ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាខ្មែរ​អនុម័ត​គម្រោង​ថវិកា​ឆ្នាំ​២០១៣


រដ្ឋសភា​របស់​ប្រទេស​កម្ពុជា
រដ្ឋសភា​របស់​ប្រទេស​កម្ពុជា
ភ្នំពេញ​៖ ​ដោយមាន​ការ​ជំទាស់​ខ្លាំង​ពី​គណបក្ស​ប្រឆាំង​បន្ទាប់ពី​បាន​ពិភាក្សា​យ៉ាង​តឹងតែង​អស់​រយៈពេល​ចំនួន​ពីរ​ថ្ងៃ ​នៅ​ទីបំផុត​រដ្ឋសភា​របស់​ប្រទេស​កម្ពុជា​បាន​អនុម័ត​សេចក្តីព្រៀង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៣។​
សមាជិក​រដ្ឋសភា​ចំនួន​៧៨​រូប​ ក្នុងចំណោម​សមាជិក​រដ្ឋសភា​ដែល​មាន​វត្តមាន​៨៨​រូប បាន​អនុម័ត​ជា​ឯកឆ្ឆ័ន្ទ​ដោយ​លើក​ដៃ​ដើម្បី​គាំទ្រ​សេចក្តី​ព្រៀង​ច្បាប់​សម្រាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣​ ក៏​ប៉ុន្តែ​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​សិទ្ធិ​មនុស្ស ​និង​គណបក្ស​សម រង្ស៊ី​មិន​បាន​លើកដៃ​គាំទ្រ​សេចក្តី​ព្រៀងច្បាប់​នេះ​ទេ។ ​
លោកស្រី​ មូរ សុខហ៊ួរ ​អ្នក​តំណាងរាស្ត្រ​មកពី​គណបក្ស​សម រង្ស៊ី ​បាន​និយាយ​ថា ​មូលហេតុ​ដែល​គណបក្ស​ប្រឆាំង​មិន​បាន​គាំទ្រ​សេចក្តី​ព្រាងច្បាប់​នេះ ​ដោយសារ​តែ​សមាជិក​រដ្ឋសភា​ និង​រដ្ឋាភិបាល​បាន​បដិសេធ​ការ​ទាមទារ​របស់​ខ្លួន។​
គណបក្ស​ប្រឆាំង​បាន​ទាមទារ​ឲ្យ​រដ្ឋសភា​ និង​រដ្ឋាភិបាលពិចារណា​ទៅលើ​ប្រាក់​កម្ចី​និង​ឲ្យ​មាន​ការរៀបចំ​ជា​ប្រព័ន្ធ​ពន្ធដារ​ច្បាស់លាស់ ​និង​មាន​ប្រសិទ្ធិភាព ​ព្រមទាំង​ជា​ទ្រព្យ​សម្បត្តិ​របស់​ប្រទេស​ជាតិ​ទាំងមូល។​
លោកស្រី​មូរ សុខហ៊ួរ​បាន​និយាយ​ថា​ ករណី​វិស័យ​អប់រំ ​និង​សុខាភិបាល​ និង​ការ​ដំឡើង​ប្រាប់​បៀវ​រត្សរ៍​ជូន​មន្ត្រី​រាជការ​គួរ​តែ​ដំឡើង​ឲ្យ​បាន​ដល់​១​លាន​រៀល​ដើម្បីឲ្យ​ជីវភាព​មន្ត្រី​រាជការ​បាន​សមរម្យ។​
«ដំណោះ​ស្រាយ​របស់​យើង​ខ្ញុំ​គឺ​ដំឡើង​ប្រាប់​ខែ​ជូន​មន្ត្រី​រាជការ​របស់​យើង​ គឺ​ជា​ពិសេស​លោកគ្រូ​អ្នកគ្រូ​របស់​យើង​ឲ្យ​បាន​១​លាន​រៀល​ក្នុង​មួយ​ខែ​ បង្កើត​នូវ​គុណភាព​នៃ​វិស័យ​អប់រំ​វិស័យ​សុខាភិបាល​គឺជា​សេវា​ដែល​ជា​សេវា​សាធារណៈ​មិន​គួរណា​ឡើយ​ឲ្យ​ប្រជាពល​រដ្ឋ​យើង​គាត់​បង់ថ្លៃ​នូវ​សេវា​សាធារណៈ»។​
សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រឆាំង​ក៏​បាន​លើក​យក​បញ្ហា​អំពើ​ពុក​រលួយ​ និង​ការលើក​យក​ថវិកា​ជាតិ​ទៅ​ចាយ​វាយ​ខុស​គោល​ដៅ​ ដូចជា​ការ​យកទៅ​ទិញ​រថពាសដែក ​និង​សម្ភារៈ​យោធា​ទំនើបៗ​ ដើម្បី​ការពារ​អំណាច​បុគ្គល។​
ការទាមទារ​របស់​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រឆាំង​ត្រូវ​បាន​សមាជិក​មក​ពី​គណបក្ស​គ្រប់គ្រង​អំណាចច្រានចោល ​ដោយ​បាន​ចាត់ទុក​ថា​ ថវិកា​ចំណាយ​របស់​ជាតិ​មិន​បាន​យក​ទៅ​ប្រើ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។​
លោក​គាត់ ឈុន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បាន​ថ្លែង​អំណរគុណ​ដល់​សមាជិក​រដ្ឋសភា​ដែល​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៣​នេះ។
«អ្វី​ដែល​យើង​ពិភាក្សា​គ្នា​នៅ​ក្រៅ​ពី​ជំពូក​ទី​១​នេះ ​ក៏​នឹង​ធានា​បាន​នូវ​ការ​រ៉ាប់​រង​ពង្រឹង​របប​ប្រជាធិបតេយ្យ​ពហុសេរី ​ពហុបក្ស​របស់​រាជាណាចក្រ​កម្ពុជា​ដែល​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ​ហើយ​ដែល​គ្មាន​នរណា​មួយ​អាច​កែប្រែ​បាន​នោះ»។​
រដ្ឋសភា​របស់​ប្រទេស​កម្ពុជា​បាន​ប្រើ​ពេល​ចំនួន​ពីរ​ថ្ងៃ​ដើម្បី​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ដ៏​ចម្រូងចម្រាស់​មួយ​នេះ។​ សេចក្តី​ព្រាងច្បាប់​នេះ​មាន​ចំនួន​ប្រាំមួយ​ជំពូក ​និង​១៨​មាត្រា​ ហើយ​តំណាង​រដ្ឋាភិបាល​ដែល​បាន​ចូល​មក​ការពារ​សេចក្តីព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣​នេះ ​ដឹកនាំ​ដោយ​លោក គាត ឈុន ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ។​
សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​នេះ​បាន​កំណត់​ពី​ការ​ចំណាយ​រហូត​ដល់​ជាង​១២​ពាន់​លាន​រៀល​គឺ​ស្មើនឹង​ប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។ ​ថវិកា​ចំណាយ​សរុប​សម្រាប់​ឆ្នាំ​២០១៣​នេះ​បាន​កើនឡើង​ប្រមាណ​១២,៣២%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ រីឯ​ថវិកា​ចំណាយ​សរុបក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១២​គឺ​ស្មើនឹង​១៩,១២%​នៃ​ផលិត​ផល​ក្នុងស្រុក​សរុប៕​
XS
SM
MD
LG