ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស៊ីក្លូ​បន្ត​ដង្ហើម​យ៉ាង​ត្រដាប​ត្រដួស​ក្រោយ​ជំងឺ​កូវីដ​១៩​ ​ស្រប​ពេល​កម្ពុជា​បើក​ចំហ​ឡើង​វិញ


អ្នកធាក់ស៊ីក្លូ​កំពុងរៀបចំគ្រឿងបរិភោគដាក់ចូលធុង «អ្នកមានដាក់ អ្នកខ្វះដក» យកទៅចែកអ្នកក្រខ្សត់នៅ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
អ្នកធាក់ស៊ីក្លូ​កំពុងរៀបចំគ្រឿងបរិភោគដាក់ចូលធុង «អ្នកមានដាក់ អ្នកខ្វះដក» យកទៅចែកអ្នកក្រខ្សត់នៅ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ស៊ីក្លូ​ធ្លាប់ជា​សេវា​ដឹក​ជញ្ជូន​ដ៏​ពេញ​និយម​មួយ​នៅ​ទីក្រុង​ភ្នំពេញកាលពីសម័យដើម។​ ប៉ុន្តែជំងឺ​កូវីដ១៩​ និង​គូប្រជែង​ដូច​ជា​ម៉ូតូឌុបនិងម៉ូតូ​កង់បី ​បាន​ធ្វើ​ឱ្យ​មុខ​របរ​ធាក់​ស៊ីក្លូ ​ដែល​មិន​ប៉ះពាល់​បរិស្ថាន​នេះ​ ស្ទើរ​តែ​បាត់​បង់បច្ចុប្បន្ន​នេះ។

​ថ្ងៃ​សៅរ៍​ ទី២៨ ​ខែ​ឧសភា ​គឺ​ជា​ថ្ងៃ​ទី​មួយ​ដែល​សមាគម​ស៊ីក្លូ​មាន​ភ្ញៀវ​ទេសចរ​បរទេស​៥០​នាក់​ជួល​ស៊ីក្លូ​ ជិះ​ ខណៈ​យាន​ជំនិះ​នេះ​ឈប់​ពេញ​និយមក្នុង​ចំណោម​ពល​រដ្ឋ​ក្នុង​ស្រុក។ ​

ស៊ីក្លូ​ដែល​ជា​យាន​ជំនិះ​ផ្តល់​សេវា​ដឹក​ជញ្ជូន​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៣៦​ សម័យ​អាណានិគម​បារាំង​ស្រករ​គ្នា​នឹង​រ៉ឺម៉ក​ប្រើ​កម្លាំង​ជើង​ដែរ​នោះ ​អាច​បន្ត​វត្តមាន​បាន​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សមាគម​អភិរក្ស​ស៊ីក្លូ ​និង​មុខរបរ​ក្រៅ​ប្រព័ន្ធ ​ដែល​ធ្វើ​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​ដើម្បី​រក​ភ្ញៀវ​ទេសចរ​បរ​ទេស​ជិះ​ស៊ីក្លូ​ ព្រម​ទាំង​រៀបចំ​កម្មវិធី​អប់រំ​ជាច្រើន​ទាក់ទង​នឹង​ការ​ជក់បារី ​ជំងឺ​អេដស៍ ​អនាម័យ​ ច្បាប់​ចរាចរណ៍​ សេវា​សុខភាព សេវា​ទេស​ចរណ៍ ​ស៊ីក្លូ​ទេស​ចរណ៍។

អំឡុង​ពេល​ជំងឺ​កូវីដ១៩​ រាតត្បាត​ដែល​ធ្វើ​ឱ្យ​ជីវភាព​អ្នក​ក្រីក្រ​កាន់​តែ​តោក​យ៉ាក​នោះ សមាគម​របស់​ជន​ក្រីក្រ​នេះ​ ថែម​ទាំង​បាន​បង្កើត​កម្មវិធី​មួយ​គឺ​«អ្នក​មាន​ដាក់​ អ្នក​ខ្វះ​ដក»​ដែល​អ្នក​មាន​ជីវភាព​ធូរធា​អាច​ចែក​រំលែក​ជួយ​អ្នក​ខ្សត់​ក្នុង​គ្រា​ដ៏​លំបាក​នេះ។ ​ដូច​ពាក្យ​ចាស់​លោក​ថា​ អ្នក​ខ្សត់​ទើប​ដឹង​ច្បាស់​ពី​ការ​ខ្វះ​ខាត​ ការ​លំបាក​របស់​អ្នក​ក្រ​ដូច​គ្នា។​

អ្នកស្រី ពៅ សាវី អ្នកប្រកបរបររើសអេតចាយ បានមកយកគ្រឿងបរិភោគបន្តិចបន្តួចពីអ្នកធាក់ស៊ីក្លូ នៃកម្មវិធី«អ្នកមានដាក់ អ្នកខ្វះដក» នៅជិតផ្សារថ្មី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ពៅ សាវី អ្នកប្រកបរបររើសអេតចាយ បានមកយកគ្រឿងបរិភោគបន្តិចបន្តួចពីអ្នកធាក់ស៊ីក្លូ នៃកម្មវិធី«អ្នកមានដាក់ អ្នកខ្វះដក» នៅជិតផ្សារថ្មី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

លោក ​អ៊ឹម សម្បត្តិ​ អាយុ​៤៧​ឆ្នាំ ​ជា​ប្រធាន​សមា​គម​អភិរក្ស​ស៊ីក្លូនិង​មុខ​របរ​ក្រៅ​ប្រព័ន្ធ​ថ្លែង​ថា​៖​

«យើង​ធ្វើ​ធុង​សហគមន៍​នេះ​ ដើម្បី​បរិច្ចាគ​ទៅ​ដល់​អ្នក​ខ្វះ​ខាត​នៅ​តាម​ដង​ផ្លូវ មិន​ថា​អ្នក​ស៊ីក្លូ​ អ្នក​រើស​អេត​ចាយ ​អ្នក​ផ្សេង​ៗ​ទៀត​ដែល​ខ្វះ​ខាត​នៅ​ក្នុង​ពេល ​Lockdown ហ្នឹង»។

​ការ​បរិច្ចាគ​ទាន​របស់​សប្បុរស​ជន​នេះ​បាន​ធ្លាក់​ចុះ​ខ្លាំង​មួយ​រយៈចុង​ក្រោយ​នេះ។ ​សេវា​ធុង​បរិច្ចាគ ​«អ្នក​មាន​ ដាក់​អ្នក​ខ្វះ​ដក»​នេះ​ ធ្លាក់​ចុះ​ពី​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​មក​នៅ​ត្រឹម​ម្តង​ក្នុង​មួយ​ថ្ងៃ​ ហើយ​ចំនួន​ធុង​ ធ្លាក់​ចុះ​ពី​១០​ មក​នៅ​ត្រឹម​៨ ​សម្រាប់​គោលដៅ​ដែល​អ្នក​ខ្វះ​ខាត​រស់​នៅ ​ឬ​រក​ប្រាក់​ចំណូល​ដូច​ជា​នៅ​ជិតៗ​ផ្សារ​ថ្មី​ ផ្សារ​អូរ​ឫស្សី ​ផ្សារ​ដេប៉ូ ​តំបន់​ក្រីក្រ​ក្តាន់​ពីរ​ គល់​ស្ពាន​ជ្រោយចង្វារ​ ផ្សារ​រាត្រី និង​មុខវាំង។ ​នេះ​បើ​តាម​លោក​ ហាំ ស៊ីណា​ ប្រធាន​ក្រុម​អ្នក​រត់​ស៊ីក្លូ​នៃ​សមាគម​អភិរក្ស​ស៊ីក្លូ​ និង​មុខ​របរ​ក្រៅ​ប្រព័ន្ធ។​

លោក​អំពាវ​នាវ​ថា៖​

«បើ​បង​ប្អូន​សប្បុរស​ជន​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​មើល​ឃើញ​រូបភាព​រាល់​ថ្ងៃ​ហ្នឹងសូម​ឱ្យ​គាត់​ជួយ​បរិច្ចាគ​ត​ទៅ​ទៀត​ទៅ​ ដើម្បី​ជួយ​ឧបត្ថម្ភ​បងប្អូន​យើង​ដែល​កំពុង​ខ្វះខាត​អត្តខាត់​ នៅ​ស្រុក​ខ្មែរ​ នៅ​តាម​ផ្លូវ​ហ្នឹង​ណា៎...​។ ​ ពេល​ឥឡូវ​ វា​កំពុង​ខ្វះខាត​ហើយ​ ឥឡូវ​លែង​មាន​សម្បូរ​ដូច​មុន​ហើយ។ ​កាល​មុន​ពេញ​ធុង ​ពេញ​ទូ»។

​អំណោយ​សប្បុរស​ធម៌​ធ្លាក់​ចុះ​នេះ​ជះ​ឥទ្ធិពល​ភ្លាមៗ​ដល់​អ្នក​ទទួល​អំណោយ ដែល​រក​ព្រឹក​ខ្វះ​ល្ងាច។​

អ្នក​ដើរ​លក់​ពង​ក្រួច​ ពងទា ​សណ្តែក​ដី ​និង​ណែម​នៅ​តាម​មាត់​ទន្លេមុខ​វាំង ​និង​ស្ពាន​ជ្រោយ​ចង្វារ​ អ្នកស្រី​ ផង់ ​ស្រីនៀង ​អាយុ​៦៥​ឆ្នាំ ​បាន​មក​ទទួល​អំណោយ​ពី​ធុង​ស៊ីក្លូ​«អ្នក​មាន​ដាក់ ​អ្នក​ខ្វះ​ដក»​នេះ​ជា​លើក​ទីមួយ។ អ្នក​ស្រី​បាន​ប្រាប់​វីអូអេ​ថា៖​

«ខ្ញុំ​សូម​ម្ចាស់​ជំនួយ​ជួយ​ទៅ! ​អ្នក​ក្រ​ឥឡូវ​គ្នា​ខ្វះ​ខាត​ខ្លាំង​ណាស់។​ រក​ស៊ី​ក៏​មិន​សូវ​បាន​ប៉ុន្មាន​ដែរ។​ ដល់​គ្នា​បាន​បន្តិចបន្តួច គ្នា​អរ»។​

ពលរដ្ឋខ្វះខាត​បានមកយកគ្រឿងបរិភោគបន្តិចបន្ដួចពីអ្នកធាក់ស៊ីក្លូ​នៃកម្មវិធី«អ្នកមានដាក់ អ្នកខ្វះដក» នៅមាត់ទន្លេមុខវាំង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
ពលរដ្ឋខ្វះខាត​បានមកយកគ្រឿងបរិភោគបន្តិចបន្ដួចពីអ្នកធាក់ស៊ីក្លូ​នៃកម្មវិធី«អ្នកមានដាក់ អ្នកខ្វះដក» នៅមាត់ទន្លេមុខវាំង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

អ្នក​ស្រី​បន្ថែម​ថា ​អំណោយ​ដែល​អ្នក​ស្រី​ទទួល​បាន​នេះ​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​ប្រាក់​ចំណេញ​ដែល​អ្នក​ស្រី​ដើរ​លក់​ពេញ​មួយ​ថ្ងៃ។

​នៅ​មុខ​វាំង​នេះ​ដែរ​ ​មិនមែន​មាន​តែ​អ្នក​លក់ដូរ​ក្រីក្រ​ទេ​ដែល​ត្រូវ​ការ​ជំនួយ​នេះ។​ ជនពិការ​ភ្នែក​ក៏​អាច​ដឹង​ និង​បារម្ភ​ថា ​ធុង​សប្បុរស​នេះ​មាន​អំណោយ​តិច​ទៅ​ៗ​។ អ្នកស្រី ​សេង អ៊ី ​បាន​មក​ទទួល​អំណោយ​ទាំង​ញញឹម​ញញែម។ ​

ស្ត្រី​ពិការ​ភ្នែក​អាយុ​៣០​ឆ្នាំ​នេះ​ថ្លែង​ថា៖

​«ពី​មុន​ជួយ​ច្រើន ​ឥឡូវ​ជួយ​តិចៗ​ រៀង​ស្បើយ​អ៊ីចឹង​ណា៎។​ វា​ខុស​ប្លែក​ពី​មុខ​អ៊ីចឹង​ភ័យ»។

​ចំណែក​អ្នក​ទទួល​អំណោយ​ម្នាក់​ទៀត​ដែល​កំពុង​អូស​រទេះ​រើស​អេតចាយ​នៅ​ជិត​ផ្សារ​ថ្មី ​គឺ​អ្នកស្រី​ ពៅ សាវី​ បាន​អរគុណ​ម្ចាស់​អំណោយ។ ​ដូច​ស្ត្រី​អ្នក​ទទួល​អំណោយ​ផ្សេង​ទៀត​ដែរ អ្នកស្រី​មាន​ការបារម្ភ​ដែលកម្លាំង​សប្បុរស​ធម៌​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

​លោក​ អ៊ឹម សម្បត្តិ ​រំឭក​ថា ​ក្រោយ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវលើ​ក្រុម​ពល​រដ្ឋ​៤​ប្រភេទ​ រួម​មានអ្នករត់ម៉ូតូឌុប​ ប្រជាជន​ក្រីក្រ​តាម​សហគមន៍​ អ្នក​រើស​អេតចាយ ​អ្នក​ធាក់​ស៊ីក្លូ ​ចាប់​ផ្តើម​នៅឆ្នាំ​១៩៩៩​នោះ ​ជា​លទ្ធផល​ សមាគម​អភិរក្ស​ស៊ីក្លូ​និង​មុខរបរ​ក្រៅ​ប្រព័ន្ធ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ទិសដៅ​ជួយ​អ្នក​ក្រីក្រ រក្សា​ឱ្យ​ស៊ីក្លូ​នៅ​គង់វង្ស​ បម្រើ​វិស័យ​ទេសចរណ៍​ ជាពិសេស​អ្នក​ទេសចរ​បរទេស​ ហើយ​ស៊ីក្លូ​គឺ​ជា​សេវា​ដឹក​ជញ្ជូន​ដែល​មិន​ប៉ះពាល់​បរិស្ថាន។

​លោក ​តាំង ហួង​ហាវ​ ស្ថាប​និក​ Local4Local​ បាន​ផ្តួច​ផ្តើម​គម្រោង​ធុង​ស៊ីក្លូ​«អ្នក​មាន​ដាក់​ អ្នក​ខ្វះ​ដក»​នេះ​នៅ​ពេល​លោក​មក​ប្រទេស​កម្ពុជា ​ខណៈ​លោក​កំពុង​សិក្សា​នៅ​មហា​វិទ្យា​ល័យ​មួយ​ក្នុង​សហរដ្ឋ​អាមេរិក។​ លោក​ធ្លាប់​ប្រាប់​វីអូអេ​ថា​ លោក​គ្រោង​ពង្រីក​គម្រោង​នេះ​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត។​

អ្នកធាក់ស៊ីក្លូ​កំពុងរៀបចំគ្រឿងបរិភោគដាក់ចូលធុង «អ្នកមានដាក់ អ្នកខ្វះដក» យកទៅចែកអ្នកក្រខ្សត់នៅ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
អ្នកធាក់ស៊ីក្លូ​កំពុងរៀបចំគ្រឿងបរិភោគដាក់ចូលធុង «អ្នកមានដាក់ អ្នកខ្វះដក» យកទៅចែកអ្នកក្រខ្សត់នៅ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ការ​ចែក​អំណោយ​របស់​គម្រោង​នេះ​ផ្សារ​ភ្ជាប់​នឹង​មុខរបរ​របស់​អ្នក​ធាក់ស៊ីក្លូ​ដែល​ទើប​តែ​រើប​ឡើង​តិចៗ ​ក្រោយ​ពី​ការ​ធ្លាក់​ចុះសេដ្ឋកិច្ច​បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩។

​លោក​ អ៊ឹម សម្បត្តិ​ ឱ្យ​ដឹង​ថា​ បើ​មិន​មាន​សមាគម​ទេ​ ចំនួន​ស៊ីក្លូ​អាច​ធ្លាក់​ចុះ​ខ្លាំង​មក​នៅ​ត្រឹម​ប្រហែល​១០០​ ប៉ុន្តែ​ដោយ​សារ​កិច្ចការ​សមាគម​នេះ ​បច្ចុប្បន្ន​ចំនួន​ស៊ីក្លូ​មាន​ប្រហែល​៣០០។ លោក​បន្ត​ថា ​ចំណូល​របស់​អ្នក​រត់​ស៊ីក្លូ ​និង​ចំនួន​ស៊ីក្លូ​ធ្លាក់​ចុះ​ខ្លាំង ​ជាពិសេស​អំឡុង​ពេល​មាន​ជំងឺ​កូវីដ១៩ ដែល​អ្នក​រត់​ស៊ីក្លូ​ប្តូរ​មុខ​របរ​ទៅ​ធ្វើ​ជា​កម្មករ​សំណង់ ​ជា​អ្នក​រត់​ម៉ូតូ​កង់បី ​ម៉ូតូ​ឌុប និង​ការងារ​ផ្សេងទៀត។​

​«ជាចុង​ក្រោយ ខ្ញុំ​សូម​សំណូមពរ​ទៅ​ដល់​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ជាពិសេស​ទីភ្នាក់ងារ​ទេសចរណ៍​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស ​មេត្តា​ចូល​រួមចំណែក​ធ្វើ​យ៉ាង​ណា​ឲ្យ​ស៊ីក្លូ​យើង​មាន​ភាពរស់​រវើក​ឡើង​វិញ​ គឺ​តាម​រយៈ​រួម​ចំណែក​ជិះ​ស៊ីក្លូ​ឡើង​វិញ​ហ្នឹង​ឯង។ ​ទី​មួយ​ចូលរួម​អភិរក្ស​ស៊ីក្លូ ទី​ពីរ​ចូលរួម​លើក​កម្ពស់​ជីវភាព​អ្នក​ធាក់​ស៊ីក្លូ​ឱ្យ​ប្រសើរ​ឡើង»។

​លោក​ឱ្យ​ដឹង​ថា ​ពល​រដ្ឋ​ខ្មែរ​ដែល​នៅ​ជិះ​ស៊ីក្លូ ​គឺ​មាន​តែ​ស្ត្រី​ចាស់ៗ​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ ឬ​ធ្វើ​ដំណើរ​ជិតៗ​ប៉ុណ្ណោះ។​

ស្ត្រី​ចាស់​ៗ​ចូល​ចិត្ត​ជិះ​ស៊ីក្លូ​ជាង​ម៉ូតូ​ឌុប ឬ​រ៉ឺម៉ក​កង់បី​ ព្រោះអ្នក​រត់​ស៊ីក្លូ​មាន​សេវា​បន្ថែម ដោយ​មិន​ព្រួយ​បាត់​បង់​ស៊ីក្លូ​ ដោយ​ចោរ​កម្ម។​

កំពុង​ឡើង​ជិះ​ស៊ីក្លូ​នៅ​ផ្សារ​កណ្តាលអ្នកស្រី ​ម៉ៅ វណ្ណនី អាយុ​៦៧​ឆ្នាំប្រាប់​វីអូអេ​ថា៖

«​[ចូល​ចិត្ត]​ជិះ​ស៊ីក្លូ​ជាង​ព្រោះ​យក​ឥវ៉ាន់​ឡើង​ដល់​លើ​ផ្ទះ។ ផ្ទះ​ខ្ញុំ​ជាន់​ទី​១។ ខ្ញុំ​លក់​បាយ​ព្រឹកៗ ហើយ​ទិញ​ឥវ៉ាន់​ច្រើន»។

​ខណៈ​ចំនួន​អតិថិជន​កាន់​តែ​ចុះ​ថយ​និង​គូ​ប្រជែង​កាន់​តែ​មាន​ប្រៀប​នោះ ​អ្នក​ធាក់​ស៊ីក្លូ​ឱ្យ​ដឹង​ថា​ ពួក​គាត់​គ្មាន​អ្នក​ស្នង​តួនាទី​នេះ​ទេ ហើយ​ស៊ីក្លូ​របស់​គាត់​អាច​នឹង​ក្លាយ​ជា​កេរ​សម្អប់​សម្រាប់​កូន​ចៅ។​

អ្នក​រត់​ស៊ីក្លូ​អាយុ ​៥១ ​លោក​ ជ័យ ធី ​ប្រាប់​វីអូអេ​ថា៖​

​«ព្រួយ​បារម្ភ ​ព្រោះ​កាល​សម័យ​ពូ​រត់​ កាល​ពី​ឆ្នាំ១៩៩២-៩៣​នោះ ​គិត​ស្ថិតិ​ស៊ីក្លូ​កាល​ហ្នុង​មាន​ជាង​២​ពាន់​ជិត​៣​ពាន់​ស៊ីក្លូ ដល់​ឥឡូវ​សល់​តែ​ប្រហែល​៣០០​ស៊ីក្លូ​ទេ។​ ឥឡូវ​បាត់​ជាង​៧០% ​ចូល​៨០%​ហើយ»។

​ចំណែក​លោក​ ម៉ែន ម៉ៅ អ្នក​ធាក់ស៊ីក្លូ​ម្នាក់​ទៀត​បន្ថែម​ថា៖

«ស៊ីក្លូ​ឥឡូវ​អត់​សូវ​មាន​អ្នក​ជិះ​ទេ។ ពី​មុន​មាន។ ឥឡូវ​ អត់​សូវ​មាន​អ្នក​ជិះ​ទេ មាន​មួយៗ។ ​តាំង​ពី​កើត​ PassApp ​ហ្នឹង​មក​យ៉ាប់​មែនទែន»។​

ការ​អំពាវនាវ​របស់​ប្រធាន​សមាគម​ស៊ីក្លូ​នេះ ​ធ្វើ​ឡើង​ជា​ពិសេស​ចំពោះ​ពលរដ្ឋ​ក្នុង​ស្រុក ព្រោះ​ភ្ញៀវ​ទេសចរណ៍​បរទេស​នៅ​និយម​ជិះ​ស៊ីក្លូ​នេះ​នៅ​ឡើយ។

លោក​ Jean Geneyne ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​SLD Events ​ដែល​នាំ​ភ្ញៀវ​ជនជាតិ​បារាំង​មក​ប្រទេស​កម្ពុជា​ និង​ជួល​ស៊ីក្លូ​ជិះ​ចំនួន​៥០​គ្រឿង​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ថ្លែង​ថា ​ស៊ីក្លូ​គឺ​ជា​កេរ​តំណែល​តាំង​ពី​សម័យ​អាណា​និគម​បារាំង ហើយ​លោក​អំពាវនាវ​ឱ្យ​អភិរក្ស​ទាំង​ស៊ីក្លូ ​និង​អគារ​សល់​ពី​សម័យ​ដើម។​

«​បាទ ​យើង​ចូល​ចិត្ត​ខ្លាំង​ណាស់! ​ពេល​យើង​ជិះ​ស៊ីក្លូ យើង​មាន​អារម្មណ៍​ល្អ​ណាស់។​ វា​យឺត។ ​យើង​អាច​មើល​ឃើញ ​ឮ ​និង​ស្រង់​ក្លិន​អ្វីៗ​បាន​ច្រើន។ បើ​យើង​ជិះ​រ៉ឺម៉ក​កង់បី​ វា​លឿន​ណាស់។ យើង​ត្រូវការ​ពេល​ដើម្បី​មើល។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ចង់​ជិះ​ស៊ីក្លូ»៕

XS
SM
MD
LG