ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​អាមេរិក​ថា ការ​ភាន់​ច្រឡំ​នៃ​ដ្រូន​អាមេរិក​អាច​ជា​កត្តា​បង្ក​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ


រូបភាពចេញផ្សាយដោយសេតវិមាន​បង្ហាញ​លោក​ប្រធានាធិបតី Joe Biden និង​រដ្ឋមន្ត្រីការពារជាតិ​អាមេរិកលោក Lloyd Austin ទទួលការ​ផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហារដោយដ្រូន​លើ​មូលដ្ឋានទ័ពអាមេរិក នៅប្រទេសហ្ស៊កដានី កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ (Adam Schultz/The White House via AP)
រូបភាពចេញផ្សាយដោយសេតវិមាន​បង្ហាញ​លោក​ប្រធានាធិបតី Joe Biden និង​រដ្ឋមន្ត្រីការពារជាតិ​អាមេរិកលោក Lloyd Austin ទទួលការ​ផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហារដោយដ្រូន​លើ​មូលដ្ឋានទ័ពអាមេរិក នៅប្រទេសហ្ស៊កដានី កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ (Adam Schultz/The White House via AP)

សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​រក​ជម្រើស​ថា ​តើត្រូវ​ធ្វើ​យ៉ាង​ដូចម្តេចដើម្បី​ឱ្យ​អ៊ីរ៉ង់​និង​កម្លាំង​គាំទ្រ​ខ្លួន​ក្នុងប្រទេស​អ៊ីរ៉ាក់និង​ស៊ីរី​ទទួល​ខុសត្រូវ​ លើ​ការវាយប្រហារតាម​ដ្រូន​ដ៏​ប្រល័យ​មួយ​ ទៅ​លើ​មូលដ្ឋាន​យោធា​អាមេរិក​មួយកន្លែង​ នៅ​ភាគខាង​កើត​ប្រទេស​ហ៊្សកដានី​ ខណៈ​ដែល​ខ្លួន​កំពុងព្យាយាម​កំណត់ថា​ តើដ្រូន​វាយប្រហារ​នោះ​អាច​ឆ្លងកាត់​ប្រព័ន្ធ​ការពារ​ដែន​អាកាសនៃ​មូលដ្ឋាន​យោធា​អាមេរិក​បាន​យ៉ាង​ដូច​ម្តេច។

ក្រុមមន្ត្រី​សហរដ្ឋ​អាមេរិក​កាល​ពី​យប់​ថ្ងៃ​ចន្ទ​និយាយ​ថា​ ទាហាន​បម្រុង​អាមេរិក ​៣ ​នាក់នៃ​កងអនុសេនា​ធំ​វិស្វកម្ម​ ៧១៨ នៃ​មូលដ្ឋាន​យោធា ​Fort Moore ​ក្នុង​រដ្ឋ​ Georgia បាន​ស្លាប់​ នៅ​ពេល​ដែលយន្តហោះដ្រូន​បាន​បើក​បំបុកកន្លែង​ស្នាក់នៅ​នៃ​ចំណុចប៉ម ​២២ ​(Tower 22)​ ដែល​ជា​មូលដ្ឋាន​ដឹកជញ្ជូន​នៅ​ជិត​ព្រំប្រទល់ប្រទេស​ស៊ីរី​ ​ ដែលធ្វើ​កិច្ចប្រឹងប្រែងសម្របសម្រួល​ប្រឆាំង​នឹង​ក្រុម​ភេរវជន​រដ្ឋ​អ៊ិស្លាម។​

មន្ត្រី​អាមេរិក​ម្នាក់ដែលនិយាយក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​លើ​ការ​រក​ឃើញ​ជា​បឋមនោះ​ បាន​ថ្លែងថា​ ដ្រូនវាយប្រហារ​នោះ​ទំនង​ដូច​ជា​បាន​ឆ្លង​ចូល​ក្នុង​រង្វង់​ប្រព័ន្ធ​ការពារ​របស់​អាមេរិក​ដោយ​សំណាង​មួយ​ ហើយ​ហោះ​សំដៅ​មក​រក​មូលដ្ឋាន​នេះ​ស្របពេល​គ្នា ដែល​មាន​ដ្រូន​អាមេរិក​មួយគ្រឿង​ទៀត​បាន​វិលត្រឡប់​ចូល​មកមូលដ្ឋាន​វិញពី​បេសកកម្ម​របស់​ខ្លួន​ផង​ដែរ។

មន្ត្រី​អាមេរិក​រូប​នេះ​និយាយទៀត​ថា​ ការណ៍​នេះ​ទំនង​ដូច​ជា​ធ្វើ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ពី​ដំបូង​ ដែល​ធ្វើ​ឱ្យ​មាន​ការ​បង្អាក់​ដល់​ប្រព័ន្ធ​ការពារ ហើយ​អនុញ្ញាត​ឱ្យ​ដ្រូន​នេះ​ហោះចូលមក​និង​វាយប្រហារលើ​បន្ទាយ​យោធា​អាមេរិក​មួយ​នៅ​ពេល​ជិតភ្លឺ​ ក្នុង​ពេល​ដែលកងកម្លាំង​អាមេរិក​នៅ​មិនទាន់​ចេញ​ពី​បន្ទាយ​របស់​ខ្លួនទៅបំពេញ​ការងារ​ដូច​ធម្មតា។

កាសែត​អាមេរិកាំង The Wall Street Journal ​ជា​អ្នករាយការណ៍​មុន​គេ​ ពីវត្តមាន​ដ្រូន​អាមេរិកដែល​វិល​ចូលមូលដ្ឋាន​វិញ​ ជួន​គ្នា​នឹង​ដ្រូន​វាយប្រហាររបស់​សត្រូវ​ផង​ដែរនោះ។​

ក្រសួង​ការពារជាតិ​អាមេរិក​និយាយ​ថា​ ខ្លួន​នឹង​ចាត់វិធានការ​បន្ថែម​ទៀត​ ដើម្បី​ការពារ​មូលដ្ឋាន​យោធា​អាមេរិក​ក្នុង​តំបន់​ និង​បាន​ដាក់​ប្រទេស​អ៊ីរ៉ង់​និង​កងកម្លាំង​គាំទ្រប្រទេស​នេះ​ ​ថា​ជា​អ្នក​ទទួល​ខុសត្រូវ​ ក្នុង​ការវាយប្រហារ​ដែល​បណ្តាល​ឱ្យ​មាន​ទាហាន​អាមេរិក​ស្លាប់​នោះ។

ក្រុមអ្នក​រិះគន់​នៃ​គណបក្ស​សាធារណរដ្ឋ​ក្នុង​សភា​អាមេរិក បានអំពាវនាវ​ដល់​ប្រធានាធិបតី​អាមេរិក​ ដែល​មក​ពី​បក្សប្រជាធិបតេយ្យ​ ឱ្យ​វាយប្រហារ​ផ្ទាល់​ទៅ​លើអ៊ីរ៉ង់​វិញ ប៉ុន្តែ​មន្ត្រី​អាមេរិក​ដទៃ​ទៀត​និង​ក្រុម​អ្នក​ជំនាញផ្សេង​ទៀត​ មាន​ការ​ប្រយ័ត្នប្រយែងលើ​ការវាយប្រហារ​តប​វិញ​តាម​របៀប​នេះ ​ដែល​អាច​នាំ​ទៅធ្វើ​ឱ្យ​មាន​សង្គ្រាម​រីករាលដាល​យ៉ាង​ឆាប់រហ័ស​ក្នុងតំបន់​មជ្ឈិម​បូព៌ាទាំង​មូល​ បើ​ទោះ​បី​ជា​ស្ថានភាព​នាពេល​បច្ចុប្បន្ន​នេះ​ ពិបាក​នឹងធ្វើ​ឱ្យជៀស​ផុតពីសង្គ្រាម​រីករាលដាល​មួយ​ក៏​ដោយ។ ​

រីឯ​កងកម្លាំង​អ៊ីស្រាអែល​វិញ​បានបញ្ជាក់នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ពួកគេ​បាន​សម្លាប់​យុទ្ធជនប៉ាឡេស្ទីន ៣ នាក់​ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែងនៅ​ក្នុង​តំបន់​ West Bank ដែល​អ៊ីស្រាអែល​គ្រប់គ្រង​ ​ដែល​ក្នុង​នោះក៏​មាន​ម្នាក់​ ដែលយោធា​អ៊ីស្រាអែល​និយាយ​ថា​ ជា​សមាជិក​របស់​ក្រុម​ហាម៉ាស់​ផង​ដែរ។ ​

ក្រុម​មន្ត្រី​សុខាភិបាល​ប៉ាឡេស្ទីន​និយាយ​ថា​ កងកម្លាំង​អ៊ីស្រាអែលបាន​បាញ់​សម្លាប់​យុទ្ធជន​ទាំង ​៣ ​នាក់​នោះ​ បន្ទាប់​ពីសម្រុកចូល​ទៅ​ក្នុងមន្ទីរពេទ្យ Ibn Sina ​ក្នុង​ទីក្រុង​ Jenin មក។

កងកម្លាំង​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​ ៣៧០ ​នាក់ ក្នុង​តំបន់ West Bank​ ចាប់តាំង​ពី​ថ្ងៃ​ទី​ ៧ ខែតុលា​មក។​

នៅ​ក្នុង​តំបន់​ហ្កាហ្សា​ឯណោះ​វិញ​ ​ការវាយ​តប​របស់កងកម្លាំង​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​ជាង​ ២ម៉ឺន ​៦ពាន់​នាក់​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ ដោយ​បំផ្លាញ​ទីតាំង​ជា​ច្រើន​កន្លែង​នៅ​ក្នុង​តំបន់​នេះ​ និង​ធ្វើ​ឱ្យ​មនុស្សជិត ​៨៥ ភាគរយ រត់ភៀសខ្លួនគ្មាន​ទី​ជម្រក។

ក្រុម​អង្គការ​ផ្តល់​ជំនួយ​អន្តរជាតិ​ចំនួន ​២០ កាល​ពី​ថ្ងៃ​ចន្ទ​ បាន​សម្តែង​ការគាំទ្រ​ដល់​ទី​ភ្នាក់ងារ​ផ្តល់​ជំនួយ​ប៉ាឡេស្ទីន​របស់​អង្គការ​សហប្រជាជាតិ​ ខណៈពេល​ដែល​ប្រទេស​ម្ចាស់​ជំនួយ​ជា​ច្រើន​ បាន​ផ្អាក​ការ​គាំទ្រ​របស់​គេដល់​អង្គការ​នេះ​ ​ក្រោយពី​មានការ​ចោទ​ប្រកាន់​របស់​អ៊ីស្រាអែល​ថា​ បុគ្គលិក​ជា​ច្រើន​នាក់​របស់​អង្គការ​ផ្តល់​ជំនួយ​មួយ​នេះ ​អាចមាន​ជាប់​ពាក់ព័ន្ធ​នឹងការ​វាយប្រហារ​ភេរវកម្មក្នុងប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី ​៧ ខែ​តុលា​កន្លង​ទៅ។​

អង្គការសង្គ្រោះកុមារ ​Save the Children អង្គការ ActionAid អង្គការ Norwegian Refugee Council ​និង​អង្គការ Oxfam and American Friends Service Committee​ ស្ថិត​ក្នុង​ចំណោម​ក្រុម​អង្គការ​ ដែល​បាន​ចុះ​ហត្ថលេខាលើ​សេចក្តីថ្លែងការណ៍គាំទ្រ​ដល់ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ប៉ាឡេស្ទីន​របស់​អង្គការ​សហប្រជាជាតិ។​

ប្រទេស​ជា​ច្រើន​ដែល​រួម​មានសហរដ្ឋ​អាមេរិក​ ដែល​ជា​ប្រទេស​ផ្តល់​ជំនួយ​សំខាន់​ផង​ដែរ​នោះ ​និយាយ​ថា​ គេ​បាន​ផ្អាក​ផ្តល់​ថវិកា​គាំទ្រដល់អង្គការ​នេះ​ ក្នុង​ពេល​ដែល​ការស៊ើបអង្កេត​មួយ​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង៕

វីអូអេ​សេវាកម្ម​ពែក្ស​បាន​ចូលរួម​ផ្តល់​ព័ត៌មាន​សម្រាប់​សេចក្តី​រាយការណ៍​នេះ។​ ព័ត៌មាន​ខ្លះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press និង​ Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG