ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​កម្ពុជា​ថៃ​ជា​មូលហេតុ​ថ្មី​មួយ​នៃ​ការ​បំផ្លាញ​ព្រៃឈើ


ការដ្ឋាន​សាងសង់​ផ្លូវ​មួយ​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ឆ្នាំ​២០១១។ ថ្មីៗ​នេះ​មាន​សាក្សី​​បាន​អះអាង​ថា​ មន្ដ្រី​ជាន់​ខ្ពស់​យោធា​កម្ពុជា​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​​​ក្នុង​តំបន់​នេះ។
ការដ្ឋាន​សាងសង់​ផ្លូវ​មួយ​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ឆ្នាំ​២០១១។ ថ្មីៗ​នេះ​មាន​សាក្សី​​បាន​អះអាង​ថា​ មន្ដ្រី​ជាន់​ខ្ពស់​យោធា​កម្ពុជា​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​​​ក្នុង​តំបន់​នេះ។

ភាគ​ទី​១​នៃ​សេចក្តី​រាយការណ៍​ពិសេស​៣​ភាគ

វិបត្តិ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​ទំនង​ជា​មូលហេតុ​ថ្មី​មួយ​នៃ​ការ​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា។ សាក្សី​ម្នាក់​បាន​អះអាង​ថា​ មន្ដ្រី​ជាន់​ខ្ពស់​យោធា​កម្ពុជា​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​ទាំង​នេះ។

ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​បញ្ហា​សន្តិសុខ​ផ្ទាល់​ខ្លួន​អតីត​អ្នក​បើក​រថយន្ត​ដឹក​ឈើ​ឲ្យ​មេបញ្ជាការ​យោធា​ជាន់​ខ្ពស់​មួយ​រូប​បាន​រៀបរាប់​ថា​ ឈើប្រណិតៗដូចជា​ក្រញូង​ បេង ​នាងនួន​ ជាដើម​ដែល​ជា​ប្រភេទ​ឈើ​លំដាប់​លេខ​១​ត្រូវ​បាន​ទាហ៊ាន​ដែល​ប្រចាំការ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ចូល​កាប់​ ហើយ​យក​មក​គរ​ទុក​នៅ​បន្ទាយ​យោធា​មួយ​នៅ​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ពី​បា្រសាទ​ដ៏​ចំណាស់​របស់​ខ្មែរ​នេះ។​ ប្រភព​ដដែល​អះអាង​ថា បន្ទាយ​យោធា​នោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ព្រៃឈើ​ចូល​ធ្វើការ​ត្រូត​ពិនិត្យ​ទេ​ ពីព្រោះ​ទីនោះ​ជា​មូលដ្ឋាន​កងទ័ព។

លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖​ «និយាយ​រួម​ កន្លែង​ស្តុក​ឈើ​នេះ​គឺ​កន្លែង​មេ​ទាហាន​ជើង​ក្រោយ។ បន្ទាយ​ទាហាន​យក​មក​ប្រមូល​ទុក​មួយ​ដុំ។ រួច​ហើយ​គ្រប់​ឡាន​ ប្រមូល​ដាក់​ឡាន​ឡើង​មក​កំពង់ចាម។ ប្រមូល​ឈើ​គ្រប់​មួយ​ជើង​ទៅ ជូន​កាល​ប្រាំ​ទៅ​ប្រាំពីរ​ឡាន​តាម​ឈើ​មាន​តិច​មាន​ច្រើន»។

បន្ទាប់​ពី​បា្រសាទ​ព្រះ​វិហារ​ដែល​មាន​វ័យចំណាស់​ជាង​៩០០​ឆ្នាំ​របស់​កម្ពុជា​ត្រូវ​បាន​ចុះ​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៧ ​ខែកក្កដា ​ឆ្នាំ​២០០៨​រួច​មក​ថៃ​បាន​ចាប់​ផ្ដើម​ដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​នៅ​ចម្ងាយ​ប្រមាណ​តែ​៣០០​ម៉ែត្រ​ពី​ប្រាសាទ​នេះ​ប៉ុណ្ណោះ។ ហើយ​ភាព​តាន​តឹង​ផ្នែក​ប្រដាប់​អាវុធ​បាន​ផ្ទុះ​ឡើង។ យោធា​ទាំង​សង​ខាង​បាន​ប៉ះ​ទង្គិច​គ្នា​ជាច្រើន​លើក ហើយ​បាន​បង្ក​ឲ្យ​មាន​ការ​ស្លាប់ និង​របួស​ទាំង​សង​ខាង​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​មក​នេះ។ ដំណាល​គ្នា​នឹង​ភាព​ចលាចល​នេះ​ ការ​កាប់​បំផ្លាញ​ឈើ​ប្រណិត​បាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើក។ ការ​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ​ស្ទើរ​តែ​មាន​លក្ខណៈ​ជា​ចំហ។

ពីរ​បី​ខែ​កន្លង​មក​នេះ​ កាសែត​ធំៗ​ក្នុង​ស្រុកបាន​ចុះ​ផ្សាយ​ស្ទើរ​ជាប់ៗ​គ្នា​អំពី​ការ​ចាប់​ឈើ​ប្រណិតៗ​ក្នុង​នោះ​ភាគច្រើន​គឺ​ឈើ​ក្រញូង។ ឈើ​ក្រញូង​ដែល​ជា​ប្រភេទ​ឈើ​ខ្លឹម តាន់ និង​ពណ៌​ខ្មៅ និង​គឺ​ជា​ឈើ​ដែល​កំពុង​ពេញ​និយម​ និង​មាន​តម្លៃ​ខ្ពស់​ជា​ខ្លាំង។ រថយន្ដ​ទំនើបៗ​ដូចជា​តូយ៉ូតា​ឡិកស៊ើស លែនគ្រូស៊ើ រថយន្ដ​យោធា ឬ​រថយន្ដ​តាក់ស៊ី ត្រូវ​បាន​ក្រុម​ឈ្មួញ​ប្រើ​សម្រាប់​ដឹក​ឈើ​ខុស​ច្បាប់។ ក៏​ប៉ុន្តែ​សារព័ត៌មាន​ទាំង​នោះ មិន​បាន​បង្ហាញ​អ្នក​នៅពី​ក្រោយ​ខ្នង​នៃ​អំពើ​ខុស​ច្បាប់​នេះ​ទេ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​នាំ​ទៅ​កាត់​ទោស​ទេ។ ចំណែក​ឯ​ឈើដែល​រឹប​អូស​បាន​ក៏​មិន​ត្រូវ​បង្ហាញ​ថា​ នឹង​ត្រូវ​រក្សា​ទុក​កន្លែង​ណា​ដែរ។

សារព័ត៌មាន​ក្នុង​ស្រុក​ក៏​បាន​បង្ហាញ​ទៀត​ថា​ ឈ្មួញ​ប្រើ​រូបភាព​ប្លែកៗ​តាម​រយៈ​បង្កប់​ក្នុង​រថយន្ត​កាកបាទ​ក្រហម​ រថយន្ត​ដឹក​ថ្ម រថយន្ត​សាំង​ ចាក់​បេតុង​ស្រោប​ឈើ​នៅ​ខាង​ក្នុង​ និង​បង្កប់​ឈើ​ក្នុង​រថយន្ត​ដឹក​ខ្សាច់​ជា​ដើម។

ប្រជាពល​រដ្ឋ​មួយ​រូប​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​បាន​និយាយថា​មាន​ទាហាន​និង​អ្នក​មាន​អំណាច​មួយ​ចំនួន​នៅ​បន្ត​ដឹក​ឈើ​យ៉ាង​តិច​មួយ​ថ្ងៃ​ពី​៤​ទៅ​៥​ឡាន។ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ប្រជាពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ពេល​ទៅ​សមរភូមិ​ រថយន្ត​ដឹក​កងទ័ព​ ក៏​ប៉ុន្តែ​ពេល​ត្រឡប់​មក​វិញ​ដឹក​ឈើ​ដោយ​គ្រប​កៅស៊ូ​តង់​បិទ​ជិត។

