ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​ចម្រុះ​នឹង​ពិភាក្សា​គ្នា​លើ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ច័ន្ទ


គណៈ​កម្មការចម្រុះ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​នឹង​ជួប​គ្នា​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ច័ន្ទ​ទី​៣​ខែ​មិនា​សប្តាហ៍​ក្រោយ​នេះ​ដើម្បី​ចាប់​ផ្តើម​ជជែក​គ្នា​លើ​កែ​ទម្រង់​ការ​បោះឆ្នោត។

​ជំនួប​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពីគណបក្ស​គូជម្លោះ​នយោបាយ​ទាំង​ពីរបាន​ព្រម​ព្រៀង​គ្នា​ក្នុង​សប្តាហ៍​នេះ​លើ​សមាស​ភាព​គណៈ​កម្មការកែ​ទម្រង់​ការ​បោះ​ឆ្នោត​ដើម្បី​ឆ្ពោះ​ទៅ​បញ្ចប់​អរិយភាព​រវាង​គ្នា។ គណៈកម្មការ​នេះមាន​សមាស​ភាព​១២​រូប​គឺ​ប្រាំ​មួយ​រូប​មកពី​គណបក្ស​និមួយៗ។​

លោកយ៉ែម​ បុញ្ញឫទ្ធិ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​សមាជិក​ម្នាក់​ក្នុង​គណៈ​កម្មការ​នោះ​មាន​ប្រសាសន៍​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​កិច្ច​ប្រជុំ​មន្ត្រី​នាំមុខ​ទ្វេភាគី​នោះ​នឹង​ផ្តោត​ការជជែក​ជាគោល​ការណ៍​រួម​ជាមុន។

«ដោយសារ​ការ​ជួប​គ្នា​ដំបូង​សម្រាប់​គណៈ​កម្មការ​ចម្រុះ​សម្រាប់​សិក្សា​និង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះប្រហែល​ជា​យើង​អាច​ជជែក​គ្នា​ពី​តួ​នាទី​ ពី​ភារកិច្ចនិង​ពី​ផែនការ​សកម្ម​ភាព​មួយ​ចំនួន»។

សមា​ជិក​គណៈកម្មការ​ចម្រុះ​ដើម្បី​កំណែ​ទម្រង់​ការបោះឆ្នោត​នេះ​រួម​មាន​ខាង​គណបក្ស​ជំទាស់​មាន​រូបលោក​លោក ​សុន ​ឆ័យ​ លោក​ យឹម ​សុវណ្ណ លោក គួ​យ ប៊ុន​រឿន ​លោក អេង ឆៃអ៊ាង ​និង​លោក ម៉ៅ មុន្នី​វណ្ណ​និង​លោក​យ៉ែម បុញ្ញឫទ្ធិ។​

​ចំណែក​ឯ​ខាង​គណបក្ស​កាន់​អំណាច​មានលោក​ស្រី គ្រួច សំអាន លោក ​ជាម​ យៀប​ លោក ​ឈាង ​វុន​ លោក ប៉ែន ​បញ្ញា ​លោក​ ស៊ិក​ ប៊ុន​ហុក ​និងលោក​ ប៊ិន​ ឈិន។

លោកយ៉ែម បុញ្ញឫទ្ធិ ​បន្ថែម​ថាអនុសាសន៍​នានា​នឹង​ត្រូវ​យក​មក​ពិចារណា​នៅ​ក្នុង​កិច្ចពិភាក្សា​រវាង​គណបក្ស​ទាំង​ពីរនេះ។

«យើង​នឹង​សិក្សា​ពី​អ្វី ​ពី​ការស្រាវជ្រាវ​ឃើញ​របស់​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ​របស់​ប្រទេស​ជា​ដៃ​គូ​អភិវឌ្ឍន៍​តើមាន​ភាព​មិន​ប្រក្រតី​ចំណុច​ណា​ខ្លះ។​ដូច្នេះ​យើង​អាច​សិក្សា​និង​យក​អនុសាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​កម្រងសម្រាប់​កែ​ទម្រង់​កិច្ច​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ»។

កាល​ពី​ថ្ងៃ​ច័ន្ទ​លោកយ៉ែម បុញ្ញឫទ្ធិ ​លើកឡើង​ថា​ការចរចា​រវាង​គណបក្ស​ទាំងពីរ​នឹង​ផ្តោត​លើការ​រៀប​ចំឲ្យប្រសើរ​ឡើង​វិញ​នូវ​រចនា​សម្ព័ន្ធ​និង​ភាពគួរឲ្យ​ទុក​ចិត្តបាន​នៃ​ការបោះឆ្នោត​រួម​មាន​បញ្ជី​ឈ្មោះ​បោះឆ្នោត ​សមាស​ភាព​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​មាន​ការជជែក​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោតផងដែរ។

លោកជាម ​យៀប ​សមាជិក​សភា​និង​ជាសមាជិក​ក្នុង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ដោយ​ឡែក​លោក​ឈាង វុន ​សមាជិក​ម្នាក់​ទៀត​ក្នុង​ក្រុម​ការងារ​គណបក្ស​កាន់​អំណាច​ដែរ​មាន​ប្រសាសន៍​ថា​លោក​កំពុង​ជាប់​ប្រជុំ។

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្ថិត​នៅ​ក្នុង​ជម្លោះ​នយោបាយ​អស់​រយៈ​ពេលប្រាំ​ពីរ​ខែមក​ហើយ​ក្រោយ​ពី​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំមុន។

គណបក្ស​សង្គ្រោះជាតិ​បាន​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ឡើង​វិញ​ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ធ្លាប់​បាន​ប្រកាស​ថា​សំណើ​នេះ​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ។​

ក្រុម​មន្ត្រី​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​បាន​លើក​ឡើង​ជា​បន្ត​បន្ទាប់​ថា​ការ​ជួប​ចរចា​គ្នា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ជា​សញ្ញា​វិជ្ជមាន​ឆ្ពោះ​ទៅ​រកការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ក្នុង​ពេល​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG