ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្លះ​រង​ផល​លំបាក​ពី​តម្លៃ​គ្រឿង​ទេស​ម្ហូប​អាហារ​ឡើង​ថ្លៃ ខណៈ​តម្លៃ​ទំនិញ​កើន​ឡើង​នៅ​ជុំវិញ​ពិភពលោក


អាជីវករ​ប្រកបរបរ​ប្រចាំ​ថ្ងៃ​នៅ​ផ្សារ​កណ្តាល ក្នុង​រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​២០២២។ (ហាន ណូយ/វីអូអេ)
អាជីវករ​ប្រកបរបរ​ប្រចាំ​ថ្ងៃ​នៅ​ផ្សារ​កណ្តាល ក្នុង​រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​២០២២។ (ហាន ណូយ/វីអូអេ)

ភ្នំពេញ — នា​ពេល​ព្រឹក​មួយ​ អ្នកស្រី គា ស្រីដែន អាយុ ៣០ ​ឆ្នាំ កំពុង​រៀបចំ​ដាក់​លក់​សាច់មាន់​ដូច​សព្វដង ​ក្នុងផ្សារ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ស្ថិត​នៅ​បណ្តោយ​ផ្លូវ​វេងស្រេង​ ក្នុង​សង្កាត់​ពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ។

អ្នកស្រី​បាន​រៀប​រាប់​ថា អាជីវកម្មលក់​សាច់​មាន់​របស់​អ្នកស្រី​កំពុង​តែ​ងើបរើ​ឡើង​វិញ ក្រោយ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។ ក៏​ប៉ុន្តែ​អ្នកស្រី​ក៏​បាន​កត់​សម្គាល់​ឃើញ​ថា នា​ពេលថ្មីៗ​នេះ ​ការ​លក់សាច់​មាន់​របស់​អ្នកស្រី​កំពុង​ថយចុះ ដោយសារ​អ្នកស្រី​ត្រូវ​លក់​សាច់​មាន់​ក្នុង​តម្លៃ​ខ្ពស់​ជាង​មុន​ប្រមាណ​ជិត ១០ ​ភាគរយ ពី​ ១ ម៉ឺន​ ៣ ​ពាន់​រៀល​ មក​ ១​ម៉ឺន​ ៥​ពាន់​រៀល​ក្នុងមួយ​គីឡូក្រាម​ ខណៈ​តម្លៃ​ប្រេងឥន្ធនៈ​ក៏​កំពុងកើន​ឡើង​ខ្ពស់​ជាង​មុន។

«កាល​ពី​មុន​ដាច់​សាហាវ ឥឡូវ​ថយ​ឡើង ៩០% ហើយ….អត់​ដាច់​ដូច​មុន​ទេ​ ពិបាក»។

នៅ​ផ្សារ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ដូចគ្នា​នេះ អ្នកស្រី​ ឆន ផល្លា កំពុង​កាន់​ថង់​ដាក់​គ្រឿង​ម្ហូបអាហារ​ ដែលក្នុង​នោះ​មាន​ដូចជា ពងទា និង​គ្រឿងផ្សំ​បន្តិចបន្តួច។

អ្នកស្រី​ ផល្លា ដែល​ជា​ស្រ្តីមេផ្ទះ​មួយ​រូប បាន​ប្រាប់​វីអូអេ​ថា ថ្លៃ​គ្រឿង​ម្ហូបអាហារ​ចាំបាច់​បាន​កើន​ឡើង ស្រប​ពេល​ចំណូល​គ្រួសារ​របស់​អ្នកស្រី​មិន​បាន​កើន​ឡើង​នោះ​ទេ។

«ប្រាក់​ខែ​នៅ​ដដែល ហើយ​ចេះ​តែ​ឡើង​ថ្លៃ។ សូម្បី​តែ​អង្ករ អង្ករ​វា​មិន​ឡើង​ប៉ុន្មាន​ទេ ឡើង​តែ​មួយ​ពាន់​ពីរ​ពាន់​អី​ទេ។ តែ​ម្ហូប​អាហារ​ឡើង​ថ្លៃ​ច្រើន​ណាស់ ច្រើន​មុខ។ និយាយ​ទៅ​ឡើង​សឹង​គ្រប់​មុខ»។

អ្នកស្រី​បាន​បន្ថែម​ថា អាជីវករ​គ្រាន់​តែ​ប្រាប់អ្នកស្រី​ថា ពួកគេ​យក​អីវ៉ាន់​ពី​ប្រភព​ដើម​មក​ថ្លៃ​ជាង​មុន ហេតុ​ដូច្នេះ​ពួកគេ​ត្រូវ​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​មុន​ផង​ដែរ។ អ្នកស្រី​ ឆន ផល្លា​ ក៏​ចង់ឃើញ​តម្លៃ​ផលិតផល​និង​ទំនិញ​ថយចុះ​ជាង​មុន ប៉ុន្តែ​អ្នកស្រី​មិន​ដឹង​ថា ការ​ថយចុះ​នោះ​អាច​ធ្វើ​ឡើង​តាម​របៀប​ណា​នោះ​ទេ។ ​

ទាំង​អ្នកស្រី​ ស្រីដែន និង​អ្នកស្រី ផល្លា កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​មួយ ដែល​ប្រជាជន​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើនស្ទើរតែ​នៅ​ជុំវិញ​ពិភពលោក ​កំពុង​ជួប​ប្រទះ នោះ​គឺ ​តម្លៃ​ទំនិញ​និង​សេវា​ឡើង​ថ្លៃ ឬ​ហៅ​ថា អតិផរណា ចាប់តាំង​ពីការ​ផ្ទុះ​ឡើង​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩ ហើយ​ថ្មីៗ​នេះ​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ដែល​កំពុង​បណ្តាល​ឲ្យ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ខ្ពស់។

អ្នកស្រី គា ស្រីដែន អា​ជីវករ​លក់​សាច់មាន់​នៅ​ផ្សារ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ២០២២។ ( ហាន ណូយ/វីអូអេ)
អ្នកស្រី គា ស្រីដែន អា​ជីវករ​លក់​សាច់មាន់​នៅ​ផ្សារ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ២០២២។ ( ហាន ណូយ/វីអូអេ)

អ្នកស្រី ឆន ឆល្លា (ខាង​ឆ្វេង) ស្ត្រី​មេផ្ទះ​មួយរូប កំពុង​យួរ​ថង់ដាក់​គ្រឿងម្ហូបអាហារ មាន​ដូចជា ពងទា និង​គ្រឿងផ្សំ​បន្តិបន្តួច នៅ​ផ្សារ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
អ្នកស្រី ឆន ឆល្លា (ខាង​ឆ្វេង) ស្ត្រី​មេផ្ទះ​មួយរូប កំពុង​យួរ​ថង់ដាក់​គ្រឿងម្ហូបអាហារ មាន​ដូចជា ពងទា និង​គ្រឿងផ្សំ​បន្តិបន្តួច នៅ​ផ្សារ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

ចំណែក​នៅ​ផ្សារ​កណ្តាល​ក្នុង​រាជធានី​ភ្នំពេញ​វិញ អ្នកស្រី សេក ធូ អាជីវករ​លក់​បន្លែ​និង​ផ្លែឈើ​ កំពុង​រៀបចំ​បន្លែ​និង​ផ្លែឈើ​ដើម្បី​ដាក់​លក់ និង​ដង្ហោយ​ហៅ​រក​អតិថិជនដូច​អាជីវករដទៃទៀត។

ស្រដៀង​នឹង​អ្នក​ស្រី​ គា ស្រីដែន អាជីវករ​នៅ​ផ្សារ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ដែរ អ្នកស្រី​បាន​និយាយ​ថា អ្នក​ត្រូវ​លក់បន្លែ​និង​ផ្លែឈើក្នុង​តម្លៃ​ខ្ពស់​ជាង​មុន​ប្រមាណ ១០ ទៅ ១៥ ភាគរយ ដោយ​យោង​លើ​ហេតុ​ផល​តម្លៃ​បោះដុំ និង​តម្លៃ​ប្រេង​ឥន្ធនៈ​កើន​ឡើង។

អ្នកស្រីបាន​បន្ត​ថា នា​ពេល​ថ្មីៗ​នេះ ការ​លក់​របស់​អ្នកស្រី​បាន​ថយចុះ​ ដោយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​អ្នកស្រី​ខាត​ដើម​ក៏​មាន។ ប៉ុន្តែ​អ្នកស្រី​ចាត់​ទុក​ថា នេះ​ជា​ការ​ប្រែប្រួលបែប​ធម្មតា​មួយ​ទៅ​តាម​ស្ថានភាព​សេដ្ឋកិច្ច។

«អ្នក​ទិញ​ខ្លះ​គាត់​រអ៊ូ​ដែរ គាត់​ថា ឡើង​ថ្លៃ​។ ហើយ​អ្នក​ខ្លះ​គាត់ដឹង​ គាត់​ដឹង​ថា របស់​ឥឡូវ​វា​ថ្លៃ ព្រោះ​សាំង​ថ្លៃ​ដែរ។ វា​ចេះ​តែ​ឡើង​តាម​ហ្នឹង។ សេដ្ឋកិច្ច​វា​មិន​នៅមួយ​កន្លែង​ទេ»។

សម្រាប់​ឆ្នាំ ២០២២ នេះ កម្ពុជា​ត្រូវ​បានគេ​រំពឹង​ថា នឹង​ជួប​ប្រទះ​វិបត្តិ​អតិផរណា ឬ​ហៅ​ម្យ៉ាង​ថា ​បញ្ហា​ទំនិញ ឬ​សេវា​ឡើងថ្លៃ រីឯ​ប្រាក់​ចុះថោក​ ក្នុងអត្រា ២,៦ ភាគរយ ដែល​ជា​ការ​ថយចុះ​បន្តិច​ពី​ឆ្នាំ ២០២១។ នេះ​បើ​យោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា

របាយការណ៍​បូក​សរុប​ការងារ​ឆ្នាំ ២០២១ និង​ដាក់​ទិសដៅ​ការងារ​ឆ្នាំ ២០២២ ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​ចេញ​ផ្សាយកាល​ពី​ខែ​មករា បាន​ឱ្យដឹងថា អតិផរណា​រួម​សម្រាប់​ឆ្នាំ ២០២២ អាច​នឹង​មាន​អត្រា ២,៦ ភាគរយ ស្រប​ពេល​អតិផរណា​រួម​ក្នុងឆ្នាំ ២០២១ បាន​កើន​ឡើង​រហូត​ដល់ប្រមាណ​ជាង ៣​ ភាគរយ​ ហើយ​កាលពីឆ្នាំ ២០២០ អត្រាអតិផរណា​មាន​ ២,៩ ភាគរយ។

​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ លោក ថេង សាវឿន សង្កេត​ឃើញ​ថា តម្លៃ​គ្រឿង​ម្ហូប​អាហារ​ជា​ទូទៅបាន​កើន​ឡើង​ពី​ ១ ទៅ ៥ ​ភាគរយ​ទៅ​តាម​តំបន់​មួយ​ចំនួន​ ជា​ពិសេស​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន ឬ​តំបន់​ទេសចរណ៍ ស្រប​ពេល​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ផង​ដែរ។

«ប្រសិន​បើ​ប្រេង​សាំង​ឡើងថ្លៃ ខ្ញុំ​គិត​ថា ទំនិញ​ក៏​ដូចជា ភោគផល​បន្លែ​ផ្លែឈើ​ត្រីសាច់ ផលិតផល​កសិកម្ម​ហ្នឹង វា​នឹង​អាច​ហក់​ឡើង​តាម​ថ្លៃ​ដែរ ព្រោះ​ហេតុអី? ​ប្រេងឥន្ធនៈ ឬ​ក៏​ប្រេង​សាំង​ហ្នឹង​ប្រជាពលរដ្ឋ ប្រើ​សម្រាប់​ធ្វើការ​ដឹក​នូវ​ផលិតផល​កសិផល ប្រើប្រាស់​ប្រេងសាំង ឬ​ក៏​ប្រេង​ឥន្ធនៈ​ហ្នឹង​សម្រាប់​ស្រោច​ដំណាំ​របស់​ពួកគាត់ ឬ​នៅ​កន្លែង​ខ្លះ​ហ្នឹង​ រហូត​ដល់ ជា​ជំនួយ​ក្នុង​ការ​វេចខ្ចប់​ និង​ការ​ផលិត​ផង​ដែរ»។

លោក​បានបន្ថែម​ថា ការ​ឡើង​ថ្លៃ​គ្រឿង​ម្ហូបអាហារ ​បង្ក​ជា​ការ​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប ហើយ​ថា រដ្ឋាភិបាល​អាច​ជួយ​សម្រួល​បញ្ហា​នេះ។

ជាមួយ​គ្នា​នេះ​ដែរ លោក ​ថេង សាវឿន ជំរុញ​ឲ្យ​មាន​ការ​ពង្រីក​ខ្សែចង្វាក់​ផលិតកម្ម​និង​ការ​ចែកចាយក្នុង​ស្រុក ក៏ដូចជា​ការ​លើកកម្ពស់​មុខរបរ​ និង​ផលិតផល​របស់​ពលរដ្ឋ​ក្នុង​ស្រុក ជា​ផ្នែក​មួយនៃការ​រក្សា​អត្រា​អតិផរណា​ ដែល​អាចកើន​ឡើង​នៅ​ពេល​ទំនិញនិង​ផលិតផលនាំចូល​ឡើង​ថ្លៃ។

អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ កត់​សម្គាល់​ថា ក្នុង​រយៈពេល​ ១០​ ឆ្នាំ​ចុងក្រោយ​នេះ ស្ថានភាព​អតិផរណា​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស​មាន​ភាព​ល្អ​ប្រសើរ ដោយ​សារ​ចំណូល​កើនឡើង​ពី ៦​ ទៅ ៧ ​ភាគរយ ហើយ​អតិផរណា​កើន​ឡើង​ត្រឹម​ចន្លោះ ៣ ទៅ​ ៤ ​ភាគរយ​តែ​ប៉ុណ្ណោះ។

អ្នកស្រី សេក​ ធូ អាជីវករ​លក់​បន្លែ​ ​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន​វីអូ​អេ នៅ​ផ្សារ​កណ្តាល ក្នុង​រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២១។ (​ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
អ្នកស្រី សេក​ ធូ អាជីវករ​លក់​បន្លែ​ ​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន​វីអូ​អេ នៅ​ផ្សារ​កណ្តាល ក្នុង​រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២១។ (​ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

លោក សេរីវឌ្ឍន៍ បាន​បកស្រាយ​ពាក់ព័ន្ធ​នឹង​តម្លៃ​ស្បៀងអាហារ​ឡើង​ថ្លៃ​ថា៖ «ចំពោះ​ថ្លៃ​ស្បៀង​អាហារ និង​ម្ហូប​អាហារ​ដែល​មាន​ការ​ឡើង​ថ្លៃ គឺ​វា​អាស្រ័យ​លើ​តម្រូវ​ការ​ និង​ការ​ផ្គត់ផ្គង់។ អ៊ីចឹង​ដើម្បី​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ម្ហូប​អាហារ គឺ​ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​ផលិត​ម្ហូប​អាហារ​នៅ​ក្នុង​ស្រុក លើកកម្ពស់​ផលិតកម្ម​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ជាជាង​ការ​នាំចូល។ នោះ​បាន​យើង​ទប់ទល់​បាន។ អ៊ីចឹង​ខណៈ​ដែល​គេ​បិទខ្ទប់​ប្រទេស​ការ​បិទខ្ទប់​ចរាចរណ៍​ចូល​ក្នុង​ប្រទេស​យើង ហើយ​កម្ពុជា​ក៏​អាច​ជួប​នឹង​វិបត្តិ​ដែរ វិបត្តិ​ស្បៀង​អាហារ​ដែរ ដែល​ធ្វើ​ឲ្យ​ថ្លៃ​ស្បៀង​អាហារ​មាន​ការ​កើនឡើង»។

នៅ​ផ្សារ​កណ្តាល​ ក្នុង​រាជធានីភ្នំពេញ​ ខណៈ​កំពុងរកមើលនិង​រើស​បន្លែ​និង​គ្រឿង​ជី​ផ្សេងៗ​សម្រាប់​ធ្វើម្ហូប ​អ្នកស្រី អុង សាវ៉ន បាន​លើកឡើង​ពី​ការ​លំបាកពីព្រោះអ្នកស្រី​ត្រូវ​ចំណាយ​ច្រើន​ជាង​មុន​ ចំពោះ​គ្រឿង​ម្ហូបអាហារ​ទូទៅ ដោយសារចំណូល​ខ្សត់ខ្សោយ។

ស្រប​ពេល​ដូចគ្នា​នេះ​ដែរ អ្នកស្រី អុង សាវ៉ន ​ដែល​មាន​របរ​ជា​អ្នក​លក់ឆា​ខ្វៃនិង​នំប៉ោង ចង់ឃើញ​រដ្ឋាភិបាល​ចូលរួម​ជ្រោមជ្រែង​តាមរយៈ​យុទ្ធសាស្រ្ត​ ឬ​វិធីសាស្រ្ត​អន្តរាគមន៍​នានា។​

​«ចំណូល​យើង​រក​អត់​បាន​ ប៉ុន្តែ​បើ​ទំនិញ​ថ្លៃ។ ចំណូល​រក​អត់​បាន​សោះ​មិនមែន​ដូច​មុន។ មុន​ចំណូល​រក​បាន ហើយ​ទំនិញ​យើង​បន្ទាប់​បន្សំ​គ្នា និង​ឲ្យ​រដ្ឋាភិបាល​ជួយ​ផង​ទៅ»៕

XS
SM
MD
LG