លោក​ថ្លែង​ថា៖ «មក​វិញ​គេដាក់​ឈើ​ពេញៗ​ឡាន​តែ​ម្តង​ ជាពិសេស​អាជ្ញាធរ​មាន​សម្ថកិច្ច​ឆែកឆេរ​នៅ​លើ​ឡាន​របស់​ទាហាន ​យើង​មើល​ឃើញ​ជាក់​ស្តែង​ផ្លូវ​ជាតិ​លេខ​៦២​មក​ពី​ព្រះវិហារ​ កំពង់​ធំ​យើង​មើល​ឃើញ​ថា​បើ​មាន​ឡាន​ក្រឡាប់​ ឡាន​ទាហាន​ស្តុប​សុទ្ធ​តែឈើ»។

លោក ឈុត វុទ្ធី​ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បាន​និយាយ​ថា កម្ពុជា​បច្ចុប្បន្ន​នេះ​នៅ​សល់​ឈើ​ប្រហែល​៣០​ទៅ៤០ភាគរយ​តែ​ប៉ុណ្ណោះ​បន្ទាប់​ពី​បាន​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ។​ ព្រៃ​ឈើ​នៅ​កម្ពុជា​បាន​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ជា៧០ភាគរយ​រហូត​នៅ​ត្រឹម​ទសវត្ស​១៩៦០។

លោក ឈុត វុទ្ធី ​បានឲ្យ​ដឹង​ទៀត​ថា ឈ្មួញ​រក​ស៊ី​ឈើ​ធំ​ជាង​គេ​មាន​មនុស្ស​តែ​បួន​ទៅ​ប្រាំ​នាក់​តែ​ប៉ុណ្ណោះ​នៅ​កម្ពុជា ​ហើយ​មធ្យោបាយ​ដឹក​ជញ្ជូន​គ្មាន​សម្ថកិច្ច​ណា​មួយ​ហ៊ាន​ចេញ​មុខ​រារាំង​ទេ​គឺ​ដឹក​ចេញ​ពី​ព្រៃ​ទៅ​ដល់​ទី​តាំងស្ដុក​ឈើ​តែ​ម្តង។ លោក​បាន​បញ្ជាក់​ទៀត​ថា ​កម្ពុជា​មាន​ច្បាប់​ការពារ​ធនធាន​ធម្មជាតិ ក៏​ប៉ុន្តែ​ពី​មួយ​ថ្ងៃ​ព្រៃ​ឈើ​បាន​ថយចុះ​យ៉ាង​លឿន។​ លោក​និយាយថា៖

«ដោយ​មូលហេតុ​ថា មាន​ភាពថយ​ចុះ យើង​សង្កេត​ថា​ ទិដ្ឋភាព​ទូទៅ​នៅ​ពេល​បច្ចុប្បន្ន​ ការ​កាប់​ចំការ​ផង​ ក្រុម​ហ៊ុន​ព្រៃ​សប្បទាន​ផង​ ហើយ​ក្រុម​ហ៊ុន​ព្រៃគុប​កាប់​ប្រចាំ​ឆ្នាំ។ យើង​សង្កេត​ឃើញ​ថា ការ​កាប់​ហ្នឹង​មិន​មែន​មាន​តែ​ព្រៃ​គុប​ទេ។ ខ្លាំង​បំផុត​ទៅ​លើ​ដី​សម្បទាន»។

លោក ថន​ សារ៉ាត់​ អនុ​ប្រធា​ននាយកដ្ឋាន​រដ្ឋបាល​ ផែនការ​ និង​ហិរញ្ញវត្ថុ​ បាន​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ពិត​ប្រាកដ​មែន​ ក៏ប៉ុន្តែ​មិន​មាន​ចំនួន​ច្រើនទេ។ លោក​បាន​អះអាង​ថាឈ្មួញ​រក​ស៊ី​ឈើ​បាន​ប្រើ​ប្រាស់​គ្រប់​រូបភាព​ទាំង​អស់​ដើម្បី​បន្លំ​ភ្នែក​សម្ថកិច្ច។ ក៏​ប៉ុន្ដែ​លោក​បដិសេធ​ការ​លើក​ឡើង​ដែល​ថា មាន​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឧ​ក្រិដ្ឋកម្ម​ព្រៃឈើ​នោះ។ លោក​ថន​ សារ៉ាត់ បាន​បញ្ជាក់​ទៀត​ថា​ រដ្ឋបាល​ព្រៃឈើ​កំពុង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​គ្រប់​ប្រភេទ​ដើម្បី​ស្រោច​ស្រង់​ព្រៃ​ធម្មជាតិ​ឡើង​វិញ។ លោក​និយាយថា៖

«គួរ​តែ​យើង​ពិនិត្យ​មើល​សក្តានុពល​ធនធាន​ព្រៃ​ឈើ​នេះ​តាម​រូបភាព​ណា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​លក់ និង​អ្នក​ទិញ​នៅ​ឯ​ទី​ផ្សារ​ណាមួយ​ ហើយ​ចៀសវាង​យើង​ប្រគល់​ទី​ផ្សារ​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​ជា​អ្នក​លក់​ជំនួស​យើង»។

ដើម្បី​កែ​ទំរង់​វិស័យ​ព្រៃ​ឈើ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​បាន​ដក​លោក​ទី​ សុគន្ន ចេញ​ពី​មុខ​ដំណែង​ជា​ប្រធាន​រដ្ឋ​បាល​ព្រៃ​ឈើ​ដោយ​ឲ្យ​ទៅ​កាន់​តួនាទី​ជា​រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​វិញ។ ចំណែក​ឯអ្នក​ដែល​ត្រូវ​ជំនួស​តួនាទី​ថ្មី​គឺលោក ឆេង គឹមស៊ុន។ បន្ទាប់​ពី​មាន​ការ​កំណែ​ទម្រង់​ព្រៃ​ឈើ យុទ្ធនាការ​បង្ក្រាប​ហាក់​បី​ដូច​ជា​ខ្លាំង​ខ្លា​មួយ​រយៈ ក៏​ប៉ុន្តែ​ឈើ​ដែល​គេ​កាប់ និង​លក់​ខុស​ច្បាប់​ជាច្រើន​រយម៉ែត្រ​គូប​ត្រូវ​បាន​រឹប​អូស និង​ជន​ជាប់​ពាក់​ព័ន្ធ​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន។ ក៏​ប៉ុន្ដែ​យុទ្ធនាការ​នោះ​ហាក់​ដូចជា​បាន​ថយ​ចុះ​មក​វិញ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ របាយការណ៍​របស់​រដ្ឋ​បាល​ព្រៃ​ឈើ​ប្រចាំ​ខែ​ឧសភា​ឲ្យ​ដឹង​ថា​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ ព្រម​ទាំង​បទ​ល្មើស​កាប់​រាន​ព្រៃ​សរុប​មាន​ចំនួន​៩៦​ករណី​គឺបាន​កើន​ឡើង​ចំនួន​៣​ករណី​បើប្រៀប​ធៀប​ទៅ និង​ខែ​ឧសភា​ឆ្នាំ​២០១០​ដែល​មាន​ចំនួន​៩៣​ករណី។

របាយការណ៍​ដដែល​ឲ្យដឹង​ថា សំណុំ​រឿង​បទ​ល្មើស​ព្រៃ​ឈើ​កំពុង​ស្ថិត​ក្នុង​ដៃ​សមត្ថកិច្ច​របស់​តុលាការ។ ពី​ខែ​មេសា​ដល់​ខែ​ឧសភា​២១២​ករណី​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ។ រដ្ឋបាល​ព្រៃ​ឈើ​បាន​រឹប​អូស​យក​ឈើ​ហ៊ុប​មូល​ជ្រុង​ចម្រុះ​បាន​ចំនួន​៤៧៨​ម៉ែត្រ​គូប​ ឈើអា​រ២៩៩​ម៉ែត្រ​គូប ឈើ​គ្រាក់​ក្រញូង​៨០៤​ម៉ែត្រ​គូប និង​សត្វ​ព្រៃ​រស់​ងាប់​គ្រប់​ប្រភេទ​ចំនួន​៤៨១​ក្បាល។

អង្គការ​ការ​ឃ្លាំ​មើល​ការ​រំលោភ​បរិស្ថាន​អន្តរជាតិ​ឈ្មោះ​ក្លូបល វីតណេស (Global Witness) ក្នុង​ពេល​ថ្មីៗ​នេះ​មិន​មាន​របាយការណ៍​អំពី​ការ​កាប់​ឈើ​នៅ​កម្ពុជា​ទេ។ លោក​ ចច បូដិន (George Boden) ​អ្នក​យុទ្ធនាការ​ប្រឆាំង​ការ​កាប់​ឈើ​របស់​អង្គការ​ក្លូបល វីតណេស​ បាន​ប្រាប់​វីអូអេ​ខ្មែរ​តាម​រយៈ​សារ​អេឡិកត្រូនិក​ពី​ទីក្រុង​ឡុងដ៍​អង់គ្លេស​មក​ថា​ អង្គការ​របស់​លោក​បាន​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា​យ៉ាង​ធំ​ទូលាយ​កាល​ពី​ពេល​មុន​ ហើយ​ការ​ស៊ើបអង្កេត​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​ឥស្សរជន​ពុក​រលួយ​មួយ​ក្ដាប់​តូច​ដែល​នៅ​ជុំវិញ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន ​សែន​ បាន​ត្រួតត្រា​សម្បត្តិ​ធនធាន​ធម្មជាតិ​កម្ពុជា​សម្រាប់​ផលប្រយោជន៍​របស់​ពួក​គេ​ផ្ទាល់​ ខណៈ​ដែល​ប្រជាពលរដ្ឋ​សាមញ្ញ​ទទួល​បាន​ប្រយោជន៍​តិច​តួច​ពី​ធនធាន​ធម្មជាតិ​នេះ។

អង្គការ​ក្លូបល វីតណេស​ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​មាន​ចំណង​ជើង​ថា Family Trees ដែល​របាយការណ៍​នោះ បង្ហាញ​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​រង្គាល​នៅ​កម្ពុជា។ អ្នក​ជាប់​ពាក់​ព័ន្ធ​ភាគ​ច្រើន​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​របស់​អង្គការ​ក្លូបល វីតណេស​ សុទ្ធ​សឹង​ជា​មន្រ្តី​ក្នុង​កង​អង្គរក្ស​និង​ខ្សែ​ស្រឡាយ​ សាច់ញ្ញាតិរបស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន។

លោក​ កែវ រ៉េមី​ អនុប្រធាន​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទី​ស្តី​ការ​គណៈរដ្ឋ​មន្រ្តី​បាន​ឆ្លើយ​តប​ដោយ​មិន​ចំ​សំណួរ​ដែល​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​កំពុង​កើត​មាន​នោះ​ទេ​ ក៏​ប៉ុន្ដែ​លោក​បាន​បង្វែរ​ការ​ឆ្លើយ​តប​ថា នៅ​លើ​ពិភពលោក​មិន​អាច​មាន​ដឹកនាំ​ប្រទេស​ណា​ល្អ​១០០​ភាគរយបាន​ទេ។​លោក​បាន​និយាយ​ទៀត​ថា នៅ​សហរដ្ឋ​អាមេរិក​ក៏​មានឧក្រិដ្ឋកម្ម​ ការ​ជួញ​ដូរ​ថ្នាំញៀន​ ជួញ​ដូរ​មនុស្ស​ និង​ សម្លាប់​មនុស្ស​ផង​ដែរ៕

XS
SM
MD
LG