ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅធ្វើម្ហូប«សោយ»របស់ចុងភៅណាក់ទទួលពាន«សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក»

អ្នកស្រី រស់ រតនៈ ថ្លែងសុន្ទរកថា ក្រោយឈ្នះពានរង្វាន់សម្រាប់ជ័យលាភី Best of the Best របស់កម្មវិធីពានរង្វាន់ Gourmand ពិភពលោក លើកទី ២៩ នៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ (Facebook/Chef Nak)

ចុង​ភៅ​ណាក់ ឬ​ត្រូវ​បាន​មនុស្ស​ទូទៅ​ស្គាល់​ថា Chef Nak ដែល​មាន​ឈ្មោះ​ពិត​ថា ​រស់ រតនៈ បាន​ទទួល​ពាន​«សៀវ​ភៅ​ធ្វើ​ម្ហូប​ល្អ​បំផុត​នៅ​លើ​ពិភព​លោក​» នៅ​ក្នុង​ទីក្រុង​រីយ៉ាដ (Riyahd) ប្រទេស​អារ៉ាប៊ី​សាអូឌីត។ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ចុង​ភៅ​ណាក់​កាល​ពី​ថ្ងៃ​ពុធ។

អ្នក​ស្រី រស់ រតនៈ បាន​សរសេរ​សារ​ភ្ជាប់​ជាមួយ​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា៖ «ខ្មែរ​ធ្វើ​បាន​ហើយ!!! យើង​ទទួល​បាន​ជ័យ​លាភី«សៀវ​ភៅ​ធ្វើ​ម្ហូប​ល្អ​បំផុត​នៅ​លើ​ពិភព​លោក» ដែល​នេះ​ជា​មោទនភាព​ដ៏​អស្ចារ្យ​សម្រាប់​ប្រជាជន​កម្ពុជា​យើង​ទាំង​អស់​គ្នា។ ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​សៀវភៅ​ធ្វើ​ម្ហូប​ខ្មែរ​របស់​យើង«សោយ» ដែល​ជា​ស្នាដៃ​របស់​ខ្មែរ បាន​ទទួល​ពាន​រង្វាន់ Gourmand Award ដែល​សារ​ព័ត៌មាន​អន្តរ​ជាតិ​ដាក់​រហស្សនាម​ថា​ជា «ពាន​រង្វាន់​អូស្ការ»ក្នុង​វិស័យ​ពាន​រង្វាន់​ធ្វើ​ម្ហូប​អាហារ»។

សៀវ​ភៅ​ធ្វើ​ម្ហូប​របស់​ចុង​ភៅ​ណាក់​ដែល​មាន​ឈ្មោះ​ថា «សោយ»​នេះ​ត្រូវ​បាន​ចំណាយ​រយៈ​ពេល​៤​ឆ្នាំ​ក្នុង​ការ​ចង​ក្រង ដោយ​សៀវ​ភៅ​មួយ​ក្បាល​នេះ ពុំ​គ្រាន់​តែ​ជា​សៀវ​ភៅ​ធ្វើ​ម្ហូប​ធម្មតា​នោះ​ទេ តែ​វា​ជា​បញ្ជី​សារពើ​ភណ្ឌ​ផ្នែក​វប្បធម៌​អរូបី​របស់​ប្រទេស​កម្ពុជា ដែល​បង្ហាញ​ពី​មរតក​រសជាតិ​ រូបមន្ត និង​គ្រឿង​ផ្សំ មក​ពី​ព្រះ​រាជ​ដំណាក់​ខ្មែរ ដែល​បាន​បន្សល់​ទុក​ជា​យូរ​ឆ្នាំ​មក​ហើយ។

រូបមន្ត​ទាំង​នេះ​ក៏​ធ្លាប់​បាន​បោះ​ពុម្ព​ផ្សាយ និង​បង្រៀន​នៅ​តាម​សាលា​ក្នុង​ទីក្រុង​ភ្នំពេញ​រវាង​ទសវត្សរ៍​ឆ្នាំ​១៩៥០ និង​១៩៦០ ដោយ​សម្តេច​ព្រះរាជ កន្និដ្ឋា នរោត្តម រស្មី​សោភ័ណ។ រូប​មន្ត​ចម្អិន​ភោជនាហារ​ដ៏​វិសេស​ក្រៃ​លែង​នេះ បាន​កប់​ទុក​អស់​ជា​ច្រើន​ទសវត្សរ៍​ដោយ​សារ​តែ​សង្រ្គាម និង​ការ​វិវឌ្ឍ​របស់​សម័យ​កាល។ នេះ​បើ​តាម​ព័ត៌មាន​លើ​គេហ​ទំព័រ​របស់​ចុង​ភៅ​ណាក់។

អ្នកស្រី រស់ រតនៈ ថ្លែងសុន្ទរកថា ក្រោយឈ្នះពានរង្វាន់សម្រាប់ជ័យលាភី Best of the Best របស់កម្មវិធីពានរង្វាន់ Gourmand ពិភពលោក លើកទី ២៩ នៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ (Facebook/Chef Nak)
អ្នកស្រី រស់ រតនៈ ថ្លែងសុន្ទរកថា ក្រោយឈ្នះពានរង្វាន់សម្រាប់ជ័យលាភី Best of the Best របស់កម្មវិធីពានរង្វាន់ Gourmand ពិភពលោក លើកទី ២៩ នៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ (Facebook/Chef Nak)

ចុង​ភៅ​ណាក់​បាន​ថ្លែង​នៅ​ពេល​ដែល​ឡើង​លើ​វេទិកា​ទទួល​ពាន​រង្វាន់​នោះ​ជា​ភាសា​អង់គ្លេស និង​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «យើង​ធ្វើ​នេះ​ដោយ​សារ​តែ​មោទន​ភាព​របស់​យើង ដោយ​សារ​តែ​ប្រវត្តិ​សាស្រ្ត​ដ៏​សម្បូរ​បែប​របស់​យើង ហើយ​ខ្ញុំ​នៅ​ទីនេះ​ដើម្បី​ប្រាប់​អ្នក​ថា យើង​មាន​អ្វី​ជា​ច្រើន​ណាស់​ដែល​មិន​មែន​ត្រឹម​តែ​ប្រាសាទ​អង្គរ​វត្ត​ដ៏​ស្រល់​ស្អាត​ ប្រាសាទ​របស់​យើង ឬ​ខ្សែ​ភាព​យន្ត​របស់​យើង​ទៅ​ទៀត។ ប៉ុន្តែ​ប្រជាជន​កម្ពុជា​គឺជា​មនុស្ស​អស្ចារ្យ យើង​ជា​ជាតិ​ដែល​បាន​បង្រៀន​ខ្ញុំ​ថា​ខ្ញុំ​ជា​នរណា​មាន​មោទន​ភាព ហើយ​ឈប់​មើល​រំលង​អ្វីដែល​យើង​មាន»។

សៀវ​ភៅ​ធ្វើ​ម្ហូប​ «​សោយ​មរតក​រសជាតិ​ពី​ព្រះរាជ​ដំណាក់​ខ្មែរ​» ជា​ស្នាដៃ​ទី​២ ​បន្ទាប់​ពី​សៀវភៅ​ដំបូង«​ញ៉ាំ​» ហើយ​សៀវ​ភៅ​នេះ​ មាន​តម្លៃ​៣៩​ដុល្លារ ជា​ភាសា​ខ្មែរ ហើយ​ចំណែក​ភាសា​អង់គ្លេស​មាន​តម្លៃ​៤៥​ដុល្លារ​។

សៀវ​ភៅ​ធ្វើ​ម្ហូប​«​សោយ​មរតក​រសជាតិ​ពី​ព្រះរាជដំណាក់​ខ្មែរ​» ក៏​រួម​ចំណែក​ក្នុង​ការ​អភិរក្ស​ការ​ផ្សព្វ​ផ្សាយ​វប្បធម៌ និង​ម្ហូប​ខ្មែរ ដែល​ជា​សេដ្ឋ​ភណ្ឌ​របស់​ប្រជា​ជាតិ​កម្ពុជា និង​ពិភព​លោក​ទាំង​មូល​ផង​ដែរ។ នេះ​បើ​តាម​គេហទំព័រ​របស់​ចុង​ភៅ​ណាក់៕

XS
SM
MD
LG