ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ខ្មែរ​អាមេរិកាំង​បារម្ភ​អំពី​ឥទ្ធិពល​សភា​អាមេរិក​ចំពោះ​ការ​ឈប់​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា


រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​ពី​បណ្តា​រដ្ឋនានា​នៅ​ជុំវិញ​សហរដ្ឋ​អាមេរិក មក​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លិទ្ធិ​ប្រជាធិបតេយ្យ ​នៅ​កម្ពុជា នៅ​មុខ​ក្រសួង​ការបរទេស រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ (សាយ ​មុនី)
រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​ពី​បណ្តា​រដ្ឋនានា​នៅ​ជុំវិញ​សហរដ្ឋ​អាមេរិក មក​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លិទ្ធិ​ប្រជាធិបតេយ្យ ​នៅ​កម្ពុជា នៅ​មុខ​ក្រសួង​ការបរទេស រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ (សាយ ​មុនី)

ខ្មែរ​អាមេរិកាំង​បារម្ភ​អំពីឥទ្ធិពល​សភា​អាមេរិក​ចំពោះការ​បញ្ឈប់​ផ្តល់ការ​អនុ គ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា។​ ការព្រួយ​បារម្ភ​ដូច្នេះ​កើត​ឡើង​ចំ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​រង​ការ​ចោទ​ប្រកាន់​ថា​ បាន​រំលោភ​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ ហើយ​មិន​ព្រម​ស្តារ​ស្ថានការណ៍​ឡើង​វិញ។

នៅ​ពេល​ក្រុម​សមាជិក​សភា​អាមេរិកាំង​មួយ​ចំនួន​កំពុង​សម្លឹង​មើល​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ប្រទេស​កម្ពុជា​ដោយសារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ ការ​ធ្វើទុក្ខ​បុក​ម្នេញ​ក្រុម​ប្រឆាំង​ ការ​បិទ​សិទ្ធិ​សេរីភាព​ក្រុម​សង្គម ស៊ីវិល​និង​បណ្តាញ​ព័ត៌មាន​ មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ​ដាក់​ក្តី​ព្រួយ​បារម្ភ​ ចំពោះ​ការ​បញ្ចប់​កិច្ច​សន្យា​អនុ​គ្រោះ​ពន្ធ​សម្រាប់​ទំនិញ​កម្ពុជា​ចូល​មក​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក។

លោក​ យ័ប គីមទឹង ​ពលរដ្ឋ​ម្នាក់​ក្នុង​រដ្ឋ​វីជីនៀ ​បាន​អះអាង​ថា​ ប្រជា​ពលរដ្ឋ​អ្នក​ប្រើ​ប្រាស់​ និង​ក្រុមហ៊ុន​គេ​ស្តាប់​រដ្ឋាភិបាល​អាមេរិកាំង​និង​សភា​របស់​គេ​ ដោយ​សារ​ថា ​សភា​អាច​ផ្តាច់​កិច្ច​ព្រម​ព្រៀង​នាំ​ទំនិញ​ចូល​មក​មិន​យក​ពន្ធ​ បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​តាម​លក្ខខណ្ឌ​របស់​ស.រ.អា។

«បើសិន​ជារដ្ឋសភា​គេជំរុញ​ទៅក្រុម​ហ៊ុន​អស់ហ្នឹង​ និយាយ​ជាមួយ​ក្រុមហ៊ុន​អស់ ហ្នឹង​មិន​ជួយ​ធ្វើ​ការ​ជាមួយ​ទេ​ គេ​អាច​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ ​(Tax) ​ឲ្យ​បាន​ថោក ហ្នឹង​ទៅ​ស្រុក​ខ្មែរ។​ អញ្ចឹង​ក្រុមហ៊ុន​ហ្នឹង​ក៏​មិន​អាច​រក​ស៊ី​បាន​ដែរ‍»។

លោក​ថ្លែង​ថា​ មិន​ថា​រដ្ឋាភិបាល​អាមេរិក​ទេ​ សូម្បី​តែ​ពលរដ្ឋ​អាមេរិកាំង​ក៏​យល់ ច្បាស់​អំពី​រឿង​រំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ដែល​ជា​តម្លៃ​សំខាន់ សម្រាប់​ពួក​គេ។

«នៅស្រុក​អាមេរិក​ គេ​មាន​សេរីភាព​ ដូច​ថា​គេ​ទៅ​ទិញ​របស់​អីណា​ក៏​បាន​ តែភាគ ច្រើន​ប្រជាជន​អាមេរិកាំង​គេ​យល់​ពីរឿង​ថា ​យុត្តិធម៌ ​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស ​គេ​យក​អាហ្នឹង​ធ្វើ​ជា​តម្លៃ​ធំ ​ហើយ​ដល់​ពេល​អញ្ចឹង​ទៅ បើសិន​ជា​គេ​ផ្សាយ​ពី​រឿង​ស្រុក​ខ្មែរ​យើង​មិន​ល្អ​ពីរឿង​អស់​ហ្នឹង​ ខ្ញុំ​ថា​ប្រជាជន​មួយ​ចំនួន​គេនឹង​កាត់​បន្ថយ​ការ​ទិញ​របស់​របរ​មក​ពី​ស្រុក​ខ្មែរ‍»។

លោក​ សារ៉ាយ យន់ ​ពលរដ្ឋ​ខ្មែរក្នុង​ទីក្រុង​តាកូម៉ា​ រដ្ឋ​វ៉ាស៊ីនតោន​ស្តេត​ បាន​អះអាង​ថា​ សភា​ស.រ.អា​ដែល​ធ្វើការ​ជាក្រុម​ មិន​មែន​បុគ្គល​នោះ ​មាន​ឥទ្ធិពល លើ​ក្រុម​ហ៊ុន​អាមេរិកាំង​និង​រដ្ឋាភិបាល​អាមេរិកាំង​ដើម្បី​ដាក់​កម្រិត​ថា​ ត្រូវ​ទិញឬ មិន​ត្រូវ​ទិញទំនិញ​ណា​ដែល​ប៉ះ​ពាល់​ដល់​ពលករ ​និង ​ខូច​ខាត​ប្រជាធិបតេយ្យ និង​ ការ​មិន​គោរព​សិទ្ធិ​មនុស្ស។

«មាន​អំណាច​ណាស់ ​មិន​ឲ្យ​ទិញ ​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស​នឹងច្បាប់​ នេះ​បាន​ស្រុក មាន​ច្បាប់។​ អញ្ចឹង​បាន​ច្បាប់​អនុញាត​ឲ្យ​យើង​ទាំង​អស់​គ្នា​គោរព ​ដែល​មានន័យ ថា​ប្រទេស​ណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ដូច​នៅ​ប្រទេស​យើង​សព្វ​ថ្ងៃ​គឺ​ថា​គេ​ឲ្យ ក្រុម​ហ៊ុន​ធំៗ​ដែល​ទិញ​ស្បែក​ជើង ​ទិញ​ខោអាវ​ អ្វី​ក៏​ដោយ​ដែល​ទាក់​ទង​នឹង ប្រទេស​ខ្មែរ​១០០​ភាគរយ​ រដ្ឋាភិបាល​ស.រ.អា​ គេ​មាន​សភា​ដែល​ប្រជុំ​ពិគ្រោះ​គ្នា​ដេញ​ដោលគ្នា​ដើម្បី​សម្រេច‍»។

លោក​ថា​សម្រាប់​រូបលោក​ផ្ទាល់​នឹង​មិន​ប្រើ​ប្រាស់​ទំនិញ​ដែល​កើត​ចេញ​ពីការ រំលោភ​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ទេ។

«និយាយ​ឲ្យត្រឹមត្រូវ​យើង​មិនអាច​ទៅយក​របស់​ដែល​ញើស​ឈាម​ដែល​កម្មករ​ខំ ធ្វើ​ យើង​ទៅ​ទិញ​យកមក​ស្លៀកពាក់ ​គឺស្លៀក​ពាក់​ញើស​ឈាម​របស់​កម្មករ​ដ៏​បរិសុទ្ធ​អញ្ចោះ​យើង​ខ្ញុំជឿ​ថា​ ទាំង​ ខេមរា​ឯង​ទាំង​ក្តី ​ខ្ញុំក្តី​ជនជាតិ​ណា​ក៏ដោយ ដែល​ជា​មនុស្ស​ដែលគេ​គោរព​ច្បាប់​គេមិន​ត្រូវ​ទិញ​មក​ទេ»។

លោក​សារ៉ាយ​បានបន្តថា​លោកមាន​ការអាណិត​អាសូរ​ដល់​ពលករ​កម្មករ​ណាស់​បើស.រ.អា​ផ្តាច់​កូតា​សម្លៀក​បំពាក់ ​ដោយសារ​ថាពួកគេ​នឹងជួប​ប្រទះ​ភាព​អត់ ការងារ​ធ្វើ​ ជីវភាព​ប្រចាំថ្ងៃ ​តែកម្មករ​ទាំងនោះ​ស្ថិតក្នុង​អ្វីមួយ​ដែល​លោក សារ៉ាយ​អះអាង​ថានៅ​ចន្លោះ​ការប្រជែង​គ្នារបស់​អ្នក​នយោបាយ។

នៅក្នុងការ​សួរដេញ​ដោល​មួយ​កាលពី​សប្តាហ៍ថ្មីៗ​នេះ​ ដែល​ដឹកនាំ​ដោយ សមាជិក​សភាម្នាក់​គឺលោក ​Ted Yoho ​នៃគណបក្ស​សាធារណៈរដ្ឋ​ បាន​ពិភាក្សា និង​ពិនិត្យ​មើល​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ថែម​ទៀត​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ ក្រុមហ៊ុន​ អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និងជន​បំផ្លាញ​ប្រជាធិបតេយ្យ​កម្ពុជា។​ ទណ្ឌកម្ម​ទាំងនោះ មានការ​គិតគូរ​ដល់ការ​ប្រមូល​បញ្ជី​ឈ្មោះ​បុគ្គល ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន ​បង្កក​ទ្រព្យ​សម្បត្តិ​និងការ​ពិចារណា​ឡើងវិញ​រឿង​កូតា​នាំចូល​សម្លៀក​បំពាក់​មក​កាន់​ទីផ្សារ​ស.រ.អា ​ដោយ​អនុគ្រោះ​ពន្ធ​នោះ​ជាដើម។

លោក Ted Yoho សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Floridaនិង​ជា​ប្រធាន​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា»។
លោក Ted Yoho សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Floridaនិង​ជា​ប្រធាន​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា»។

លោក ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​Brad Sherman ​មកពី​រដ្ឋ​កាលីហ្វ័ញ៉ា ​បាន​អះអាងថា​ វាដល់​ពេល​វេលា​ដែល​ស.រ.អា​និយាយ​ជាមួយ​អ្នក ជំនួញ​ស.រ.អា​ហើយ​ ក្រៅពី​លោកសុំ​ឲ្យសហភាព​អឺរ៉ុប​និង​ជប៉ុន​ធ្វើដូចគ្នា​ដែរ។

«ប្រសិន​បើយើង​សម្រេច​បញ្ឈប់​ការអនុញាតិ​ឲ្យនាំចូល​ដ៏ពិសេស​មកកាន់​ទីផ្សារ ស.រ.អា​ដែលក្រុម​ហ៊ុន​នានា​បានទិញ​ផលិតផល​វាយណភ័ណ្ឌ​ពីប្រទេស​កម្ពុជា អាចធ្វើ​មោឃភាព​កុងត្រា​ទាំងនោះ ​អញ្ចឹងយើង​អាចដាក់​បញ្ចូល​ក្នុង​ច្បាប់​បាន​ហើយ‍»។

នេះជា​ការសួរ​នាំដល់​ក្រុមវាគ្មិន​សាក្សី​ដើម្បីឆ្លើយ ​ដែលរឿងនេះស.រ.អា​ធ្លាប់ បាន ​ធ្វើការ​កាត់ផ្តាច់​កូតា​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ អាស៊ីមួយ​ចំនួន ​និង​ប្រទេស​ផ្សេងទៀត​ ប្រកប​ដោយ​ជោគជ័យ ​ហើយបាន​ស្តារ​ស្ថានការណ៍​នយោ​បាយ​ឡើងវិញ ។

ស.រ.អា​បានកាត់​ផ្តាច់​ជំនួយ​សម្រាប់​គាំទ្រ​ការ​បោះឆ្នោត​ដូចជា​សហភាព​អឺរ៉ុប​ដែរ ដែល​ទំនងជា​មិន​ទទួល​ស្គាល់​ការបោះឆ្នោត​និង​រដ្ឋាភិបាល​ដែលកើត​ចេញ​ពីការ បោះឆ្នោត​ក្នុងឆ្នាំ២០១៨​ខាងមុខ​នោះទេ។​ បន្ថែមពី​លើនេះ​ស.រ.អា​ក៏បាន​ប្រកាស រិត​ត្បិត​ទិដ្ឋការ ​ឬ Visa ​ដល់មន្ត្រី​កម្ពុជា​ផងដែរ​ចំពោះការ​ធ្វើទុក្ខ​បុកម្នេញ​នយោ បាយ​ហើយមិន​ព្រមស្តារ​ស្ថានការណ៍​នយោបាយ​ឡើងវិញ​និងការ​បើក​ទូលាយ​ឲ្យអង្គការ​អង្គការសង្គម​ស៊ីវិល​ជាពិសេស​អង្គការ​ឃ្លាំមើលការ​បោះឆ្នោត​ស.រ.អា​ហៅថា​វិទ្យាស្ថាន​ជាតិ​ប្រជាធិប​តេយ្យ​ NDI​ ដែលត្រូវ​រដ្ឋាភិបាល​កម្ពុជា​បិទទ្វារ​និង​ផ្តល់​សេរីភាព​បណ្តាញព័ត៌មាន​ឯករាជ្យ​ឲ្យ​ដំណើរការ​ឡើងវិញ​ជាពិសេស​បើក​ឳកាស​ឲ្យក្រុម​ជំទាស់​គឺគណបក្ស​ង្គ្រោះ​ជាតិ​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨​ ដោយ​សេរីនិង​យុត្តិធម៌​ ហើយ ​ដោះលែង​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវចោទ​ប្រកាន់​ថាក្បត់​ជាតិ ​និង​អ្នកទោស​មន​សិការ​ផ្សេងទៀត​នោះ។

គេហទំព័រដើមរបស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការពង្រឹង​លទ្ធិប្រជាធិប្បតេយ្យ​នៅ​កម្ពុជា។ (រូបភាព​ដកស្រង់​ចេញ​ពី​គេហទំព័រ)
គេហទំព័រដើមរបស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការពង្រឹង​លទ្ធិប្រជាធិប្បតេយ្យ​នៅ​កម្ពុជា។ (រូបភាព​ដកស្រង់​ចេញ​ពី​គេហទំព័រ)

លោក​ សមាជិក​សភា ​ថេត យូហូ ​មកពីរដ្ឋ ​Florida ​បានរៀប​រាប់អំពី​ស្ថានការណ៍ លម្អិត​ផ្នែក​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រាប់ចាប់​ពីការវាយ​តំណាង​រាស្ត្រពីរ​រូប ​ការសម្លាប់​លោក​បណ្ឌិត​ កែម ឡី​អ្នកវិភាគ​ឯករាជ្យ ​ការរំលាយ​គណបក្ស​ជំទាស់​ ការចាប់​ដាក់គុក​មេដឹកនាំ​ក្រុមជំទាស់​គឺ ​លោក ​កឹម សុខា ការបង្ក​ឲ្យមាន​ការ​និរទេស​ខ្លួនក្រុម​មន្ត្រី​ជំទាស់​ជាច្រើន​រូប​ទៅក្រៅ​ប្រទេស រាប់ទាំង​អតីត​ប្រធាន​ក្រុមជំទាស់​គឺលោក​ សម រង្ស៉ី ​ការបែង​ចែក​អាសនៈ​សភា និងក្រុម​ប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​ជំទាស់​ ការបោះឆ្នោតគ្មាន​លក្ខណៈ​សេរីនិង​យុត្តិធម៌​ អាច​ទទួល​ស្គាល់​ពីភាព​ស្របច្បាប់​ក្នុង​ស្ថានភាព​ដែល​រដ្ឋា ភិបាល​កម្ពុជា​មិនព្រម​កែប្រែ​ស្ថានការណ៍។

លោក ​គុជ ច័ន្ទលី ​ពលរដ្ឋ​នៅក្នុង​រដ្ឋម៉ារីលែន​ បាន​អះអាងថា​រដ្ឋាភិបាល​ ស.រ.អា និង​អឺរ៉ុប​មិនមែន​ជាតួអង្គ​ត្រូវស្តី​បន្ទោស​ទេ​បើសិន​ជាមាន​ការកាត់​ផ្តាច់កូតា​ទំនិញ មកពី​កម្ពុជា​ចូលមក​ទីផ្សារ​ស.រ.អា​ តែលោក​ថា​រដ្ឋាភិបាល​កម្ពុជា​ទេ​ ដែល​ជាអ្នក ទទួល​ខុសត្រូវ​ ចំពោះការ​រំលោភ​សិទ្ធិមនុស្ស ​ប្រជាធិបតេយ្យ​ដែល​ធ្វើ ឲ្យ​មាន​ប្រតិកម្ម​ជាអន្តរជាតិ​កកើត​ឡើង។ ​លោក​ទទូច​ដល់​ពលរដ្ឋ​ខ្មែរឲ្យ​ធ្វើការ​ជាមួយ រដ្ឋាភិបាល​នានា​ដើម្បី​និយាយ​អំពីបញ្ហា​កម្ពុជា​ប្រាប់គេ ​ដើម្បីឲ្យ​រដ្ឋាភិបាល​កម្ពុជា ដឹងថា​ខ្លួនមិន​អាច​ធ្វើអ្វីបាន​តាមចិត្ត​នោះទេ។

«ស.រ.អា​និង​សហភាព​អឺរ៉ុប​ក្តី​គេមិន​ចង់​លូកដៃ​ប៉ះពាល់​ទៅដល់​ការធ្វើ​សង្គ្រាម សម្លាប់​ប្រជាពលរដ្ឋ​ ដោយ​ធ្វើការ​រំលំ​រដ្ឋាភិបាល​ណាមួយ​នោះទេ​ តែគេ​ចង់ឲ្យ ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ហ្នឹង​ធ្វើសកម្មភាព​រើបំរះ​ដោយ​ខ្លួនឯង។ ​ដូច្នេះ ហើយ​ ការដាក់​គំនាប​របស់​ស.រ.អា​និង​សហភាព​អឺរ៉ុប​នៅពេល​នេះ​គឺថា​ជា​សារ មួយ​ដ៏ជាក់​ស្តែង​ ហើយ​សំខាន់​បំផុត‍»។

ការថ្លែង​ពីក្តីបារម្ភ​របស់​ក្រុម​ពលរដ្ឋ​អាមេរិកាំង​ទាំងនេះ​កើតឡើង​ក្រោយ​ពេល ក្រុម​ហ៊ុន​ដ៏ធំរបស់​សហរដ្ឋ​អាមេរិក​ Walmart ​ដែល​ជា​អ្នក​នាំ​ចេញ​នូវ​ផលិតផល​ស្បែក​ជើង​ឈានមុខ​គេ​ និង​ជា​អ្នក​នាំចេញ​ឈានមុខ​លំដាប់​ទី​២​នៃ​សម្លៀក បំពាក់​របស់​ប្រទេស​កម្ពុជា​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​សង្គម​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ នីតិរដ្ឋ ​ដើម្បី​បើក​ផ្លូវ​ឲ្យ​មានភាព​រលូន​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​ក្នុង​ប្រទេស​នេះ។ ​នេះ​បើ​យោង​តាម​លិខិត​មួយ​ដែល​ក្រុម​ហ៊ុន​នេះ​បាន​ផ្ញើ​ជូន​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ដើម​ខែ​ធ្នូ។​

នៅក្នុង​លិខិត​របស់​លោក​ Scott Price​ អនុ​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Walmart ​កាលពីថ្ងៃទី៦​ ខែធ្នូ ​ដែល​បាន​ផ្ញើ​ជូន​លោក ​អ៊ិត​ សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ បាន​ជំរុញដល់​រដ្ឋាភិបាល​កម្ពុជា​ ធ្វើ ឲ្យមាន​ភាព​ប្រសើរ​ឡើង​ចំពោះ​លក្ខខណ្ឌ​ការងារ ​ប្រព្រឹត្ត​ឲ្យបាន​ត្រឹមត្រូវ​ចំពោះ រដ្ឋាភិបាល​ស.រ.អា​និង​អង្គការ​របស់ស.រ.អា។

«ខណៈ​ដែល​យើង​ត្រូវ​បាន​តម្រូវ​ឲ្យ​មាន​បទដ្ឋាន​ខ្ពស់​នេះ​ យើង​សូម​ស្នើ​ដោយ​សេចក្តី​គោរព​ថា​ រដ្ឋាភិបាល​របស់​លោក​បន្ត​ធ្វើ​ឲ្យ​ប្រសើរ​ដល់​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​រោង​ចក្រ​កម្ពុជា​ និង​ប្រព្រឹត្ត​ចំពោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​របស់​យើង​ដោយ​យុត្តិធម៌​ ដោយ​អនុលោម​តាម​បទដ្ឋាន​ និង​វិធាន​អន្តរជាតិ​នានា‍»។​

ការស្នើ​របស់​ក្រុមហ៊ុន​ Walmart ​ដែលមាន​ទីស្នាក់​កណ្តាល​នៅ​សហរដ្ឋ​អាមេរិក កើតមាន​ឡើង​ក្រោយពេល​ដែល​ក្រុម​សមាជិក​សភា​ចម្រុះ​បក្សបាន​បញ្ជាក់​ពីការ ចង់​សរសេរ​ច្បាប់​ទាក់ទង​នឹង​ទណ្ឌកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​និងមន្ត្រី​កម្ពុជា​ ហើយ​ជា ​ពេលវេលា​ត្រូវនិយាយ​ជា​ក្រុមហ៊ុន​ស.រ.អា​ដែល​រកស៊ី​ទាក់ទង​នឹងការ នាំ​ទំនិញ​ពីកម្ពុជា​នោះ។

លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​បានថ្លែង​ថាគ្មាន​ទីផ្សារ​ណាមួយ អាចជំនួស​ទីផ្សារ​ស.រ.អា​ អឺរ៉ុប ​ការណាដា​និង​ជប៉ុន​ទេ​ ហើយបើ​មានការ​កាត់ ផ្តាច់​កូតា​ទំនិញ​កម្ពុជា​ឬ ​ព្យួរ​យ៉ាងណា​ នោះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្មករ រោងចក្រ​និង​អ្នក​ទទួល​ប្រយោជន៍​ដោយ​ប្រយោល​ពីវិស័យ​នេះ ​ជាច្រើន​លាន នាក់​ទៀត។

«អញ្ចឹង​ប្រទេស​ផ្សេងទៀត​មិនអាច​យកមក​ជំនួស​ទេ​ ជាពិសេស​គឺប្រទេស​ចិន ដែល​យើង​មាន​ទំនាក់​ទំនង​ល្អជាមួយ​រដ្ឋាភិបាល​គឺអត់​បាននាំ​ឥវ៉ាន់​ចូលនោះ​ទេ គឺមាន​តែនាំ​វត្ថុធាតុ​ដើមចូល​មក​ស្រុកខ្មែរ ​ផលិត​នាំចេញ​ទៅក្រៅ​ដូចគ្នា‍»។

ទោះជា​មានការ​អះអាង​ពីបំណង​ទិញផលិត​ផលបន្ត​ពីកម្ពុជា​ក្តី​ តែលោក​ អាត់ ធន់​បានថ្លែង​ថាលិខិត​របស់​ក្រុមហ៊ុន​ Watlmart​ គឺជាការ​រំលឹក​ឲ្យ​រដ្ឋាភិបាល កម្ពុជា​ដឹង​ចំពោះ​អ្វីត្រូវ​សើរើ​ឡើងវិញ​នូវលក្ខខណ្ឌ​នានា​ដែលត្រូវ​បំពេញ។

វិស័យ​កាត់ដេរ​កម្ពុជា​គឺស្ថិតក្នុង​វិស័យធំៗ​ចំនួន​៤ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា គឺមាន​ការនាំ​ចេញ​ដល់ទៅ​ចំនួន​ទឹកប្រាក់​ជាង​៧ពាន់​លាន​ក្នុងមួយ​ឆ្នាំៗ ​ទៅ​កាន់ ទីផ្សារ​អាមេរិក​និង​អឺរ៉ុប​ដោយ​បានផ្តល់​ការងារ​ដល់កម្មករ​រោងចក្រ​ជាង​៧សែន នាក់ ​ក្នុង​ប្រទេស​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG