ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី​ និង​លោក​ហោ ណាំហុង​ ជួបគ្នា​រកវិធី​ជួយ​ស្ត្រី​រងគ្រោះ​ផ្លូវភេទ​នៅ​បរទេស


រូបថតឯកសារ៖ ស្រ្តីខ្មែរ​មួយក្រុម។
រូបថតឯកសារ៖ ស្រ្តីខ្មែរ​មួយក្រុម។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​ សម រង្ស៊ី​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ជួបជា​លើក​ដំបូង​ជាមួយ​នឹង​លោក ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ដើម្បី​ពិភាក្សាអំពី​ការជួយ​សង្គ្រោះ​ស្រ្តីរងគ្រោះ​កម្ពុជា​នៅ​បរទេស។

នៅ​ក្នុង​ជំនួប​ជា​លើក​ដំបូង​ក្នុង​ក្រសួង​ការបរទេស​លោក​ សម រង្ស៊ី​ បាន​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ជួយ​ទប់​ស្កាត់​សកម្មភាព​ជួញ​ដូរ​កម្លាំង​ពលកម្ម​ពី​ប្រទេ​សកម្ពុជា​ទៅ​ក្រៅ​ប្រទេស។​

លោក​និយាយ​ថា៖​

«ស្នើ​សុំ​ដើម្បី​ឱ្យ​គេ​ជួយ​ដោះ​ស្រាយ​ប្រជាពលរដ្ឋ​ខ្មែរ​ជួប​ប្រទះ​នៅ​ប្រទេស​គេ។​មាន​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​ជា​ពិសេស​ស្ត្រី​ដែល​ត្រូវ​គេ​បោក​បញ្ឆោត​យក​ទៅ​ជួញដូរ​ ផ្លូវ​ភេទ ​ឥឡូវ​នេះ​ក្លាយ​ទៅ​ជា​ទាស​ករ​នៅ​ប្រទេស​គេ​ដូច​ជា​ប្រទេស​ម៉ាឡេស៊ី»។​

កាល​ពី​ថ្ងៃទី​២១​ខែកុម្ភៈ​កន្លង​ទៅ​នេះ​ក្នុង​ខណៈ​ពេល​ដែល​លោក​សម រង្ស៊ី​បាន​ជួបទៅ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ ត្បូង​ឃ្មុំ​លោក​បាន​ទទួល​ពាក្យ​បណ្តឹង​ផ្ទាល់​មាត់ពី​ក្រុម​គ្រួសារ​ជន​ជាតិ​ខ្មែរ​ឥស្លាម​ថា​មាន​កូន​ស្រី​របស់​ពួក​គេ​ត្រូវ​បាន​គេ​ជួញ​ដូរ​ធ្វើ​ស្ត្រី​ពេស្យា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។​

ស្ត្រី​ជន​រងគ្រោះ​ទាំងពីរ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​និង​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​គណបក្ស​សង្គ្រោះ​ជាតិ​និង​ក្រសួង​ការបរទេស​កម្ពុជា។​

ក្រោយពី​បាន​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ​លោក​ សម រង្ស៊ី​ បាន​នាំ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​និង​ក្រុម​គ្រួសារ​ទៅ​ជួប​លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៅ​ទី​ស្តី​ការ​ក្រសួង។​

លោក​ កុយ កួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​មាន​ប្រសាសន៍​ប្រាប់ក្រុមអ្នក​កាសែត​ថា ​កម្ពុជា​បាន​ធ្វើ​ការ​ជា​មួយ​ស្ថានទូត​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​បាន​ជួញ​ដូរ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។​

លោក​និយាយ​ថា៖ ​«​ឯក​ឧត្តម​ ឧប​លោក​តែង​តែ​បញ្ជាក់​ហើយ​ថា​បញ្ហា​ជួញ​ដូរ​មនុស្ស​គឺ​ជា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​មួយ​ដែល​យើង​មិន​ដែល​លើក​លែង​ទេ។ ​យើង​តែសហការ​នាំ​ជន​ល្មើស​ឡើង​តុលាការ»។​

លោក​បាន​និយាយ​ថា​ករណី​ស្ត្រី​ជន​ជាតិ​ខ្មែរ​ឥស្លាម​ទាំង​ពីរ​នាក់​នេះ​នៅ​ពេល​ដែល​ស្គាល់​ច្បាស់​ថា​មេខ្យល់​ជា​អ្នក​ណា​ហើយ​គឺ​មិន​អាច​រួច​ខ្លួន​បាន​ទេ។ ​សំខាន់​គឺ​ស្វែង​រក​យុត្តិ​ធម៌​ ហើយ​កម្ពុជា​មិន​ដែល​ឱ្យ​ជន​ល្មើស​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​ទេ។​

លោក​និយាយ​ថា៖​«ករណី​ជួញ​ដូរ​មនុស្ស​នេះ​កន្លង​មក​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ពង្រឹង​នូវ​គណៈកម្មការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ហ្នឹង​ឥឡូវ​មាន​គ្នា​ច្រើន​ មាន​យុទ្ធសាស្ត្រកាន់​តែ​ល្អ​ដើម្បី​ទប់​ស្តាត់​កុំ​ឱ្យ​មាន​ការ​ជួញ​ដូរ​នេះ​រីក​រាល​ដាល»។​

លោក​ សម រង្ស៊ី​ បាន​មាន​ប្រសាសន៍ថា​ឥឡូវ​លោក​ ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជា​ទៅ​មន្ត្រី​ប៉ូលិស​មូល​ដ្ឋាននៅ​គ្រប់​ខេត្ត​ក្រុង​ដើម្បី​ឱ្យ​មន្ត្រី​នគរបាល​យក​ចិត្ត​ទុក​ដាក់​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស។​

លោកនាយ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​មិន​អាច​ស្នើ​សុំ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​ដោយ​លោក​និយាយ​ថា​កំពុង​ជាប់​រវល់។​

លោក​ យ៉ា ណាវុធ​ នាយក​ប្រតិបត្តិ​អង្គការ​សម្រប​សម្រួល​ការ​ស្រាវ​ជ្រាវ​អំពី​ជំងឺ​អេដស៍​និង​ចំណាក​ស្រុក​ដែល​ហៅ​កាត់​ថា​ខា​រ៉ាម​កម្ពុជា​មាន​ប្រសាសន៍​ថា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ពលករ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើងៗ។​

លោក​បាន​បញ្ជាក់​ថា​ភាគ​ច្រើន​ពលករ​ខ្មែរ​ដែល​បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេសត្រូវ​បាន​គេ​ជួញ​ដូរ​យក​ទៅ​លក់​កម្លាំង​ពលកម្ម​និង​ពេស្យាចារ។​

លោក​និយាយ​ថា៖​

«យើង​ឃើញ​ដូច​ជា​ករណី​ដែល​យើង​ទទួល​បាន​បើ​ទៅ​ប្រទេស​ថៃ​ យើង​ឃើញ​ភាគ​ច្រើន​កម្លាំង​ពលកម្ម​ប៉ុន្តែ​បើ​ទៅ​ប្រទេស​ចិន​យើង​ឃើញ​ថា​ភាគ​ច្រើន​គឺ​កម្លាំង​ពលកម្ម​ផង​និង​ផ្លូវ​ភេទ​ផង​ ហើយ​ដោយ​ឡែក​ប្រទេស​ម៉ាឡេស៊ី​ ភាគ​ច្រើន​យើង​ឃើញ​ថា​ពាក់​ព័ន្ធ​ទៅ​នឹង​កម្លាំង​ពលកម្ម​ច្រើន»។​

លោក​មាន​ប្រសាសន៍​ថា​ពលករ​ខ្មែរ​ដែល​បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេសច្រើន​ជាង​គេគឺ​ទៅ​កាន់​ប្រទេស​ថៃ​ដែល​មាន​ចំនួន​៧០​ម៉ឺន​នាក់៕​

XS
SM
MD
LG