ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​តម្រង់​ទិស​វិនិយោគទុន​នៅ​អាស៊ី​


មន្ដ្រី​ជាន់ខ្ពស់​សហ​រដ្ឋ​អាមេរិក​ដដែល​បាន​សង្កត់​ធ្ងន់​ថា​សហ​រដ្ឋ​អាមេរិក​បានកំណត់​នូវ​គោលដៅ​ទាក់ទាញ​មួយ​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ ដូចជា​វិស័យ​ព្រលាន​យន្តហោះ​ជាដើម។​
មន្ដ្រី​ជាន់ខ្ពស់​សហ​រដ្ឋ​អាមេរិក​ដដែល​បាន​សង្កត់​ធ្ងន់​ថា​សហ​រដ្ឋ​អាមេរិក​បានកំណត់​នូវ​គោលដៅ​ទាក់ទាញ​មួយ​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ ដូចជា​វិស័យ​ព្រលាន​យន្តហោះ​ជាដើម។​
​គង់ សុ​ឋាន​រិ​ទ្ធ រាជធានី​ភ្នំពេញ​
លោកស្រី​ឡ័​រ​រ៉េ​ន ហារី​តុ​ន (Lorraine Hariton)​ អ្នក​តំណាង​ពិសេស​នៃ​ក្រសួង​ការ​បរទេស​សហ​រដ្ឋអាមេរិក​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម​ និង​ធុរកិច្ច​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ សហរដ្ឋអាមេរិក​កំពុងតែ​ផ្តោត​គោល​នយោបាយ​សម្រាប់​បាញ់​ព្រួញ​វិនិយោគ​មក​កាន់​តំបន់​អាស៊ី​ ដោយ​ចាត់ទុក​ថា​ តំបន់​នេះ​គឺ​ជា​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច​យ៉ាង​សំខាន់។​

លោកស្រី ហារី​តុ​ន​ថ្លែង​ដូច្នេះ​ក្នុង​កិច្ចប្រជុំតុមូល​នៅ​ថ្ងៃ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ក្នុង​ទីក្រុង​ភ្នំពេញ។​

«យើង​ត្រូវតែ​ចូលរួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ។​ យើង​ត្រូវតែ​រឹង​មាំ​ផ្នែក​សេដ្ឋ​កិច្ច»។​

ជាមួយ​គ្នានេះ​ មន្ដ្រី​ជាន់ខ្ពស់​សហ​រដ្ឋ​អាមេរិក​ដដែល​បាន​សង្កត់​ធ្ងន់​ថា​សហ​រដ្ឋ​អាមេរិក​បានកំណត់​នូវ​គោលដៅ​ទាក់ទាញ​មួយ​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ ដូចជា​វិស័យ​ព្រលាន​យន្តហោះ​ជាដើម។​

«ហេតុផល​ដែល​ខ្ញុំ​មក​ទីនេះ​ក្នុង​នាម​ជា​អ្នក​តំណាង​ពិសេស​គឺ​ពិត​ជា​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ​យើង​អាច​ធ្វើ​ឲ្យ​អ្វីៗ​ទាំងអស់​លេច​ជា​រូបរាង​ឡើង​ ហើយ​ថា​ ​យើង​ប្តេជ្ញា​ចិត្ត​ឈាន​ទៅរក​ភាពជា​ដៃគូ​ជាមួយ​នឹង​សហគមន៍​អ្នកជំនួញ​ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​នេះ​លេច​ចេញ​ជា​រូបរាង»។​

សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើឡើង​បន្ទាប់ពី​ការ​វិនិយោគ​នៅ​កម្ពុជា​នាំមុខ​ដោយ​ប្រទេស​ចិន​ ដែលមាន​ទឹកប្រាក់​ជាង​៨,៨​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១១​ ហើយ​សហ​រដ្ឋ​អាមេរិក​ស្ថិត​ក្នុង​លំដាប់​ទី៥​ជាមួយ​នឹង​ទឹក​ប្រាក់​វិនិយោគ​កើន​ដល់​១,២៨៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១១ដែរ។​

លោកស្រី​ឡ័​រ​រ៉េ​ន ហារី​តុ​ន​ទើបនឹង​ត្រឡប់​ពី​កិច្ចប្រជុំ​ផ្លាស់ប្តូរ​ប្រតិបត្តិការ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រោម​គម្រោង​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​មេគង្គ​ក្រោម​នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម ​ដែល​ចូលរួម​ដោយ​ប្រទេស​ចំនួន​ប្រាំ ​ក្នុងនោះ​មាន​កម្ពុជា​ វៀតណាម​ ឡាវ​ ភូមា​និង​ថៃ។ ​កិច្ចប្រជុំ​នេះ​ធ្វើឡើងសំដៅ​ពង្រឹង​ការរីក​ចម្រើន​វិស័យ​សេដ្ឋកិច្ច ​ដៃគូ​ពាណិជ្ជ​កម្ម​និង​ភ្ជាប់​ទំនាក់​ទំនង​ប្រទេស​ទាំង​ប្រាំ​ជាមួយ​សហ​រដ្ឋ​អាមេរិក។​

លោក​ផូ ហុង ហ្វុង​ (Pho Hong Phong) ​មន្ដ្រី​មកពី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ថ្លែង​ថា ​ក្រុម​ពាណិជ្ជករ​អាមេរិក​កំពុង​សម្លឹង​រក​ការ​បណ្តាក់ទុន​នៅ​កម្ពុជា។​

«ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​មិនមែន​គ្រាន់តែ​ស្ថិត​ជា​ក្របខណ្ឌ​នៃ​ប្រទេស​មួយ​តែឯង​ទេ ​ប៉ុន្តែ​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​ក្រុម​ប្រទេស​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម​ ហើយក៏​ជា​ផ្នែក​មួយ​នៃ​សមាគម​អាស៊ាន។ ​ហើយ​នៅពេល​ដែល​អ្នក​និយាយ​ដល់​សមាគម​អាស៊ាន​ដែលជា​ទីផ្សារ​មួយ​កំពុង​លូតលាស់​នោះ​បណ្តាជន​មាន​ក្តី​រំភើប ​ហើយ​ក្រុមហ៊ុន​អាមេរិក​ចង់​មក​រក​ស៊ី​នៅ​ប្រទេស​កម្ពុជា»។​

លោក​ចាន់ សុផល​ ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា​លើក​ឡើង​ថា​ នៅ​កម្ពុជា​នៅ​មាន​សក្តានុពល​ជាច្រើន​សម្រាប់​ការ​វិនិយោគ។​

«កម្ពុជា​ក៏ដូច​ជា​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅក្នុង​តំបន់​ ដែល​មាន​សក្តានុពល​គ្រប់​វិស័យ ​មានខាង​រោងចក្រ ​ខាង​ឧស្សាហ​កម្ម ​ទេសចរណ៍​ សណ្ឋាគារ​ សេវាកម្ម។​ កសិកម្ម​ក៏មាន​ឱកាស​ច្រើន​ដែរ​ ដូចជា​ការ​កែច្នៃ​ទំនិញ ​ផលិតផល​ដែល​យើង​ផលិត​បាន ​ដែល​ភាគច្រើន​យើង​មិនទាន់មាន​ការ​កែច្នៃ​នៅឡើយ​ទេ​ ដោយសារ​យើង​ខ្វះ​បច្ចេក​វិទ្យា​ ខ្វះ​មូលធន​ ខ្វះ​ការ​គ្រប់គ្រង»។​

នៅពេល​ដែល​សហ​រដ្ឋអាមេរិក​សម្លឹង​រក​ឱកាស​វិនិយោគ​បន្ថែម​នៅ​កម្ពុជារបាយការណ៍​រប​ស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ក្នុង​សប្តាហ៍​នេះ​បង្ហាញ​ថា​ កម្ពុជា​បាន​នាំចេញ​ផលិតផល​ផ្សេងៗ​ទៅ​លក់​នៅ​សហ​រដ្ឋ​អាមេរិក​ គិត​ត្រឹម​ខែវិច្ឆិកា​ឆ្នាំ​២០១២ ​គិត​ជា​ទឹកប្រាក់​ស្មើ​២,៤៩ពាន់​លាន​ដុល្លារ​គឺ​ធ្លាក់ចុះ​ចំនួន​១​ភាគរយ ​បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​១១​ខែ​ដូចគ្នា​ក្នុង​ឆ្នាំ២០១១។​
ដោយឡែក​កម្ពុជា​នាំចូល​ផលិតផល​ពី​សហ​រដ្ឋ​អាមេរិក​វិញ​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១២​មាន​ទឹកប្រាក់​ចំនួន​២១៣​លាន​ដុល្លារ​ ដែល​ចំនួន​នេះ​បាន​កើន​ឡើង​២៦​ភាគ​រយ៕​
XS
SM
MD
LG