ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចូលឆ្នាំ​ខ្មែរ​ថ្ងៃ​ទីមួយ​អ៊ូអរ​នៅ​តាម​វត្ត​តែ​ស្ងាត់​ទីក្រុង


ប្រជាពលរដ្ឋ​អុជ​ធូប​នៅ​វត្ត​​​ប្រាសាទ​​​ដែល​ស្ថិត​នៅ​​ខណ្ឌ​សែនសុខ​ជាយ​​​ក្រុង​​​ភ្នំពេញ នៅ​​​ព្រឹក​​​ព្រលឹម​​​ថ្ងៃ​​​ទី​​​១៤​​​ខែ​​​មេសា​ឆ្នាំ​២០១៤ ដែល​​​ជា​​​ថ្ងៃ​​​ដំបូង​​​នៃ​​​ពិធី​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ប្រពៃណី​​​ខ្មែរ​។ (ឃួន ធារ៉ា/វីអូអេ)
ប្រជាពលរដ្ឋ​អុជ​ធូប​នៅ​វត្ត​​​ប្រាសាទ​​​ដែល​ស្ថិត​នៅ​​ខណ្ឌ​សែនសុខ​ជាយ​​​ក្រុង​​​ភ្នំពេញ នៅ​​​ព្រឹក​​​ព្រលឹម​​​ថ្ងៃ​​​ទី​​​១៤​​​ខែ​​​មេសា​ឆ្នាំ​២០១៤ ដែល​​​ជា​​​ថ្ងៃ​​​ដំបូង​​​នៃ​​​ពិធី​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ប្រពៃណី​​​ខ្មែរ​។ (ឃួន ធារ៉ា/វីអូអេ)
សំឡេង​ព្រះ​សង្ឃ​សូត្រ​ព្រះ​ធម៌​នៅ​វត្ត​ប្រាសាទ​ដែល​ស្ថិត​នៅ​ជាយ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៤​ខែ​មេសា ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​បាន​ឮ​សព្វ​ទូទាំង​តំបន់​ជិត​ខាង។ វត្ត​ប្រាសាទ​ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​កណ្ដាល​ទីក្រុង​ភ្នំពេញ។

នៅ​ទីធ្លា​វត្ត​នេះ​ក្នុង​ថ្ងៃ​ទី​មួយ​នេះ គេ​ឃើញ​មាន​មនុស្ស​ម្នា​ច្រើន​កុះករ​ មាន​ចាស់ មាន​ក្មេង ទាំង​ប្រុស​ទាំង​ស្រី ភាគ​ច្រើន​មក​ពី​ក្រុង​ភ្នំពេញ​និង​នៅ​មូលដ្ឋាន​បាន​មក​ធ្វើ​បុណ្យ​នៅ​ទី​នេះ។ ពុទ្ធ​បរិស័ទ​ទាំង​នោះ​បាន​ធ្វើ​ពិធី​រាប់​បាត បង្សុកូល ពូន​ភ្នំ​ខ្សាច់ និង​ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ ដើម្បីទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី​និង​ឧទ្ទិស​កុសល​ដល់​ញាតិមិត្ត​របស់​ខ្លួន​ដែល​បាន​ចែក​ដ្ឋាន​ទៅ និង​បួង​សួង​សុំ​សេចក្ដី​សុខសប្បាយ​រៀងៗ​ខ្លួន។

បន្ទាប់​ពី​រាប់​បាត្រក្នុង​សាលាឆទាន​រួច អ្នកស្រី ខេង សាអែម ដែល​ស្លៀក​សំពត់​ខ្មៅ​ ពាក់​អាវ​ស​និង​ពានា​កន្សែង ជា​ពលរដ្ឋ​មក​ពី​រាជធានី​ភ្នំពេញ ថ្លែង​ថាអ្នកស្រី​មាន​អារម្មណ៍​ជ្រះថ្លា​ច្រើន​បន្ទាប់​ពី​បាន​មក​ធ្វើ​បុណ្យ​នៅ​វត្ត​នេះ។

លោក​ស្រី​បាន​បញ្ជាក់​ថា៖ «ឧទ្ទិស​មគ្គផល​ដល់​លោក​ឪពុក​អ្នក​ម្តាយ​ដែល​បាន​ចែកស្ថាន​ទៅ ព្រម​ទាំង​ឱ្យ​ញាតិមិត្ត​ទាំង​អស់​សុខ​សប្បាយ​ទាំង​អស់​គ្នា។ ខ្ញុំ​មក​បាន​២​វត្ត​ទាំង​វត្ត​នេះ​ហើយ ​គឺ​មក​ជាមួយ​កូន​ចៅ​ទាំង​អស់​គ្នា។ ធ្វើ​បុណ្យ​ហើយ​មាន​អារម្មណ៍​ជ្រះ​ថ្លា»។

ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​គឺ​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​រយៈពេល​៣​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១៤ ១៥ និង​ទី​១៦​មេសា ដែល​ជា​ពិធី​បុណ្យ​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ជា​ឱកាស​សម្រាប់​ធ្វើ​បុណ្យ​ទាន ជួប​ជុំ​គ្រួសារ និង​ធ្វើ​ដំណើរ​កម្សាន្ត។

ព្រះ​តេជគុណ ចាន់ រតនា មាន​ថេរដីកា​ថាមាន​ពុទ្ធ​បរិស័ទ​មក​ធ្វើ​បុណ្យ​នៅ​វត្ត​នេះ​ច្រើន​ណាស់​នៅ​ថ្ងៃ​ដំបូង​នេះ។

«ញាតិ​ញោម​មក​ច្រើន​មែន​ទែន​ថ្ងៃ​នេះ ថ្ងៃ​ទី​មួយ​ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ឆ្នាំ ​មមី។ ញាតិញោម​ដូច​បាន​ឃើញ​អំបាញ់​មិញ​ហើយ ពួកគាត់​មក​មាន​ទាំង​ទេយ្យ​ទាន ទាំង​ចង្ហាន់​បិណ្ឌបាត​ដើម្បី​មក​ឧទ្ទិស​កុសល។ បន្ទាប់​ពី​បង្សុកូល​ហើយ ឧទ្ទិស​កុសល​ដល់​ដូនតា​ពួកគាត់​ផង ហើយ​ពូន​ភ្នំ​ខ្សាច់ ហើយ​ឱ្យ​ព្រះ​សង្ឃ​ហ្នឹង​ឯង​ប្រស់ព្រំ​ដើម្បី​សូម​សេរី​សួស្តី​ឆ្នាំ​ថ្មី»។

ក្រៅ​ពី​ការ​ធ្វើ​បុណ្យ ទី​វត្ត​អារាម​ដូចជា​នៅ​វត្ត​ប្រាសាទ​នេះ​ក៏​ជា​ទី​សម្រាប់​ធ្វើ​ទាន​ចែក​រំលែក​ដល់​ជន​ទី​ទ័ល​ក្រ​និង​ចាស់​ទុំ​ក្នុង​វត្តផង​ដែរ។ ហើយ​អ្នក​ខ្លះ​បាន​ចូល​លុយ​កាក់​ខ្លះ​ដល់​អ្នក​លេង​ឆៃយ៉ាំ​ដែល​កំពុង​សម្តែង​ខាង​មុខ​ក្លោង​ទ្វារ​ចូល​សាលា​ឆទាន។ និង​ខ្លះ​បាន​ទិញ​ចាប​ព្រលែង ដើម្បី​រំដោះ​កម្មពារ​និង​ឧបទ្រព​ចង្រៃ​តាម​ជំនឿ​របស់​ខ្លួន​ទៀត​ក៏​មាន។

លោក ហុង លី មក​ពី​ភ្នំពេញ បាន​ទិញ​ចាប​មួយ​ក្បាល​ព្រលែង​ជាមួយ​កូន​ស្រី​និង​ភរិយា​លោក។

«ល្បី​ថា​ឆ្នាំ​ចាស់​យើង​ព្រលែង​ចាប​ឱ្យ​រំដោះ​កម្ម​យើង​ឱ្យ​ទៅ​តាម​ចាប​ហ្នឹង​ទៅ​ ហើយ​ឆ្នាំ​ក្រោយ​សុខ​សប្បាយ​ទាំង​អស់​គ្នា»។

ដោយ​ឡែក​អាជីវករ​ដែល​លក់​ដូរ​នៅ​ក្នុង​ទីធ្លា​វត្ត​អារាម​ក៏​ឃើញ​រក​ចំណូល​បាន​ច្រើន​ជាង​ថ្ងៃ​ធម្មតា​ដែរ។

លោក ជិន សុគុណ អ្នក​លក់​ទឹក​អំពៅ​ម្នាក់​ថ្លែង​ដោយ​ទឹក​មុខ​ញញឹម​ញញែម​ថា​លោក​លក់​ដាច់​ណាស់​នៅ​ថ្ងៃ​នេះ។ ជា​រៀងរាល់​រដូវ​ចូល​ឆ្នាំ លោក​សុគុណ​អាចរក​ចំណូល​បាន​ប្រហែល​១​លាន​ទៅ​២​លាន​រៀល​ពី​របរ​មួយ​នេះ។

«លក់​ដាច់​បង។ លក់​បាន​ចូល​មួយ​រយ​ថង់​ហើយ​តាំង​ពី​ព្រឹក​មក។ គ្រោង​នឹង​លក់​៣​ថ្ងៃ​ជាប់​គ្នា»។

នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​ថា​តាម​បណ្តោយ​ផ្លូវ​នានា​ក្នុង​ក្រុង​ភ្នំពេញ​ដែល​ធ្លាប់​តែ​កក​ស្ទះ​បាន​ប្រែ​មក​ស្ងប់ស្ងាត់​ ដោយ​សារ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ជា​ច្រើន​បាន​ទៅ​ធ្វើ​បុណ្យ និង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត ចំណែក​ឯ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​បាន​ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន​ក្នុង​រដូវ​បុណ្យ​ប្រពៃណី​ដ៏​សំខាន់​និង​មាន​អត្ថន័យ​មួយ​នេះ៕
XS
SM
MD
LG