ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែន​យល់ព្រម​ឲ្យ​ធ្វើ​រូបសំណាក​លោក​ជា វិជ្ជា


ពិធី​ដង្ហែ​សព​អតីត​ប្រធាន​សហភាព​សហជីព​សេរីកម្មករ​ លោក​ ជា​ វិជ្ជា​។
ពិធី​ដង្ហែ​សព​អតីត​ប្រធាន​សហភាព​សហជីព​សេរីកម្មករ​ លោក​ ជា​ វិជ្ជា​។

ក្រុម​កម្មករ​នឹង​ទទួល​បាន​រូបសំណាក​«វីរបុរស»​របស់​ពួកគេ​គឺ​លោក​ជា ​វិជ្ជា ​ដែល​ត្រូវ​ឃាតកររកមុខ​មិន​ឃើញ​បាញ់​សម្លាប់​កាល​ពី​ប្រាំពីរ​ឆ្នាំ​មុន។ ​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន​ទើប​តែ​សម្រេច​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ​ហើយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​នេះ ​ដោយ​បញ្ជា​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ជួយ​ចាត់ចែង​រៀបចំ​កសាង​ទៀត​ផង។

កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ លោក​ជា ​មុន្នី ​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​ឡើង​ជំនួស​បង​ប្រុស​របស់​លោក​ បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន ​ដើម្បី​ស្នើសុំ​ការ​អនុញ្ញាត​ធ្វើ​ការ​សាងសង់​រូប​សំណាក​លោក​ជា ​វិជ្ជា ​សម្រាប់​រំឭក​វិញ្ញាណ​ក្ខន្ធ ​និង​សម្រាប់​រំឭក​គុណ​ ដោយសារ​តែ​ចាប់​តាំង​ពី​មរណភាព​របស់​លោក​ជា ​វិជ្ជា​មក​ មិន​ទាន់​មាន​ទីតាំង​សមរម្យ​ណាមួយ​សម្រាប់​ធ្វើ​ពិធី​បុណ្យ​រំឭក​ខួប​រូប​គាត់​នោះ​ទេ។

លោក​ហ៊ុន​ សែន​ នៅ​ថ្ងៃ​ដដែល​នោះ​ បាន​សរសេរ​ចារ​ដោយ​ផ្ទាល់​ដៃ​លើ​សំណើ​នោះ​ថា ​លោក​«យល់​ព្រម»​ ហើយ​លោក​ឲ្យ​លោក​អភិបាលក្រុង​ភ្នំពេញ ​កែប​ ជុតិមា​ជួយ​កសាង​ ដោយ​ជជែក​ពិភាក្សា​ជាមួយ​មេដឹកនាំ​សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​គឺ​លោក​ជា ​មុន្នី។

លោក​ជា ​មុន្នី​បាន​សម្ដែង​ការ​រីករាយ​នៅ​ពេល​ដែល​លោក​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ស្នើសុំ​នេះ។

«នេះ​គឺ​ជា​ការ​ស្នើសុំ​របស់​កម្មករ​កម្មការិនី​ជា​រៀងរាល់​ឆ្នាំ។ ​ដូច្នេះ​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​គឺ​សម្រាប់​ខាង​សហជីព​សូម​ថ្លែង​អំណរគុណ​និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន»។

លោក​ជា ​វិជ្ជា ​អតីត​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ឃាតករ​ដើរ​ចូល​បាញ់​សម្លាប់​យ៉ាង​កៀក​បំផុត​នៅ​ជាប់​ជញ្ជាំង​វត្ត​លង្កា ​ក្បែរ​វិមាន​ឯករាជ្យ ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​មករា ​ឆ្នាំ​២០០៤។ ​រដ្ឋាភិបាល​បាន​ខកខាន​ក្នុងការ​ស្វែងរក​ចាប់​ខ្លួន​ឃាតករ​ សម្រាប់​មរណភាព​នៃ​អតីត​មេដឹកនាំ​សហជីព​ដែល​បាន​ធ្វើ​ការ​តស៊ូ​យ៉ាង​ខ្លាំងក្លា​ដើម្បី​សេរីភាព​ ការ​ដំឡើង​ប្រាក់​ខែ ​និង​ការគោរព​សិទ្ធិ​កម្មករ។ ​ក្រុម​កម្មករ​បាន​ហៅ​ការ​ស្លាប់​របស់​លោក​ជា ​វិជ្ជា​ ថា​ជា​ការ​បាត់​បង់​«វីរបុរស»​របស់​ពួក​គេ។

នៅ​ក្នុង​លិខិតផ្ញើរ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន ​លោក​ជា ​មុន្នី​ស្នើសុំ​ទីតាំង​ទំហំ​មួយ​ម៉ែត្រ​ក្រឡា​នៅ​លើ​សួនច្បារ​ខាង​លិច​វិមាន​ឯករាជ្យ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ទីកន្លែងសម្លាប់​លោក​ជា វិជ្ជា។

លោក​ជា ​មុន្នី​បញ្ជាក់​បន្ថែម​ថា ​លោក​មិន​ទាន់​ដាក់​សំណើ​ណាមួយ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ពន្លឿន​ការ​សាងសង់​រូបសំណាក​បងប្រុស​របស់​លោក​នោះ​ទេ។

លោក​កើត​ ឆែ ​នាយរង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា ​លោក​មិន​ទាន់​ដឹង​ពី​បញ្ហា​នេះ​ទេ។

ជាមួយ​គ្នា​នេះ​ លោក​ រ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​មាន​ប្រសាសន៍​ថា ​លោក​នៅ​តែ​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ជំរុញ​ការ​ស៊ើប​អង្កេត​ស្វែង​រក​ឃាតករ​ពិតប្រាកដ​ដែល​បាន​សម្លាប់​លោក​ជា​ វិជ្ជា។ ​ជន​ជាប់​សង្ស័យ​ក្នុង​ឃាតកម្ម​បិទមុខ​នេះ​ចំនួន​ពីរ​នាក់​គឺ​ ប៊ន ​សំណាង ​និង​សុខ ​សំអឿន ​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​យក​មក​ផ្ដន្ទាទោស​ដាក់​ក្នុង​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ​ ប៉ុន្ដែ​ក្រោយ​មក​តុលាការ​ខ្មែរ​បាន​ដោះលែង​ពួក​គេ​ជា​បណ្ដោះអាសន្ន​ បន្ទាប់​ពី​មាន​គំនាប​ជា​ច្រើន​លើក​ឡើង​ថា ​ជន​សង្ស័យ​ទាំង​ពីរ​នេះ​គ្រាន់​តែ​ជា​ឃាតករ​ដែល​គេ​ប្រឌិត​ជា​ខែល​តែ​ប៉ុណ្ណោះ។

លោក​អំ ​សំអាត​ ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លើក​ឡើង​ដែរ​ថា​ រដ្ឋាភិបាល​ត្រូវ​រក​ឃាតករ​ពិត​ឲ្យ​ឃើញ។

«ប៉ុន្តែ​អ្វី​ដែល​នៅ​ជា​បញ្ហា​គឺ​ទាក់ទង​នឹង​ឃាតករ​សប្បនិម្មិត​ហ្នឹង​ គឺនៅ​តែ​មិន​ទាន់​បាន​បញ្ចប់​ឲ្យ​បាន​ចប់​សព្វគ្រប់​ហ្នឹង​ ណា៎។ ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ស្វែង​រក​ឃាតករ​ពិតប្រាកដ​ហ្នឹង​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់»។

លោក​ឧត្តម​សេនីយ៍​ឯកខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ មាន​ប្រសាសន៍​ថា ​ក្រុម​សមត្ថកិច្ច​កំពុង​រង់ចាំ​ដីកា​បង្គាប់​ពី​តុលាការ​ ដើម្បី​ចាត់វិធានការ​បន្ដ​លើ​សំណុំរឿង​ឃាតកម្ម​លើ​អតីត​មេដឹកនាំ​សហជីព​សេរីកម្មករ​ដ៏​ល្បីល្បាញ​នោះ៕

XS
SM
MD
LG