ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ព្រមាន​អូស្ត្រាលី​​ពី​ការ​ចល័ត​នាវា​របស់​ខ្លួន​ក្នុង​តំបន់​​ដែន​ទឹក​កំពុង​មាន​ជម្លោះ 


រូបឯកសារ៖ នាវា Toowoomba ត្រូវបានច​ត​នៅ​ Changi Naval Base ប្រទេស​សិង្ហបុរី​កាលពីថ្ងៃទី​០៤ ឧសភា​ ឆ្នាំ២០២៣។
រូបឯកសារ៖ នាវា Toowoomba ត្រូវបានច​ត​នៅ​ Changi Naval Base ប្រទេស​សិង្ហបុរី​កាលពីថ្ងៃទី​០៤ ឧសភា​ ឆ្នាំ២០២៣។

ប្រទេស​ចិន​បាន​ជំរុញ​ដល់​ប្រទេស​អូស្ត្រាលីឱ្យ​ជូន​ដំណឹង​មក​ខ្លួន ពី​ការចល័ត​នាវាណា​មួយនៅ​ក្នុង​តំបន់ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូងនិង​សមុទ្រ​ចិន​ខាង​កើត​ ដោយ​មន្ត្រី​ជាន់​ខ្ពស់​ចិន​មួយ​រូបព្រមាន​ថា​ ឧប្បត្តិហេតុ​តូចតាច​មួយ​រវាង​កងយោធា​នៃ​ប្រទេស​ទាំ­ង​ពីរ​ អាច​បង្កើត​ឱ្យមាន​ភាព​តានតឹង​ ​និង​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ទំនាក់​ទំនង​ទ្វេភាគី​បាន។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters។ ​

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ លោក​ Anthony Albanese បាន​និយាយ​កាល​ពីសប្តាហ៍មុន​ថា​ នាវា​ចម្បាំង​ចិន​មួយ​គ្រឿង​ ​បាន​ធ្វើ​សកម្មភាពដែលអាច​បង្ក​គ្រោះថ្នាក់​ ដោយ​ប្រើ​ឧបករណ៍សូណាឆ្លុះ​ចូល​ទៅ​បាត​សមុទ្រ​ នៅក្នុង​ឧប្បត្តិហេតុ​មួយ​ជា​មួយនាវាកងទ័ព​ជើង​ទឹក​អូស្ត្រាលី​មួយ​គ្រឿង​ ដែល​ស្ថិត​នៅក្នុង​ដែន​ទឹក​របស់​ប្រទេស​ជប៉ុន​ ដោយ​ធ្វើឱ្យ​របួស​ដល់អ្នក​មុជទឹក​យោធាមួយ​រូប។​

នាវាយោធា​អូស្ត្រាលី​ដដែល​នោះ​ ដែល​មាន​ឈ្មោះ​ថា​ Toowoomba បាន​ចាប់​ផ្តើមការ​ល្បាត​របស់​ខ្លួន​ជា​មួយប្រទេស​ហ្វីលីពីន​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ស្រប​ពេល​ដែល​មាន​ភាព​តានតឹងកើន​ឡើង រវាងរដ្ឋាភិបាល​ចិន​និង​ហ្វីលីពីន​ ជុំវិញ​តំបន់ខ្ពង់រាប​បាតសមុទ្រ​ដែល​កំពុងមាន​ជម្លោះ។​

ថ្លែង​ក្នុង​ទីក្រុង​ស៊ីដនី​ ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃអង្គារ​នេះ​ ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បរទេស​នៃ​គណបក្ស​កុម្មុយនីស្តចិន​ លោក​ Liu Jianchao បាន​និយាយ​ថា​ ​ឧប្បតិ្តហេតុ​នៃ​ការ​ប្រើ​ប្រព័ន្ធ​សូណា​នោះកើត​មាន​ឡើង​នៅ​ក្នុង​តំបន់​ទឹក​ ដែល​កំពុង​មាន​ជម្លោះ​រវាង​ចិន​និង​ជប៉ុន​ ហើយបាន​ចោទ​ជា​សំណួរ​ថា​ តើ​នាវា​ចម្បាំង​អូស្ត្រាលី​ទៅ​កាន់​ទី​នោះ​ធ្វើ​អ្វី។​

ទន្ទឹម​នឹង​នេះ​ដែរ​ កងឆ្មាំ​សមុទ្រ​ចិននិយាយ​ថា​ ខ្លួន​បាន​ព្រមាន​ដល់​នាវាជប៉ុន ដែល​បាន​រំលោភចូលដោយ​ខុសច្បាប់ទៅ​ក្នុង​តំបន់​ជុំវិញ​ដែន​ទឹកកំពុង​មានជម្លោះ​ក្នុង​ប្រជុំកោះ​នៃ​សមុទ្រ​ចិន​ខាង​កើតនៅថ្ងៃ​អង្គារ​នេះ​។​

ចិន​បាន​ទទូច​ដល់​ប្រទេស​ជប៉ុនឱ្យ​បញ្ឈប់​រាល់​សកម្មភាព​ខុសច្បាប់​នានា​ជាបន្ទាន់​ នៅ​ក្នុង​តំបន់​ជម្លោះ​ ដើម្បី​ជៀសវាង​កុំ​ឱ្យ​មាន​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​ក្រុម​កងឆ្មាំ​សមុទ្រចិន។

រីឯ​ប្រទេស​វៀតណាម​វិញ​កំពុង​បូម​ភក់​ពី​បាត​សមុទ្រ​និង​ចាក់​បំពេញ​ដី​នៅ​ប្រជុំ​កោះ Spratly នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​ជា​វិធានការ​មួយ​ដែល​ហាក់​ដូចជា​មាន​បំណង​តតាំង​នឹង​ឥរិយាបថ​គឃ្លើន​របស់​ចិន​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

កិច្ចការ​ពង្រីក​ផ្ទៃដី​របស់​វៀតណាម​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ប្រជុំ​កោះ Spratly ដែល​បាន​ចាប់ផ្ដើម​កាលពី​ឆ្នាំ ២០២១ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ច្បាស់​ជាង​គេ​នៅ​ថ្ម​ប៉ប្រះ​ទឹក Barque Canada Reef។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​ដោយ​គម្រោង​ផ្ដួចផ្ដើម​តម្លាភាព​ដែន​សមុទ្រ​អាស៊ី (AMTI) របស់​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ (CSIS) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា វៀតណាម​បាន​បង្កើត​ផ្ទៃដី​ទំហំ ០,៨៤ គីឡូម៉ែត្រ​ការ៉េ​កាលពី​មួយ​ឆ្នាំ​កន្លង​មក​នេះ។

កិច្ចការ​ពង្រីក​ផ្ទៃដី​របស់​វៀតណាម​លើ​ថ្ម​ប៉ប្រះ​ទឹក Barque Canada Reef ដែល​គេ​ហៅ​ថា Bai Thuyen Chai ជា​ភាសា​វៀតណាម​នេះ កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​លឿន​ដោយ​ធ្វើ​ឱ្យ​ថ្ម​ប៉ប្រះ​ទឹក​នេះ​ក្លាយជា​ផ្ទៃដី​ដែល​វៀតណាម​កាន់កាប់​ធំ​ជាង​គេ​បង្អស់​នៅ​ប្រជុំ​កោះ Spratly។ នេះ​បើ​យោង​តាម​អង្គការ​គម្រោង​ផ្ដួចផ្ដើម​ត្រួត​ពិនិត្យ​សមុទ្រ​ចិន​ខាង​ត្បូង (South China Sea Probing Initiative (SCSPI)) របស់​ប្រទេស​ចិន។

តាំងពី​ខែ​កក្កដា​មក ផ្ទៃដី​ជិត ០,៥៦ គីឡូម៉ែត្រ​ការ៉េ​ត្រូវ​បាន​ចាក់​បំពេញ​យក ហើយ​អាច​មាន​ការ​សាងសង់​វាល​យន្តហោះ​ទី​ពីរ​លើ​ថ្ម​ប៉ប្រះ​ទឹក​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​អង្គការ SCSPI របស់​ចិន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ X កាលពី​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា៕

XS
SM
MD
LG