ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ថា​នាវា​ចិន​ចូល​មក​ដែន​ទឹក​កម្ពុជា ដើម្បី​បណ្តុះ​បណ្តាល​បច្ចេក​ទេស


កងទ័ពជើងទឹក​រាម​កំពុង​យាមល្បាត​​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា​កាលពីថ្ងៃទី​៣ ធ្នូ ឆ្នាំ២០២៣។(Ream Naval Base's Facebook page via AP)
កងទ័ពជើងទឹក​រាម​កំពុង​យាមល្បាត​​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា​កាលពីថ្ងៃទី​៣ ធ្នូ ឆ្នាំ២០២៣។(Ream Naval Base's Facebook page via AP)

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​លើក​ឡើង​ថា​វត្តមាន​នាវា​ចិន​២​គ្រឿង​ដែល​ចូល​មក​ដែន​ទឹក​កម្ពុជា​ក្នុង​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​បណ្តុះ​បណ្តាល​អំពី​ជំនាញ​បច្ចេកទេស​ក្នុង​ការ​ប្រើប្រាស់​នាវា ក៏​ដូចជា​បច្ចេកវិទ្យា​ថ្មីៗ​ផ្សេង​ទៀត​ដល់​ទាហាន​កម្ពុជា ខណៈ​កង​ទ័ព​ចិន​បាន​ជួយ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​យោធា​មួយ​នេះ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ឈុំ សុជាតិ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​អង្គារ​ថា​ការ​បញ្ជូន​នាវា​ចិន​មក​នេះ​«ជា​ការ​ឯកភាព​គ្នា​រវាង​ក្រសួង​ការពារ​ជាតិ​កម្ពុជា​-ចិន»។

លោក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​វត្តមាន​នាវា​យោធា​ចិន​២​គ្រឿង​នេះ«ជា​វត្តមាន​មូលដ្ឋាន​កង​ទ័ព​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជា​មូលដ្ឋានកងទ័ព​ចិន​ទី២ នៅ​លើ​ពិភព​លោក»។

បើ​តាម​លោក ឈុំ សុជាតិ វត្តមាន​នាវា​យោធា​របស់​ចិន ចូល​មក​ដែន​ទឹក​កម្ពុជា ស្រប​ពេល​ដែល​កម្ពុជា​ត្រៀម​ខ្លួន ដើម្បី​ធ្វើ​សមយុទ្ធ​នាគ​មាស​នៅ​ពាក់​កណ្តាល​ខែ​ឧសភា​នេះ ក្រោម​ប្រធាន​បទ «ប្រតិបត្តិ​ការ​ប្រឆាំង​អំពើ​ភេរវកម្មរួម និង​ការ​សង្គ្រោះ​មនុស្សធម៌»។

លោក​បន្ថែម​ថា​ការ​បណ្តុះ​បណ្តាល​នេះ​ជា​«ការ​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំងក្លា ខណៈ​ដែល​ប្រទេស​ទាំង​ពីរ គឺជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ និង​កំពុង​កសាង​សហគមន៍​ជោគ​វាសនា​រួម ហើយ​ការ​ចូល​នៃ​នាវា​ចិន​នេះ ក៏ជា​ការ​តេស្ត​សាក​ល្បង​ចំពោះ​កំពង់​ផែរាម ដែល​ភា​គី​ចិន​កំពុង​ជួយ​សាងសង់​ឱ្យ​កម្ពុជា ហើយ​កម្ពុជា​ក៏​គ្រោង​នឹង​ទិញ​នាវា​បែប​នេះ ដើម្បី​បម្រើ​ឱ្យ​វិស័យ​យោធា​នៅ​ពេល​ខាង​មុខ​ផង​ដែរ មិន​មែន​ជាការ​តាំងមូលដ្ឋាន​ទ័ព​ចិន​នៅ​ក្នុង​ប្រទេសក​ម្ពុជា ដូច​សារព័ត៌មាន​បរទេស​ដែល​មាន​និន្នាការ​នយោបាយ​មួយ​ចំនួន​ចុះ​ផ្សាយ​ឡើយ»។

លោក ឈុំ សុជាតិ បញ្ជាក់​បន្ថែម​ថា​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេសនៅ​ក្នុងប្រទេស​របស់​ខ្លួន​ឡើយ ហើយ​កម្ពុជា​ក៏​មិន​អនុវត្ត​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ជា​ដាច់ខាត។

វត្តមាន​នៃ​នាវា​យោធា​របស់​ចិន​ត្រូវ​បាន​បង្ហាញ​ដោយ​លទ្ធផល​អង្កេត​របស់​ស្ថាប័ន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​អាមេរិ​ក​មាន​ឈ្មោះ​ថា​ CSIS ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែមេសា​ ឆ្នាំ​២០២៤។

គួរ​រំឭក​ថា​ចិន​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​បញ្ជា​ការដ្ឋាន​កងទ័ព​រាម ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន និង​សាង​សង់​ដោយ​ក្រុម​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន។​ ការ​ធ្វើ​ទំនើប​កម្ម​នេះ​ត្រូវ​បាន​សហ​រដ្ឋ​អាមេរិក​បង្ហាញ​ការ​សង្ស័យ​ថា​ អាច​ប្រើ​ប្រាស់ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​កងទ័ព​របស់​ចិន​នា​ពេល​ណា​មួយ ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​ទប់​ទល់​នឹង​អាមេរិក ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ​ជា​បន្ត​បន្ទាប់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG