ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​សុំ​ឲ្យ​ស៊ើប​អង្កេត​ការ​ចោទ​ថា​រដ្ឋមន្ត្រី​យុត្តិធម៌​មាន​ភាគហ៊ុន​សម្ងាត់​នៅ​បរទេស


ឯកសារ​សម្ងាត់ Panama​ Papers នេះ​ដ៏​ល្បីល្បាញ​នេះ​បង្ហាញ​ថា ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា​មាន​ទិញ​ភាគហ៊ុន​នៅ​ឯ​បរទេស។
ឯកសារ​សម្ងាត់ Panama​ Papers នេះ​ដ៏​ល្បីល្បាញ​នេះ​បង្ហាញ​ថា ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា​មាន​ទិញ​ភាគហ៊ុន​នៅ​ឯ​បរទេស។

ឯកសារ​សម្ងាត់​ជា​ច្រើន​ពី​ប្រទេស​ប៉ាណាម៉ា ដែល​គេ​ហៅ​​ថា ​Panama Papers​ ​បង្ហាញ​ថា ​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​លើ​ពិភពលោក​ បាន​ដាក់​វិនិយោគទុន​នៅ​ក្រៅ​ស្រុក​ដោយ​សម្ងាត់​ ដើម្បី​គេច​វេស​ពី​ការ​បង់​ពន្ធ​អាករ​ក្នុង​ស្រុក។

អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​ជំនាញ​ផ្នែក​ប្រឆំាង​អំពើ​ពុករលួយ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អង្គ វង្សវឌ្ឍនា​ ដែល​មាន​ឈ្មោះ​ក្នុង​ឯកសារ​សម្ងាត់​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា​ (Panama Papers) ដែល​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​នៅ​ទូទាំង​ពិភពលោក។

ឯកសារ​សម្ងាត់ Panama​ Papers នេះ​ដ៏​ល្បីល្បាញ​នេះ​បង្ហាញ​ថា ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា​មាន​ទិញ​ភាគហ៊ុន​នៅ​ឯ​បរទេស។ ក្រុម​អ្នក​ជំនាញ​ទាំង​នេះ​ក៏​អះអាង​ផង​ដែរ​ថា​ ការ​ស៊ើប​អង្កេត​បែប​នេះ​ក៏​នឹង​ជួយ​បក​ស្រាយ​ចម្ងល់​សាធារណជន​ ដែល​កំពុង​មាន​ការ​សង្ស័យ។

លោក​ ព្រាប កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ប្រាប់ ​VOA​ នា​ថ្ងៃ​សុក្រ​នេះ​ថា ​ការ​បើក​ការ​ស៊ើប​អង្កេត​មួយ​លើ​ករណី​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ អង្គ វង្សវឌ្ឍនា គឺ​ជា​ការ​ល្អ​មួយ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ និង​បញ្ចប់​ការ​សង្ស័យ​លើ​រដ្ឋមន្ត្រី​រូប​នេះ​ ឬ​ក៏​រក​ភស្តុតាង​ដើម្បី​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​ខុស​នោះ។

រូបឯកសារ៖ លោក ព្រាប កុល នាយកប្រតិបត្តិនៃ​អង្គការតម្លាភាពកម្ពុជាចូល​រួម​ពិភាក្សា​អំពី​«តើយុវជន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឆ្លង​ជំងឺ​ពុករលួយ​ដែរ​ឬ​ទេ?‍» នៅ​ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពី​ការ​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក ព្រាប កុល នាយកប្រតិបត្តិនៃ​អង្គការតម្លាភាពកម្ពុជាចូល​រួម​ពិភាក្សា​អំពី​«តើយុវជន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឆ្លង​ជំងឺ​ពុករលួយ​ដែរ​ឬ​ទេ?‍» នៅ​ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពី​ការ​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

​លោក​ ព្រាប កុល ពន្យល់​ថា៖​«ខ្ញុំ​ថា​គួរ​ បើ​មាន​ព័ត៌មាន​ មាន​អី​បែប​ហ្នឹង​ ហើយ​ដើម្បី​រក្សា​កិត្តិនាម​របស់​មន្ត្រី​រដ្ឋាភិបាល​ ឬ​ក៏​រក​ឱ្យ​ឃើញ​នូវ​ភាព​ពិត​នៃ​ព័ត៌មាន។​ អាច​គួរ​ពិចារណា​ ហើយ​អង្គភាព​ដែល​ពាក់ព័ន្ធ​ គឺ​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ មាន​សមត្ថកិច្ច​ ពីព្រោះ​វា​អាច​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ ហើយ​បើ​សិន​មួយ​ទៀត​គឺ​ស្ថាប័ន​ស៊ើប​អង្កេត​ផ្នែក​ហិរញ្ញវត្ថុ។​ យើង​មិន​ទាន់​អាច​ថា​យ៉ាង​ម៉េច​ទេ​ ​គ្រាន់​តែ​ថា​ ព័ត៌មាន​នេះ​ គឺ​ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​យើង​ចង់​ដឹង ​ហើយ​យើង​អាច​រក​ព័ត៌មាន​មួយ​ ដើម្បី​មក​បញ្ជាក់ឲ្យ​បាន​ដឹង​ច្បាស់​ក៏​ជា​រឿង​មួយ​ល្អ​ផង​ដែរ»។​

ស្រដៀង​គ្នា​នោះ​ដែរ​ ​លោក ​សន ជ័យ​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​បញ្ជាក់​ប្រាប់ ​VOA​ ផងដែរ​ថា​ ​ការ​ស៊ើប​អង្កេត​មួយ​នឹង​ជួយ​ស្តារ​កិត្តិយស​របស់​ប្រទេស​ជាតិ ​និង​រដ្ឋាភិបាល​ខ្លួន​ឯង​ផង​ដែរ ​ប្រសិន​បើ​លោក​ អង្គ វង្សវឌ្ឍនា​ ត្រូវ​រក​ឃើញ​ថា​ស្អាត​ស្អំ​នោះ។​

លោក សន ជ័យ ថ្លែង​ថា៖​«រឿង​ដែល​សំខាន់​គឺ​សមត្ថកិច្ច​នៅ​ក្នុង​ប្រទេស​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ហ្នឹង​គឺ ACU​ ហ្នឹង​ឯង ​ត្រូវ​តែ​មាន​វិធានការ​ ដើម្បី​ស៊ើបអង្កេត​បន្ថែម​ដែរ។​ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​អ្នក​ប្តឹង​ក៏​ដោយ​ ក៏​ប៉ុន្តែ​អា​នេះ វា​ពាក់ព័ន្ធ​ជាមួយ​កិត្តិយស​ និង​មុខមាត់​របស់​ប្រទេស​កម្ពុជា​យើង​ដែរ​នៅ​លើ​ឆាក​អន្តរជាតិ ព្រោះ​អី​មាន​ឈ្មោះ​ឧត្តម​មន្ត្រី​ខ្មែរ​យើង​ម្នាក់ ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ ​មិន​មែន​ក្រសួង​អី​ធម្មតា​ទេ គឺ​ក្រសួង​យុត្តិធម៌​ទៀត ដែល​ត្រូវ​រក​យុត្តិធម៌​ឲ្យ​ប្រជាពល​រដ្ឋ​យើង​ តែ​បែរ​ជា​ស្ថិត​ក្នុង​រឿង​អាស្រូវ​បែប​នេះ»។

ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ប្រឆំាង​អំពើ​ពុករលួយ​ធ្វើ​ឡើង​មួយ​ថ្ងៃ ​ក្រោយ​ពី​ការ​លើក​ឡើង​របស់​លោក​ ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆំាង​អំពើ​ពុក​រលួយ​កម្ពុជា​អំពី​បញ្ហា​នេះ។​ លោក​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​សន្និសីទ​ពិសេស​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​ថា​ អង្គភាព​របស់​លោក​កំពុង​តែ​«ធ្វើ​ការ»​លើ​ករណី​ឯកសារ​សម្ងាត់​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា ដែល​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Panama Papers​ នោះ។​

ឯកសារ​នោះ​ក៏​បង្ហាញ​ឈ្មោះ​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា អង្គ វង្សវឌ្ឍនា​ ផង​ដែរ។ ក៏ប៉ុន្តែ​លោក ឱម យ៉ិនទៀង បញ្ជាក់​ច្បាស់​ថា ការណ៍​នេះ​មិន​មាន​ន័យ​ថា ​អង្គភាព​របស់​លោក​«បើក​ការ​ស៊ើប​អង្កេត»​អ្វី​នោះ​ទេ។

រូបឯកសារ៖ លោក​ ឱម​ យិនទៀង​ (កណ្តាល) ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ការប្រកាន់​លើ​លោក​ ស៊ុត​ ឌីណា​ ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាង​ត្បូង​ ថា​បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា​ ឆ្នាំ​២០១៦។​ (នៅ​ វណ្ណារិន/VOA)
រូបឯកសារ៖ លោក​ ឱម​ យិនទៀង​ (កណ្តាល) ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ការប្រកាន់​លើ​លោក​ ស៊ុត​ ឌីណា​ ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាង​ត្បូង​ ថា​បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា​ ឆ្នាំ​២០១៦។​ (នៅ​ វណ្ណារិន/VOA)

លោក ឱម យ៉ិនទៀង ថ្លែង​ថា៖​«ពាក្យ​ស៊ើប​អង្កេត​ គឺ​អត្ថន័យ​ជំហាន​របស់​វា​ គឺ​ជ្រៅ​ជាង!​ ព្រោះ​អា​នេះ​ជា​ដំណឹង​ អញ្ចឹង​យើង​ស្វែងរក​ស្រាវជ្រាវ ​តើ​ដំណឹង​វា​ពិត​ប៉ុណ្ណា​ ​ អាច​ទុកចិត្ត​បាន​ទេ? ហើយ​បើ​ទុកចិត្ត​បាន​ហើយ ​យើង​ទៅ​ជួប​អ្នក​ណា​ទៀត​ យើង​ចេះ​តែ​អង្គៀកៗ​ទៅ​មុខ​តិចៗ​ទៅ​ក្នុង​គោល​ដៅ​ដើម្បី​អាច​ឃើញ​ថា គួរ​តែ​បើក​ការ​ស៊ើប​អង្កេត ​ឬ​មិន​បើក?»។​

កាល​ពី​ដើម​សប្តាហ៍​នេះ ឯកសារ​សម្ងាត់​ជា​ច្រើន​ពី​ប្រទេស​ប៉ាណាម៉ា ដែល​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា ​Panama Papers​ ដ៏​ល្បីល្បាញ ​ត្រូវ​បាន​ផ្សាយ​ដោយ​សមាគម​អ្នក​កាសែត​ស៊ើប​អង្កេត​អន្តរជាតិ​មួយ​ក្រុម​ ឬ ​International Consortium of Investigative Journalists​ ​(ICIJ)។ ឯកសារ​នេះ​បង្ហាញ​ថា ​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​លើ​ពិភពលោក​ បាន​ដាក់​វិនិយោគទុន​នៅ​ក្រៅ​ស្រុក​ដោយ​សម្ងាត់​ ដើម្បី​គេច​វេស​ពី​ការ​បង់​ពន្ធ​អាករ​ក្នុង​ស្រុក។

ក្នុង​នោះ​ ICIJ​ បាន​បើក​កកាយ​ថា​លោក​រដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា​ ដែល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​យុត្តិធម៌​ចាប់​តាំង​ពី​ឆ្នាំ​២០០៤ បាន​ប្រើ​ប្រាស់​ថវិកា​៥.០០០​ដុល្លារ​អាមេរិក ​ដើម្បី​ទិញ​ភាគហ៊ុន​ចំនួន​៥.០០០​ហ៊ុន​ ក្នុង​ក្រុមហ៊ុន​ឈ្មោះ​ RCD International Limited ដែល​មាន​មូលដ្ឋាន​នៅ​កោះ British Virgin Islands ​ដែល​ជា​ដែនដី​ឯ​នាយ​សមុទ្រ (overseas territory) របស់​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​២០០៧។​

VOA​ មិន​អាច​ទាក់​ទង​លោក​រដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា និង​មន្ត្រី​ក្រសួង​យុត្តិធម៌​ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ​ កាលពី​ថ្ងៃ​សុក្រ​នេះ​ ដោយ​ទូរស័ព្ទ​រោទិ៍​ ប៉ុន្តែ​គ្មាន​អ្នក​ទទួល។​

​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ​លោក សន សោភ័ណ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ការពារ​លោក​ អង្គ វង្សវឌ្ឍនា ដោយ​លើក​ឡើង​ថា​ លោក​រដ្ឋមន្ត្រី​រូប​នេះ​មិន​ដែល​បាន​ស្គាល់​ និង​មិន​ដែល​ទិញ​ហ៊ុន​របស់​ក្រុមហ៊ុន ​RCD International Limited នៅ British Virgin Islands ​នេះ​ទេ។ លោក​ចោទ​ថា​ ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​នោះ​គឺ​«ព័ត៌មាន​មិន​ពិត​ភូត​កុហក ដែល​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ភាន់ច្រឡំ​ និង​ប៉ះពាល់​ដល់​កិត្តិយស​របស់»​លោក​រដ្ឋមន្ត្រី។

​យ៉ាងណា​ក៏​ដោយ​ ​លោក​ សន ជ័យ​ ថ្លែង​ថា​ ​ការ​លើក​ឡើង​របស់​ក្រសួង​យុត្តិធម៌​ វា​ហាក់​ដូច​យឺត​ពេល​បន្តិច​ ​និង​មិន​មាន​ភាព​ច្បាស់លាស់​ ​បើ​ធៀប​នឹង​ចំណាត់ការ​របស់​ប្រទេស​នានា​លើ​សាកល​លោក។

លោក​ថា៖​«បាទ!​ បើ​និយាយ​ពី​ប្រតិកម្ម​វិញ​ ឥឡូវ​យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​ថា​ ប្រតិកម្ម​ពី​រដ្ឋាភិបាល​កម្ពុជា​យើង មាន​ការ​យឺត​យាវ​ដែរ​ ក្រៅ​តែ​ពី​ឃើញ​ឯកឧត្តម ​អង្គ វង្សវឌ្ឍនា តាម​រយៈ​អ្នក​នាំ​ពាក្យ​របស់​គាត់​ហ្នឹង ឃើញ​ថា​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បដិសេធ​ចោល​ ឬ​ការ​បង្ហាញ​នូវ​ការ​លើក​ឡើង​របស់​របាយការណ៍​ Panama Papers​ ហ្នឹង។ ក៏​ប៉ុន្តែប្រទេស​ថៃ ​គេ​ចាត់​ការ​ភ្លាម​តែ​ម្តង​ មន្ត្រី​គេ​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​អា​រឿង​ហ្នឹង​ ពីព្រោះ​អី​នៅ​ប្រទេស​ថៃ​ វា​ទាក់​ទង​នឹង​បុគ្គល​សាធារណៈ​នៃ​ប្រទេស​ថៃ​ហ្នឹង​តែ​ម្តង»។​

រូបភាព​នៃ​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ពិភពលោក ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បែក​ធ្លាច​ឯកសារ​សម្ងាត់ panama papers ដែល​បង្ហាញ​ពី​ការ​គេចវេសពី​ការ​បង់ពន្ធ។
រូបភាព​នៃ​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ពិភពលោក ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បែក​ធ្លាច​ឯកសារ​សម្ងាត់ panama papers ដែល​បង្ហាញ​ពី​ការ​គេចវេសពី​ការ​បង់ពន្ធ។

​ក្រោយ​ពី​ការ​លេច​ធ្លាយ​មក ​ឯកសារ​សម្ងាត់​ឈ្មោះ Panama Papers​ ​បង្ហាញ​ថា​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​ក្នុង​ពិភពលោក បាន​ដាក់​វិនិយោគទុន​នៅ​ក្រៅ​ស្រុក​ដោយ​សម្ងាត់​ ដើម្បី​គេច​វេស​ពី​ការ​បង់​ពន្ធ​អាករ​ក្នុង​ស្រុក។​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីស្លង់​ (Iceland) បាន​លា​លែង​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ បាន​ក្លាយ​ទៅ​ជា​ជន​ទី​មួយ​ដែល​រង​គ្រោះ​ ដោយ​សារ​ការ​លាត​ត្រដាង​ឱ្យ​ដឹង​ពី​ឯកសារ​ប្រទេស​ប៉ាណាម៉ា​នេះ។​

ជាមួយ​គ្នា​នោះ​ដែរ​ ​ប្រទេស​ជា​ច្រើន​ក៏​បាន​បើក​ការ​ស៊ើប​អង្កេត​ភ្លាមៗ​លើ​ក្រុម​មន្ត្រី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ក្នុង​ឯកសារ​នោះ។​ ដោយ​ឡែក​នៅ​ប្រទេស​ចិន អាជ្ញាធរ​បាន​ធ្វើ​ការ​ហាម​ប្រាម​មិន​ឲ្យ​មាន​ការ​ជជែក​ពី​បញ្ហា​ឯកសារ​ដែល​លេច​ធ្លាយ​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG