញ្ហា​ប្រេង​សាំង​ឡើង​ថ្លៃ​ជា​លំដាប់។ កាលពី​មុន​ប្រេងសាំង​នៅមាន​តម្លៃ​ថោក​ ខ្ញុំ​មិន​សូវ​ជា​ខ្វល់ខ្វាយ​ក្នុងកា​រធ្វើដំណើរ ​ពីព្រោះ​យើង​អាង​ថា​ ប្រេងសាំង​ចុះថ្លៃ​បន្តិច​ហើយ។ យើង​ជិះម៉ូតូ​មិនសូវ​ខ្វល់ខ្វាយ»។

លោក​ដារា​បន្ថែម​ថា​លោក​ត្រូវ​កាត់​បន្ថយ​ការ​ប្រើប្រាស់​យានយន្ត​របស់​លោក​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ។

«ដល់​ឥឡូវ ​តម្លៃ​ប្រេងសាំង​ឡើង​ថ្លៃ​ ហើយ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ក៏​ឡើង​ថ្លៃដែរ។ អញ្ចឹង​ការ​ចំណាយ​របស់​យើង​មាន​ការ​ខ្វះខាត។ ​យើង​ត្រូវការ​ត្បិតត្បៀត​មែនទែន។ យើង​ជិះម៉ូតូ​នៅពេល​ដែល​យើង​ទៅ​សាលា​ ឬ ​ទៅ​កន្លែង​ណា​ ដែល​យើង​គិតថា​សំខាន់។ យើង​អាច​ដើរ​ទៅ​កន្លែង​ជិត​ ឬ ​ជិះកង់ ​និង​កាត់​បន្ថយ​ការ​ជិះម៉ូតូ ​ព្រោះ​បើ​យើង​ជិះម៉ូតូ​ ទៀត​ យើង​អត់​មាន​ប្រាក់​ទិញ​ប្រេង​សាំង​ចាក់ម៉ូតូ»។

មិន​ត្រឹមតែ​អ្នក​ប្រើប្រាស់​យានយន្ត​ធម្មតា​ទេដែល​ទទួល​រងផលប៉ះពាល់​អ្នក​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ​ក៏មាន​ការប៉ះពាល់​ដូចគ្នា។

លោក​លឹម ស្រេង ​អាយុ​៥៧ឆ្នាំ ​អ្នកគ្រប់គ្រង​សហគ្រាស​ឡឥដ្ឋ​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​បាន​បញ្ជាក់​ថា​ការបះបោរ​នៅ​តំបន់​មជ្ឈិម​បូព៌ា​និង​អាហ្វ្រិក​ខាងជើង​ជា​ពិសេស​នៅប្រទេស​លីប៊ី​គឺជា​ឧបសគ្គ​ដ៏សំខាន់​មួយ​ដែល​នាំឱ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​ប៉ុន្តែ​សកម្មភាព​របស់​រដ្ឋាភិបាល​ក៏ជា​កត្តា​ដ៏សំខាន់​មួយទៀត​ចំពោះ​ការឡើងថ្លៃ​ប្រេង​ជា​បន្ត​បន្ទាប់​បច្ចុប្បន្ន​នេះ។

«ចំណូល​ និង​ចំណាយ​ទូទាត់​ទៅ​មិន​ចំណេញទេ។ ប្រេងសាំង​ឡើងថ្លៃ​នេះ​បាន​ធ្វើ​ឱ្យ​ទំនិញ​គ្រប់​យ៉ាង​ឡើង​ថ្លៃ​ទាំងអស់​ពីព្រោះ​ការដឹកជញ្ជូន​និង​ការផលិតផល​ផ្សេងៗ​ត្រូវការ​ប្រើ​ប្រេងសាំង។ ប្រេង​ឡើងថ្លៃ​ប៉ុន្មាន​ថ្ងៃនេះ ​បើគិត​ពី​ប្រាក់ចំណូល​ និង​ប្រាក់​ចំណាយ​ត្រូវ​ខាត​ហើយ​ក្នុង​អំឡុង​ប្រេង​ឡើងថ្លៃ​ពីរ​ បីខែ​នេះ។ ក្នុង​មួយ​ថ្ងៃ​ខាត​២០០​ទៅ​៣០០​ដុល្លារ​អាមេរិក»។

លោក​ ប៊ុត ទិន ​អាយុ​៣៧ឆ្នាំ ​អ្នក​រត់ម៉ូតូឌុប​ម្នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​បាន​និយាយ​ថា​លោក​មិន​ចូលចិត្ត​ការ​បះបោរ​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​និង​អាហ្វ្រិក​ខាងជើង​នោះទេ​ ពីព្រោះ​វា​ធ្វើឱ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​ដែល​ប៉ះពាល់​មិន​ត្រឹមតែ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​ប្រទេស​នានា​នៅក្នុង​ពិភពលោក​នេះ។

លោក​ប៊ុត ទិន ​បាន​បញ្ជាក់​ថា​លោក​ទទួល​រង​គ្រោះ​ពី​តម្លៃ​ប្រេង​ឡើងថ្លៃ​នេះ​ ប៉ុន្តែ​តម្លៃ​រត់​ម៉ូតូឌុប​របស់​លោក​មិនអាច​ឡើងថ្លៃ​បាន​ទេ​ដោយពន្យល់​ថា​បើលោក​តម្លើង​ថ្លៃ​លោក​គ្មាន​អ្នកជិះ​ម៉ូតូ​របស់​លោក​ទេ។

លោក​ប៊ុត ទិន​ បាន​គិតថា​តម្លៃ​ប្រេង​អាចនឹង​ចុះថ្លៃ​ ខណៈ​ដែល​ការបះបោរ​នៅតំបន់​មជ្ឈិម​បូព៌ា​ និង​អាហ្រ្វិក​ខាងជើង​ត្រូវ​បាន​បញ្ចប់។

ការបះបោរ​នៅ​តំបន់​មជ្ឈិម​បូព៌ា​និង​អាហ្រ្វិក​ខាងជើង​នៅក្នុង​សប្តាហ៍​ថ្មីៗ​នេះ​បាន​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ​លើស​ពី​១០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ធុង។

អង្គការ​សហប្រជាជាតិ​ផ្នែក​ម្ហូបអាហារ​និង​កសិកម្ម​បាន​រាយការណ៍​កាលពី​ថ្ងៃសុក្រ​ថា​តម្លៃ​ម្ហូប​អាហារ​ពិភពលោក​បាន​ឡើងថ្លៃ​ក្នុងរ​យៈពេល​ប្រាំបី​ខែ​ជាប់ៗគ្នា​នៅក្នុង​ខែកុម្ភៈ​ខណៈ​ដែល​អង្គការ​ពិភពលោក​នេះ​ក៏បាន​ព្រមាន​ថា​គោលដៅ​ធំ​បំផុត​ដែល​មិនបាន​គិត​ទុក​ជាមុន​ចំពោះ​តម្លៃ​ប្រេង​អាច​ធ្វើឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នូវ​ស្ថានភាព​ដែល​មាន​គ្រោះថ្នាក់​ចំពោះ​ទីផ្សារ​ម្ហូប​អាហារ៕

XS
SM
MD
LG