ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​បដិសេធ​របាយការណ៍​អំពី​ការ​ដុត​សព​កម្មករ​ក្នុង​ព្រៃ


យុវជន ខឹម សុផាត​ អាយុ​១៦​ឆ្នាំ (ក្នុង​រូប​នេះ​គឺ​ឈ្មោះ​និង​អាយុ​ប្រើ​នៅ​រោងចក្រ) ​បាន​បាត់​ខ្លួន​កាល​ពី​ដើម​ខែ​មករា​ ក្រោយ​ពី​មាន​ការ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម​មួយ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា។
យុវជន ខឹម សុផាត​ អាយុ​១៦​ឆ្នាំ (ក្នុង​រូប​នេះ​គឺ​ឈ្មោះ​និង​អាយុ​ប្រើ​នៅ​រោងចក្រ) ​បាន​បាត់​ខ្លួន​កាល​ពី​ដើម​ខែ​មករា​ ក្រោយ​ពី​មាន​ការ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម​មួយ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា។
ក្រោយ​ពី​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ កាល​ពី​ថ្ងៃ​ច័ន្ទ ​ក្រុម​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ខេត្ត​កំពង់​ស្ពឺ​បាន​ប្រញាប់​ប្រញាល់​ក្នុង​ការ​សន្និដ្ឋាន​ថា ​ពួក​គេ​មិន​បាន​រក​ឃើញ​កន្លែង​ដុត​សាកសព​ដែល​សង្ស័យ​ថា​ ជា​សព​ជន​រង​គ្រោះ​ម្នាក់​អាយុ​១៦​ឆ្នាំ​ដែល​បាន​បាត់​ខ្លួន​កាល​ពី​ជាង​បួន​ខែ​មុន​នោះ​ទេ។​

លោក​សម សាមួន​ ស្នង​ការ​រង​ប៉ូលិស​ខេត្ត​កំពង់​ស្ពឺ​ មាន​ប្រសាសន៍​ថា ​លោក​បាន​កោះ​ហៅ​សាក្សី​ចំនួន​២​នាក់ ​ដែល​បាន​ឃើញ​ហេតុ​ការណ៍​ហើយ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ​តែ​គ្មាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់​ថា​ ជា​កន្លែង​ដុត​សាកសព​ទេ។ តែ​ផ្ទុយ​ទៅ​វិញ​ លោកអះអាង​ថា មាន​អ្នក​ដែល​មិន​ដឹង​រឿង​អ្វី​សោះ​ទៅ​បំផ្លើសរឿង​មិន​ពិត​អំពី​ការ​ដុត​សាកសព​នេះ។

លោក​មាន​ប្រសាសន៍​ថា​ ក្រោយ​ពី​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​សមត្ថកិច្ច​បាន​រក​ឃើញ​ថា ​មាន​ស្នាម​ភ្លើង​ឆេះ​ព្រៃ ​ដែល​អាច​កើត​ឡើង​ដោយ​សារ​មាន​អ្នក​ដុត​ព្រៃ​ ឬក៏​បាន​ឆេះ​ដោយ​គ្រាប់​កាំភ្លើង​ ពីព្រោះ​កន្លែង​នោះ​ជា​កន្លែង​សមយុទ្ធ​របស់​យោធា។​

លោក​និយាយ​ថា៖ ​«នៅ​ទីនោះ​គឺ​ជា​តំបន់​យោធា។​ យោធា​គេ​បាញ់​គ្រាប់​ពិត​នៅ​ទីនោះ​ រាល់​ថ្ងៃ​ អញ្ចឹង​ទេ ​វា​អាច​បាញ់​ហ្នឹង ​វា​អាច​ឆេះ​ទី​មួយ។​ ទី​ពី ​ធម្មតា​ទេ​នៅ​ព្រៃ​ គេ​អាច​ដើរ​មើល។​ ខែ​ប្រាំង​ វា​អាច​ឆេះ​ព្រៃ។ ​វាបាន​បន្សល់​ទុក​កន្លែង​ហ្នឹង​ហើយ»។​

កាល​ពី​ចុង​សប្តាហ៍​មុន​ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ បាន​អះអាង​ថា ​មាន​ក្មេង​ឃ្វាល​គោ​ម្នាក់​បាន​ប្រទះ​ឃើញ​កន្លែង​ដុត​សាកសព​ដ៏​អាថ៌​កំបាំង​មួយ​កន្លែង​ក្បែរជើង​ភ្នំម្រះ​ព្រៅ​ នៅ​ស្រុក​សំរោងទង​ខេត្ត​កំពង់ស្ពឺ។​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​យក​វត្ថុតាង​ ដែល​រួម​មាន​លលាដ៍​ក្បាល​ និង​ឆ្អឹង​ដែល​នៅ​សេស​សល់​ពី​ការ​ដុត​ឆេះ ​មក​កាន់​ទីស្នាក់​ការ​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ។​ ក្រោយ​មក​បាន​ប្រគល់​វត្ថុតាង​ទាំង​នេះ​ទៅ​ឲ្យមន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ធ្វើ​កោសល្យវិច័យ។​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សង្ស័យ​ថា​ កាក​សំណល់​ដែល​បាន​រក​ឃើញ​នោះ​ទំនង​ជា​សព​របស់​លោក​ខឹម សុផាត​ អាយុ​១៦​ឆ្នាំ ​ដែល​បាន​បាត់​ខ្លួន​កាល​ពី​ដើម​ខែ​មករា​ ក្រោយ​ពី​មាន​ការ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម​មួយ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ ពេល​កម្មកររោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ធ្វើការ​តវ៉ា​ដំឡើងប្រាក់​ខែ​ឲ្យបាន​ដល់​១៦០។​

អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​កំពង់​ស្ពឺ​បាន​កោះ​ហៅ​មនុស្ស​ចំនួន​ពីរ​នាក់​មក​សាក​សួរ​អំពី​កន្លែង​ដុត​សាកសព​នោះ​តែ​ពួក​គេ​បាន​បដិសេធ​ថា ​ជា​រឿង​មិន​ពិត​ទៅ​វិញ។​

លោក​កែវ ពិសី​ ស្នងការ​ប៉ូលិស​ខេត្ត​កំពង់​ស្ពឺ​ បាន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ។ ​លោក​និយាយ​ថា៖​ «កុំ​តេ ​[ទូរស័ព្ទ]​មក​រក​ខ្ញុំ។ ​ខ្ញុំ​មិន​មែន​កូន​ចៅ​លោក​ឯង​ទេ។​ មក​និយាយ​រឿង​អ្វី​ សួរ​ពី​រឿង​អ្វី​ទៀត»។

លោក​ទី​ មុន្និន​ ព្រះ​រាជ​អាជ្ញារង​ខេត្ត​កំពង់​ស្ពឺ​ ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ នៅ​កន្លែង​កើត​ហេតុ​លោកមិន​ទាន់​កំណត់​ថា ​ជាកន្លែង​ដុត​សាកសព ​ឬ​ក៏​យ៉ាង​ណា​ទេ។​

លោក​បាន​បញ្ជាក់​ថា ​ក្រោយពី​ការ​ស៊ើប​អង្កេត​ជា​បឋម​ និង​ការ​សាកសួរ​ទៅ​លើ​សាក្សី​ផ្សេងៗ​លោក​មិន​អាច​សន្និដ្ឋាន​ភ្លាមៗ​បាន​ទេ​ លុះ​ត្រា​តែ​មាន​ការ​ធ្វើ​កោសល្យ​វិច័យ​ជាមុនសិន។​

លោក​នី ចរិយ៉ា​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ មាន​ប្រសាសន៍​ថា​ ទោះ​បី​ជា​កន្លែង​កើត​ហេតុ​ជា​កន្លែង​ដុត​ឬ​មិន​បាន​ដុត​សាកសព​ក្តី​ វា​មិន​សំខាន់​ទេ​ ​អ្វី​ដែល​សំខាន់​គឺ​គេ​បាន​រក​ឃើញ​កាក​សំណល់​របស់​សាកសព។

លោក​បាន​បញ្ជាក់​ថា ​នេះ​បង្ហាញ​ឲ្យឃើញ​ថា​ កន្លែង​នោះ​ប្រាកដ​ជា​មាន​បទ​ឧក្រិដ្ឋ​អ្វី​មួយ​កើត​ឡើង។​ អាជ្ញាធរ​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ឲ្យបាន​ច្បាស់​លាស់​ និង​ត្រឹម​ត្រូវ​ មិន​ត្រូវ​ប្រញាប់​សន្និដ្ឋាន​ពេក​នោះ​ទេ។​

លោក​និយាយ​ថា៖​ «នៅ​ពេល​ដែល​រក​ឃើញ​សំណល់​របស់​សាកសព​អញ្ចឹង​ យើង​អត់​ព្រម​ធ្វើ​ការ​ស៊ើប​អង្កេត​ គិត​តែ​ពី​រឿង​សម្លុត​ប្រជាជន​កុំ​ឲ្យនិយាយ​រឿង​ហ្នឹង។ អាហ្នឹង​ដែល​ធ្វើ​ឲ្យគេ​មាន​ការ​សង្ស័យ​ថា​ អាច​មាន​ពាក់​ព័ន្ធជាមួយ​នឹង​សមត្ថកិច្ច​ ឬ​ក៏​ក្រុម​ណា​មួយ​ដែល​មាន​លក្ខណៈជាប្រព័ន្ធ​ ​បើ​សិន​ជា​យើង​ធ្វើ​របៀប​នេះ»។​

កាល​ពី​ដើម​ខែ​មករា ​កង​កម្លាំងមាន​សមត្ថ​កិច្ច​របស់​រដ្ឋាភិបាល​បាន​បាញ់​បង្ក្រាប​យ៉ាង​បង្ហូរ​ឈាម​ទៅ​លើ​ការ​តវ៉ា​របស់​ក្រុម​កម្មករ​នៅ​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា។ ​យ៉ាង​តិច​មាន​មនុស្ស​ប្រមាណ​៨​នាក់​ត្រូវ​បាន​សម្លាប់​ ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ការ​បាញ់​បង្ក្រាប​នៅ​ស្ពាន​ក្បាល​ថ្នល់​ គល់​ស្ពាន​ស្ទឹង​មាន​ជ័យ​ និង​សួន​ឧស្សាកម្ម​កាណាឌី​យ៉ា​ ព្រម​ទាំង​រង​របួស​ជា​ច្រើន​នាក់ផ្សេង​ទៀត៕
XS
SM
MD
LG