ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ការ​មិន​ចុះ​សម្រុង​ផ្នែក​ការ​ទូត​ថ្មីៗ​នេះ​ទំនង​ជា​នឹង​មិន​ប៉ះពាល់​ដល់​ចំណង​ទាក់ទង​រវាង​ជប៉ុននិង​កូរ៉េ​ខាង​ត្បូង​នោះ​ទេ


លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ជួប​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ Shinzo Abe នៅ​វិមាន​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ជួប​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ Shinzo Abe នៅ​វិមាន​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។

ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​បាន​បន្ត​រកាំរកូស​ ដោយសារ​តែ​ជម្លោះ​ការទូត​ចំនួន​ពីរ​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល និង​រដ្ឋាភិបាល​ក្រុងតូក្យូ​មាន​ភាព​តានតឹង​ឡើងវិញ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​បាន​ប្រាប់​ VOA ថា វិបត្តិ​ដែល​ប្រទេស​នៅ​អាស៊ី​ខាង​កើត​ទាំង​ពីរ​នេះកំពុង​ប្រឈម គឺ​បណ្តាល​មក​ពី​បញ្ហា​ដែល​មិន​អាច​ដោះស្រាយ​បាន​ក្នុង​រយៈពេលយូរ​មក​ហើយ ហើយ​ការណ៍​នេះអាច​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ទាំង​នេះ​ចំពោះ​បញ្ហា​សន្តិសុខ​តំបន់។

លោក​ Keeho Yang ជា​សាស្ត្រាចារ្យ​នៅ​ដេប៉ាដឺម៉ង់​សិក្សា​ជប៉ុន នៅ​ឯ​សាកលវិទ្យាល័យ Sungkonghoe។ លោក​បាន​តាមដាន​សញ្ញាណ​នៃ​ការ​ធ្លាក់​ចុះ​នៃ​ទំនាក់ទំនង​ទ្វេភាគី​នា​ពេល​បច្ចុប្បន្ន​ចាប់​តាំង​ពី​ឆ្នាំ២០១២​មក។ នៅ​ពេល​នោះ​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងលោក Lee Myung-bak បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កោះ Dok-do ដែល​ជា​បណ្តុំ​កោះ​តូចៗ និង​ជា​កោះដែល​ត្រូវ​បាន​ទាមទារ​ដោយ​ប្រទេសជប៉ុន​ផង​ដែរ។ កោះ​នេះ​ត្រូវ​បាន​គេ​ហៅ​ជា​ភាសាជប៉ុន​ថា Takeshima។

លោក​បាន​និយាយ​ថា ចាប់តាំង​ពី​ពេល​នោះ​មក«គ្មាន​ការផ្លាស់ប្តូរ​អ្វី​ជា​ដុំ​កំភួន​នៅ​ក្នុង​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ​នេះ​ទេ។ ប្រទេស​ទាំង​ពីរ​គ្មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​នោះ​ទេ»។

នា​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ទាំង​ពីរ​កំពុង​សងសឹក​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​ថា​តើ​ នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​បាន​ប្រើ​ប្រព័ន្ធ​រ៉ាដា​គ្រប់គ្រង​ការ​បាញ់​ប្រហារ​ដៅ​ទៅ​លើ​កងទ័ព​ការពាររបស់​ជប៉ុន​ កាលពី​ខែ​មុន ​ឬ​យ៉ាង​ណា ហើយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​កំពុង​ព្យាយាម​រឹបអូស​ទ្រព្យ​របស់​បណ្តា​ក្រុមហ៊ុន​ជប៉ុន​ បន្ទាប់​ពី​មាន​សេចក្តីសម្រេច​ពី​តុលាការ​មួយ​ ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​សង​ជំងឺ​ចិត្ត​ដល់​ជនជាតិ​កូរ៉េ​ខាងត្បូង​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​អំឡុងពេល​សង្គ្រាម​លោក​លើក​ទី២។

ផល​ប៉ះពាល់​នៃ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​លើ​បញ្ហា​តំបន់

ទោះ​ណា​មាន​ការ​ពិភាក្សា​ជាច្រើន​បាន​ធ្វើ​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល និង​រដ្ឋាភិបាល​ក្រុង​តូក្យូ ដើម្បី​ដោះស្រាយ​បញ្ហា​រឹបអូស​ទ្រព្យ​ និង​ការ​ប៉ះទង្គិច​ផ្នែក​យោធា​ក៏​ដោយ ក៏​លោក Yang មិន​យល់​ថា ជម្លោះ​នេះ​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង ឬ​ការ​សហការ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​រក្សា​សន្តិសុខ​តំបន់​នោះ​ទេ។

លោក Yang បាន​និយាយ​ថា «រដ្ឋាភិបាល​ជប៉ុន​បាន​ទទួល​ស្គាល់សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​ធ្វើ ឡើង​នៅ​ភូមិ Panmunjom។ ដូច្នេះ រដ្ឋាភិបាល​ទាំង​ពីរ​មាន​ទស្សនៈ​ដូច​គ្នា​ ចំពោះ​ការ​លុប​បំបាត់​កម្មវិធី​នុយក្លេអ៊ែរ និង​សន្តិភាព​ នៅ​លើ​ឧបទ្វីប​កូរ៉េ​ទាំងមូល»។​

លោក Cho Jin-goo នៃ​វិទ្យាស្ថាន​សិក្សា​តំបន់​ចុង​អាស៊ី​ខាង​កើត​ នៃ​សាកលវិទ្យាល័យ Kyungnam ក៏​បាន​យល់​ស្រប​ដែរ​ថា ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​តូក្យូ​ក្នុង​ការ​លុប​បំបាត់​កម្មវិធី​នុយក្លេអ៊ែរ​មាន​សារសំខាន់ ប៉ុន្តែ​ប្រសិន​បើ​ការ​មិន​ចុះ​សម្រុង​គ្នា​នា​ពេល​បច្ចុប្បន្ន​មិន​អាច​ដោះស្រាយ​បាន​នៅ​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ វា​អាច​នឹង​ប៉ះពាល់​ដល់​បញ្ហា​ធំៗ​ជាង​នេះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG