ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អង្គរក្ស​ថា​លោក​ជាស៊ីម​មាន​សុខភាព​ល្អ​ឡើងវិញ


ពី​ឆ្វេង​ទៅ​ស្តាំ៖ លោក​ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា ហេង សំរិន លោក​ប្រធាន​ព្រឹទ្ធសភា ជា ស៊ីម និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​នៃ​ថ្ងៃ​ជ័យជម្នះ​៧មករា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ២០១៤។
ពី​ឆ្វេង​ទៅ​ស្តាំ៖ លោក​ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា ហេង សំរិន លោក​ប្រធាន​ព្រឹទ្ធសភា ជា ស៊ីម និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​នៃ​ថ្ងៃ​ជ័យជម្នះ​៧មករា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ២០១៤។

លោក​ ជា ស៊ីម ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​មាន​សុខភាព​ល្អប្រសើរ​បន្តិច​ បន្ទាប់​ពី​បាន​បញ្ជូន​ទៅ​ព្យាបាល​ក្នុង​ប្រទេស​វៀតណាម។​ ដោយឡែក ​លោក​ប៉ែន សុវណ្ណ​អតីត​នាយក​រដ្ឋមន្ត្រី​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​និង​ជា​សមាជិក​សភា​តំណាង​រាស្ត្រខាងគណបក្ស​សង្គ្រោះ​ជាតិ ​គ្រោង​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​បន្ទាប់​ពី​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​ប្រទេស​សឹង្ហបុរី​ក្រោយ​ពី​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល។​

លោក​ យឹម លាង​ ប្រធាន​អង្គរក្សផ្ទាល់​ ​លោក ជា ស៊ីម​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​តាម​ទូរស័ព្ទ​ពី​ប្រទេស​វៀតណាម​ថា​លោក​ ជា ស៊ីម​ មាន​សុខភាព​ល្អឡើង​វិញ​ហើយ​គ្រោង​នឹង​បញ្ជូន​មក​កម្ពុជា​ក្នុង​រយៈ​ពេល​ពីរ​ឬ​បី​ថ្ងៃក្រោយទៀត។​

លោក​ យឹម លាង​ មិន​បាន​បញ្ជាក់​លម្អិត​ថា​តើ​លោក​ជា ស៊ីម​ត្រូវ​ព្យាបាល​ជំងឺ​អ្វី​ខ្លះ​ទេ​ពេល​ដែល​បញ្ជូន​ទៅព្យាបាល​ក្នុងប្រទេស​វៀតណាម​នោះ។​

លោក​និយាយ​ថា៖​«​អត់​អី​ទេ​ មាន​អ្វី​ទេ​ ល្អតើ។ ​តែល្អ​វាធូរ​ស្រាល​ហើយ​ គេ​ថា​មិន​ល្អ​មាន​ន័យ​ថា​ខុស​គ្នា»។​

លោក​ ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​បង្ហាញ​មុខ​តាំង​ពី​ខួប​លើក​ទី​៣៦​ឆ្នាំ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលឹក​ថា​ជា​ថ្ងៃ​ជ័យ​ជម្នះ​ថ្ងៃ៧​ខែមករា។ ​ហើយ​ក្រោយ​មក​នៅ​ពេល​ដែល​គណបក្ស​នេះ​ធ្វើ​មហា​សន្និបាត​កាល​ពី​ចុង​សប្តាហ៍​មុន​លោក​ក៏​មិន​មាន​វត្តមាន​ដែរ។​

មន្ត្រី​គណបក្ស​ប្រជាជន​បាន​បញ្ជាក់​ថា ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យា​បាល​ជំងឺ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ពីរ​សប្តាហ៍​មុន​ដោយ​សារ​វ័យ​ចាស់​ជរា​របស់​លោក។​

លោក ជា ស៊ីម​ អាយុ​ ៨៣​ ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ស្រុក រមាសហែក ​ខេត្តស្វាយរៀង។ លោក​ជា​អតីត​ប្រធាន​រដ្ឋសភា​ ពី​ឆ្នាំ​១៩៨១​ ដល់​ឆ្នាំ​១៩៩៨។ ​លោក​ត្រូវ​បាន​ផ្លាស់​តួនាទី​ឱ្យ​ទៅ​កាន់​ប្រធាន​ព្រឹទ្ធសភា​វិញចាប់​តាំង​ ពី​ឆ្នាំ​១៩៩៩​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

​លោក​ទទួល​បាន​គោរម្យងារ​ពី​ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី​ ជាសម្តេច​អគ្គ​មហាធម្មពោធិសាល​ ជា ស៊ីម ​កាលពី​អំឡុង​ឆ្នាំ​២០០៧​ និង​បាន​តែងតាំង​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស៥​កាលពី​ខែធ្នូ​ ​ឆ្នាំ​២០០៩ ។​

មាន​មេដឹក​នាំ​សំខាន់ៗ​ចំនួន​ពីរ​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ទម្ងន់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក ជា ស៊ីម ​និង​ លោក​ ប៉ែន សុវណ្ណ​ អតីត​នាយក​រដ្ឋមន្ត្រី​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។​

លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ និង​ ជា​ អនុប្រធាន​រដ្ឋសភា​មាន​ប្រសាសន៍​ថា​លោក​ប៉ែន សុវណ្ណ​បាន​ដឹង​ខ្លួន​ឡើងវិញ​ហើយ​តែ​លោក​មិន​អាច​កម្រើក​មួយ​ចំហៀង​ខ្លួន។​

លោក​មាន​ប្រសាសន៍​ថា​លោកប៉ែន សុវណ្ណ អាច​អាន​កាសែត​បាន​ខ្លះ​ៗ​តែ​និយាយ​មិន​ទាន់​បាន​ហើយ​ក្រុម​គ្រូពេទ្យ​និយាយ​ថា​លោក​និង​ត្រូវ​បញ្ជូន​មក​ថែរក្សា​ក្នុង​ប្រទេស​កម្ពុជា​វិញ​ក្នុង​សប្តាហ៍​នេះ។​

លោក​និយាយ​ថា៖​«ទី​មួយ​បញ្ហា​បេះ​ដូង​របស់​គាត់​យើង​ដាក់​ព្យាបាល​ហើយ​ ដាក់​ឱ្យ​បើកបេះ​ដូង​ដើរ​ធម្មតា​ ​វិញ​ហើយ​គាត់​មាន​បញ្ហា​ខួរ​ក្បាល​ Stroke ​ហ្នឹង​ គឺ​គាត់​ Stroke ​ហើយ​ណា។​ក៏ប៉ុន្តែ​យើង​ត្រូវ​ព្យាបាល​រយៈ​ពេល​យូរ​ អញ្ចឹងយក​មក​ព្យា​បាល​នៅ​ស្រុក​ខ្មែរ​វិញ»។​

លោក​ ប៉ែន សុវណ្ណ​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​កាល​ពី​កាល​ពី​ថ្ងៃ​ទី​១៧​ខែមករា​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខេត្ត​តាកែវ ហើយ​ក្រោយ​មកលោក​ត្រូវ​បាន​ដឹក​តាម​យន្តហោះ​ទៅ​ព្យាបាល​នៅ​ប្រទេស​សឹង្ហបុរី​។

លោក ប៉ែន សុវណ្ណ ​មាន​អាយុ ៧៩​ឆ្នាំ ​ធ្លាប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ​នៅ​ចន្លោះ​ឆ្នាំ​១៩៧៩ ​ដល់​ឆ្នាំ​១៩៨១ ​នៅ​ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួល​បាន​ដួល​រលំ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG