ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ​ថ្មី​៨៨០​នាក់ ជា​កំណត់ត្រា​ឆ្លង​ខ្ពស់​បំផុត​ក្នុង​មួយ​ថ្ងៃ


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​មក​យក​អ្នក​ជំងឺ​កូវីដ១៩​នៅ​ទីតាំង​មួយ​កន្លែង​ទៅ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ក្នុង​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​មក​យក​អ្នក​ជំងឺ​កូវីដ១៩​នៅ​ទីតាំង​មួយ​កន្លែង​ទៅ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ក្នុង​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

កម្ពុជា​បាន​កត់ត្រា​ចំនួន​អ្នក​ឆ្លង​កូវីដ​១៩​ថ្មី​ចំនួន​៨៨០​ករណី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ​ខែ​មេសា​ ឆ្នាំ​២០២១​នេះ ជាកំណត់​ត្រា​ថ្មី​នៃ​ការ​កើន​ខ្ពស់​បំផុត​ក្នុង​រយៈពេល​មួយ​ថ្ងៃ។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល។

ការ​រក​ឃើញ​ថ្មី​នេះ​ នាំ​ឱ្យ​ចំនួន​ការ​ឆ្លង​កូវីដ១៩​សរុប​របស់​ប្រទេស​កម្ពុជាកើនដល់ ១២.៦៤១​ករណី គិត​ត្រឹម​យប់​ថ្ងៃ​ព្រហស្បតិ៍។

ក្រសួង​សុខាភិបាល​បន្ត​ថា ករណី​ថ្មី​ទាំង​៨៨០​សុទ្ធសឹង​ជា​ការ​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់ ដែល​ក្នុង​នោះ​មាន ៥១៨​ករណី​នៅ​ភ្នំពេញ ១៨៧​ករណី​នៅ​ខេត្ត​ព្រះសីហនុ ៧៣​ករណី​នៅ​ខេត្ត​កណ្ដាល ៣៩​ករណី​នៅ​ខេត្ត​កំពង់​ចាម និង​៣៦​ករណី​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។

បណ្ដា​ខេត្ត​ផ្សេង​ទៀត​ដូចជា កំពង់ស្ពឺ តាកែវ កំពង់ធំ កំពង់ឆ្នាំង ព្រៃវែង ពោធិ៍សាត់ កោះកុង សៀមរាប និង​ត្បូងឃ្មុំ ក៏​មាន​ករណី​ឆ្លង​ដែរ។

ការ​រកឃើញ​រាយប៉ាយ​នៅ​បណ្ដា​ខេត្ត​នានា​មាន​ឡើង​ក្នុង​ពេល​តែ​បន្តិច​ ក្រោយ​រដ្ឋាភិបាល​ដក​បំរាម​ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​បើក​បន្ធូរ​សម្រាប់​តំបន់​មួយចំនួន​នៅ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ដោយ​បង្កើត​ជា​តំបន់ «លឿងទុំ»​ ដែល​មាន​ហានិភ័យ​មធ្យម​ និង​តំបន់​«លឿង»​ដែល​មាន​ហានិភ័យ​ទាប​ពី​ការ​ឆ្លង​កូវីដ​១៩។

សង្កាត់​ចំនួន​៩ ដែល​មាន​មនុស្ស​រស់នៅ​រាប់សែន​នាក់ ក្នុង​រាជធានី​ភ្នំពេញ កំពុង​ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់​តឹងរឹង​ក្នុង​តំបន់«ក្រហម» ដែល​មាន​កម្រិត​ហានិភ័យ​ខ្លាំង​ដល់​ថ្ងៃ​ទី​៥ ​ខែ​ឧសភា៕

XS
SM
MD
LG