ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រជាជន​ត្រៀម​ចរចា​និង​ប្រគល់​តំណែង​ថ្នាក់​ដឹកនាំ​ខ្លះ​ក្នុង​សភា​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ


ព្រះមហាក្សត្ស​ព្រះបាទ នរោត្តម សីហមុន្នី ​និង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ថត​រួម​គ្នា​នៅ​ក្នុង​ថ្ងៃបើក​ប្រជុំ​សភា​ជា​លើ​ក​ដំបូង តាំងពី​ការបោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ​២០១៣។
ព្រះមហាក្សត្ស​ព្រះបាទ នរោត្តម សីហមុន្នី ​និង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ថត​រួម​គ្នា​នៅ​ក្នុង​ថ្ងៃបើក​ប្រជុំ​សភា​ជា​លើ​ក​ដំបូង តាំងពី​ការបោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ​២០១៣។
វ៉ាស៊ីនតោន៖ សភា​ជាតិ​កម្ពុជា​នឹង​បើក​សម័យ​ប្រជុំ​នៅថ្ងៃ​អង្គារ​នេះ​បន្ត​ទៀត​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំរដ្ឋ​សភាជាតិនីតិកាល​ទី​៥​ដោយ​គ្មាន​សមាសភាព​គណបក្ស​សង្គ្រោះជាតិ​ចូលរួម ​ប៉ុន្តែគណបក្ស​ប្រជាជន​កម្ពុជា ដែល​ជាអ្នក​ឈ្នះ​មាន​សំឡេង​ច្រើន​នៅ​តែ​សម្តែង​ក្តី​សង្ឃឹម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ អាច​នឹង​ទទួល​បាន​តំណែង​ខ្លះ​ក្នុង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​នេះ ​បើ​សិន​ជា​មាន​ការ​កែប្រែ​គោល​ជំហរ​ឈប់​ធ្វើ​ពហិកា​សម័យ​ប្រជុំ​សភា​ជា​បន្តបន្ទាប់។

លោក​ជាម យៀប ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​សមាជិក​សភា​ដែល​ទើប​ទទួល​បាន​សុពល​ភាព​បាន​បញ្ជាក់​ថា​ច្រក​សម្រាប់​ការចរចា​នៅ​តែ​បើក​ចំហរ​ដដែល​រវាង​គណបក្ស​ទាំង​ពីរ​ហើយ​បើ​ទោះបី​ជា​សម័យ​ប្រជុំ​នៅ​ថ្ងៃ​នេះ​មិន​មាន​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ថ្នាក់​ដឹកនាំ​ក៏​គេ​អាច​នឹង​កែប្រែ​ដើម្បី​បញ្ជូល​វិញ​បាន​ដែរ​នៅពេល​ក្រោយ។

នៅ​ពេល​ដែល​វីអូអេ​បាន​ចោទ​សួរ​ពី​លទ្ធភាព​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​លោក​ជាម យៀប​បញ្ជាក់​ថា៖

«ខ្ញុំ​យល់​ថា​នឹង​អាច ​នឹង​អាច​បាន ​ប៉ុន្តែ​គ្រាន់​តែ​ថា​ឱ្យ​យើង​ខ្ញុំ​ងាក​ទៅ​យ៉ាង​ម៉េច​ព្រោះ ​ពួកនោះ​មាន​ពិន្ទុ​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​ទំនោរ​បន្តិច​ទៅ ​ដល់​គាត់​រឹង​កំប្រឹស​អញ្ចឹង​គឺ​ថា​មិន​អាច​បាន​ទេ។ គណបក្ស​ប្រជាជន​កម្ពុជា​គោរព​អនុវត្ត​ទៅ​តាម​ច្បាប់​ និង​ពិសេស​រដ្ឋ​ធម្មនុញ្ញ​ ច្បាប់​បោះឆ្នោត​និង​ព្រះ​រាជសារ​ ការអំពាវនាវ​របស់​ព្រះករុណា​ជានិច្ច​កាល»។

គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​អាសនៈ​ចំនួន​៦៨​ហើយ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥​ពី​សភា​ដែល​មាន​អាសនៈ​សរុប​ចំនួន​១២៣​ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ថា​ខ្លួន​ទទួល​បាន​ចំនួន​៦៣​ដែល​ជា​ចំនួន​ឈ្នះ​ដាច់​ខាត​ហើយ​អាច​បង្កើត​រដ្ឋាភិបាលម្នាក់​ឯង​បាន។ គណបក្ស​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា​ចំនួន​ពីរ​លើក​កាលពី​ថ្ងៃ​ទី​១៦​និង​១៧​ខែកញ្ញា​កន្លង​មក​ដើម្បី​ទំលុះ​ទម្លាយ​ការខ្វែង​គំនិត​គ្នា​នេះប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ធំដុំ​អ្វី​ទេ។
លោក​ជាម យៀប ​បាន​បញ្ជាក់​ថា​ក្នុង​ការ​ចរចា​កន្លង​មក​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ធ្វើ​សម្បទាន​ច្រើន៖

«មាន​រហូត​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋ​សភា​រហូត​ដល់​អនុប្រធាន​ឬ​ក៏​ដល់​ប្រធាន​គណៈកម្មការ​មួយ​ចំនួន​ទៀត​ផង​ប៉ុន្តែ​ខាង​ហ្នុង​គាត់​មិន​ព្រមយ៉ាង​ណា​គឺ​ថា​តាម​ធម្មតា​ប្រតិទិន​ដែល​មាន​ចែង​ក្នុង​ច្បាប់​យើង​មិន​អាច​នៅ​នឹង​ទេ​ប្រៀប​ដូច​ព្រះអាទិត្យ​និង​ព្រះ​ច័ន្ទ​អញ្ចឹង​ត្រូវ​តែ​ដើរ​ទៅ​មុខ​ហើយ​អត់​មាន​រង់ចាំ​ទេ»។​

សមាជិក​ជាប់​ឆ្នោត​ទាំង​៥៥​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​ខេត្ត​សៀម​រាប​ដោយ​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ក្នុង​សម័យ​បើក​ប្រជុំ​សភា​ជាតិ​លើក​ទីមួយ​កាលពី​ថ្ងៃ​ច័ន្ទ​ក្រោម​ព្រះ​រាជា​ធិបតី​ភាព​របស់​ព្រះ​ករុណា​ព្រះបរម​នាថ​ នរោត្តម​ សីហមុនី។
លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​ការចរចា​ណា​មួយ​ក្នុង​ពេល​អនាគតត្រូវ​ផ្អែក​លើ​មូលដ្ឋាន​សច្ចៈធម៌ ​សីលធម៌​និង​យុត្តិធម៌ ​ដោយ​មិន​មែន​អ្នក​ចាញ់​ឆ្នោត​មក​ប្រកាស​ថា​ជា​អ្នក​ឈ្នះ​ទេ។ លោក​សម រង្ស៊ី​បន្ថែម​ថា៖

«យើង​មិន​អាច​ទៅ ​សម្រប​សម្រួល​លើ​មូលដ្ឋាន​លួច​ប្លន់​សន្លឹកឆ្នោត​មូលដ្ឋាន​ភូត​ភរ​ហើយ​មូលដ្ឋាន​អយុត្តិធម៌​មក​លើ​ប្រជារាស្ត្រ»។

យ៉ាង​ណា​ក៏​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ ​មិន​ទាន់​ប្រកាស​ថា​នឹង​ធ្វើ​បាតុកម្ម​ដើម្បី​តវ៉ា​នៅ​ទូទាំង​ប្រទេស​ដូច​ការ​ប្រកាស​កន្លង​មក​ឬ​យ៉ាង​ណា​ទេ​បន្ទាប់​ពី​បាតុកម្ម​អហិង្សា​រយៈ​ពេល​បី​ថ្ងៃ​កន្លង​មក​នៅ​ទីក្រុង​ភ្នំពេញ​មិន​បាន​ជំរុញ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែនបន្ទន់​ជំហរ​អ្វី​ឡើយ៕
XS
SM
MD
LG